ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

ស្ថានទូតវៀតណាម ប្រចាំកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍មួយចាត់ទុកសកម្មភាពបាតុកម្មមុខស្ថានទូតរបស់ ខ្លួនថា ជាការជ្រៀតជ្រែតចូលក្នុងអធិបតេយ្យ និង កិច្ចការផ្ទៃក្នុងរបស់វៀតណាម ហើយផ្ទុយទៅនឹងច្បាប់របស់ប្រ ទេសកម្ពុជា ។ ប្រតិកម្មនេះធ្វើឡើងភ្លាមៗ បន្ទាប់ពីមានការធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម នៅព្រឹកថ្ងៃ ទី ៨ ខែកក្កដា ដើម្បីទាមទារឲ្យ លោក ត្រឹង វ៉ាំង ថុង អ្នកនាំពាក្យស្ថានទូតមួយនេះ សុំទោសពលរដ្ឋខ្មែរជាសាធារណៈ ចំពោះសម្ដីដែលមន្ត្រីវៀតណាមរូបនេះបានថ្លែងថា ដែនដីកម្ពុជាក្រោមជាទឹកដីរបស់ប្រទេសវៀតណាម តាំងពីយូរ យារណាស់មកហើយ ។


សេចក្ដីប្រកាសចុះថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១៤ ស្ថានទូតវៀតណាមបានចាត់ទុក សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា និងសហព័ន្ធខ្មែរកម្ពុជាក្រោមដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកថា ជាមេ ក្លោងនៃបាតុកម្មនេះ ។ សេចក្ដីថ្លែងការណ៍នេះបានបញ្ជាក់ថា ៖
“ស្ថានទូតវៀតណាមចាត់ទុកសកម្មភាពទាំងនេះ ជាការជ្រៀតជ្រែតចូលក្នុងអធិបតេយ្យ និងកិច្ចការផ្ទៃក្នុងរបស់វៀតណាមហើយផ្ទុយទៅនឹងច្បាប់របស់ប្រទេសកម្ពុជា ដែលបានចែងថា កម្ពុជាមិនបានឲ្យកងកម្លាំងប្រដាប់អាវុធ ឬ បុគ្គលណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំង នឹងប្រទេសដទៃឡើយ” ។
សេចក្ដីថ្លែងការណ៍នេះបានបន្តទៀតថា៖
«ប្រទេសវៀតណាមជាប្រទេសឯករាជ្យ មានអធិបតេយ្យ និងបូរណភាពទឹកដី ហើយដីតំបន់វៀតណាមខាងត្បូង គឺជាទឹកដីរបស់ប្រទេសវៀតណាមស្របនឹងច្បាប់អន្តរជាតិហើយបាន ទទួលស្គាល់ពី អង្គការសហប្រជាជាតិ អង្គ ការអន្តរជាតិបណ្តាប្រទេសនានានៅលើពិភពលោក និងប្រទេសសមា ជិកអាស៊ានផងដែរ» ។
សហព័ន្ធខ្មែរកម្ពុជាក្រោម នៅមិនទាន់ប្រតិកម្មតបនឹងការចោទប្រកាន់របស់ស្ថានទូតវៀតណាម ប្រចាំកម្ពុជា នៅ ឡើយទេ តែនៅថ្ងៃអង្គារ ទី ៨ ខែកក្កដា ឆ្នាំ ២០១៤ នេះដែរ លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរ កម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចេញសេចក្ដីថ្លែងការណ៍មួយថ្កោលទោសអាជ្ញាធរខ្មែរ និងមន្ត្រីស្ថានទូតវៀតណាមដែលបានបំភ្លៃប្រវត្តិសាស្ត្រកម្ពុជាក្រោម និង បានប្រើអំពើហិង្សាលើក្រុមអ្នកតវ៉ា ។ សេចក្ដីថ្លែងការណ៍នេះ ក៏បានថ្លែងអំណរគុណចំពោះក្រុមអ្នកតវ៉ាក្នុងហេតុអ្វីមួយ ដែលលោកហៅថា “ចូលរួម សម្តែងមតិ និងគាំទ្រនូវបុព្វហេតុខ្មែរកម្ពុជាក្រោម” ។
សេចក្ដីថ្លែងការណ៍នេះបានបញ្ជាក់ថា៖
“សហព័ន្ធខ្មែរកម្ពុជាក្រោម សូមថ្កោលទោសតំណាងស្ថានទូតវៀតណាម នៅប្រទេសកម្ពុជា ដែលបំភ្លៃការពិត និង កែប្រែប្រវត្តិសាស្ត្រ ។ សហព័ន្ធខ្មែរកម្ពុជាក្រោម សូមថ្កោលទោសកង កម្លាំងប្រដាប់អាវុធ ដែលបានប្រើអំពើហិង្សា ទៅលើក្រុមបាតុករ កាលពីព្រឹកថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១៤ នៅមុខ ស្ថានទូតវៀតណាម នាទីក្រុងភ្នំពេញ ។ សហព័ន្ធខ្មែរកម្ពុជាក្រោម សូមថ្លែងអំណរគុណជាអនេក ចំពោះព្រះសង្ឃ និងបងប្អូនជនរួមឈាមខ្មែរយុវជន យុវតី និងមន្ត្រីគណបក្សសង្គ្រោះជាតិដែល បានចូលរួមសម្តែងមតិ និងគាំទ្រនូវ បុព្វហេតុខ្មែរកម្ពុជាក្រោម” ។
កម្ពុជាក្រោមជាទឹកដីរបស់ខ្មែរ៖
លោក ម៉ៅ ពិសេស ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាមានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតនៅពីមុខស្ថានទូតវៀតណាមថា មន្ត្រីស្ថានទូតវៀតណាមត្រូវទទួលការពិត ថាទឹកដីកម្ពុជាក្រោម មិនមែនជារបស់វៀតណាមតាំងពីដើមមកនោះទេ ។
លោកបានបញ្ជាក់ថាតាមប្រវត្តិសាស្ត្របានបង្ហាញថា វៀតណាមខាងត្បូងដែលជាទឹកដីកម្ពុជាក្រោម សព្វថ្ងៃ ទើបតែបានទៅវៀតណាមដោយស្របច្បាប់នៅឆ្នាំ ១៩៤៩ តែប៉ុណ្ណោះ ដូច្នេះតាំងពីមុនៗមកទឹកដីនេះជារបស់ប្រទេស កម្ពុជាសុទ្ធសាធ។
លោកនិយាយថា៖
«លោក ត្រាន់ វ៉ាន់ថុង ត្រូវតែចេញមុខជាសាធារណៈដើម្បីឆ្លើយតបធ្វើការសុំទោសថាលោកពិតជាបានយល់ច្រឡំអំពីប្រវត្តិសាស្ត្រនៃទឹកដីកម្ពុជាក្រោម ។ ពោលគឺវៀតណាមខាងត្បូងសព្វថ្ងៃនេះ» ។
កាលពីខែមិថុនាកន្លងទៅនេះ អ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំនៅក្នុងប្រទេសកម្ពុជា លោក ត្រឹង វ៉ាំង ថុង (Tran Van Thong) បានអះអាងប្រាប់វិទ្យុអាស៊ីសេរីជាខេមរភាសាថា ដែនដីកម្ពុជាក្រោម ជាទឹកដីរបស់ប្រទេសវៀតណាមជាយូរយារណាស់មកហើយ និងថា គ្មានភស្តុតាងណាមួយជាមូលដ្ឋានដើម្បីបញ្ជាក់ថា ដែនដីកម្ពុជា ក្រោម ត្រូវបានបាត់ទៅភាគីវៀតណាមទេ ។ ការថ្លែងបែបនេះធ្វើឡើង ដើម្បីឆ្លើយតបនឹងសហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងប្រទេសនានាទូទាំងពិភពលោក នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំនេះ បានប្រារព្ធខួប ៦៥ ឆ្នាំ នៃទិវាបារាំងកាត់ដែន ដីកម្ពុជាក្រោមប្រគល់វៀតណាមធ្វើអាណានិគមបន្តលើពលរដ្ឋខ្មែរក្រោម កាលពីថ្ងៃ ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។
លោកនិយាយថា៖
«បារាំងមិនបានកាត់ទឹកដីកម្ពុជាក្រោមឲ្យវៀតណាមទេ តែកម្ពុជាក្រោមជាទឹកដីរបស់វៀតណាម តាំងពីយូរយារណាស់មកហើយ ព័ត៌មានបាត់បង់ទឹកដីគ្មានអ្វីជាមូលដ្ឋានទេ គ្មានអ្វីជាភ័ស្តុតាងទេ»។
ដោយខឹងសម្បានឹងសម្ដីរបស់មន្ត្រីស្ថានទូតវៀតណាម ទើបនៅថ្ងៃអង្គារ ទី ៨ ខែកក្កដា ប្រជាពលរដ្ឋ និង ព្រះសង្ឃដែលដឹកនាំដោយសហព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជាប្រមាណជាង ១០០ នាក់បានប្រមូលផ្តុំគ្នាតវ៉ានៅពីមុខស្ថានទូតវៀតណាម ដើម្បីទាមទារឱ្យអ្នកនាំពាក្យស្ថានទូតនេះ ចេញមុខសុំទោសជាសាធារណៈចំពោះអ្វីដែលខ្លួនធ្លាប់បានអះអាងថា ទឹកដីកម្ពុជាក្រោមជាទឹកដីរបស់វៀតណាមតាំងពីដើមមក មិនមែនបានមកពីការកាត់ទឹកដីរបស់ខ្មែរដោយបារាំងនៅថ្ងៃទី ៤ ខែមិថុនាឆ្នាំ ១៩៤៩ នោះទេ ។
ការធ្វើបាតុកម្មនេះ ក្រុមសន្តិសុខរបស់សាលាខណ្ឌដូនពេញ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែល ជាគណបក្សមួយត្រូវបានគេមើលឃើញថា នៅក្រោមរណបយូននោះ បានចេញមុខសារជាថ្មីមកវាយបង្ក្រាបលើការតវ៉ាបណ្ដាលឲ្យមនុស្សយ៉ាងតិច ១០ នាក់រងរបួសស្រាល ក្នុងខណៈដែលពួកគេបានព្យាយាមបុករបាំងការពាររបស់ប៉ូលិសឆ្ពោះទៅកាន់ស្ថានទូតវៀតណាម ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីសិទ្ធិមនុស្ស និងសាក្សីឃើញផ្ទាល់ភ្នែក ។
មកដល់ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៤ នេះ មានរយៈពេល ៦៥ ឆ្នាំ ហើយ ដែលបារាំងបានកាត់ដែនដី កម្ពុជាក្រោមឲ្យវៀតណាមគ្រប់គ្រង ។ ចាប់តាំងពីពេលនោះមក ពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម ត្រូវបានអាជ្ញធរវៀតណាមចាត់ទុកថា ជនជាតិភាគតិច នៅលើដែនដីកំណើតរបស់ខ្លួន ៕