នយោបាយ “​ការទូត​” ជា​ផ្លូវ​ដំណើរ​ឆ្ពោះទៅរក​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​សម្រាប់​ខ្មែរក្រោម​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​គណៈប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ទៅ​ថ្លែង​អំពី​គោលជំហរ​របស់ខ្លួន ប្រាប់​ដល់​ពលរដ្ឋ​អាមេរិកកាំង​កំណើត ខ្មែរ​នៅ​ទីក្រុង Modesto នៃ​រដ្ឋកា​លី​ហ្វ​ញ៉ា នៅក្នុង​ពិធី​រៃ​ប្រា​ក់មួយ​ដែល​បានរៀបចំ​ដោយ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម និង​សាខា​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ទីក្រុង Modesto ។ ពិធី​រៃ​ប្រាក់​នេះ ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ​ទី ៧ ខែកញ្ញា នៅ​វត្ត​ខ្មែរ Modesto ដើម្បី​រកប្រាក់​ជូន​ដល់​ជនរងគ្រោះ​ដីធ្លី​នៅ​វត្ត​សាមគ្គី​រង្សី និង​ឧបត្ថម្ភ​ដល់​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម ។​

ថតរូបអនុស្សាវរីយ៍ ។ រូបថត ថាច់ ប្រីជា គឿន
ថតរូបអនុស្សាវរីយ៍ ។ រូបថត ថាច់ ប្រីជា គឿន

​លោក ប្រាក់ សេរី​វុ​ឌ្ឍ​ន៍ និង លោក ចៅ សេរី អនុប្រធាន​ទី ១ និង ២ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ត្រូវបាន​គណៈ កម្ម​ការរៀបចំ​កម្មវិធី​អញ្ជើញ​ឲ្យ​ចូល​ថ្លែង​អំពី​គោលជំហរ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុងធ្វើការ​តស៊ូ​ដោយ សន្តិវិធី​នៅលើ​ឆាក​អន្តរជាតិ​ដើម្បី​ស្វែងរក​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​ជូន​ពលរដ្ឋ​ខ្មែរក្រោម នៅ​កម្ពុជា ក្រោម ។ ក្រៅពីនេះ ក៏មាន​ការចូលរួម​ពី​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​សាខា​គណបក្ស​សង្គ្រោះ​ជាតិ ជាច្រើនរូប ដែល​មកពី​ទីក្រុង​ផ្សេងៗ​នៃ​រដ្ឋកា​លី​ហ្វ​ញ៉ា ផងដែរ ។​

លោក ប្រាក់ សេរី​វុ​ឌ្ឍ បាន​ថ្លែង​ទៅកាន់​អ្នកចូលរួម​ដោយមាន​ដាក់​បញ្ចាំង​រូបភាព​អម​ជាមួយ​ផង​នេះ បានបញ្ជាក់ អំពី​គោលជំហរ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​ចលនា​តស៊ូ​ដោយ​សន្តិវិធី និង អហិង្សា​ដើម្បី​ទាមទារ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ឯង​ជូន​ពលរដ្ឋ​ខ្មែរក្រោម​នៅក្នុង​ស្រុក ដោយ​ថ្នាក់ដឹកនាំ​សហ ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់ៗ​ធ្វើការ​ស្ម័គ្រចិត្ត មិនបាន​គិតពី​បុណ្យ​សក្ដិ៍ និង​តំណែង​អ្វី​នៅក្នុង​រដ្ឋាភិបាល​ណាមួយ ជាពិសេស នៅក្នុង​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ឡើយ ។ ក្នុង​ចំណុច​នេះ លោក​បាន​បញ្ជាក់ថា សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម បាន​បង្កើត​ទៅជា​ទង់ជាតិ​កម្ពុជា​ក្រោម ដាច់ដោយឡែក​របស់ខ្លួន​មួយ​ដើម្បី​ធ្វើ​ការតស៊ូ​ដើម្បី​ស្វែងរក “​សិទ្ធិ សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” ជូន​ពលរដ្ឋ​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម ដោយ​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង រឿង​នយោបាយ​ស្រុក​ខ្មែរ​ឡើយ ។

លោក ប្រាក់ សេរីវុឌ្ឍ ថ្លែងទៅកាន់អ្នកគាំទ្រ នៅវត្តខ្មែរ Modesto រដ្ឋកាលីហ្វញ៉ា ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០១៤ ។ រូបថត ថាច់ ប្រីជា គឿន
លោក ប្រាក់ សេរីវុឌ្ឍ ថ្លែងទៅកាន់អ្នកគាំទ្រ នៅវត្តខ្មែរ Modesto រដ្ឋកាលីហ្វញ៉ា ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០១៤ ។ រូបថត ថាច់ ប្រីជា គឿន

​លោក ប្រាក់ សេរី​វុ​ឌ្ឍ បន្តថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ថ្លឹងថ្លែង​យ៉ាង ល្អិតល្អន់​នូវ​ចំណុច​វិជ្ជមាន​និង​អវិជ្ជមាន រួចហើយ ទើបបាន​ដាក់ចេញ​នូវ​គោលការណ៍​ដើម្បី​ធ្វើការ​តស៊ូ ។ លោក​ថា យុទ្ធសាស្ត្រ​ធំៗ​ចំនួន ៣ ដែល​សហ ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​លើក​យកមក​វិភាគ​នោះ​មាន ទីមួយ យោធា ទី​ពីរ សេដ្ឋកិច្ច និង​ទី​បី ការទូត ។ យុទ្ធ សាស្ត្រ​ទីមួយ ជា​សកម្មភាព​ខុសច្បាប់​អន្តរជាតិ និង​ទី​ពីរ​ពលរដ្ឋ​ខ្មែរក្រោម​មិន មែន​ជា​អ្នកមាន​សេដ្ឋកិច្ច​ធំដុំ​ទេ ដូច្នេះ យុទ្ធសាស្ត្រ​ទាំងពីរ​នេះ​មិន​ត្រូវបាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​យកមកអនុវត្ត​ទេ ។ ចំណែក យុទ្ធសាស្ត្រ​ទី​បី គឺ ការទូត សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មានលទ្ធភាព​គ្រប់គ្រាន់ ដើម្បី​ចូលទៅ​ជួប​ក្រសួងការបរទេស​រប​ស់​ប្រទេស​មហា អំណាច​ផ្សេងៗ អង្គការក្រៅរដ្ឋាភិបាល​អន្តរជាតិ អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ខាង​សិទ្ធិ​ជន​មនុស្ស និង សិទ្ធិ​ជនជាតិដើម និង អង្គការ​ប្រជាជាតិ​គ្មាន​តំណាង (UNPO) ជាដើម ដើម្បី​ជម្រាប​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ កម្ពុជា​ក្រោម ឲ្យ​គេ​ដាក់ សម្ពាធ​ទៅ​រដ្ឋាភិបាល​វៀតណាម​ឲ្យ​មាន​ការគោរព​សិទ្ធិ​ខ្មែរក្រោម​ម្ចាស់​ស្រុក ។

​លោក ប្រាក់ សេរី​វុ​ឌ្ឍ បាន​មានប្រសាសន៍ថា​៖

“​មានតែ​នយោបាយ​ការទូត​ទេ ។ នយោបាយ​ការទូត​ហ្នឹង យើង​មាន​ជោគជ័យ ដោយសារ​យើង​ធ្វើ​សព្វថ្ងៃ ។ សេដ្ឋកិច្ច​យើង​គ្មាន​អ៊ី​ស៊ី​ទេ ចាញ​យួន​ហើយ ។ នយោបាយ យើង​ធ្វើ​នៅក្រៅ​ប្រទេស មាន​សញ្ជាតិ​បារាំង សញ្ជាតិ​អាមេរិកកាំង សញ្ជាតិ​កាណាដា ទៅ​តវ៉ា​គ្រប់កន្លែង​ទាំងអស់ ដោយសារ​យើង​លើក​ទង់ជាតិ​ខ្មែរក្រោម​ហ្នឹង មិន​លើក​ទង់ជាតិ​ខ្មែរ ហើយក៏​មិន​លើក​ទង់ជាតិ​យួន​ទៀត ។ យើង​ពឹងពាក់​សហរដ្ឋអាមេរិក ពឹងពាក់​អង្គការសហប្រជាជាតិ យើង​ពឹង​សភា​អឺរ៉ុប យើង​ពឹង​អង្គការ UNPO ដែលជា​អង្គការ​តំណាង​ជនជាតិដើម និង​អង្គការ​ផ្សេងៗ​ទៀត​នៅ​អឺរ៉ុប ដូចជា​គណបក្ស Transnation Radical Party ” ។​

​ក្នុង​ពិធី​រៃ​ប្រាក់​នេះ ក្រុម​អ្នកចូលរួម​ក៏បាន​សម្ដែង​មតិ​ជុំវិញ​ស្ថានការណ៍​នយោបាយ​ថ្មី​នៅ​ប្រទេស​កម្ពុជា ផងដែរ ៕