វៀតណាម​នៅតែ​រើសអើង​ពូជសាសន៍​លើ​ពលរដ្ឋ​ខ្មែរក្រោម​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​រូបថត ព្រះតេជព្រះគុណ ថាច់ ធឿន និង ព្រះតេជព្រះគុណ លីវ នី ព្រមទាំង​ពលរដ្ឋ​ខ្មែរក្រោម ៦ រូប​ទៀត ដែល​ត្រូវបាន​វៀតណាម​ផ្ដន្ទាទោស កាលពី​ខែកញ្ញា ឆ្នាំ ២០១៣ ត្រូវបាន​ក្រុមយុវជន​ខ្មែរក្រោម​អ្នក​ប្រើ បណ្ដាញ​សង្គម Facebook ផ្សព្វផ្សាយ និង​ចែករំលែក​តៗ​គ្នា ភ្ជាប់​ជាមួយនឹង​ការ​រិះគន់ថា វៀតណាម នៅតែ​រើសអើង​ពូជសាសន៍​ទៅលើ​ពលរដ្ឋ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ។ ក្រុម​អ្នក​ប្រើ​បញ្ញា​សង្គម Facebook រិះគន់​វៀតណាម​ថា បាន​ចាប់​ផ្សឹក ព្រះតេជព្រះគុណ ថាច់ ធឿន និង ព្រះតេជព្រះគុណ លីវ នី រួច​ដាក់ពន្ធនាគារ ពី ២ ឆ្នាំ ទៅ ៦ ឆ្នាំ ដោយ​ព្រះសង្ឃ​ទាំងនេះ​គ្រាន់តែ​បានផ្ដល់​បទសម្ភាសន៍​ជាមួយ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម និង វិទ្យុ​អាស៊ីសេរី​នៅក្រៅ​ប្រទេស​ប៉ុណ្ណោះ ខណៈដែល​ព្រះសង្ឃ​ជនជាតិ​យួន ព្រះនាម ថិ​ត ក្វាង ដោ បាន​បង្កើត​សមាគម​ព្រះពុទ្ធសាសនា​ឯករាជ្យ​នៅ​វៀតណាម  និង​រដ្ឋាភិបាល​បក្ស កុ​ម្មុយ​និ​ស្ត​វៀតណាម​បាន​ចាត់ទុកថា ជា​អ្នកប្រឆាំង​រដ្ឋាភិបាល​តែ​វៀតណាម​មិនបាន​ចាប់ ព្រះសង្ឃ មហាយាន ថិ​ត ក្វាង ដោ ផ្សឹក និង​ច្រក​ពន្ធនាគារ​ឡើយ ។ 

ព្រះសង្ឃ​ខ្មែរ​ក្រោម​តវ៉ា​លើក​រូបថត​ព្រះសង្ឃ នៅទីលានប្រជាធិបតេយ្យ នាទីក្រុងភ្នពេញ កាលពីព្រឹក​ថ្ងៃ​ទី ​២៥ ខែមិថុនា ឆ្នាំ​ ២០១៣ ដើម្បីទាមទារឲ្យ​អាជ្ញាធរ​វៀតណាមដោះលែងព្រះសង្ឃដែលត្រូវបាន​ចាប់ខ្លួន នៅខេត្តឃ្លាំង កម្ពុជាក្រោម ។
ព្រះសង្ឃ​ខ្មែរ​ក្រោម​តវ៉ា​លើក​រូបថត​ព្រះសង្ឃ នៅទីលានប្រជាធិបតេយ្យ នាទីក្រុងភ្នពេញ កាលពីព្រឹក​ថ្ងៃ​ទី ​២៥ ខែមិថុនា ឆ្នាំ​ ២០១៣ ដើម្បីទាមទារឲ្យ​អាជ្ញាធរ​វៀតណាមដោះលែងព្រះសង្ឃដែលត្រូវបាន​ចាប់ខ្លួន នៅខេត្តឃ្លាំង កម្ពុជាក្រោម ។

 កាលពី​ថ្ងៃទី ២៥ និង​ថ្ងៃទី ២៧ ខែកញ្ញា តុលាការ​ប្រជាជន​វៀតណាម ខេត្ត​ឃ្លាំង បាន​បើកសវនាកា​ត់​ទោស​ព្រះសង្ឃ​ចំនួន ២ អង្គ និង​ពលរដ្ឋ​ខ្មែរក្រោម​ចំនួន ៧ នាក់ ឲ្យ​ជាប់ពន្ធនាគារ​ពី ១០ ខែ​ទៅ ៦ ឆ្នាំ ដោយ​ចោទប្រកាន់​ពីបទ​បង្ក​ឲ្យ​មានការ​ខូចខាត​សណ្ដាប់ធ្នាប់​សាធារណៈ ការផ្ដល់​សម្ភាសន៍​ដល់ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម និង វិទ្យុ​អាស៊ីសេរី ទាក់ទង​នឹង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក និង​ពីបទ​ប៉ង​រត់​ចេញទៅ​ក្រៅប្រទេស​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម ។​

ករណីនេះ នៅ​ថ្ងៃទី ២៥ ខែកញ្ញា អ្នកភូមិ​ព្រៃ​ជាប់ ៥ នាក់ ដែល​ជាប់​ទាក់ទិន​នឹង ព្រះតេជព្រះគុណ លី ចិន្ដា នៃ​វត្ត​ព្រៃ​ជាប់ ត្រូវបាន​តុលាការ​បក្សកុម្មុយនិស្ត​វៀតណាម ប្រកាស​សាលក្រម​ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ ពី ១០ ខែ​ទៅ ១ ឆ្នាំ ពីបទ “​បង្ក​អសន្តិសុខ​ទីសាធារណៈ​” តាម​មាត្រា ២៤៥ នៃ​ច្បាប់ព្រហ្មទណ្ឌ របស់​ប្រទេស​វៀតណាម ។​

ជនជាប់ចោទ​ជា​ពលរដ្ឋ​ខ្មែរក្រោម​ទាំង ៥ នាក់ នេះ មាន​ស្រុកកំណើត​នៅ​ភូមិ​បៀ​ង​ដុង A (Bien Dong   A ) ឃុំ វិញ​ត្រាច់​ដុង (Vinh Trach Dong) ទីក្រុង​ពល​លាវ ខេត្ត​ពល​លាវ  ម្នាក់ៗ​ត្រូវបាន​តុ​ការ​ដំបូង របស់ បក្សកុម្មុយនិស្ត វៀតណាម​សម្រេច​ប្រកាស សាលក្រម​ឲ្យ​ជាប់គុក ដូចតទៅ ៖

១.​អ្នកស្រី លី ធី សា​បុ​ត (Lý Thị Sà Bột)   ១ ឆ្នាំ​
២.​អ្នកស្រី លី ធី យន់ (Lý Thị Dạnh)  ១ ឆ្នាំ​
៣.​អ្នកស្រី ឡឹម ធី ឡង (Lâm Thị Loan)  ១ ឆ្នាំ​
៤.​លោក  លី មិន ហាយ (Lý Minh Hải)  ១១ ខែ និង​
៥.​លោក តាំង ផល្លា (Tăng Pho La)  ១០ ខែ​

ចំណែក​អ្នកស្រី លី ធី សា​បុ​ត ត្រូវបាន​តុលាការ​កាត់ទោស​កំបាំង​មុខ ព្រោះ​គាត់​បាន​ភៀសខ្លួន​ចេញទៅ​ក្រៅប្រទេស​មុនពេល​វៀតណាម​ចាប់ខ្លួន ។ យោងតាម​សេចក្ដីប្រកាស​របស់​ចៅក្រម​នៅក្នុង​អង្គ សវនាការ នេះ​ថា  ពលរដ្ឋ​ខ្មែរក្រោម​ទាំង ៥ រូបនេះ ត្រូវ បាន​ចោទ​ប្រកាន់ទោស ព្រោះ​បាន​ជួយ​ទូងស្គរ និង​វៃ​រគាំង​នៅ វត្ត​ព្រៃ​ជាប់ កាលពី​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៣ ដើម្បី​ប្រឆាំងនឹង​ការសម្រេច​របស់​រដ្ឋាភិបាល​វៀតណាម ក្នុង​ការចាប់​ផ្សឹក​ព្រះតេជព្រះគុណ លី ចិន្ដា ។​

​មកដល់​ថ្ងៃ ទី ២៧ ខែកញ្ញា តុលាការខេត្ត​ឃ្លាំង នៃ​បក្សកុម្មុយនិស្ត​វៀតណាម​បានប្រកាស​សាលក្រម សម្រេច​ផ្ដន្ទាទោស ព្រះសង្ឃ ២ អង្គ និង​ពលរដ្ឋ​ខ្មែរក្រោម ២ រូប​ឲ្យ​ជាប់គុក​ម្នាក់ៗ​ពី ២ ទៅ ៦ ឆ្នាំ ពីបទ    “​ចាត់តាំង​នាំ​មនុស្ស​ចេញទៅ​ក្រៅប្រទេស​” និង ” ទទួល​ប្រាក់​ពី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ចាត់តាំង ប្រឆាំង​រដ្ឋាភិបាល​បក្ស​កុ​ម្មុយ​និ​ស្ត​វៀតណាម​” ។​

​សាលក្រម​នេះ បានសម្រេច​ផ្ដន្ទាទោស ព្រះតេជព្រះគុណ ថាច់ ធឿន (Thach Thuol) ប្រសូត ឆ្នាំ ១៩៨៥ ជា​គ្រូសូត្រ​វត្ត​សេរី​តាសេក​ឲ្យ​ជាប់ពន្ធនាគារ ៦ ឆ្នាំ  ព្រះតេជព្រះគុណ លីវ នី (Lieu Ny) ប្រសូត ឆ្នាំ ១៩៨៦ ជា​ព្រះចៅអធិការ​វត្ត​សេរី​តាសេក ឲ្យ​ជាប់ពន្ធនាគារ ៤ ឆ្នាំ លោក ថាច់ ភូមិ​រិ​ទ្ធ (Thach Phum Rich) កើត ឆ្នាំ ១៩៨៩  ឲ្យ​ជាប់ពន្ធនាគារ ៣ ឆ្នាំ ពីបទ “​ភៀសខ្លួន​ទៅ​ប្រទេសក្រៅ ដើម្បី​ប្រឆាំង​រដ្ឋា​ភិ បាល​” និង លោក ត្រា វណ្ណ ថា (Tra Quanh Tha) ឲ្យ​ជាប់ពន្ធនាគារ ២ ឆ្នាំ  ពីបទ “​ចាត់តាំង​នាំ មនុស្ស​រត់​ចេញទៅ​ប្រទេសក្រៅ​” ។  អ្នក​ទាំង ៤ រូបនេះ មាន​ស្រុ​កំណើត ឃុំ​វិញ​ហាយ (Vĩnh Hải) ស្រុក​ជ្រោ​យញរ ខេត្ត​ឃ្លាំង ។​

​ទង្វើ​ដែល​រដ្ឋាភិបាល​វៀតណាម​បាន​ចាប់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ដាក់គុក នៅពេល​ថ្មីៗ​នេះ ត្រូវបាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​វៀតណាម​ថា បាន​រំលោភបំពាន​សិទ្ធិ មនុស្ស និង​ប្រកាន់ពូជសាសន៍​លើ​ពលរដ្ឋ​ខ្មែរក្រោម​ម្ចាស់​ស្រុក​នៃ​ដែនដី​កម្ពុជា​ក្រោម និង​ថា ការប្រតិបត្តិ​ព្រះពុទ្ធសាសនា​ថេរវាទ​របស់​ពលរដ្ឋ​ខ្មែរក្រោម​ឋិត​នៅក្នុង​ការភ័យខ្លាច ។​

ក្នុង​សេចក្ដីថ្លែងការណ៍​ជា​ភាសា​អង្គ​គ្លេ​ស ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បានចេញ​ផ្សាយ​ជា​សាធារណៈ នៅលើ​គេហទំព័រ​ជា​ផ្លូវការ​របស់ខ្លួន នៅក្នុង​ខែតុលា ឆ្នាំ ២០១៣ នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានផ្ដល់​អនុសាសន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ចំនួន ៨ ចំណុច ក្នុងនោះ​មានការ​ទាមទារ​ឲ្យ​វៀតណាម​ដោះលែង​ព្រះសង្ឃ ២ អង្គ និង​ពលរដ្ឋ​ខ្មែរក្រោម ទាំង ៦ នាក់ ដោយ​ឥត​លក្ខខណ្ឌ  និង​ថ្លែងថា ការដែល​វៀតណាម​ចាប់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ដាក់ពន្ធនាគារ​នោះ ជាការ​បំពាន​លើ​មាត្រា​នៃ​សេចក្ដីប្រកាស​ជាស​កល​ស្ដីពី​សិទ្ធិមនុស្ស និង​សិទ្ធិ​ជនជាតិដើម ដែល​វៀតណាម​ជា​ប្រទេស​ហត្ថលេខី ៕

.