សភា​ព្រឹទ្ធា​ចា​រ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម អំពាវនាវ​ឲ្យ​ជួយ​កសាង​សមណ​កុដិ វត្ត​សាមគ្គី​រង្សី​

​នៅ​ថ្ងៃទី ១៧ ខែមករា នេះ លោក ចៅ រៀប ប្រធានសភា​ព្រឹទ្ធាចារ្យ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានចេញ​លិខិត​មួយ ច្បាប់​អំពាវនាវ ដល់​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​គ្រប់​ទីកន្លែង ធ្វើបុណ្យ​ផ្កាប្រាក់ ដើម្បី​កសាង​សាលា ៣ ជាន់ នៅ​វត្ត​សាមគ្គី​រង្សី ដែលជា​វត្ត​ខ្មែរក្រោម​មួយ ឋិត​នៅក្នុង​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា ។​

សមណកុដិ ៣ ជាន់ នៅវត្តសាមគ្គីរង្សី ដែលកំពុងសាងសង់ ។
សមណកុដិ ៣ ជាន់ នៅវត្តសាមគ្គីរង្សី ដែលកំពុងសាងសង់ ។

សារលិខិត​អំពាវនាវ​នេះ បាន​បញ្ជាក់ថា ៖

“​យោងតាម​សេចក្តីសម្រេច របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នា​សម័យប្រជុំ​ដំណាច់ឆ្នាំ ២០១៣ នៅ​រដ្ឋ​ផ្លរីដា សហរដ្ឋអាមេរិក កាលពី ថ្ងៃទី ១៥ ខែ ឆ្នូ ឆ្នាំ ២០១៣ និង យោងតាម សេចក្ដី អំពាវ នាវ​មួយ​របស់ ប្រធាន​ប្រតិ ប​ត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ង៉ុ​ក ថាច់ ចេញ​ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៣ កន្លងទៅនេះ អំពី​ការ រៀបចំ​ធ្វើបុណ្យ​ផ្កាប្រាក់​សាម​គ្កី នៅតាម​តំបន់ ឬ សាខា​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ជុំវិញ​ពិភពលោក ដើម្បី​ប្រមូល​ថវិកា​យកទៅ​កសាង មហាសាលា ៣ ជាន់ នៅ វត្ត​សាមគ្គី​រង្សី ស្ថិតនៅ​ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន ជ័យ ខ័​ណ្ឌ​មានជ័យ ទីក្រុង​ភ្នំពេញ ។​

មហាសាលា ៣ ជាន់​នេះ ដឹកនាំ​កសាង​ដោយ​ព្រះតេជព្រះគុណ កាន សុផាន​ណា​រិ​ទ្ធ ព្រះ​ប្រ ធាន​សមាគម ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល មាន​ទំហំ ទទឹង ១៦ ម៉ែត្រ និង​បណ្តោយ ៤៦ ម៉ែត្រ ហើយ​បច្ចុប្បន្ន កសាងបាន សម្រេច​ជា​ស្ថាពរ មួយ​ជាន់ ខាងក្រោម នៅ​ពីរ​ជាន់​ខាងលើ​កំពុង រៀបចំ គំរោង ដំណើរ ការសាងសង់ តែ​នៅ​ខ្វះ ថវិកា យ៉ាងច្រើន ។​

អាស្រ័យហេតុនេះ តាងនាម​ប្រធានសភា​ព្រឹទ្ធាចារ្យ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សូម​អំពាវនាវ ចំពោះ សាខា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ជុំវិញ​ពិភពលោក មេត្តាជួយ​រៀបចំ​បុណ្យផ្កា ប្រាក់​សាមគ្គី ឱ្យបាន​ព្រមៗ​គ្នា នៅតាម​តំបន់​លោកអ្នក​រស់នៅ ចាប់ពី​ថ្ងៃនេះ រហូត ដល់​ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៤ ខាង មុខ​នេះ ដើម្បី បាន​ថវិកា​ទាំងអស់នោះ យកទៅ​កសាង បង្ហើយ មហាសាលា ដែលជា​មជ្ឈមណ្ឌល​សម្រាប់​ខ្មែរក្រោម​” ដែល រស់នៅក្នុង​ប្រទេស​កម្ពុ​ជា​” ។​

​ព័ត៌មាន​បន្ថែម សូម​លោក អ្នក​ទាក់ទង​ទៅ ព្រះតេជព្រះគុណ កាន សុខ​ផា​ណា​រិ​ទ្ធ នៅ​សហរដ្ឋអាមេរិក តាមរយៈ ទូរស័ព្ទ​លេខ ៤០៨- ៦៤៦-១១៥៤ ។​