វិចារណកថា វិទ្យុសំឡេងកម្ពុជាក្រោម៖ ឆ្នាំទី ៦៣ យួនផ្អើលពណ៌លឿង

បើនិយាយពីវាសនាខ្មែរក្រោម គឺមិនមែន ទើបតែរងទុក្ខ វេទនាចំនួន ៦៣ ឆ្នាំចុងក្រោយនេះទេ តែគឺរាប់រយ ឆ្នាំហើយ ដែលដំណក់ទឹកភ្នែកខ្មែរក្រោម ហូរក្លាយជា ស្ទឹងបឹងទន្លេ ដោយសារស្នាដៃយួនគ្រប់របបនយោ បាយ។ សព្វថ្ងៃនេះ ជួនជារដ្ឋាភិបាលខ្មែរ មិនបាន បង្ហាញការអើពើឈឺឆ្អាលនឹកគិតដល់ ឬក៏មានសេចក្តី ក្លាហានហ៊ាន ងើបមុខតវ៉ាជាមួយរដ្ឋាភិបាលយួន ដែលជិះជាន់ខ្មែរក្រោមទៀតនោះ ហាក់ដូចជាបើកដៃ ឱ្យយួនរំលោភបំពាន ខ្មែរក្រោមតាមអំពើចិត្ត។ ទោះជា យ៉ាងណាក៏ដោយ យើងជាខ្មែរក្រោម មិនដែលបាន ប្រកាសអំពីការបាត់បង់ ទឹកដីរបស់ខ្លួនឡើយ។ ទឹកដី កម្ពុជាក្រោម នៅតែជារបស់ខ្មែរក្រោម។ ភូមិស្រុក ឈើព្រៃ វត្តអារាម វាលស្រែចំការ ទំនៀមទម្លាប់ ប្រពៃណី និងសាសនា យើងជាខ្មែរក្រោមស៊ូខាំស្មៅក្រាញននៀល ការពារមត៌កកេរដូនតារបស់ខ្លួន ក្នុងចង្កូមមច្ចុរាជយួន ដ៏កាចសាហាវ។ ប៉ុន្តែអ្នកដែលត្រូវប្រកាសការបាត់បង់ទឹកដីនោះ គួរតែជារដ្ឋាភិបាល នៃប្រទេសកម្ពុជាទៅវិញទេ ប្រសិនបើរដ្ឋាភិបាលនេះមានមនសិកាជាតិគ្រប់គ្រាន់ និងមានមនុស្សធម៌ ចេះអាណិតអាសូរ ដល់សាច់សារ លោហិតជាតិខ្មែររបស់ខ្លួន។

ពួកបរទេសយួនបានរុករានទន្ទ្រានរំលោភបំពានយកដីខ្មែរ រួចក្រោយមក បានឃុបឃិតជាមួយ ’’បារាំង ខ្លះ’’ ដែលមានអំណាច ប្លន់យកដីខ្មែរយ៉ាងអយុត្តិធម៌បំផុត។ យើងប្រើពាក្យថា ’’បារាំងខ្លះ’’ ពីព្រោះមិនមែន បារាំងទាំងអស់ទេ ដែលឃុបឃិតជាមួយយួន ក្នុងការពុះច្រៀកព្រំដែននៃប្រទេសកម្ពុជា ហើយប្រគល់ប្រជារាស្ត្រ ខ្មែរក្រោមទៅឱ្យយួន ដែលមិនខុសពីកាត់សាច់មួយដុំបោះឱ្យសត្វខ្លានោះ។ នៅមុនការកាត់ផ្តាច់ទឹកដីខ្មែរជាផ្លូវ ការណ៍នៅឆ្នាំ១៩៤៩ អ្នកតំណាងរាស្ត្របារាំងដែលមានយុត្តិធម៌មួយចំនួន ក្នុងនោះមានលោក រ៉ឺណេ កាពីតង់ (Rene Capitant) បានខំតស៊ូការពារផលប្រយោជន៍ខ្មែរ ដោយពន្យ់ដល់រដ្ឋាភិបាលបារាំងថា ’’ជាងផល ប្រយោជន៍ទៅទៀត កម្ពុជាមានសិទ្ធិនៅកូសាំងស៊ីន…ជនជាតិខ្មែរភាគតិច ចង់ថែរក្សានូវវិសេសនិយម (មានន័យ ថាចង់រស់ក្នុងភាពថ្លៃថ្នូរដាច់ដោយឡែក ប្រកបដោយសេចក្តីស្ងប់ស្ងៀមក្នុងនាមពូជសាសន៍ខ្មែរ) ក្នុងស្វ័យភាព របស់គេ។ បារាំងនិងសហភាពបារាំង ត្រូវតែបំពេញករណីយកិច្ចរបស់ខ្លួនចំពោះប្រទេសកម្ពុជា គឺករណីយកិច្ច ការពារ ធានាភក្តី និងដឹងគុណដល់រដ្ឋមួយ ដែលបានបង្ហាញនូវភាពទៀងត្រង់ និងស្មោះត្រង់ ជានិច្ច’’(១)។ ចំណែកលោក ប៉ូល កុស្ត ផ្លូរ៉េ រដ្ឋមន្ត្រីក្រសួងនាយសមុទ្របារាំង បានធានាដល់គណប្រតិភូខ្មែរ ព្រមទាំងបានជូន ដំណឹងដល់ព្រះមហាក្សត្រខ្មែរ ពីកិច្ចព្រមព្រៀងរវាងលោកប្រធានាធិបតីបារាំង វ៉ាំងសង់ អូរីយ៉ូល និងស្តេចយួន បាវ ដាយ ចុះថ្ងៃទី ៨ ខែមិនា ឆ្នាំ១៩៤៨ ផង ដែលមានន័យថាៈ ’’ការត្រួតត្រាទៅលើជនជាតិ ដែលមិនមែនយួន ហើយដែលបានរស់នៅតាំងតែពីយូរយារណាស់មកហើយ នៅលើទឹកដីដែលទើបនឹងកំណត់ ថ្មីថា ជាទឹកដីរបស់វៀតណាមនោះ ហើយដែលឋិត នៅក្រោមការត្រួតត្រារហូតមករបស់អាណាចក្រអណ្ណាម នឹងត្រូវផ្តល់ឱ្យមាន លក្ខន្តិកៈពិសេសចំពោះអ្នកទាំងនោះ ដោយអធិរាជ បាវដាយ។ លក្ខន្តិកៈនេះ នឹងត្រូវ កំណត់ឡើង ដោយមានការយល់ព្រមពីរដ្ឋាភិបាលបារាំងផង នៅក្នុងការគោរពប្រពៃណី និងទំនៀមទម្លាប់ របស់គេ។ ក្នុងការចរចារគ្នា រវាងកម្ពុជា-បារាំង គណប្រតិភូបារាំងបានស្នើសុំឱ្យបញ្ចូលក្នុងសន្ធិសញ្ញា នូវខដែលមានសារសំខាន់មួយ គឺផ្នែក ខាងបារាំង រដ្ឋាភិបាលសូមបញ្ជាក់ថា ខសំខាន់នៃសន្ធិសញ្ញាបារាំង-វៀតណាម ស្តីពីជនភាគតិចនៅលើទឹកដី វៀតណាមក៏ត្រូវអនុវត្តន៍ដែរ ចំពោះជនជាតិខ្មែរភាគតិច(ខ្មែរក្រោម) ហេតុដូច្នេះ លក្ខន្តិកៈនេះនឹងត្រូវធ្វើឡើង ដោយមានការយល់ព្រមពីរដ្ឋាភិបាលបារាំង ក្នុងការការពារប្រពៃណី និងទំនៀមទម្លាប់របស់គេ។ ម្យ៉ាងទៀត រដ្ឋាភិបាលបារាំងសន្យាគាំទ្រប្រជាពលរដ្ឋខ្មែរ ចំពោះការប្រើប្រាស់ ដោយសេរីនូវទន្លេមេគង្គ និងកំពង់ផែ ព្រៃនគរ(កិច្ចប្រជុំសភាបារាំង និតិកាលថ្ងៃទី២១ ឧសភាឆ្នាំ១៩៤៩ ស្តីពីលក្ខន្តិកៈកូសាំងស៊ីន)(២)

ចំណែកលោក ម៉ាក រុកកាត(Mark Rucat) អ្នកនាំសារគណកម្មការបារាំងនាយសមុទ្រ បានជំរាបទៅ សភាបារាំងថាៈ’’គណកម្មការបានបញ្ចូលក្នុងគម្រោងច្បាប់វិញ ពីការទាមទាររបស់ខ្មែរ តាមគំនិតរបស់សភា សហភាពបារាំង។ ការទាមទារនេះ វាមិនគ្រាន់តែទាមទារតាមច្បាប់ទេ លើសពីនេះទៅទៀត យើងយល់ថា វា មកពីប្រទេសមួយដែលស្មោះត្រង់នឹងយើងរហូត នៅពេលលំបាកក៏ដូចជានៅពេលសប្បាយរីករាយ យើងកំពុង តែធ្វើឱ្យកម្ពុជាស្តាយខ្លួនមកពីការទុកចិត្តលើយើង និងបានស្ម័គ្រចិត្តចូលមុនគេ ជាសមាជិកសហភាព បារាំង…’’

ការទាមទារតវ៉ារបស់បារាំង’’ចិត្តល្អ’’ គឺបានត្រឹមតែល្អមើលប៉ុណ្ណោះ។ ទីបំផុត យួនត្រូវបានទទួល ជោគលាភជាដី កម្ពុជាក្រោម ក្នុងនាមខ្លួនជាអ្នកឈ្លានពានល្បិចខ្ពស់ នៅថ្ងៃទី៤ ខែមិថុនាឆ្នាំ១៩៤៩។

ការរំលឹកប៉ុណ្ណេះ អាចបញ្ជាក់ថា រវាងខ្មែរជាប្រទេសបាត់បង់ទឹកដី បារាំងជាអាជ្ញាកណ្តាលដ៏អយុតិធម៌ និងយួនជាចោរប្លន់ទឹកដី រដ្ឋាភិបាលខ្មែរនាពេលនោះ ក៏មានការគិតគូរដល់វាសនាខ្មែរក្រោមខ្លះដែរ ទោះបីការ ទាមទារនោះ ធ្វើឡើងក្នុងន័យអស់សង្ឃឹមយ៉ាងណាក្តី។ រហូតមកដល់ ឆ្នាំ១៩៨៦ ព្រះមហាក្សត្រខ្មែរ នរោត្តម សីហនុ ក៏នៅតែបានបញ្ជាក់ដែរថាៈ’’ ខ្ញុំមិនដែលទទួលយកតាមផ្លូវច្បាប់ ថាអំពើរបស់វៀតណាមទៅលើទឹកដី កម្ពុជាក្រោម ជារឿងមួយដែលមិនអាចវិលថយក្រោយមកវិញនោះទេ’’(៣)ជាមួយព្រះមហាក្សត្រ ព្រមទាំង រដ្ឋាភិបាលខ្មែរដែលយកចិត្តទុកដាក់ចំពោះខ្មែរក្រោម ក៏យួនមិនបានថយក្រោយសូម្បីតែមួយជំហ៊ាន ក្នុងផែនការ បំបាត់ពូជសាសន៍ខ្មែរនៅកម្ពុជាក្រោម ចុះទម្រាំដល់រដ្ឋាភិបាលខ្មែរបច្ចុប្បន្នវិញនោះ គឺគ្មានអ្វីក្រៅពីការសុខចិត្ត ’’ចោលសាច់ស្រវាឆ្អឹង’’នោះឡើយ បើនិយាយឱ្យស្រួលស្តាប់ គឺច្រានខ្មែរគ្នាឯងចោល ហើយឱបយួន ទើប មានផលប្រយោជន៍។ រឿងនេះ ខ្មែរក្រោមដែលភៀសខ្លួនរត់ចូលមកប្រទេសកម្ពុជាក៏បានដឹង ខ្មែរក្រោមនៅ ក្នុងស្រុកក៏បានទទួលចម្ហាយ ធ្វើឱ្យគេមានអារម្ភថា ពេលនេះ គឺខ្នងទល់ជញ្ជាំងហើយ មានតែការតស៊ូ ខ្លួនទី ពឹងខ្លួន ដោយពឹងយោងលើច្បាប់អន្តរជាតិ និងប្រទេសនានាដែលស្រឡាញ់របបប្រជាធិបតេយ្យ ការពារយុត្តិធម៌ ក្នុងលោកជាបង្អែកតែប៉ុណ្ណោះ។ គឺដោយការសម្រេចចិត្ត  ក្នុងការតស៊ូដើម្បី’’សិទ្ធិក្នុងការរស់នៅ’’ ដ៏ត្រឹមត្រូវ នេះឯង ដែលខ្មែរក្រោមមិនស្លាប់ជាដាច់ខាត ហើយដែលធ្វើឱ្យយួនកំពុងតែភ័យផ្អើលនឹងស្រមោល ខ្លួនឯង។

សព្វថ្ងៃនេះ នៅកម្ពុជាក្រោម អាជ្ញាធរយួនមិនខុសពីសត្វក្របី ដែលផ្អើលនឹងស្បង់ចីវរព័ណ៌លឿងរបស់ព្រះសង្ឃ ខ្មែរ។ ដោយទង់ជាតិរបស់យួនក៏ពណ៌លឿងដែរ យួនក៏ចាប់ផ្តើមផ្អើលនឹងអំពើឧក្រិដដ៏ច្រើន ដែលកំពុងតែបក់ រវិចជាមួយទង់ពណ៌លើងនោះ ជានិម្មិតរូបនៃអំពើអាក្រក់ដែលខ្លួនបានសាបព្រោះចំពោះ ខ្មែរក្រោមដ៏ស្លូតត្រង់។ កាន់តែផ្អើល កាន់តែរឹតបន្តឹងចំពោះសេរីភាពសាសនាខ្មែរក្រោម យួនកាន់តែឈានលើ ផ្លូវខុស ផ្ទុយ នឹងច្បាប់ អន្តរជាតិ។

ចំពោះយើងជាខ្មែរក្រោម ការរំលឹកខួបឆ្នាំទី៦៣ ដែលបារាំងកាត់ដីពីខ្មែរ ហើយរុញយើងឱ្យទៅរស់ ក្រោមនឹមដែក របស់យួន ខ្មែរក្រោមយើងត្រូវតែប្តេជ្ញា រក្សាការពារកម្ពុជាក្រោមឱ្យបាន រួមជាមួយទំនៀមទម្លាប់ ប្រពៃណី និងជំនឿ សាសនា ដែលយួនក៏បានសុខចិត្ត នៅពេលទទួលការផ្ទេរដីពីបារាំង ហើយសេចក្តីប្រកាស របស់អង្គការសហ ប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម ក៏មានចែងដែរ។

ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១២

ដោយ៖ សឺង សម្រេច/VOKK

កំណត់សំគាល់ៈ (១) (២) (៣) យោងតាមសៀវភៅ’’កម្ពុជាក្រោម អំណាចគ្មានខ្មែរក្រោម’’ ឯកសារប្រវត្តិសាស្ត្រ និពន្ធចងក្រងដោយលោក ត្រាំងឆាត ប៊ុត បោះពុម្ពនៅឆ្នាំ២០០៥។