ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
មន្ត្រីសង្ឃ និងពលរដ្ឋខ្មែរក្រោមមួយចំនួន ត្រូវបានរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាមនិមន្ត និងអញ្ជើញ ឲ្យទៅចូលរួមពិធីបុណ្យបញ្ចុះសីមាវត្តខ្មែរ នៅក្នុងពិធីសម្ពោធភូមិវប្បធម៌ជនជាតិទាំង ៥៤ នៅរដ្ឋធានី ហាណូយ ដែលរៀបចំដោយក្រួសួងវប្បធម៌ និងទេសចរណ៍ នៃរដ្ឋាភិបាលវៀតណាម រយៈពេលមួយ សប្ដាហ៍ ចាប់ពីថ្ងៃទី ១៨ ដល់ ២៤ ខែវិច្ឆិកា នេះ ។

ចុចស្ដាប់ មន្ត្រីសង្ឃនៅកម្ពុជាក្រោមចូលរួមពិធីបុណ្យបញ្ចុះសីមាព្រះវិហារវត្តខ្មែរនៅហាណូយ
ពិធីនេះ ធ្វើឡើងដើម្បីរំឭកដល់ខួប ៨៣ ឆ្នាំ នៃទិវា បង្កើតរណសិរ្សឯកភាពជនជាតិវៀតណាម (១៨ វិច្ឆិកា ១៩៣០-១៨ វិច្ឆិកា ២០១៣) ។ យោងតាម សេចក្ដីជូនដំណឹងរបស់គណៈកម្មការរៀបចំពិធីនេះ បានឲ្យដឹងមានមនុស្ស ៤០០ នាក់ តំណាងឲ្យខេត្តទាំង ១២ សំខាន់ៗ ដែលមានជនជាតិភាគតិចនៅវៀតណាមចូលរួម ។ សម្រាប់ខ្មែរ ក្រោមនៅកម្ពុជាក្រោម មាន ៣ ខេត្ត ដែលបានចូលរួមគឺ ខេត្តព្រះត្រពាំង ខេត្តឃ្លាំង និង ខេត្តមាត់ជ្រូក ។ សម្រាប់ជនជាតិដទៃ ដូចជា ជនជាតិ តាអូយ (Tà Ôi) មកពីខេត្តក្វាងត្រី (Quảng Trị), ជនជាតិលឺ (Lự) មកពីខេត្តឡាយចូវ (Lai Châu), ជនជាតិតៃ (Tày) មកពីខេត្តកាវបាំង (Cao Bằng), ជនជាតិ ថាយ មកពីខេត្តសឺងឡា (Sơn La), ជនជាតិម៉ុង (Mông) មកពីខេត្តហាយ៉ាង (Hà Giang), ជន ជាតិស៊ើដាំង (Xơ Đăng) ,ជនជាតិបាណា (Ba Na) ,ជនជាតិយ៉ារ៉ាយ (Gia rai), ជនជាតិយែទ្រាង (Giẻ-Triêng), ជនជាតិព្រៅ និង រើម៉ាំ (B’râu, Rơ Măm) មកពីខេត្តកងតុម (Kon Tum), ជនជាតិ ម្នង់ (M’Nông) និងជនជាតិអេដេ (Ê đê) មកពីខេត្តដាក់ឡាក់ (Đắk Lắk) និងជនជាតិយួន (Kinh) មក ពីទីក្រុងព្រែកឬស្សី (Cần Thơ) រួមជាមួយស្ថាប័នរដ្ឋនៃបក្សកុម្មុយនិស្តវៀតណាមជាច្រើន ។
នៅ ថ្ងៃទី ២៣ ខែវិច្ឆិកា នេះ គណៈមន្ត្រីសង្ឃ និងពលរដ្ឋខ្មែរក្រោម ដែលបានរដ្ឋាភិបាលវៀតណាមនិមន្ត និងអញ្ជើញមកពីខេត្តទាំង ៣ នៅកម្ពុជាក្រោមនោះ នឹងប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី ដែលរដ្ឋាភិបាលវៀតណាមបានសាងសងនៅក្នុងភូមិវប្បធម៌នោះ ។ ក្រៅពីនេះ អ្នកចូលរួមក៏មានប្រារព្ធ ពិធីបង្ហាញអំពីប្រពៃណីបុណ្យអកអំបុក, ពិធីប្រណាំងគោ នៅកម្ពុជាក្រោម ផងដែរ ។
បើ យោងតាមគេហទំព័រផ្លូវការនៃ “ភូមិវប្បធម៌-ទេសចរណ៍ជនជាតិ” ទាំង ៥៤ នៅវៀតណាម បានបញ្ជាក់ អំពីមូលហេតុដែលនាំឲ្យមានកម្មវិធីអ្វីមួយនេះថា ដើម្បីបង្កើតជាពហុវប្បធម៌ និងលើកតម្កើងស្មារតីសាមគ្គី នៅក្នុងសហគមន៍ជនជាតិទាំងអស់នៅវៀតណាម ។
ការរៀបចំពិធីបង្ហាញវប្បមធម៌ជនជាតិនៅហាណូយនេះ និងបង្កើតភូមិវប្បធម៌ជនជាតិនៅហាណូយរបស់ រដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាមនេះ ត្រូវបានពលរដ្ឋខ្មែរក្រោមមើលឃើញថា ធ្វើឡើងដើម្បីបង្ហាញ ដល់សហគមន៍អន្តរជាតិថា ខ្លួនបានគោរពតាមកិច្ចព្រមព្រៀងនានាជាមួយអង្គការសហប្រជាជាតិស្ដីពី ការធានារក្សាវប្បធម៌របស់ជនជាតិភាគតិចនានានៅក្នុងប្រទេសវៀតណាម ។
ការរៀបចំ ពិធីនេះ រដ្ឋាភិបាលវៀតណាមបានអញ្ជើញមន្ត្រីរាយការណ៍ពិសេសផ្នែកវប្បធម៌ នៃអង្គការសហ ប្រជាជាតិ (United Nations Special Rapporteur) អ្នកស្រី Farida Shaheed ឲ្យទៅបំពេញទស្សន កិច្ចនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១៨ ដល់ ២៩ ខែវិច្ឆិកា នេះផងដែរ ដើម្បីពិនិត្យមើលនូវការអនុវត្ត តាមកិច្ចព្រមព្រៀងរបស់អាជ្ញាធរវៀតណាមក្នុងការសន្យា និង ធានាថា រាល់ជនជាតិទាំងអស់មានសិទ្ធិរក្សាវប្បធម៌របស់ពួកគេនៅក្នុងប្រទេស វៀតណាម ។
សព្វថ្ងៃ ខ្មែរក្រោម ជាជនជាតិដើមនៃដែនដីកម្ពុជាក្រោម ឬ ភាគខាងត្បូងវៀតណាម ត្រូវបានរដ្ឋាភិបាល វៀតណាម ចាត់ទុកថា ជាជនជាតិភាគតិចមួយក្នុងចំណោមជនជាតិភាគតិចទាំង ៥៣ នៅក្នុងប្រ ទេសវៀតណាម ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក តែងចេញសេចក្ដី រាយការណ៍ជាបន្តបន្ទាប់ថា វៀតណាមតែងតែរំលោភសិទ្ធិលើពលរដ្ឋខ្មែរក្រោម ក្នុងនោះ មានការហាម ពលរដ្ឋ ខ្មែរក្រោមអានប្រវត្តិដែនដីកម្ពុជាក្រោម ជាដើម ៕
ខាងក្រោមជារូបថតព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមចូលរួមក្នុងពិធីសម្ពោធ ភូមិវប្បធម៌ជនជាតិទាំង ៥៤ នៅរដ្ឋធានីហាណូយ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៣៖