ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
នៅថ្ងៃសៅទី ១៧ ខែឧសភា ឆ្នាំ ២០១៤ មេដឹកនាំ និងក្រុមយុវជន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម មកពី រដ្ឋនានា ក្នុងទឹកដី សហរដ្ឋអាមេរិក និងប្រទេសកាណាដា បានមកជួនជុំគ្នានៅទីក្រុងភីឡាដែលផ្យា រដ្ឋផែនស៊ីវីនៀ ដើម្បីរំឭកខួប ១០ ឆ្នាំ ថ្ងៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលថ្លែងការណ៍នៅ ក្នុងអង្គការសហប្រជាជាតិ ។ កិច្ច ជួបជុំនេះ បន្ទាប់ ពីពួកគេបានចូលថ្លែងការណ៍ នៅក្នុងវេទិកាអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិ ស្ដីពីបញ្ហាជន ជាតិដើម (UNPFII) នាបុរី New York រយៈពេល ៥ ថ្ងៃ កន្លងមក ។

ក្នុងសន្និបាតលើកទី ០៨ របស់ក្រុមយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម មានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា មួយចំនួនដូចជា លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិ, លោក ចៅ សេរី អនុប្រធាន លោក តោ គឹម ថុង អតីតអធិបតី , លោក ចៅ រៀប ប្រធានសភាព្រឹទ្ធាចារ្យ, លោក ត្រឹង ម៉ាន់ រិន្ទ ប្រធានផែនការ, លោក ត្រឹង យ៉ាប ប្រធានរដ្ឋបាល, បណ្ឌិត Soshua Cooper ទីប្រឹក្សា, លោកអនុសេនីយ៍ឯក Jamse Van Thach អតីត ទាហានអាមេរិកកាំងកូនខ្មែរក្រោមដែល បានពិការក្នុង សង្គ្រាមអៀរ៉ាក់, អ្នកនាង កៀង សូធី អនុប្រធានគណៈកម្មា ធិការយុវជននៃសហព័ន្ធខ្មែរ កម្ពុជាក្រោម ដែលកាត់ជាភាសាអង់គ្លេសដា KKFYC ,ព្រះតេជព្រះគុណ យឿង តារា ប្រធានសម្ព័ន្ធសមណនិស្សិត និស្សិតខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា និង ព្រះតេជព្រះគុណ នាថសីលោ ត្រឹង វ៉ាំង យុង ព្រះដែលទើបតែត្រូវបានសហព័ន្ធខ្មែរកម្ពុជាក្រោម ធានាមកពី ដែនដីកម្ពុជាក្រោម ផ្ទាល់ដើម្បី ជួយ ផ្សព្វផ្សាយព្រះធម៌នៅសហរដ្ឋអាមេរិក ជាលើកដំបូង ផងដែរ ។
លោក ត្រឹង ម៉ាន់ រិន្ទ ប្រធានផែនការនៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានឡើងវេទិកាថ្លែងបើកកម្មវិធីថា ក្នុងរយៈពេល ១០ ឆ្នាំ ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជាសមាជិកវេទិកាអចិន្ត្រៃយ៍ នៃអង្គការសហ ប្រជាជាតិស្ដីពីបញ្ហា ជនជាតិដើម នេះ ខ្មែរក្រោមបានទទួលលទ្ធផល ៣ ចំណុចធំ គឺ ទីមួយ គេស្គាល់ទង់ ជាតិខ្មែរក្រោម ទូទាំងពិភព លោក ទីពីរ កូនចៅខ្មែរក្រោមគ្រប់ទិសទីមានអំណួត និងទទួលស្គាល់ ថា ខ្លួនជាខ្មែរក្រោម និង ទីបី មានយុវជន ដែលជាអ្នកមានសមត្ថភាព ជំនួសមេដឹកសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានវ័យចាស់ ។
លោក ត្រឹង ម៉ាន់ រិន្ទ បានថ្លែងយ៉ាងនេះថា ៖
(សំឡេង)
លោក ថាច់ ង៉ុក ថាច់ ប្រធានប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជាក់ថ្លែងថា រយៈពេល ១០ ឆ្នាំ កន្លងមកមកនេះ សហព័ន្ធខ្មែរកម្ពុជាក្រោមបានទទួលលទ្ធផលវិជ្ជមាន ជាច្រើនសម្រាប់ពលរដ្ឋខ្មែរ ក្រោមនៅដែនដីកម្ពុជាក្រោម ។ ម្យ៉ាងទៀត អ្វីដែលធ្វើឲ្យលោកមានមោទនភាពក្នុងនាមជា ប្រធានសហព័ន្ធ ខ្មែរកម្ពុជាក្រោម នោះ គឺ មានក្រុមយុវជនខ្មែរក្រោមជាច្រើនដែលជាអ្នកមានសមត្ថភាពជំនួស និងជំនួយកិច្ច ការដល់ថ្នាក់ដឹកនាំសព្វថ្ងៃ ។
លោក ថាច់ ង៉ុក ថាច់ បានថ្លែងថា៖
(សំឡេង)
នៅក្នុងកិច្ចប្រជុំនេះ ប្រព្រឹត្តទៅរយៈពេលមួយថ្ងៃនៅសាលប្រជុំក្បែរវត្តខ្មែរសុរិយារង្សី ដោយមានការឡើង សម្ដែង មតិរបស់យុវជនខ្មែរក្រោមម្ដងម្នាក់អំពីបទពិសោធក្នុងជីវិតរបស់ពួកគេជាពលរដ្ឋខ្មែរក្រោម ។ ទន្ទឹមនេះ អាវយឺតដែលបោះពុម្ពរូបសញ្ញាខ្មែរក្រោម ដោយក្រុមយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ក៏ត្រូវបានដាក់លក់ ដល់ចូលរួមដើម្បីប្រមូល ថវិកាទ្រទ្រង់សកម្មភាពរបស់ក្រុមយុវជនផងដែរ ។
សូមបញ្ជាក់ថា រាល់សេចក្ដីថ្លែងការណ៍របស់អ្នកចូលរួមសន្និបាត និង ទិដ្ឋភាពនៃសន្និបាតនេះ យើង នឹងដាក់ផ្សាយ នៅលើ កម្មវិធី ទូរទស្សន៍ Online ព្រៃនគរ នៅពេលឆាប់ៗនេះ ។ លោកអ្នកអាច បើក មើល កម្មវិធីទូរទស្សន៍ ព្រៃនគរ ដែលមានចាក់ ផ្សាយកម្មវិធីសន្និបាតនេះ នៅលើគេហទំព័រ http://www.vokk.ner ឬ http://www.preynokornews.info ។