ខ្មែរ​ក្រោម​ស្នើ​វៀតណាម​ដោះលែង​សង្ឃ​ដែល​ត្រូវ​ចាប់​ច្រក​បាវ

130626_07

ខ្មែរ​កម្ពុជា​ក្រោម​​ដែល​ភាគ​ច្រើន​ជា​ព្រះ​សង្ឃ​ក្នុង​​ពេល​តវ៉ានៅ​សួន​ប្រជា​ធិប​តេយ្យ​កាល​ពី​ម្សិលមិញ​។ រូបថត លីណា

ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ព្រះ​សង្ឃ និង​ពលរដ្ឋ​ជាង​១០០​អង្គ-នាក់ បាន​ធ្វើ​បាតុកម្ម និង​ដាក់​ញតិ្ត​ទៅ​អង្គការ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​និង​អង្គ​ ទូត​នានា​កាល​ពី​ម្សិលមិញ​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ឲ្យ​ដោះលែង​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ពីរ​អង្គ​ទៀត ដែល​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ផ្សឹក​ហើយ​ច្រក​បាវ​បោះ​ចូល​ឡាន​ដូច​ សត្វ​រួច​ដឹក​យក​ទៅ​បាត់​ចាប់​តាំង​ពី​ថ្ងៃ​ទី២១ ឧសភា​មក។
ក្រុម​បាតុករ​ដែល​ភាគ​ច្រើន​ជា​ព្រះ​សង្ឃ​បាន​ជួប​ជុំ​គ្នា​នៅ​ទីលាន​ ប្រជាធិបតេយ្យ​ក្នុង​ខណ្ឌ​ដូនពេញ​តាំង​តែ​ពី​ព្រឹក​ព្រលឹម​ម្សិលមិញ ដោយ​បាន​លើក​បដា និង​រូបថត​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​បី​អង្គ​ដែល​ត្រូវ​បាន​ អាជ្ញាធរ​វៀតណាម​ចាប់​និង​ធ្វើ​ទារុណកម្ម​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ។ ក្រុម​អ្នក​តវ៉ា​បាន​និមន្ត​និង​ដើរ​ក្នុង​ទីលាន​ប្រជាធិបតេយ្យ ដោយ​លើក​បដា​ដែល​សរសេរ​ថា«វៀតណាម​ត្រូវ​តែ​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម​ ជា​ជនជាតិ​ដើម​នៃ​ម្ចាស់​ទឹក​ដី» «អាជ្ញាធរ​អាណានិគម​វៀតណាម​ត្រូវ​តែ​ដោះលែង​ភិក្ខុ លីវ នី និង​ថាច់ ធឿន ជា​បន្ទាន់» «សូម​រដ្ឋាភិបាល​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​វៀតណាម​ឲ្យ​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​មនុស្ស ទៅ​លើ​ព្រះ​សង្ឃ​និង​ពលរដ្ឋ​ខ្មែរ​ក្រោម»និង​«អាជ្ញាធរ​វៀតណាម​ត្រូវ​តែ​ បញ្ឈប់​ជា​បន្ទាន់​ការ​គំរាម​កំហែង​តាម​គ្រប់​រូបភាព​ដល់​ព្រះ​សង្ឃ​និង​ ប្រជា​ពលរដ្ឋ​ខ្មែរ​ក្រោម»។

ព្រះ​ភិក្ខុ​ព្រះ​នាម សៀង សុវណ្ណារ៉ា ព្រះ​ជន្ម​៣៨ ព្រះ​វស្សា បាន​មាន​សង្ឃ​ដីកា​ខ្លាំងៗ​តាម​ឧគ្ឃោសនស័ព្ទ​ថា៖«ព្រះសង្ឃ​និង​ពលរដ្ឋ ខ្មែរ​ក្រោម​សូម​ប្រាប់​រដ្ឋាភិបាល​វៀតណាម​ឲ្យ​ច្បាស់​ថា បើ​នៅ​តែ​រំលោភ​សិទ្ធិ​ជិះ​ជាន់​ទៀត​គឺ​ខ្មែរ​ក្រោម​សុខ​ចិត្ត​ស្លាប់​ខ្លួន ​ដើម្បី​កុំ​ឲ្យ​បាត់​បង់​ជាតិ​សាសន៍​និង​សាសនា​»។

ក្នុង​ឱកាស​នោះ​ដែរ​លោក​ថាច់ សេដ្ឋា​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែង​ថា ការ​ចាប់​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ជា​ការ​បំបាក់​ស្មារតី​កុំ​ឲ្យ​មាន​ ការ​តវ៉ា​ទាមទារ​សេរីភាព។ លោក​បន្ត​ថា៖«យើង​ត្រូវ​ការ​រស់​នៅ​ដោយ​មាន​សេរីភាព​ដូច​ជនជាតិ​វៀតណាម និង​ជនជាតិ​ផ្សេងៗ​នៅ​លើ​សកលលោក​។ រស់​នៅ​គ្មាន​សេរីភាព ក៏​គ្មាន​ន័យ​ដែរ»។ លោក​សេដ្ឋា បាន​បន្ត​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៨៤​មក​អាជ្ញាធរ​វៀតណាម​បាន​បំបិទ​សាលារៀន​ចាប់​ព្រះ​ សង្ឃ អ្នក​តស៊ូ និង​អ្នក​ប្រាជ្ញ-និស្សិត​ខ្មែរ​ក្រោម​រាប់​ពាន់​នាក់​ដាក់​គុក​រហូត​ដល់​ ស្លាប់​និង​ពិការ​រាប់​រយ​នាក់។

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​បាន​ស្នើ​សុំ​ដើរ​ដង្ហែ​ក្បួន​ទៅ​ដាក់​ញតិ្ត​ដោយ ​ផ្ទាល់​នៅ​ស្ថានទូត​វៀតណាម​ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឡើយ ​។ កាល​ពី​ព្រឹក​ម្សិលមិញ លោក កើត ឆែ នាយក​រដ្ឋបាល​សាលា​រាជធានី​បាន​មក​ទទួល​យក​ញតិ្ត។ លោក​បាន​ថ្លែង​ថា សាលា​រាជធានី​នឹង​បញ្ជូន​ញតិ្ត​នេះ​ទៅ​ក្រសួង​ការ​បរទេស។ បន្ទាប់​មក ក្រសួង​នឹង​បញ្ជូន​បន្ត​ទៅ​ស្ថានទូត​វៀតណាម។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា នៅ​ពេល​ណា​នោះ​ទេ​ដោយ​គ្រាន់​តែ​ថា«​ធ្វើ​តាម​បែប​បទ​រដ្ឋបាល» ពីព្រោះ​ជា​ការងារ​ឆ្លង​ប្រទេស។

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ក៏​បាន​យក​ញត្តិ​ដូច​គ្នា​នេះ​ទៅ​ស្ថានទូត​ អាមេរិក អង់គ្លេស អូស្រ្តាលី អាល្លឺម៉ង់ ស៊ុយអែត និង​នៅ​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាតិ​ផង​ដែរ។

ញត្តិ​នោះ​បាន​សរសេរ​ថា កាល​ពី​ថ្ងៃ​ទី២១ ខែ​ឧសភា​កន្លង​មក​កម្លាំង​នគរបាល​វៀតណាម ខេត្ត​ឃ្លាំង បាន​ព័ទ្ធ​វត្ត​ពីរ គឺ​វត្ត​ព្រៃ​ជាប់ និង​វត្ត​សេរីតាសេក​ហើយ​បាន​ចាប់​ព្រះ​សង្ឃ​៥អង្គ និង​គណៈ​កម្មការ​វត្ត​ពីរ​នាក់ ដោយ​ចោទ​ប្រកាន់​ថា​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​សមាគម​ខ្មែរ​ក្រោម​នៅ​ក្រៅ​ ប្រទេស។ ក្រោយ​មក​បាន​ដោះ​លែង ៣ អង្គ​វិញ នៅ​សល់​តែ​ព្រះ​សង្ឃ​ព្រះ​នាម​លីវ នី​និង​ថាច់ ធឿន​ដែល​មិន​ដឹង​ត្រូវ​បាន​គេ​ឃុំ​នៅ​កន្លែង​ណា​នោះ​ទេ​រហូត​មក​ដល់​ពេល​ នេះ។

ញត្តិ​បាន​បញ្ជាក់​ទៀត​ថា៖​«នគរបាល​វៀតណាម បាន​ប្រព្រឹត្ត​ចំពោះ​ព្រះ​សង្ឃ​យ៉ាង​ព្រៃផ្សៃ​បំផុត ដោយ​ចាប់​ព្រះ​សង្ឃ​ផ្សឹក​ដោយ​ខ្លួន​ឯង រួច​ចាប់​ចង​ច្រក​បាវ បោះ​ឡើង​ឡាន ហើយ​ដឹក​ទៅ​បាត់​»។ ញត្តិ​ដដែល​នេះ បាន​បន្ត​ទៀត​ថា​ព្រះ​សង្ឃ​លី ចិន្តា ដែល​គេ​ដោះ​លែង​វិញ​បាន​បាត់បង់​ស្មារតី បាត់បង់​ការ​ចង​ចាំ​និង​បែក​ពពុះ​មាត់ ដែល​នេះ «យើង​សង្ស័យ​ថា ត្រូវ​គេ​ធ្វើ​ទារុណ្ឌកម្ម​ដោយ​ប្រើ​ថ្នាំ​បំបាត់​ស្មារតី»។ ញត្តិ​នោះ ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ស្ត្រី​ចំណាស់ ៥ នាក់​ត្រូវ​បាន​នគរបាល​វៀតណាម ប្រើ​ហិង្សា​រហូត​ដល់​សន្លប់​ពេល​ពួក​គាត់​ចូល​ទៅ​ជួយ ពេល​នគរបាល​វៀតណាម ចាប់​ព្រះ​សង្ឃ​ទាំង​៥អង្គ​នោះ​។ មក​ដល់​ពេល​នេះ​នៅ​មាន​ព្រះ​សង្ឃ​ជា​ច្រើន​អង្គ​និង​ប្រជា​ពលរដ្ឋ​ខ្មែរ​ ក្រោម​ជា​ច្រើន​ទៀត​កំពុង​ត្រូវ​តាម​ចាប់​ខ្លួន។

កាសែត​ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ទាក់​ទង​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ដើម្បី​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ​ដោយ​លោក Le Minh Ngoc ជា​អ្នក​នាំ​ពាក្យ​ស្ថានទូត​នេះ​បាន​អះអាង​ថា លោក​មិន​មាន​តួនាទី ជា​អ្នក​នាំ​ពាក្យ​ទៀត​នោះ