នាយករដ្ឋមន្រ្តី​វៀតណាមនឹងធ្វើទស្សនកិច្ច នៅកម្ពុជាស្របពេលពលរដ្ឋបាតុកម្ម ដេញ លោក ហ៊ុន សែន ចុះចេញពីតំណែង

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

ហាណូយ៖ នាយករដ្ឋមន្រ្តី​វៀតណាម​លោក ង្វៀង តឹង យ៉ុង (Nguyen Tan Dung) នឹងបំពេញទស្សនកិច្ច​នៅប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែមករា នេះ ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់​ក្រសួងការបរទេស​វៀតណាម​កាលពី ថ្ងៃពុធ ទី ០៨ ខែមករា ម្សិលមិញនេះ ​។​

លោក ង្វៀង តឹង យ៉ុង (NGUYEN TAN DUNG) នាយករដ្ឋមន្ត្រីវៀតណាម ។
លោក ង្វៀង តឹង យ៉ុង (NGUYEN TAN DUNG) នាយករដ្ឋមន្ត្រីវៀតណាម ។

​ក្នុងអំឡុងពេល​ស្នាក់នៅ​របស់លោក ​នៅក្នុងប្រទេសកម្ពុជា​ លោក ​នាយករដ្ឋមន្រ្តី​ ង្វៀង តឹង យ៉ុង ​គ្រោងនឹង​ចូលរួមធ្វើជា សហ ប្រធាន​សម័យប្រជុំ​លើកទី ២ នៃ​សន្និសីទ​លើកកម្ពស់​ការវិនិយោគរបស់​វៀតណាម​នៅកម្ពុជា ។​

សេចក្ដីប្រកាសរបស់ក្រសួងការបរទេសវៀតណាមដដែល បញ្ជាក់ថា ​ដំណើរទស្សនកិច្ច​នេះ ធ្វើឡើង​តាមការអញ្ជើញរបស់ លោក ​ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅកម្ពុជានៅពេលនេះ ត្រូវបានគេមើលឃើញថា លោក ហេង សំរិន្ទ ប្រធានរដ្ឋសភាជាតិកម្ពុជា និងជាប្រធានកិត្តិយសនៃគណបក្សប្រជាជនកម្ពុជា ទើបតែបានមកបំពេញទស្សនកិច្ច នៅវៀត ណាមរយៈពេល ២ ថ្ងៃ គឺ នៅថ្ងៃទី ០៤ និង ០៥ ខែមករា មុនថ្ងៃ គណបក្សប្រជាជនកម្ពុជា ប្ររព្ធខួប ៣៥ ឆ្នាំ នៃទិវា ០៧ មករា ពីរថ្ងៃ ។ មុនដំណើរទស្សកិច្ចរបស់ លោក ហេង សំរិន្ទ គេឃើញលោក ហ៊ុន សែន ក៏ទើបតែបានបំពេញ ទស្សនកិច្ចនៅ វៀតណាមរយៈពេល ៣ ថ្ងៃផងដែរ គឺ នៅចាប់ពីថ្ងៃទី ២៨ ដល់ ២៩ ខែធ្នូ ឆ្នាំ ២០១៣ ។ ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម នាពេលថ្មីៗនេះ មេដឹកនាំគណបក្សប្រជាជនកម្ពុជា ទាំងពីររូបនេះ នៅតែបន្តរំឭកពីគុណបំណាច់របស់កងទ័ព វៀតណាម តាម អ្វីមួយដែលបក្សប្រជាជនកម្ពុជាអះអាងថា វៀតណាមបានជួយរំដោះ ពលរដ្ឋខ្មែរឲ្យផុត ពីរបបខ្មែរក្រហម ។

ដំណើរទស្សនកិច្ចរបស់ នាយករដ្ឋវៀតណាមទៅកម្ពុជានាពេលនេះ ក៏ស្របពេលដែល គណបក្សសង្គ្រោះជាតិ បាន និង កំពុង តែធ្វើបាតុកម្ម ដើម្បីទាមទារឲ្យ លោក ហ៊ុន សែន ដែលកាន់អំណាចនៅស្រុកខ្មែរជិត ៣០ ឆ្នាំ ហើយនោះ ចុះចេញពី តំណែង និងឲ្យមានការបោះឆ្នោតឡើងវិញ ។ គណបក្សសង្គ្រោះជាតិក៏កំពុងរៀបចំប្រមូលភស្តិ៍តាង ដើម្បីប្ដឹងរដ្ឋាភិបាល ដែលដឹក នាំដោយគណបក្សប្រជាជនកម្ពុជា ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នាពេលឆាប់ៗខាងមុង ផងដែរ ។

ផ្ទុយពីនេះ មេដឹកនាំគណបក្សសង្គ្រោះជាតិទាំងពីរ គឺ លោក សម រង្ស៊ី និង លោក កឹមសុខា ក៏នឹងត្រូវចូលបំភ្លឺនៅតុលា ការ សាលាដំបូងរាជធានីភ្នំពេញ តាមការហោះហៅ ដើម្បីសាកសួរពីបទ “ញញុះឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬ ប្រព្រឹត្តអំពើបង្កឲ្យ មានភាពធ្ងន់ធ្ងរ ដល់ សន្តិសុខសង្គម  នៅថ្ងៃទី ១៤ ខែមករា ខាងមុខនេះ ៕