ប្រជាពលរដ្ឋជាង ១.០០០ នាក់ រស់នៅក្នុងភូមិចំនួន៣ គឺភូមិខ្ទរ ភូមិបាក់ខែង និងភូមិព្រែកលៀប នៃសង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ បាននាំគ្នាដុតបំផ្លាញគ្រឿងចក្រឈូសឆាយដី ឬអេស្កាវ៉ាទ័រមួយគ្រឿង និងបំពង់ទីបជ័រធំៗសម្រាប់បូមខ្សាច់ជាច្រើនដើម ព្រមទាំងបានយករថយន្តដឹកសពមួយគ្រឿង រនាំងដែក និងបំពង់ទីបជ័រធំៗសម្រាប់បូមខ្សាច់ទៅគរបិទផ្លូវជាតិលេខ៦អា (6A) នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ត្រង់ចំណុចមុខវត្តខ្ទរ ក្បែរសាលាបឋមសិក្សាខ្ទរ ។

ក្រុមអ្នកភូមិតវ៉ាប្រឆាំងនឹងការលក់ដីរបស់វត្ត និងការវាយបំផ្លាញទីប៉ាឆា កាលពីម៉ោង ១២ អាធ្រាត្រយប់ថ្ងៃទី ២២ ខែវិច្ឆិ កា។ ពួកគេសង្ស័យថា ចៅសង្កាត់ព្រែកលៀប លោក ព្រាប មុន្នី និងព្រះចៅអធិការវត្តខ្ទរ បានឃុបឃិតគ្នាលក់ដីទីប៉ាឆារបស់វត្ត និងបានបើកដៃអោយអ្នកទិញដីនោះទៅវាយបំផ្លាញប៉ាឆាទាំងយប់ ។
បន្ទាប់ពីបានតវ៉ាបិទផ្លូវប្រហែលមួយម៉ោង អភិបាលខណ្ឌឫស្សីកែវ លោក ឃ្លាំង ហួត បានចុះទៅសម្របសម្រួល ដើម្បីអោយពលរដ្ឋបើកផ្លូវវិញ ។ ក្រុមអ្នកភូមិនៅតែមិនព្រមបើកផ្លូវឡើយ ដោយពួកគេទាមទារអោយចៅសង្កាត់ព្រែកលៀប និងព្រះចៅអធិការវត្តខ្ទរ ចេញមុខមកដោះស្រាយបញ្ហា គឺត្រូវបញ្ចប់កិច្ចសន្យាទិញលក់ដីវត្ត និងជួសជុលប៉ាឆាឡើងវិញ ។
រហូតដល់ម៉ោង ១០ ព្រឹក ថ្ងៃទី ២៣ ខែវិច្ឆិកា នេះ អ្នកភូមិបានយល់ព្រមបើកផ្លូវវិញ នៅពេលដែលអភិបាលខណ្ឌឫស្សីកែវ បានលើកហេតុផលបញ្ចុះបញ្ចូលអោយអ្នកភូមិបើកផ្លូវ និងសន្យាដោះស្រាយបញ្ហា ។ យ៉ាងណា អ្នកភូមិបានដាក់ឱសានវាទអោយត្រឹមថ្ងៃច័ន្ទ សប្ដាហ៍ក្រោយ ហើយប្រសិនបើពុំមានដំណោះស្រាយដូចការទាមទារទេនោះ ពួកគេនឹងមានវិធានការថ្មីទៀត ។
ទីប៉ាឆានៃវត្តខ្ទរ មានទីតាំងនៅខាងក្រៅបរិវេណវត្ត គឺឋិតនៅកណ្ដាលវាលខ្សាច់ដែលក្រុមហ៊ុនមួយបានបូមខ្សាច់ចាក់បំពេញផ្ទៃបឹងក្នុងទំហំជាង ១០ ហិកតា ៕ RFA