យួន​កម្ទេច​ខ្លោងទ្វារ​ខេត្ត​ព្រះ​ត្រពាំង ដើម្បី​បិទបាំង​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម​

ដោយ ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង

នៅពេល​ថ្មី ៗ នេះ គឺ​ថ្ងៃ សុក្រ ទី ២៨ វិច្ឆិកា ឆ្នាំ ២០១៤ មិត្ត​ហ្វេ​ស្បុ​ក​ជាច្រើន ជាពិសេស​ខ្មែរក្រោម នៅ​ខេត្ត​ព្រះ​ត្រពាំង កម្ពុជា​ក្រោម បានដាក់​ប្រកាស​រូបភាព​ខ្លោងទ្វារ​ចូលទៅ​កាន់​ទីក្រុង​ព្រះ​ត្រពាំង ដែល​កំពុង​ត្រូវ​អាជ្ញាធរ​យួន​នៅ​ខេត្ត​ព្រះ​ត្រពាំង ចេញ​បញ្ជា​ឲ្យ​រុះរើ​កម្ទេចចោល​ដោយ​អាង​លេស​ថា មាន​រថយន្តស្ទូច​មួយ​គ្រឿង​បាន​បុក​ពារ​ដំបូល​ខាងលើ​ធ្វើ​ឲ្យ​ទ្រុឌទ្រោម​លែង ទ្រាំទ្រ​តទៅទៀតបាន ។ ពាក្យ​ប្រកាស​នៅលើ ហ្វេ​ក​បុក​ជាច្រើន​នោះ មិត្ត​ហ្វេ​ក​បុក​ទាំងឡាយ សុទ្ធតែ​បាន​បញ្ចេញ​គំនិត​យោបល់ និង​ទស្សនៈ​ផ្សេង ៗ ពីគ្នា ដើម្បី​សំដែង​ទឹកចិត្ត​ស្រណោះ​ស្តាយ​វប្បធម៌​របស់​ជាតិ​របស់ខ្លួន​ដែល​កំពុង​ត្រូវ​យួន​បំផ្លាញ ខ្លះ​បាន​សរសេរ​ជា​អក្សរ​ខ្មែរ ខ្លះ​សរសេរ​ជា​អក្សរ​អង់គ្លេស ខ្លះទៀត​សរសេរ​ជា​អក្សរ​យួន សុទ្ធសឹង​មាន​ខ្លឹមសារ​មិន​ដូចគ្នា គឺ​ខ្លះ​សំដែង​ការ​សោកសៅ​ស្តាយ​កេរដំណែល​វប្បធម៌​ដូនតា​ដែល​បាន​បន្សល់​ទុកជា​ប្រវត្តិសាស្ត្រ​, ខ្លះ​យំទួញ​ទាមទារ​ឲ្យ​រក្សាទុក​គង់​រូប​ដូចដើម​, ខ្លះ​ដង្ហោយហៅ​គេឯង ហៅ​អន្តរជាតិ​ឲ្យ​ជួយ​អន្តរាគមន៍​កុំ​ឲ្យ​យួន​បន្ត​បំផ្លិចបំផ្លាញ​វប្បធម៌​ជា​វត្ថុតាង​ប្រវត្តិសាស្ត្រ​ខ្មែរ​តាម​ទំនើង​, ខ្លះ​ថា​យួន​បំផ្លាញ​អត្តសញ្ញាណ​ជាតិខ្មែរ ទុក​ដូច​បំផ្លាញ​ជីវិត​ខ្មែរ​, ខ្លះ​ថា​មើលទៅ​ឃើញ​ខ្លោងទ្វារ​ខ្មែរ​ត្រូវ​យួន​ប្រហារ​គួរ​ឲ្យ​ខ្លោចផ្សា​អាណោចអាធ័ម​ទ្រាំ​យំ​មិនបាន​, ខ្លះ​សំដែង​ការក្តៅក្រហាយ​ជេរប្រទេច​ផ្តន្ទា​ដាក់​ផ្តាសា​ឲ្យ​យួន​វិនាស​ សាបសូន្យ​ទាន់​ហាន់ , ខ្លះ​សំដែង​ការ​អស់សង្ឃឹម​អួលដើមក​និយាយ​អ្វី​មិន​ចេញ​ក៏​ដាក់​បានត្រឹមតែ​រូប​សញ្ញា​សម្រក់​ទឹកភ្នែក​យ៉ាង​សង្វេគ​, ខ្លះ​រៀបរាប់ថា​ពីថ្ងៃ​នេះ​ទៅ​លែង​បាន​យល់​ខ្លោងទ្វារ​ជា​ដួងព្រលឹង​ខ្មែរក្រោម ដែល​ទូទាំង​កម្ពុជា​ក្រោម​មាន​ខ្លោងទ្វារ​ខ្មែរលើ​ថ្នល់ជាតិ​នៅសល់​តែមួយ​នេះ​គត់​, ហើយ​ទន្ទឹមនឹងនោះ​ក៏មាន​អ្នកខ្លះ​បែរជា​និយាយថា នេះ​ក៏​អាចជា​ប្រផ្នូល​នៃ​ការដួលរលំ​របប​កុម្មុយនីស្ត​យួន និង​កេរ្តិ៍ឈ្មោះ ហូជីមិញ ក៏ត្រូវ​សាបរលាប​លែងមាន​អ្នក​រំឭក​ជា​រៀងរហូត នៅពេល​ខាងមុខ​, ឯ​ខ្មែរក្រោម​ដែល​នៅក្រោម​អំណាច​កុម្មុយនីស្ត​យួន​ក៏​អាចមាន​សេរីភាព​បូ​រិ​បូ​ណ៌​លើ​ទឹកដី​ដូនតា​របស់ខ្លួន​ឡើងវិញ​, ព្រោះ​អ្វី ? ព្រោះថា ខ្លោងទ្វារ​ជា​វប្បធម៌​របស់​ខ្មែរ​ដែល​សាង​ឡើង​ដោយ​ស្នាដៃ​បុព្វបុរស​ខ្មែរ បែរជា​ត្រូវ​យួន​ប្លន់​យក​ទាំង​ងងើល ហើយ​ដាក់​បំពាក់​ផ្លាក​អក្សរ​យួន​ធំ ៗ ថា បក្សកុម្មុយនិស្ត​យួន​រុងរឿង​ហ្មឺន​ឆ្នាំ (Dang Cong San Viet nam Quang Vinh Muon Nam) និង​នៅ​ម្ខាង​ទៀត​បំពាក់​ដោយ​ផ្លាក​ថា នឹក​គុណ​ហូជីមិញ​អច្ឆរិយ​ជា​អមតៈ (Doi doi nho on Ho Chi Minh Vi Dai) ការដាក់​ផ្លាក​អក្សរ​ខាងលើនេះ មិនមែន​ឆ្លុះបញ្ចាំង​ពី​ការ​ចងបាច់​សាមគ្គី​ជា​ភាតរភាព​រវាង​ខ្មែរ​និង​យួន​នោះ​ដូច​មាត់​ក្អែក​យួន​ នោះទេ តែ​ជាការ​បញ្ជាក់​យ៉ាងច្បាស់​នូវ​ការដាក់​គំនាប ដាក់​មនោគមន៍ និង​ប្រកាស​នូវ​មហា​ជោគជ័យ​កើត​ពី​ការឈ្លានពាន​ជិះជាន់​រំលោភបំពាន​យ៉ាង​ពេញទំហឹង​របស់​យួន​កុ​ម្មុយ​និ​ស្ត​មកលើ​ប្រជាជាតិ​កម្ពុជា​ក្រោម ទាំង​ជាការ​បង្ខំ​ឲ្យ​ខ្មែរក្រោម ទទួលស្គាល់​ដឹងគុណ​ហូជីមិញ​ដែលជា​មេ​កុម្មុយនីស្ត​ប្លន់​ទឹកដី​កម្ពុជា​ក្រោម ព្រមទាំង​ជាការ​ពើត​ទ្រូង​បូញ​មាត់​បត់​ដុំដៃ​បង្អួត អឿ​បញ្ឈឺចិត្ត​ខ្មែរ​ពី​ភាពរុងរឿង​ហ្មឺន​ឆ្នាំ​របស់​បក្សកុម្មុយនិស្ត​, តែ​ឥឡូវនេះ​ផ្លាក​ទាំងនោះ​ក៏ត្រូវ​កូនចៅ​យួន​របស់គេ​ជំនាន់​នេះ​ ទំលាក់​ចុះ​កម្ទេចចោល​ហើយ​, ចំណែកឯ​ខ្លោងទ្វារ​ខ្មែរ​ដែល​ឈរ​ទ្រឹង​កណ្តាលវាល​ហាល​ក្តៅ ត្រជាក់ ភ្លៀង ខ្យល់ ទ្រាំ​ទុក្ខលំបាក​ធ្វើជា​ទម្រ​ផ្លាក​កុ​ម្មុយ​និ​ស្ត​យួន អស់កាល​ជា​យូរអង្វែង​មក​នោះ ពិតមែនតែ​ឥឡូវ​ត្រូវ​យួន​កម្ទេច​បំផ្លិចបំផ្លាញ តែ​ហាក់បីដូចជា​បុព្វនិមិត្ត​ប្រាប់ថា​ខ្មែរក្រោម​នឹងមាន​សេរីភាព​រួចផុត​ពី​នឹម​ត្រួតត្រា​ជិះជាន់​របស់​យួន​ទៅវិញ ។ នេះ​ក៏​រាប់​ថា​ជា​ទស្សនៈ​មួយ​សមរម្យ​ដែរ ល្មម​ក្នុងការ​ពិចារណា​ឲ្យ​ន័យ​បាន ។​

ខ្លោងទ្វារចូលខេត្តព្រះត្រពាំង ត្រូវបានអាជ្ញាធរវៀតណាម រុះរើបំផ្លាញចោល នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៤ ។
ខ្លោងទ្វារចូលខេត្តព្រះត្រពាំង ត្រូវបានអាជ្ញាធរវៀតណាម រុះរើបំផ្លាញចោល នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៤ ។

សូម​ជម្រាប​ប្រិយមិត្ត​ជិត​ឆ្ងាយ​ឲ្យ​បាន​ជ្រាបថា ខ្លោងទ្វារ​ខ្មែរ​មួយ​នេះ​ជា​ខ្លោងទ្វារ​ខេត្ត​ព្រះ​ត្រពាំង បុព្វបុរស​ខ្មែរ​ជា​អ្នក​កសាង​ឡើងជា​យូរយារ​ណាស់​មកហើយ នៅលើ​ផ្លូវ​ថ្នល់ជាតិ ស្ថិតនៅ​ភូមិ​សំរោង បច្ចុប្បន្ន​យួន​ប្តូរ​ទៅជា​ភូមិ ហ្វៀ​ក​ហ្វា (Ap Nguyet Hoa) ផ្លូវជាតិ​លេខ ៥៣ (QL 53) ជា​ផ្លូវចេញចូល​ទៅកាន់​ទីក្រុង​ព្រៃនគរ និង​ខេត្ត​ក្រុង​នានា​, ក្លោងទ្វារ នៅក្បែរ​វត្ត​សំរោង​ឯក​ដែរ កាលពីដើម​វត្ត​នេះ​មាន​ទំហំ​ផ្ទៃដី​លាត​ជិត​ដល់​ខ្លោងទ្វារ​នោះ តែ​ក្រោយមក​ពេលដែល​យួន​ឈ្លានពាន​បានសម្រេច​ក៏​ពុះ​ច្រៀក​ដី​វត្ត​ធ្វើជា​ផ្លូវថ្នល់ បន្សល់​នៅ​មួយចំណែក​ធួន​ល្មម​ឲ្យ​គង់​ជាវ​ត្ត​សំរោង​ឯក​ដល់​សព្វថ្ងៃ ។ អ្នកដំណើរ​ចេញចូល​ខេត្ត​ព្រះ​ត្រពាំង​សុទ្ធសឹងតែ​ត្រូវធ្វើ​ដំណើរ​តាម​ខ្លោងទ្វារ​នេះ​ទាំងអស់ ។ មួយទៀត បើ​លោកអ្នក​ធ្លាប់បាន​ទៅ​ទស្សនា​កម្សាន្ត​រមណីយដ្ឋាន​គូ​ស្រះស្រី លោកអ្នក​ច្បាស់​ជា​បាន​ស្គាល់​ខ្លោងទ្វារ​នេះ​ជាមិនខាន ព្រោះ​នៅ​មិន​ឆ្ងាយ​ពីគ្នា​ទេ មួយទៀត​ដើមឈើ​ទាល​ឧកញ៉ា​សឺ​ន គុយ ក៏​នៅក្នុង​តំបន់​នេះដែរ ។ ខ្លោងទ្វារ​នេះ​រចនា​ដោយ​ជហ្វា ៦ មាន​សណ្ឋាន​ទ្រវែង គង​លើ​ថ្នល់ជាតិ តាមបែប​ព្រះវិហារ​ជហ្វា ៦ ដំបូល ៣ ជាន់ ប្រក់​ដោយ​ក្បឿង​បែប​ចិន​ចាក់​បេតុង លើ​កំពូល​បំផុត​ប្រដាប់​ដោយ​បដិមា​រាហូ​លេប​ព្រះ​ចន្ទ​ទ្រ​ត្រៃ​សូល៍ លើ​ខ្នង​ដំបូល​នីមួយ ៗ បំពាក់​ដោយ​ដងក្តារ និង​នាគ​ចំនួន ១២ , នាគ ៤ ខាង​ជាន់​លើ​បំផុត គឺ​នាគរាជ​ក្បាល ៥, សសរ ៤ ជ្រុង​ធំ ៗ ចំនួន ៤ ដើម​ចាក់​បេតុង​យ៉ាង​មាំ នៅ​ក្បាលសសរ​នីមួយ ៗ ប្រដាប់​ដោយ​គ្រុឌ និង​កិន្នរ សរុប​ទាំងអស់ កិន្នរ ៤ គ្រុឌ ៤ ក្នុងនោះ​យួន​ក៏​មិន​ភ្លេច​លួច​បន្លំ​ដាក់​ដៃរណែង​បែប​វប្បធម៌​ចិន ដែល​យួន​ទទួលយក​ជា​វប្បធម៌​របស់ខ្លួន ព្រោះ​តាំងតែ​ពី​ដើម​មក​យួន​មិនមាន​វប្បធម៌​ក្បូរក្បាច់​រចនា​ផ្នែក​ខាង​សំណង់​ទេ ។ បានឮ​ចាស់ទុំ​ដំណាល​មក​ថា ខ្លោងទ្វារ​ខ្មែរ​ដែល​នៅ​គង់​ដល់​សព្វថ្ងៃនេះ គឺ​បាន​ដោយ​កម្លាំង​តស៊ូ​ទាមទារ​រក្សាទុក​របស់​ខ្មែរ​ស្នេហា​ជាតិ​ទាំង​សង្ឃ​ទាំង​គ្រហស្ថ​ច្រើន​ជំនាន់ ពី​ការប៉ុនប៉ង​បំផ្លាញ​បំបាត់​តឹកតាង​ប្រវត្តិសាស្ត្រ​របស់​កុម្មុយនីស្ត​យួន គឺ​យួន​មានបំណង​កម្ទេច​ខ្លោងទ្វារ​នេះ​ចោល​តាំងពីដើម​មកម្ល៉េះ​តែ​យក​អ្វី​ជា​លេស​មិនទាន់​សមស្រប ទើប​ពេលនេះ​យួន​នឹកឃើញ​ឧបាយកល​មួយ​គឺ​ចាត់​ឲ្យ​រថយន្ត​ ធុន​ធំ​ក្លែង​បុក​ពារ ។ កាលពី​ជំនាន់​មុន​យួន​បំពារបំពាន​ធ្វើ​ឲ្យ​ខូចខាត​ខ្លះ តែ​បាន​ជួសជុល​ឡើងវិញ​ដោយ​អំណាច​ការតវ៉ា​ទាមទារ​យ៉ាង​អង់អាច​របស់​ប្រជាពលរដ្ឋ​ខ្មែរក្រោម តែ​ក្នុងពេល​ជួសជុល​ខ្មែរ​ធ្វេស​ក៏ត្រូវ​យួន​លួច​ដាក់បញ្ចូល​ក្បូរក្បាច់​វប្បធម៌​ ចិន​យួន​លាយឡំ គឺ​នៅត្រង់​ក្បឿង និង​ដៃរណែង​ដើម្បី​កាឡៃ តែ​ក្រៅពីនោះ​គង់នៅ​ជា​ក្បូរក្បាច់​វប្បធម៌​ខ្មែរ​សុទ្ធសាធ ។ ពេលធ្វើ​ដំណើរ​ម្តង ៗ យើង​ងើយ​មើល​ពី​ចម្ងាយ​ទៅ ឃើញ​ខ្លោងទ្វារ​ខ្ពស់​ត្រដឹម រាង​សង្ហា​ហ៊ឹកហ៊ាក់​ប្រទាក់​ចិត្ត​ឲ្យ​គិត​កួច​ព្រួច​នឹកថា ឱ ! នេះហើយ​ជា​ព្រលឹង​ជាតិ បញ្ជាក់ថា​ទឹកដី​នេះ​ជា​ទឹកដី​របស់​ខ្មែរ​ពិតប្រាកដ​ណាស់ ។​

ខ្លោងទ្វារចូលខេត្តព្រះត្រពាំង ដែលមិនទាន់ត្រូវបានអាជ្ញាធរវៀតណាមកម្ទេច ។
ខ្លោងទ្វារចូលខេត្តព្រះត្រពាំង ដែលមិនទាន់ត្រូវបានអាជ្ញាធរវៀតណាមកម្ទេច ។

​បណ្តា​បុរាណវត្ថុ​ជា​ភ័ស្តុតាង​ប្រវត្តិសាស្ត្រ​ខ្មែរ​ទាំងអស់ មាន​ដើមឈើ ដូច​យ៉ាង​ដើម​ឈើទាល​ឧកញ៉ា សឺ​ន គុយ​ជាដើម​, ចេតិយ​ដ្ឋា​ន​ដូច​យ៉ាង​ចេតិយ​ឧកញ៉ា​ង សឺ​ន គុយ ជាដើម​, បុរាណ​ដ្ឋា​ន ដូច​យ៉ាង​កំពង់ផែ​អូរ​កែវជា​ដើម​, បូជនីយដ្ឋាន ដូច​យ៉ាង​វត្ត​អារាម​ជាដើម និង​វត្ថុ​ផ្សេង ៗ ទៀត មាន សាស្ត្រា​ស្លឹករឹត ពុទ្ធ​ប្បដិមា សិលាចារឹក ជាដើម ព្រមទាំង​វប្បធម៌ សិល្បៈ អក្សរសាស្ត្រ ភាសា សាសនា ឯកសារ​ប្រវត្តិសាស្ត្រ ប្រពៃណី​ដែលជា​អត្តសញ្ញាណ ជា​ដង្ហើមរស់​របស់​ខ្មែរក្រោម ក្នុងនោះ​ក្លោងទ្វារ​ខេត្ត​ព្រះ​ត្រពាំង​នេះ​ក៏​ប្រៀបប្រដូច​ទៅនឹង​ព្រលឹង​រស់​របស់​ជាតិខ្មែរ​ក្រោម នៅ​កម្ពុជា​ក្រោម​មួយ​ដែរ ក្នុងការ​ដាស់​ស្មារតី​ជាតិខ្មែរ​និង​អន្តរជាតិ​ឲ្យ​បានដឹងថា ទឹកដី​កម្ពុជា​ក្រោម គឺ​ពិតជា​ទឹកដី​ខ្មែរ​ពិត​ដោយ​ឥត​ប្រកែក ។ ដោយហេតុ​នោះ បានជា​វត្ថុ​ធាតុ​ដែល​រៀប​រាប់ទាំង​ប៉ុន្មាន​ខាងលើ​គ្មាន​វត្ថុ​ធាតុ​ណាមួយ​មានសំណាង​រួចផុត​ ពី​កណ្តាប់ដៃ​ដែក​ប្រ​បាច់​គាប​ បំពារបំពាន​ជ្រៀត​ត​ជ្រែក​ក្នុង​គោលបំណង​កាឡៃ​បំភ្លៃ​បំផ្លើស​និង​បំផ្លិចបំផ្លាញ​របស់​យួន​នោះទេ គឺ​ពេលខ្លះ​យួន​បង្ខំ​ខ្លួន​ពាក់​ របាំងមុខ​មេត្តាធម៌ ពាក់​មុខ​ទេវតា ពាក់​ស្បែក​ធម្មិករាជ​…​តែ​ចិត្ត​នៅតែ​ជា​ទេវទត្ត​ដដែល ដើម្បី​ចូលទៅ​ជ្រៀតជ្រែក​ឲ្យ​បាន​សព្វគ្រប់​កិច្ចការ​របស់​ខ្មែរក្រោម គឺ​យួន​មាន​គោលជំហរ​ច្បាស់​ណាស់ ថា​ត្រូវ​ធ្វើយ៉ាងណា​ដើម្បី​បំផ្លាញ បើ​បំផ្លាញ​មិនបាន​ក៏ត្រូវ​តែ​ជ្រៀតជ្រែក ដើម្បី​កាឡៃ​បំភ្លៃ​បំផ្លើស​ឲ្យ​បាន​ខ្លះ​បើ​មិន​ច្រើន​ក៏​តិច ។ ជាក់ស្តែង​ដូច​កាលពីពេល​កន្លងមក​ហើយ ក្រោយពី​ពិធី​បុណ្យខួប ៦៥ ឆ្នាំ នៃ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម ដែល​បារាំង​បាន​កាត់​ឲ្យ​ទៅ​យួន​ទាំង​បំពាន​, កន្លង​បាន ២ ថ្ងៃ គឺ​នៅ​ថ្ងៃទី ៦ មិថុនា ២០១៤ លោក​ត្រឹង វ៉ាំ​ង ថុង អ្នក​នាំ​ស្ថានទូត​យួន​ប្រចាំ​ក្រុងភ្នំពេញ ពាក់​មុខ​ដែក​ស្បែក​ស្ពាន់​មិនចេះ​អៀនអន់​ពិភពលោក ចេញមុខ​ប្រកាសថា ទឹកដី​កម្ពុជា​ក្រោម ពុំមែន​ជា​ទឹក​របស់​ខ្មែរ​ទេ ជា​ទឹកដី​ដូនតា​យួន​ទុក​មក​ឲ្យ​យួន​ជំនាន់​ក្រោយ​សោយសុខ ដែល​ធាតុពិត​លើ​លោក​នេះ​អ្នកសិក្សា​រាល់​រូប សឹងតែ​ដឹង​គ្រប់គ្នា​ថា​សូម្បី​ដូនតា​យួន​ក៏​គ្មាន​ដី​មួយ​ដុំ​នៅ​នឹង​គេ​ផង​នោះ ។​

​តាម​ការ​កត់​ដ​ម្គា​ល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​អាយ​នេះ យួន​បាន​ប្រើ​យុទ្ធសាស្ត្រ​បញ្ចុះបញ្ចូល​បញ្ចើច​បញ្ជោរ​ឲ្យ​គណៈកម្មការ​វត្ត និង​ព្រះសង្ឃ​ខ្មែរក្រោម​មួយចំនួន រុះរើ​បុរាណ​ដ្ឋា​ន បុរាណវត្ថុ ជា​មរតក​វប្បធម៌​ជាតិ​កាត់ថ្លៃ​មិនបាន ដូចជា សាលា កុដិ ព្រះវិហារ​មាន​អាយុកាល​រាប់រយឆ្នាំ ហើយ​សាងសង់​ថ្មី​ឡើងវិញ​ជាដើម ។ ពិតមែនតែ​សម័យនេះ​អាច​និយាយបានថា សម្បូណ៌​ទ្រព្យសម្បត្តិ​ជាង​សម័យមុន គេ​អាច​សាងសង់ សាលា កុដិ វិហារ អស់​តម្លៃ​រាប់សិប​ហ្មឺន​ដុល្លារ​បាន​ក៏ពិតមែន តែ​វត្ថុ​ទាំងនោះ​ពុំមែន​ជា​វត្ថុ​បុរាណ​ទេ ពុំមែន​ជា​ស្នា​ព្រះហស្ត ស្នាដៃ​នៃ​បុព្វបុរស​ខ្មែរ ដែល​លោក​ពុះពារ​គ្រប់​ឧ​ប​ស័គ្គ​សាង​ឡើង​ទុកជា​កេរតំណែល និង​ជា​ភ័ស្តុតាង​ប្រវត្តិសាស្ត្រ​របស់​ជាតិ​នោះទេ របស់​ថ្មី គឺ​ថ្មី របស់​ចាស់​គឺ​ចាស់​មិនអាច​ដោះដូរ​គ្នា​បានទេ មានតម្លៃ​ពុំ​ស្មើគ្នា​ទេ ដែល​ពិភពលោក​នេះ​មាន​ពាក្យ​ថា ប្រវត្តិសាស្ត្រ ប្រវត្តិវិទូ ប្រវត្តិវិទ្យា​ជាដើម ក៏​អាស្រ័យ​លើ​លោក​មាន​របស់​ចាស់​ដែលមាន​តម្លៃ​កាត់ថ្លៃ​មិនបាន​ហ្នឹងឯង មិនមែន​អាស្រ័យ​របស់​ថ្មី​ទេ ។​

​យួន​បំផ្លាញចោល​នូវ​ខ្លោងទ្វារ​ខ្មែរ​លើក​នេះ ឈ្មោះថា​យួន​បាន​ចាក់​ចំ​ដំបៅ​បេះដូង​ខ្មែរក្រោម​មួយ​ដាវ​យ៉ាងដំណំ នាំ​បណ្តាល​ឲ្យ​ខ្មែរក្រោម​គ្រប់​មជ្ឈដ្ឋាន​ចុក​ពើត​ផ្សា​ក្តៅ ចងចាំ​ដំបៅ​នេះ​មិន​ភ្លេច​ជានិច្ច​, សូម្បី​កុលបុត្ត​កុលធីតា​ខ្មែរក្រោម​រូ​ខ្លះ​មិន​ធ្លាប់​ទាំង​ដែល​គិតគូ​ពី​រឿង​វប្បធម៌​ជាតិ អាយុជីវិត​ជាតិ ក៏មាន​ស្មារតី​ភ្ងារ​នឹកនា បែរជា​ចង់​ការពារ​សម្បត្តិ​វប្បធម៌​ជាតិ​ខ្លួន​ឲ្យ​គង់វង្ស​នឹង​គេ​ដែរ ព្រោះ​គេ​ទាំងឡាយ​សុទ្ធតែ​បាន​យល់​យ៉ាងច្បាស់​ថា “​វប្បធម៌​ស​ជាតិ​” ។ ការណ៍​នេះ​ក៏​អាច​សិ​ន្និ​ដ្ឋា​ន​បាន​ថា យួន​កំពុង​ជន្ល​សាកល្បង​បំផ្លាញ​វប្បធម៌​ព្រលឹង​ជាតិខ្មែរ​មើល៍​តើ​ខ្មែរក្រោម​ម្ចាស់​ស្រុក​មានប្រតិកម្ម​អ្វី​ទេ ឬ​ត្រូវ​ថ្នាំ​សណ្តំ​សម្ងំ​ដេក​យកសុខ ទាំង​អស់ហើយ​,​មិន​ដូច្នោះ​ទេ បើ​យើង​ស្ទង់​មតិ​តាម​បណ្តាញ​សង្គម​ហ្វេ​ស្បុ​ក​និង​ទំនាក់ទំនង​នានា​បាន​ឲ្យ​ដឹងថា ខ្មែរក្រោម​មិន​សុខចិត្ត​ដេក​ឱបដៃ​សណ្តូកជើង​ឲ្យ​យួន​ធ្វើ​អ្វី​មកលើ​ជាតិ​ខ្លួន​តាមតែ​អំពើ​ចិត្ត​ទេ បើទុកជា​ថ្ងៃមុខ​យួន​សាងសង់​ខ្លោង​មួយទៀត ​ថ្មី​ស្អាត​ចំណាយ​អស់ទ្រព្យ​ច្រើនជាង​ខ្លោងទ្វារ​ចាស់​នេះ​ក៏ដោយ ក៏​គ្មាន​ខ្មែរក្រោម​រូប​ណា​នីមួយ​សប្បាយចិត្ត​ទេ ព្រោះ​សំណង់​ថ្មី​ជា​ស្នាដៃ​យួន ពុំមែន​ជា​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​យើង​ទៀត​ទេ យើង​ចង់​រក្សា​ស្នាដៃ​ចាស់ទុំ​យើង​ឲ្យ​ឋិតថេរ យើង​មិន​ត្រូវការ​របស់​ថ្មី​ដែលជា​ថ្នូរ​នៃ​ការបំផ្លាញ​ព្រលឹង​ដូនតា​យើង​នោះទេ​, ល្បិច​ល្បួង​ដែល​យួន​គិតថា​កាលបើ​សាងសង់​សំណង់​ថ្មី នឹង​ទិញ​ទឹកចិត្ត​ខ្មែរ​បាន​នោះ មិន​ខុសពី​ល្បិច​ចោរ​សម្លាប់​ម្តាយកូន​ក្មេង​ហើយ​ទិញ​នំ​លួង​កុំ​ឲ្យ​ក្មេង​យំ​នោះ ពុំមែន​ជា​វិធី ពុំមែន​ជា​វិជ្ជមាន​ទេ ពុំ​អាច​សម្រេច​បំណង​ទេ ។​

​សរុបមក​ខ្មែរក្រោម​មិន​ចង់​អ្វី​ពី​យួន​ទេ ហើយក៏​មិន​ចង់ឃើញ​យួន​ដើរ​កម្ទេច​បំផ្លិចបំផ្លាញ​វត្ថុ​បុរាណ​ជា​ដួង​ព្រ លឹ​ង​ជាតិខ្មែរ​ក្រោម ហើយ​ពុត​ធ្វើជា​សាងសង់​សំណង់​ថ្មី​ជា​ជំនូន ដើម្បី​ក្លែង​ចូលទៅ​ជ្រៀតជ្រែក​កិច្ចការ​សាសនា​កិច្ចការ​សិក្សា កិច្ចការ​វប្បធម៌​ខ្មែរ ហើយ​ឆ្លៀតឱកាស​កាស ញុះញង់​បំបែកបំបាក់​សង្គម​ខ្មែរ កាឡៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​នោះទេ ។ វត្ថុបំណង​របស់​ខ្មែរក្រោម​ចង់បាន​ជាបន្ទាន់​គឺ “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” ទៅតាម​ច្បាប់​អន្តរជាតិ​ដែល​បានចែង​យ៉ាង​សុក្រឹត ។ ក្នុងនាម​ជា​ជនជាតិដើម ជា​ម្ចាស់​ទឹក​ម្ចាស់​ដី ខ្មែរក្រោម​ត្រូវការ​សិទ្ធិ​ពេញលេញ​ក្នុង​ការធ្វើ ការនិយាយ ការគិត​ដោយ​សេរីភាព ដើម្បី​ការពារជាតិ សាសនា ភាសា វប្បធម៌ អក្សរសាស្ត្រ សិល្បៈ ប្រពៃណី ទំនៀមទម្លាប់​របស់ខ្លួន​ឲ្យ​គង់វង្ស​ដូច​គេឯង​ក្នុងនាម​ជា​មនុស្សជាតិ ។ ខ្មែរក្រោម​ចង់​ប្រាប់​យួន​ថា ត្រូវ​ចេះ​គោរព​ច្បាប់​ជាតិ និង​អន្តរជាតិ​ឲ្យ​បាន​សមរម្យ​ផង កុំ​ពេញ​ចិត្តនឹង​តួល្ខោន “​ចិត្តជា​ទេវទត្ត មាត់​ជា​ទេវតា​” នោះ​ខ្លាំងពេក ព្រោះថា​នៅ​ទីបំផុត ទេវទត្ត​ទទួលបាន​លទ្ធផល​មិន​ជាទី​គាប់ចិត្ត​ទេ ៕​