ខ្មែរនិងខ្មែរ ខ្មែរក្សេមក្សាន្ត

ដោយ ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង

ខ្មែរស្រឡាញ់ខ្មែរខ្មែរថែខ្មែរ            ខ្មែរក្រុងខ្មែរស្រែខ្មែររួមប្តុំ

ខ្មែរសង្ឃ-គ្រហស្ថខ្មែរមូលជុំ           ខ្មែរស្នេហ៍សង្គមខ្មែរសាមគ្គី ។

ខ្មែររៀនខ្មែរចេះខ្មែរលែងល្ងង់        ខ្មែរលែងញុះញង់ដល់គ្នាគ្នី

ខ្មែរស៊ូស្លាប់ខ្លួនស្ងួនធរណី             ខ្មែរស្គាល់នាទីជាកូនខ្មែរ ។

ខ្មែរប្រុសបួសរៀនដោយប្រពៃ        ខ្មែរស្រីរក្សាចរិយាខ្មែរ

ខ្មែរស្មោះនឹងខ្មែរមិនស្នេហ៍គេ         ខ្មែរស្រឡាញ់ខ្មែរខ្មែរការខ្មែរ (១) ។

ខ្មែរខំដុសខាត់ក្រមរខ្មែរ                ខ្មែរលែងសំរែចរិតខ្មែរ (២)

ខ្មែរលះកលល្បិចក្តិចត្រួយខ្មែរ       ខ្មែរលែងស្អប់ខ្មែរខ្មែររួមម៉ែ ។

ខ្មែរលើកស្ទួយខ្មែរប្រាជ្ញជាតិឯង    ខ្មែរចេះកោតក្រែងសាវតារខ្មែរ

ខ្មែររួមឪម៉ែគឺជាតិខ្មែរ                    កូនខ្មែរឈាមខ្មែរដើម្បីខ្មែរ ។

ខ្មែរស្មោះនឹងខ្មែរមិនបែរបត់           ខ្មែរមិនទ្រុស្តក្បត់ជាតិសាសន៍ខ្មែរ

ខ្មែរមិនខ្វល់ខ្វើកចើកចោលខ្មែរ       ខ្មែរមិនតែយួនភ្លេចខ្លួនខ្មែរ ។

ខ្មែរនៅតែខ្មែរនិយាយខ្មែរ              ខ្មែររៀនអ័ក្ខរ៍ខ្មែរព្រោះខ្លួនខ្មែរ

ខ្មែរទោះឃើញយួនមួនជាងខ្មែរ     ខ្មែរនៅតែខ្មែរមិនបង់ខ្មែរ ។

ខ្មែរប្រឹងខំមិនប្លមប្លែងគេ               ខ្មែរមិនងាករេថេរជាខ្មែរ

ខ្មែរប្តេជ្ញាចិត្តខិតខំថែ                    កេរដំណែលខ្មែរជូនជាតិខ្មែរ ។​

ខ្មែរថែវត្តវ៉ាសាសនាជាតិ               ខ្មែរថែទាំជាតិវប្បធម៌ខ្មែរ

ខ្មែរថែអក្សរភាសាខ្មែរ                   ខ្មែរថែខ្មែរ កុំឲ្យបាត់ខ្មែរ ។

ខ្មែរធ្វើដូច្នេះទើបសមឈ្មោះ​           ខ្មែររស់ក្សេមក្សាន្តដូចពាក្យខ្មែរ

ខ្មែរខេមរៈប្រែថាខ្មែរ                     “ក្សេមក្សាន្ត”ឥតប្រែ ឋិតលើខ្មែរ ៕

វិទ្យាស្ថានពុទ្ធសាសនាខ្មែរ ខ័ណ្ឌអូរមុល ទីក្រុងព្រែកឫស្សី កម្ពុជាក្រោម

ព. ស. ២៥៥៣ គ. ស. ២០០៩

សមណកុដិ នៅក្នុងវត្កពោធិសាលរាជ (កំពង់), ទីរួមខេត្តព្រះត្រពាំង ។
សមណកុដិ នៅក្នុងវត្កពោធិសាលរាជ (កំពង់), ទីរួមខេត្តព្រះត្រពាំង ។

បន្តទៅខ្ញុំសូម បើករង្វង់ក្រចក ធ្វើអធិប្បាយរង្គាយសេចក្តីត្រង់ឃ្លាថា​

“ខ្មែរស្រឡាញ់ខ្មែរខ្មែរការខ្មែរ”(១) ៖

ព្រោះ​ឃ្លា​នេះ​មាន​ការជាប់​ទាក់ ទង​យ៉ាង​ខាប់​ស្អិត​នឹង​បញ្ហា​សង្គម​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម ។  អត្ថន័យ​ក្នុង​ឃ្លា​នេះ កើតចេញពី​ក្តីកង្វល់​របស់ខ្ញុំ ក៏ដូចជា​កង្វល់​របស់​ខ្មែរក្រោម​ទាំងអស់គ្នា ព្រោះថា​សម័យ​បច្ចុប្បន្ននេះ នៅ​កម្ពុជា​ក្រោម គេ​ហាក់ដូចជា​ពេញនិយម​ក្នុង​រឿង​ខ្មែរ​ការ​យួន យួន​ការ​ខ្មែរ ។ គឺ​ប្រុស​ខ្មែរ​រៀបការ​ស្រី​យួន ឯ​ប្រុស​យួន​រៀបការ​ស្រី​ខ្មែរ ពាសពេញ​ភូមិ​ស្រុក ខេត្ត ក្រុង​ក្នុង​ទឹកដី​កម្ពុជា​ក្រោម ជា​ហូរហែ​បន្តបន្ទាប់​ដូច​ម​ត់​គ្នា​ពី​ពាន់​ជាតិ​មុន​អញ្ចឹង ម៉ែឪ​ដូនតា​ជ្រប់​មុខ​គ្រវីក្បាល​ទប់​លែង​ជាប់ ដូចជា​ទឹកបាក់​ទំនប់ ។​

​ខ្ញុំ​សូម​នាំ​រឿង​សន្ទនា​មួយ រវាង​ខ្ញុំ​ជាមួយនឹង​អ្នកស្រុក​កម្ពុជា​ក្រោម ជា​ទឹកដី​កំណើត​របស់ខ្ញុំ កាល​ខ្ញុំ​នៅក្នុង​ស្រុក ជូន​លោកអ្នក​ពិចារណា ។  ខ្ញុំ​ធ្លាប់​សាកសួរ​គំនិត​ចាស់ទុំ​ក្នុងភូមិ​ស្រុក ជាពិសេស​អ្នកមាន​កូនប្រសារ​យួន អំពី​រឿងនេះ​ថា “​ហេតុ​អី​ក៏​ចេះតែ​តាមចិត្ត​កូន​ខ្លាំង​ម្ល៉េះ ក្រែង​ចាស់ទុំ​និយម​និយាយថា “​នំ​មិនធំ​ជាង​នាឡិ​” ហើយ​ដូនតា​ខ្មែរ​យើង​ផ្តាំ​ថា “​ធ្វើស្រែ​ឲ្យ​មើល​ស្មៅ ទុកដាក់​កូនចៅ​ឲ្យ​មើលផៅសន្តាន​” ហេតុ​អី​ក៏​ធំ​, មា​, មី​, យាយ​, តា​ឆាប់​ភ្លេច​ម៉េះ ? (​ខ្ញុំ​និយាយ​ហាក់ដូចជា​បន្ទោស​ម៉ែឪ​ដូនតា​អាណាព្យាបាល​)  បានជា​ឃើញថា យួនហាណូយ​ក៏​លើក​ឲ្យ ក៏​យល់ព្រម​, យួន​វ៉េ​ក៏​លើក​ឲ្យ ក៏​យល់ព្រម​, យួនព្រៃនគរ​ក៏​លើក​ឲ្យ ក៏​យ​យល់ព្រម​, យួន​នៅ​ជុំវិញ​ភូមិ​ស្រុក​ក៏​លើក​ឲ្យ ក៏​យល់ព្រម ដោយ​ងាយ ៗ ស្រួ ៗ ម្ល៉េះ ឥតបើ​មាន​ដេញដោល​អី​សោះ​អញ្ចឹង ? បើ​តែ​របៀប​ហ្នឹង​ឲ្យ​អាត្មា​សឹក​ទៅរក​ប្រពន្ធ​ខ្មែរ​ឯណា​បាន ? ខ្ញុំ​និយាយ​ឃ្លា​នេះ​ដើម្បី​ឲ្យ​ពួកគាត់​សើច​បន្ធូរ​កង្វល់​, ព្រោះ​និយាយ​ដល់​រឿងនេះ ឃើញ​ពួកគាត់​សុទ្ធតែ​មានទឹក​មុខក្រៀម​ក្រំ អៀនអន់​រអៀសខ្លួន​មិន​ចង់​ហ៊ាន​និយាយ​ទេ ។ ពួកគាត់​និយាយ​ត្អូញត្អែរ​ប្រាប់​ខ្ញុំ​ថា : ពិត​ថេរ​ដីកា​ព្រះតេជព្រះគុណ ឲ្យ​បាន​ជ្រាប យើងខ្ញុំ​ករុណា​ពិតជា​ខកចិត្ត​នឹង​កូនចៅ ខ្មែរ​យើង​សម័យនេះ​ខ្លាំងណាស់​, ពួកវា​ដូចជា​មោហ៍បាំង​ជញ្ជាំង​គ្រប ឲ្យ​ងងឹត​ឈ្លប់​ឈឹង ដឹង​តែ​ពី​ជ្រប់​ងប់​ក្នុង​រឿ​ស្នេហា លែង​ចេះ​បែងចែក​ខុសត្រូវ បែងចែក​ជាតិ​សាសន៍​អី​សោះ ។ បើ​និយាយ​ស្តីប្រដៅ​វា វា​និយាយ​ឫក​ក្រអឺតក្រទម​ថា ម៉ែឪ​ចេះ​ដឹងអី​តាំងតែ​ពី​កើតមក​នៅតែ​ស្រែចម្ការ ??? រឿង​ស្នេហា​មាន​ទៅ​អាណា​គេ​បែងចែក​ជាតិ​សាសន៍​វណ្ណៈ​ត្រកូល​អី​, ម៉ែឪ​និយាយ​អញ្ចឹង ប្រយ័ត្ន​គេ​ឮ គេ​ចោទថា​ម៉ែឪ​រើសអើង​ពូជសាសន៍​…. ។ ពួកគាត់​តម្អូញ​ថា ខ្ញុំព្រះករុណា ពិត​ទ័លគំនិត​ហើយ ព្រោះ​កូន​ឥឡូវ​មិនសូវ​ស្តាប់បង្គាប់​ដូច​កាល​ពួក​ខ្ញុំ​ជាន់មុន​ទេ ថាបើ​ម៉ែឪ ទុកដាក់​ទីណា អង្គុយ​ទីនោះ មិន​ហ៊ាន​ប្រកែក​ទេ ព្រោះ​នំ​កាល​ជាន់​នោះ​នៅ​តូច​ជាង​នាលិ តែ​មកដល់​ជាន់​នេះ មើល៍ទៅ​នាលិ​ពួក​ខ្ញុំ​ត្រូវ​នំ​គ្រប​បាត់​ហើយ​, បើ​កាត់កាល់​វា​ចោល​ក៏​កាត់​មិន​ដាច់ ដូចជា​ពាក្យចាស់​លោក​ថា “​កាត់ទឹក​មិន​ដាច់ កាត់​សាច់​វា​ឈឺ​”, មានតែ​ធ្មេចភ្នែក​តាម​វា​ប៉ុណ្ណោះ មិនដឹង​ធ្វើ​ម៉េច​ទេ​, ពួក​ខ្ញុំ​ពីមុនមក​មិនសូវ​ដែល​ឃើញ​ខ្មែរ​ការ​យួន យួន​ការ​ខ្មែរ​អី​ភ្លូក​ទឹក ភ្លូក​ដី​អ៊ីចឹង​នោះទេ គឺ​កម្រ​ណាស់ ព្រោះ​យួន​សម្លាប់​ខ្មែរ​ដុត​ទាំង​ឃ្លាំង ៗ កប់​ទាំង​រស់ ជ្រមុជ​ទឹក​ទាំង​ព្រែក​វិញ​តេ ជន្លៀស​ខ្មែរ​ចោលស្រុក ភូមិ​ផ្ទះសម្បែង ដល់ពេល​វិល​មក វា​យក​ផ្ទះ យក​ស្រែចម្ការ ទ្រព្យសម្បត្តិ ក្របី គោ មាន់ ទា ឲ្យ​យួន​គ្នា​វា​អស់ ខ្មែរ​នៅសល់តែ​បាតដៃ​ទទេ​ទៅ​ស៊ីឈ្នួល​យួន​លើ​ស្រែ​ឯង បម្រើ​យួន​លើផ្ទះ​ឯង ធ្វើ​ទាសករ​យួន​លើ​ប្រទេស​ឯង ទទួល​ការឈឺចាប់​ចុក​ទ្រូង​ស្ទើរ​បែក ស្ទើរតែ​ទៅធ្វើ​អត្តឃាត តែ​នឹក​អាណិត​កូនតូច ៗ ក៏​ប្រឹងរ​ស់ទាំង​ទុក្ខវេទនា​, ដល់​ម្លឹ​ង ៗ ហើយ​យួន​វា​នៅ​ថែមទាំង​ចាប់​ឲ្យ​ខ្មែរ​បិទមាត់​ដូច​គេ​ចុក បើ​ហ៊ាន​ថ្ងូរ ឬ​តវ៉ា​រឿង​អ្វីមួយ​នោះ ដល់​ពេលយប់​ស្ងាត់​វា​មក​ហៅ​ទ្វារ ចាប់​បិទមុខ​នឹង​កន្សែង​ខ្មៅ​យកទៅ ហើយ​ឲ្យ​លី​ចប​ពី​ផ្ទះ​ទៅតាម ជីករណ្តៅ​កប់​ដោយ​ខ្លួនឯង លុះ​ជីក​ល្មម​មួយ​ជំហរ​មនុស្ស ក៏​វា​វាយ​នឹង​ក្បាល​ចប​ទម្លាក់​ចុះ​រណ្តៅ​ទាំង​ត្រដរខ្យល់ ហើយ​កាយ​ដី​កប់​ទាំង​មិនទាន់​ផុតដង្ហើម យ៉ាង​ព្រៃផ្សៃ​, ការឈឺចាប់ ការប្រមាថ​មកលើ​ខ្មែរ​លើស​សត្វ​តិរច្ឆាន​បែបនេះហើយ បាន​ខ្មែរ​ស្អប់​យួន​សួរ​ពូជ មាន​គំនុំ​ធំ​ប៉ុន​មេឃ មានរឿង​អី​ដែលថា​ខ្មែរ​ទៅ​ស្រឡាញ់​យួន​រៀបការ​ប្តី​ប្រពន្ធ​នោះ គ្មានទេ នៅ​ជំនាន់​ខ្ញុំ​,  មានតែ​ឃើញ​ខ្មែរ​កាប់​យួន យួន​កាប់​ខ្មែរ និង​យួន​ធ្វើបាប​ខ្មែរ​ប៉ុណ្ណឹង ដល់​មក​ឥឡូវ​កូនចៅ​វា​មិនបាន​ជួប​ផ្ទាល់ វា​មិនបានការ​រៀនសូត្រ​ពី​ប្រវត្តិសាស្ត្រ​ជាតិ​ឯង ហើយ​ពួក​ខ្ញុំ​ចាស់ទុំ​នេះ ក៏​មិន​ហ៊ាន​ទាំង​និយាយប្រាប់​វា​ត្រង់ ៗ ទេ ព្រោះ​ចាស់​លោក​ស្តីថា “​និយាយ​យប់​ជំពប់​ព្រៃ និយាយ​ថ្ងៃ​ព្រៃ​ដុះ​ត្រចៀក​” គឺ​ពួក​មនុស្ស​ប្រចៀវ​ស៊ើបការណ៍​ខ្មែរ ឲ្យ​យួន តាំងតែ​ជាន់​ដើម​មកដល់​ឥឡូវ ពួក​ខ្ញុំ​ជិត​ចូល​ឈាបនដ្ឋាន​ហើយ មិនដែល​ឃើញ​វា​បញ្ឈប់​ការតាមដាន ឲ្យ​តែ​ដឹងថា​ខ្មែរ​ណា​ស្នេហា​ជាតិ និយាយ​រឿង​ពិត​វា​ធ្វើបាប​ខ្មែរ វា​លួច​ប្លន់​ទឹកដី​ខ្មែរ​ឲ្យ​កូនចៅ ឬ​សិស្សគណ​ស្តាប់​ដឹង​រឿង វា​មុខតែ​មិន​ទុក​ឲ្យ​នៅ​ដេក​ផ្ទះ​ទេ​, បានជា​លំបាក​នឹង​ណែនាំ​កូនចៅ​ណាស់ លោក​ម្ចាស់​ក្មួយ​អឺយ​, តាម​ខ្ញុំ​ករុណា​មើលទៅ ឃើញ​ពួក​យួន​វា​ខ្លាច​បំផុត គឺ​ខ្លាច​ខ្មែរ​ក្នុងសម័យ​បច្ចេកវិទ្យា​ទំនើប ដែល​មនុស្ស​មាន​មាន​ត្រចៀក​ទិព្វ បាន​ដល់​ទូរស័ព្ទ វិទ្យុ​ជាដើម ភ្នែក​ទិព្វ បាន​ដល់​ទូរទស្សន៍ ពត៌មាន ហ្វេ​ចស​ប៊ុ​ក ទស្សនា​វ​ដ្តី កាសែត ព្រឹត្តិប័ត្រ​ជាដើម បាន​ដឹងឮ​រឿង​ពិត​ដ៏​អាក្រក់​របស់​វា ។ អ្ហា ! បើ​តែ​បែបនេះ​ខ្ញុំ​ខ្លាច​តែ​ជាតិ​យើង​មាន​គ្រោះ​ធំ​ទេ ? ។​

​ពួកគាត់​បន្តទៀតថា សូម​លោក​ម្ចាស់​ក្មួយ​ជួយ​មើលចុះ មិន​ថា​ខែ​ការ​ឬ​ខែ​ព្រះសង្ឃ​ចូល​វស្សា​ទេ តែ​កូនស្រី​នាំ​ប្រុស​យួន​មក​ប្រាប់​ម៉ែឪ​ថា គេ​ចង់​រៀបការ​ខ្ញុំ​, ឬ​កូនប្រុស​នាំ​ស្រី​យួន​មក ប្រាប់ថា​ខ្ញុំ​ចង់​រៀបការ​ប្រពន្ធ តែ​ប៉ុណ្ណឹង គឺ​ត្រូវតែ​រៀបចំ​ឲ្យ​វា​ហើយ ទោះជា​ពន្យល់​ប្រាប់​វា​ថា ខែ​ព្រះសង្ឃ​ចូល​វស្សា​រៀបការ​មិនបាន ឬ​ខែអស្សុជ កត្តិក មិគសិរ មាឃ ចេ​ត្ត មិនមែនជា​ខែ​រៀប​មង្គលការ​កូនប្រុស​ស្រី​ទេ ព្រោះ​ប្រពៃណី​ខ្មែរ​ខែ​រៀបការ​ក្នុង​ឆ្នាំ​មានតែ ខែបុស្ស ផល្គុន វិសាខ ប៉ុណ្ណោះ ។  មួយទៀត ប្រាប់​ទៅ​វា​ថា ម៉ែឪ​មិនទាន់​ទៅរក​ចៅ​មហា​មើល ដេញ​ថ្ងៃ ខែ ឆ្នាំ  ផ្សំ​ធាតុ ផ្សំ​ពង្ស អី​ត្រឹមត្រូវ​ផង ក្រែងលោ​វា​ទាស់​ខែ​ឆ្នាំ​គ្នា​, វា​តប​ដោយ​សម្តី​រម៉ាំងរម៉ោក​ថា ពួកវា​គ្មាន​ពេល​រង់​ទេ ?,… ពួកវា​ត្រូវ​វិល​ទៅរក​ស៊ីឈ្នួល​នៅ​ព្រៃនគរ​វិញ​, ខ្លះ​វា​ត្រូវ​ទៅ​រៀន​វិញ ។​ល​។  ។ ដល់ពេល​សួររក​ម៉ែឪ​វា​ឯណា​ម៉េច​មិនមាន​ចាស់ទុំ​ជា​អ្នកផ្លូវ​ចៅ​មហា​អី ចូល​ស្តីដណ្តឹង តាមផ្លូវ​ច្បាប់ ? បានជា​មក​ការ​ប្រពន្ធ និង​មាន​ប្តី​តែឯង​អញ្ចឹង លែងមាន​ច្បាប់ទម្លាប់​អី​ហើយ​ឬ ? វា​ប្រាប់​ធ្វើ​ជើយ​ថា ម៉ែឪ​វា​នៅឯ​ហាណូយ នៅឯ​វ៉េ នៅឯ​ហាយ​ផុង នៅឯ​ញ៉ា​ត្រាង​… ក្រីក្រ​លំបាក​ណាស់​, ឆ្ងាយ​យ៉ាងនេះ គ្មាន​សោហ៊ុយ​ឯណា​ជិះ​រថភ្លើង ឬ​ជិះ​យន្ត​មក​ការកូន​ទេ សូម​អធ្យាស្រ័យ​ផង ។ មាន​ខ្លះ​ក៏​ម៉ែឪ​គេ​មក​ស្តីដណ្តឹង​ត្រឹមត្រូវ​ដែរ ប៉ុន្តែ​ឮ​តែ​នៅ​ហាណូយ វ៉េ​… អញ្ចឹង​មែន​តែ​មិនដឹង​ជា​នៅ​ដល់​ជើងមេឃ​ជើង ជើងមុង​ឯណា​ទេ​? តែព្រៃ​នគរ​មិនដែល​បាន​ស្គាល់​ផង ។ លោក​ម្ចាស់​ក្មួយ​ជ្រាប​ទេ អ្នកខ្លះ​មាន​ដល់​ចៅ​ធំ ៗ ហើយ​នៅ​មិនទាន់​ដែល​ស្គាល់​មុខមាត់​ដន្លង​ម្តង​ផង ហើយ​មានកូន​ប្រសារ​ខ្លះ តាំងពី​ជួប​រហូតដល់​បែក​គ្នា​ប្តី​ប្រពន្ធ មិនដែល​ទាំង​បាន​ជួប​មុខ​ម៉ែឪ​ក្មេក​ម្តង​ផង ក៏មាន​, សុទ្ធតែ​បែបនេះ ព្រះ​គុណ​ម្ចាស់ ឲ្យ​ករុណា​ទៅ​មើលផៅសន្តាន​អី​ទៀត ??? មែន​តែ​ទៅ​មើល​ចៅ​ឲ្យ​វា និង​ទៅ​មើល​រក​កាត់​ស្មៅ​ឲ្យ​គោ​ប៉ុណ្ណោះ …. និយាយ​ទៅ​រអៀសខ្លួន​ណាស់ លោក​ម្ចាស់​ក្មួយ​, ប្រពៃណីជាតិ​ខ្មែរ​យើង​តាំងពី​ដូនតា មុននឹង​រៀបការ យើង​សុទ្ធ​មើល​ដេញ​ខែ​ឆ្នាំ ថា​តើ​ត្រូវ​សម្ពង្ស​គ្នា​ឬទេ ហើយ​ត្រូវមាន​អ្នកផ្លូវ​ចៅ​មហា មេបា ម៉ែឪ ជួយ​ពិនិត្យ មើល​ឫកពា​ចរិយា​មារយាទ​កូនប្រសារ​យ៉ាង​ល្អិតល្អន់ ទើប​រៀបការ ដូច​ពាក្យចាស់​ថា “​ចរិយា​ថ្លៃ​ឲ្យ​យក ចរិយា​ថោក​ឲ្យ​វៀរ​”, ប៉ុណ្ណឹង​ហើយ នៅតែមាន​ម៉ែឪ​ខ្លះ​តឹងតែង​មិន​ព្រម​លើក​កូន​ឲ្យ ឬ​ចូល​ស្តីដណ្តឹង​ប្រពន្ធ​ឲ្យ​កូន​ទៀត ថា​អ្នកណេះ​វា​អ៊ីចេះ  អ្នក​ណោះ​វា​អ៊ី​ចោះ គឺ​ដល់​មកជា​មួយ​អ្នកភូមិផង​របង​ជាមួយ ហើយ​ជា​សាច់ឈាម​ខ្មែរ​គ្នាឯង ស្គាល់​ញាតិ​ផៅសន្តាន ពូជពង្សវង្សត្រកូល តាំងពីដើម​មក​ស្រាប់ សា​បែរជា​តឹងតែង សុទ្ធតែ​ខុស​ខាង​ណេះ ឬក៏​ខុស​ខាង​ណោះ ហើយ​ខ្លះ​នោះ​ទៀត​ទាមទារ​រកតែ​ជំនូន​បណ្ណាការ លើសលែង​ជាង​គិតពី​អនាគត​កូន រហូតដល់​ទាស់ចិត្ត​គ្នា​កូន​លែង​បាន​ជួបគ្នា​ក៏មាន … ។ ដល់​មក​ប៉ះ​ជាមួយ​យួន​វិញ​ម៉េច​ក៏​មិន​ទស្សន៍ មិន​ថា មិន​ទារ​ដូច្នោះ​ផង​, លោក​ម្ចាស់​ក្មួយ​ដឹង​ទេ ពួក​យួន​ដែល​វា​មក​តាម​ប្តី តាម​ប្រពន្ធ​ជា​ជាតិខ្មែរ​យើង ១០០ នាក់ វា​មក​ដៃទទេ អស់​ចំនួន ៩៩ នាក់​ទៅហើយ​, ទន្ទឹមនឹងនោះ ១០០ នាក់​វា​បោះបង់ និង​លែងលះ​ពាក់​កណ្តាលផ្លូវ ប្រហែល ៧០ ទៅ ៨០ នាក់​យ៉ាងតិច​, ដល់​ម្លឹ​ង ៗ ហើយ​កូន​ខ្មែរ​យើង នៅតែ​មិន​ភ្លឺភ្នែក​ភ្ញាក់រឭក​គិតគូរ​ឡើងវិញ​សោះ ។ ជាច្រើន​គូ​ណាស់ ទីបំផុត​នៅសល់តែ​កូន ២, ៣ ឲ្យ​ម៉ែឪ​មើល​, ហេតុ​នោះ បានជា​ករុណា​ពិត​ថេរ​ដីកា ព្រះតេជព្រះគុណ​អម្បាញ់មិញ​ថា សម័យនេះ​ទុកដាក់​កូនចៅ មិនសូវ​បាន​មើលផៅសន្តាន​ទេ ច្រើនតែ​បាន​មើល​ចៅ​អម្បាលម៉ាន​ជំនួស​កូន​វិញ​ប៉ុណ្ណោះ​” ធ្វើ​ម៉េច​ទេ ដូច​ចាស់​លោក​ថា​មែន ម៉ែឪ​ខ្ញុំ គឺ​អស់ពី​ខ្ញុំ​កូន ដល់​ខ្ញុំ​ចៅ បាន​ចៅ​ខ្មែរ​សុទ្ធ​ទៅ​អស់ចិត្ត​ដែរ អា​ចៅ​ខ្មែរ​មិន​ស្មែរ យួន​មិន​យួន​ទៀត ??? មិនដឹង​ពេលណា​កូន ៗ គេ​ព្រម​ភ្ញាក់ខ្លួន ហើយ​មិនដឹង​ធ្វើ​ម៉េច​ឲ្យ​កូន​ខ្មែរ​យើង​ទាំងអស់​លែង​ដើរ​តាមតម្រាយ​អាក្រក់​របស់​កូន​ខ្ញុំ​នេះ​ទេ លោក​ម្ចាស់​ក្មួយ​អើយ ! ។ មើល៍ លោក​ម្ចាស់​មើល៍ចុះ វា​ចោល​ចៅ​ឲ្យ​ករុណា ២, ៣ អញ្ចឹង​, ហើយ​វា​ទៅ​បាត់ តើ​ឲ្យ​ខ្ញុំ​ករុណា​បោះបង់​វា​ចោល​ទៅណា​កើត​, បានជា​ថ្ងៃ​ខ្លះ ករុណា រក​ពេល​សូម្បីតែ​ដាំ​ចង្ហាន់​ដាក់​បាត្រ​ព្រះ​ស​ង្ឃែ​ដែល​លោក​មក​ទ្រង់​បាត្រ​ដល់​មុខផ្ទះ​មិន​ទាំង​បាន​ផង កុំ​បាច់​ពោល​ថ្វី​ដល់​ទៅ​វត្ត ថ្ងៃសីល ថ្ងៃបុណ្យ​” ។​

​ចំពោះ​បញ្ហា​នេះ រឿង​ដែល​យើង​គួរ​បារម្ភ​ធំ​បំផុត​នោះ​គឺ ទី ១ បញ្ហា​ភាសា​, ទី ២ បញ្ហា​អក្សរសាស្ត្រ​, ទី ៣ បញ្ហា​វប្បធម៌​ប្រពៃណី​, ទី ៤ បញ្ហា​នាមត្រកូល , ទី ៥ បញ្ហា​សាសនា បញ្ហា​ទាំងនេះ​សុទ្ធសឹងតែ​ជា​បញ្ហា​មាន​ជាប់ទាក់ទង​យ៉ាង​ស្អិតល្មួត​នឹង​ការ​គង់វង្ស និង​ការបាត់បង់​អត្តសញ្ញាណ​ជាតិខ្មែរ​ក្រោម នៅ​កម្ពុជា​ក្រោម   ។​

​បញ្ហា​ទី ១ គឺ​ភាសា​, នៅពេលដែល​ខ្មែរ​ការ​យួន យួន​ការ​ខ្មែរ បញ្ហា​នេះ​នឹង​ចោទឡើង​ថា តើ​ជិវិត​ប្រចាំថ្ងៃ​របស់​ប្តី​ប្រពន្ធ​គេ និយាយ​គ្នា​ភាសា​អ្វី ? ចម្លើយ​គឺ​និយាយ​យួន ; ខ្មែរ​ត្រូវ​ខាត​អ្នក​និយាយ​ភាសា​ខ្មែរ​ម្នាក់​, នេះ​ប្រសិនបើ​គេ​ចេញទៅ​នៅផ្ទះ​តែឯង ឬ​ទៅរក​ស៊ី​នៅ​ទីក្រុង​ព្រៃនគរ​ជាដើម ឬក៏​ទៅ​នៅ​ខាង​ប្តី​ឬ​ប្រពន្ធ​យួន ។ ចុះបើ​គេ​នៅ​រួម​ក្នុង​គ្រួសារ​ខាង​ប្រពន្ធ​ឬ​ខាង​ប្តី​ខ្មែរ​វិញ​យ៉ាងម៉េច​វិញ  ចំពោះ​គ្រួសារ​មួយ​ឬ​ភូមិ​ខ្មែរ​មួយ​ទាំងមូល ដែល​ធ្លាប់​ឮ​តែ​សំឡេង​ខ្មែរ​និយាយ​ឆ្លងឆ្លើយ​រកគ្នា​រាប់រយឆ្នាំ​មកហើយ​នោះ ដល់ពេល​មាន​យួន​មក​រសនៅ​លា​ឡំ តើ​គេ​នៅ​រក្សា​ទម្លាប់​នេះ​ខ្ជាប់​ទេ ? ចម្លើយ​ថា​ទេ គឺ​យួន​តែ​ម្នាក់​ចូល​ផ្ទះ ចូល​ភូមិ អាច​បង្គាប់​ឲ្យ​ខ្មែរ​ទាំង​គ្រួសារ ទាំង​ពូជ ទាំង​ភូមិ​និយាយ​យួន​ត្រាប់​វា ឆ្លងឆ្លើយ​នឹង​ទាំងអស់ ។ មួយទៀត ដល់ពេល​បានកូន​មក កូន​ក៏​និយាយ​យួន​តាំងពី​កំណើត​ទៅ​តែម្តង​, មានកូន​កាត់​បែបនេះ​ច្រើនណាស់ ដែល​មិនចេះ​ភាសា​ខ្មែរ​សូម្បី​មួយ​ម៉ាត់ ។ គិតដល់​ត្រឹមនេះ យើង​ឃើញថា​យើង​ត្រូវ​ខាតបង់​ខ្មែរ​និយាយ​ខ្មែរ មួយចំនួនធំ​ក្រែល​ហើយ គឺ​ខាត​ទាំង​ក្មេង ទាំងចាស់ ទាំង​ផ្ទះ ទាំង​ភូមិ ហើយ​បូ​កប​នឹង​ខ្មែរ​សុទ្ធសាធ​មួយផ្នែក​ចម្លែក​ខុសគេ មិនសូវ​ចូលចិត្ត​និយាយ​ភាសា​ខ្មែរ​ជាតិ​ឯង​នោះ​ថែមទៀត ឃើញថា ខាត​បូក​នឹង​ខាត​មែន ។ បញ្ហា​ថ្មី​មួយទៀត​ចោទឡើង​ថា តើ​ទៅ​អនាគត ២០ ឬ ៣០ ឆ្នាំ​ទៀត ខ្មែរក្រោម​ទៅជា​យ៉ាងម៉េច ??? ។ បញ្ហា​នេះ​សូម​ផ្ញើជូន​សតិសម្បជញ្ញៈ ម៉ែឪ​ដូនតា ជាពិសេស​គឺ​យុវជន​ខ្មែរក្រោម ឲ្យ​ជួយ​ដោះស្រាយ​ផង​ចុះ ។​

​បញ្ហា​ទី ២ គឺ​អក្សរសាស្ត្រ : សូម្បីតែ​កូន​ខ្មែរ​សុទ្ធសាធ​ក៏​គង់ តែ​ត្រូវ​បង្ខំចិត្ត​ទៅ​រៀន​សាលា​យួន​មុនគេ​បង្អស់​ដែរ​, ព្រោះ​យួន​មិនបាន​គោរព​សិទ្ធិ​ខ្មែរក្រោម​ជា​ជនជាតិដើម តាម​បង្គាប់​របស់​អង្គការសហប្រជាជាតិ ហើយ​ឲ្យ​ខ្មែរក្រោម​មាន​សេរីភាព​ពេញលេញ​ក្នុង​វិស័យ​សិក្សាអប់រំ​ដើម្បី​ធ្វើ​សេចក្តីសម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន​នោះ​ឯណា ? ។ អក្សរ​ខ្មែរ​មានតែ​សាលា​វត្ត​ដែល​ព្រះសង្ឃ​ខ្នះខ្នែង​បើក​ឲ្យ​កូន​ខ្មែរ​រៀន កុំ​ឲ្យ​សាបសូន្យ នៅពេលដែល​កូន​ខ្មែរ​ឈប់សម្រាក ៣ ខែ វិស្សម​កាលពី​សាលារៀន​យួន​ប៉ុណ្ណោះ ។ អក្សរសាស្ត្រ​ជា​គោល​របស់​ជាតិ​នៅ​ចង្អៀត​ណាស់​ខ្មែរ ក្រោម​មិនចេះ​អក្សរ​ជាតិ​នៅមាន​ចំនួន​ច្រើន ជាង​អ្នកចេះ​ឆ្ងាយ​ណាស់ ឯ​អ្នក​ប្រាកដប្រជា​ប្រើ​ជា​ផ្លូវការ​បាន មន​តែ​ព្រះសង្ឃ​ដែល​បួស​រៀន​ហ្មត់ចត់​ប៉ុណ្ណោះ ។ បញ្ហា​ចោទឡើង​ថា តើ​កូនកាត់​មិនចេះ​សូម្បីតែ​ភាសា​និយាយ​នោះ ឪ​ឬ​ម៉ែ​ជា​ខ្មែរ​របស់​វា​មាន​នឹកភ្នក​ឲ្យ​កូន​មក​រៀនអក្សរ​ខ្មែរ ឬ​មក​បួស​រៀន​ឲ្យ​ចេះដឹង​អក្សរសាស្ត្រ​ខ្មែរ​ឬទេ ត្រង់នេះ​ចម្លើយ​នៅតែ​ទេ​ដដែល ។ ដោយ​ហោចទៅ​សូម្បី​ពេលដែល​កូន​នោះ​ធំ​ដឹងក្តី​វា​មិន​ចង់​ទទួលស្គាល់​ខ្លួន​វា​មាន​ម៉ែ ឬ ឪ​ជា​ជាតិខ្មែរ​ផង ព្រោះ​សារជាតិ​យួន​តាំងពី​ដូនតា​វា​មក តែងតែ​ដៀល​ខ្មែរ​ថា​ក្រ អាក្រក់ ល្ងង់ នេះ​ជា​បញ្ហា​អនាគត​ផ្ទាល់ខ្លួន​របស់​អ្នកមាន​ប្តី ឬ​ប្រពន្ធ​យួន​គួរ​គិតពិចារណា ជាពិសេស​អ្នក​មិនទាន់មាន​គូ​យួន ត្រូវ​គិត​បង្ការ​ទុក​ឲ្យ​ហើយ​មុននឹង​សម្រេចចិត្ត កុំ​ឲ្យ​មានទោស​នឹង​ដូនតា​ខ្មែរក្រោម នាំ​ឲ្យ​ស្តាយក្រោយ ។​

​បញ្ហា​ទី ៣  វប្បធម៌​ប្រពៃណី​ដ៏​ថ្លៃថ្លា​របស់​ខ្មែរ​ត្រូវ​ញាំញី​តាំងតែ​ពីមុន និង​ក្នុង​ថ្ងៃ​រៀប​មង្គលការ ខ្មែរ​យួន យួន​ខ្មែរ ដូចដែល​មាន​ក្នុងការ​សន្ទនា​ហើយ​នោះ​ម្ល៉េះ ។ អ្នក​ដែល​និយាយថា ស្នេហា​គ្មាន​នរណា​គេ​ប្រកាន់ ពូជ សាសន៍ វណ្ណៈ ត្រកូល នាំ​តែ​ធ្លាក់ចុះ​ក្នុង​តម្រា​រើសអើង​ពូជសាសន៍ នោះ​ជា​លេស​ទេ ហើយក៏​ជាការ​មិនទាន់​យល់ថា អ្វី​ជាការ​រើសអើង​ពូជសាសន៍​ដែរ ? ។ ការប្រកាន់​ពូជសាសន៍​នោះ បាន​ដល់​ការប្រមាថ​មើលងាយ ការ​បន្ថោក​បន្ទាប បន្តុះបង្អាប់​ពូជសាសន៍​គេ​ខុស​ទំនង ការជិះជាន់ ការរំលោភបំពាន ការឈ្លានពាន ការមិន​គោរព​សិទ្ធិ​ជំនឿ​សាសនា ការមិន​គោរព​សិទ្ធិមនុស្ស​ចំពោះ​សហគមន៍ជាតិ​សាសន៍ ការមិន​ឲ្យ​សិទ្ធិ​អភិរក្ស​វប្បធម៌ មិន​ឲ្យ​រៀន​ប្រវត្តិសាស្ត្រ រក្សា​ប្រពៃណី​ទំនៀមទម្លាប់ និង​ការមិន​ផ្តល់​សេរីភាព​ដល់​ពូជសាសន៍​ណាមួយ តាមច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ក្នុងនាម​ជា​មនុស្សជាតិ​ដូចគ្នា ដូចជា​អ្វី ៗ ដែល​យួន​បំពាន​លើ​ខ្មែរក្រោម​ជា​ជនជាតិដើម មានការ​កាឡៃ​ប្រវត្តិសាស្ត្រ​ពិត​របស់​ខ្មែរក្រោម បិទ​សិទ្ធិ​មិន​ឲ្យ​ខ្មែរក្រោម​រៀន​ប្រវត្តិសាស្ត្រ​របស់ខ្លួន ការ​កាឡៃ​បំភ្លៃ​ប្រវត្តិ​អុំ​ទូកង​របស់​ខ្មែរ​ហើយ​បោះពុម្ព​ចេញ​ឲ្យ​កូន​ខ្មែរ​រៀន​ជាដើម នេះ​ទើប​ពេញ​ជាការ​រើសអើង​ពូជសាសន៍​ដោយ​ពិតប្រាកដ ។ ចំណែក​ការយល់ដឹង​ពី​បញ្ហា​ជាតិ​សាសន៍ ហើយ​មិន​បណ្តោយ​ឲ្យ​មាន​ស្នេហា​ជាមួយ​សត្រូវ​ដែល​បំផ្លាញ​ជាតិ​សាសន៍ ដើម្បី​ការពារ​អាយុជីវិត​ជាតិ​សាសន៍​របស់ខ្លួន​ឲ្យ​គង់វង្ស នេះ​ជា​ឧ​ត្ត​ម​គតិ​ខ្ពង់ខ្ពស់​របស់​មនុស្សជាតិ គួរតែ​សរសើរ គួរតែ​គោរព គួរតែ​បាន​រង្វាន់​ពី​មជ្ឈដ្ឋាន​ជាតិ នឹង​បែរ​ទៅ​មួលបង្កាច់​ថា ជាការ​រើសអើង​ពូជសាសន៍​ដូច​ម្តេចទៅ ? ឧទាហរណ៍ ថាបើ​យើង​ដឹងថា ក​ម្លោះ ឬ​ក្រមុំ​ដែល​យើង​ស្រឡាញ់​ពេញចិត្ត​នោះ ជា​កូន​របស់​សត្រូវ​សម្លាប់​ឪ​ម៉ែ​យើង តើ​យើង​នៅតែ​ចចេស​អាង​ថា ស្នេហា​មិន​រើសអើង មិន​ប្រកាន់ ដើម្បី​បាន​រៀបការ​នឹង​កូន​សត្រូវ​នោះ កុំ​ឲ្យ​គេ​ចោទថា ខ្លួន​រើសអើង​ពូជសាសន៍ ឬទេ ? ហើយ​បើ​ធ្វើបែបនេះ​មែន តើ​យើង​រស់នៅ​សម​នឹង​សតិសម្បជញ្ញៈ​របស់ខ្លួន​ឬទេ​, ឪពុកម្តាយ​ដែល​ស្លាប់​ទាំង​វេទនា ក្រោម​ភាពអយុត្តិធម៌​នៅក្នុង​បរលោក​នោះ គាត់​ឈឺចិត្ត​ឬទេ ហើយ​គាត់​ដាក់​ផ្តាសា ឬ​ឲ្យ​ពរ​យើង ? ហើយ​អ្នកផង​សម្លឹង​មក​យើង​ដោយ​កែវភ្នែក​អ្វី ? ។​

​បញ្ហា​ទី ៤ គោត្តនាម : បើ​ប្រុស​ខ្មែរ​កា​ស្រី​យួន នៅ​ធួន​គ្រាន់ ត្រង់​ថា កូន​កើតមក​ត្រូវ​យកតាម​គោត្ត​ឪ​ជា​ខ្មែរ ក៏​គង់​សម្គាល់ថា​ខ្មែរ នេះ​ក៏​ចំពោះតែ​នាមត្រកូល​ខ្មែរ​ធំ ៗ ដែល​ងាយ​សម្គាល់​បាន​មិន​ច្រឡំ ដូចជា ថាច់ គឹម គៀង សឺ​ន យ័​ញ ចៅ ប៉ុណ្ណោះ ។ ឯ​គោត្ត​ខ្មែរក្រោម​នៅមាន​ច្រើន​ទៀត​ទៅតាម​តំបន់ ដូចជា​នៅ​ខេត្ត​ព្រែក​ឫស្សី ខ្មែរ​គោត្ត ដាវ ម៉ា​យ លី ក្នុងនោះ​ដាវ​ច្រើន​បំផុត ឯ​ទី​ដទៃ​មាន​ខេត្ត​ឃ្លាំង និង​ព្រះ​ត្រពាំង​ជាដើម គង់តែ​មានការ​លាយឡំ​គោត្ត ដូចគ្នា​នឹង​យួន នឹង​ចិន​ដែរ តែ​មិនមែន​យួន មិនមែន​ចិន​ទេ ដូច​យ៉ាង គោត្ត​ត្រឹង ឡឹម លី យី​ប ង៉ោ ជាដើម ។ ក្នុង​រឿងនេះ​អាចមាន​ការលំបាក​សម្គាល់​ចំពោះ​ខ្មែរ​កណ្តាល​នៅ​កម្ពុជា​, ព្រោះ​នាមត្រកូល​ទាំងនេះ​មាន​ទាំង​ខ្មែរ ទាំង​ចិន ទាំង​យួន តែ​ខ្មែរក្រោម​ខ្លួនឯង​បែងចែក​រឿងនេះ​បាន​ច្បាស់ តាមរយៈ​សំណេះសំណាល​សួរសុខទុក្ខ ពិនិត្យ​ពិសោធន៍​មើលចិត្ត​គំនិត អាកប្បកិរិយា សាមីខ្លួន​នៃ​អ្នកមាន​នាមត្រកូល​ទាំងនោះ​មិន​ច្រឡំ​ទេ ។ បើ​ប្រុស​យួន​ការ​ស្រី​ខ្មែរ​វិញ ដល់​បានកូន​យកតាម​នាមត្រកូល​ឪ​យួន​របស់​វា ដូច ង្វៀង វ៉ ហូ ជាដើម នេះ​ក៏​ជាការ​បង់​គោត្ត​ជា​អត្តសញ្ញាណ​ខ្មែរក្រោម​មួយ​ផងដែរ ។​

​បញ្ហា​ទី ៥ សាសនា : តាំងពី​បុរាណកាល​មក​ខ្មែរក្រោម​មានតែ​ព្រះពុទ្ធសាសនា​មួយ​ជា​សាសនា​សម្រាប់​ជាតិ មិនមាន​សាសនា​ដទៃ​ជា​គម្រប់​ពីរ​ឡើយ បើទុកជា​ប្រពៃណី​សាសនាព្រាហ្មណ៍​នៅមាន​លាយឡំ ជា​ពិធី​កម្ម​ក្នុង​ពុទ្ធសាសនា​ខ្លះ​ក៏ដោយ ក៏​រាប់​ថា​ជា​ប្រពៃណី​ប៉ុណ្ណោះ មិនមែនជា​សាសនា​ទេ ។ ដល់ពេល​ខ្មែរ​មាន​ប្តី​យួន ប្រពន្ធ​យួន ភាគច្រើន​បើ​ប្តី​ប្រពន្ធ​យួន​នោះ​កាន់សាសនា​អ្វី ឬ​អត់​សាសនា គេ​ក៏​តាម​ប្តី​ប្រពន្ធ​នោះ បោះបង់ចោល​ពុទ្ធសាសនា​ជា​សាសនា​ជាតិ តែ​មិនទាន់​ទួទៅ​ទាំងអស់​ទេ ។ ទោះជា​យ៉ាងនេះ ក៏​នៅតែមាន​ជះឥទ្ធិពល​ដល់​ការ​កាន់​ជឿ​ព្រះពុទ្ធសាសនា​របស់​ខ្មែរក្រោម នាំ​បណ្តាល​ឲ្យ​ខាត​ពុទ្ធសាសនិក​ខ្មែរក្រោម​មួយចំនួន​ដែល​តាម​ប្តី ឬ​ប្រពន្ធ​យួន​នោះ​មិន​លែង ។​

​ហេតុដូច្នេះ ខ្ញុំ​ទទូច​សូម​យុវជន​ខ្មែរក្រោម​ទាំងអស់ ដែល​ជ្រុល និង​មិនទាន់​ជ្រុល​ស្រឡាញ់​យួន មេត្តា​គិតគូរ​ពិចារណា​ឡើង​ថា លើ​លោក​នេះ​នរណា​ក៏​គេ​មាន​ប្រទេស មាន​ជាតិ មាន​សាសនា​ជាទីគោរព ជាទី​ស្នេហា​ស្មើ​ជីវិត​របស់គេ​ទាំងអស់ ហើយ​គេ​សុទ្ធតែ​ឧទ្ទិស​បេះដូង​ស្នេហា​ជូន​ប្រទេស ជូន​ជាតិ ជូន​សាសនា​របស់គេ ក្រៃលែង​ជាង​ស្នេហា​ផ្ទាល់​ខ្លួនគេ​ឆ្ងាយ​ណាស់ ។ ការស្លាប់​ដើម្បី​ស្នេហា​ដ៏​មានន័យ​ថ្លៃថ្នូរ​ខ្ពង់ខ្ពស់​គួរ​ឲ្យ​យើង​គេ​លុតជង្គង់ លើក​កម្បង់អញ្ជលី​ថ្វាយបង្គំ​នោះ មិនមែន​សេចក្តីស្លាប់​ចំពោះ​ស្នេហា​ប្រុស​ស្រី នៃ​យុវវ័យ​ដែល​គួរ​ឲ្យ​បន្ទោស​នោះទេ តែ​ជា​សេចក្តីស្លាប់​ចំពោះ​ស្នេហា​ប្រទេស ស្នេហា​ជាតិ ស្នេហា​សាសនា ដូចជា​សេចក្តីស្លាប់​របស់​វីរបុរស​ឧកញ៉ា សឺ​ន គុយ របស់​យើង​ជា​និទស្សន៍ ព្រោះ​ជា​សេចក្តីស្លាប់​ដើម្បី​មិន​ស្លាប់ ។​

​យើង​បានជា​កើតមក​អភ័ព្វ​មាន​ប្រទេស មាន​ជាតិ មាន​សាសនា​ដូច​គេឯង​លើ​លោក​នេះដែរ តែ​បែរជា​ត្រូវ​យួន​លួច​ប្លន់​ដណ្តើម​ប្រទេស សម្លាប់​ជិះជាន់​ជាតិ គាបសង្កត់​សាសនា ហើយ​សោយសុខ​លើ​គំនរ​ទុក្ខ​របស់​យើង យើង​មិនត្រូវ​ធ្វើជា​មនុស្ស​កំសាក​រស់​ធ្ងន់​ផែនដី ចង្អៀត​ពិភពលោក​ទទេ​នោះទេ យើង​ត្រូវធ្វើ​ប្រយោជន៍​ជូន​ជាតិ ជូន​សាសនា​របស់​យើង​ដែល​នៅ​សេសសល់​ឲ្យ​បាន​គង់វង្ស យូរលង់​ត​កូនចៅ​ទៅមុខទៀត តាមតែ​អ្វីដែល​យើង​អាច​ធ្វើបាន ។ តាមពិតទៅ កិច្ចការងារ ដែល​យើង​អាចធ្វើ​ដើម្បី​ជាតិ​សាសនា​នោះ សុទ្ធតែ​ឋិត​នៅក្នុង​លទ្ធភាព​របស់​យើង​ទាំងអស់​, ហើយ​សាមញ្ញ​ប្រចាំជីវិត​យើង​ទៀតផង ដូចជា​និយាយ​ខ្មែរ​ជា​ភាសាជាតិ ជាមួយ​ខ្មែរ​ជាតិ​ឯង បង្ហាត់បង្រៀន​កូន កូនក្មួយ ចៅ ឲ្យ​និយាយ​ខ្មែរ​, ដាស់​ស្មារតី​អ្នក​ភ្លេចខ្លួន​និយាយ​យួន​ជ្រុល មិន​និយាយ​ភាសា​ឯង​ឲ្យ​ភ្លាក់​រឭក​, ស្តាប់​ចម្រៀង​ខ្មែរ​, ស្តាប់​ព័ត៌មាន​ខ្មែរ​, មើល​ភាពយន្ត​ខ្មែរ​, ឬ​ភាពយន្ត​បរទេស​ជា​ភាសា​ខ្មែរ​, ទម្លាប់​ហៅ​លេខ​ទូរស័ព្ទ​ជា​លេខ​ខ្មែរ ០ ១ ២ ៣ ៤ ៥ …. ទម្លាប់​កែ​ពាក្យ​យួន​ដែល​លាយឡំ​នឹង​ខ្មែរ​ឲ្យ​ជា​ខ្មែរ​សុទ្ធសាធ ដូចជា​ខ្សែ​ដៀង មកជា ខ្សែភ្លើង​, សាក​ដៀង​ថយ មកជា បញ្ចូល​ថ្ម​ទូរស័ព្ទ​, ទៅ​ឡួ​ន មកជា ទៅ​រហូត ឬ​ទៅ​តេ​ម្តង​, មិន​ហ៊េ​វ មកជា មិន​យល់​, ម៉ា​យ​វី​តិ​ន មកជា កុំព្យូទ័រ​, រៀន​ង៉ែ មកជា​រៀន​មុខរបរ​, បាក​ស៊ី មកជា គ្រូពេទ្យ​, ស្គាល់​ឡាំ​បោ​ធ្វើជា​មិន​ស្គាល់ មកជា ស្គាល់​ពុត​ធ្វើជា​មិន​ស្គាល់​…  មិន​ទម្លាប់​ចាក់បណ្តោយ​ភាសា​យួន ក្នុងពេល​និយាយ​ខ្មែរ​នឹង​ខ្មែរ ។ ខំរៀន ឬ​ឆ្លៀត​រៀនអក្សរ​ខ្មែរ ឧស្សាហ៍​អាន​សៀវភៅ​ខ្មែរ​គ្រប់​ប្រភេទ​ដែល​ខ្លួន​ចូលចិត្ត ។ ប្តេជ្ញា​មិន​ស្រឡាញ់​ក្រមុំ ក​ម្លោះ​យួន ទោះបី​នៅ​កន្លែងធ្វើការ នៅ​រៀន ជាមួយ​យួន​ក៏ដោយ ឬក៏​យួន​មានទ្រព្យ​សម្បត្តិ មាន ស័ក្តិ យស ផ្តល់​ឲ្យ​ខ្លួន​ក៏ដោយ ក៏​មិន​ភ្លេច​ថា របស់​ដែល​យួន​មាន​ទាំងអស់ ហើយ​ពុត​ធ្វើជា​ឲ្យ ជា​ជូន​ដល់​យើង​ដោយ​អាណិត​ស្រឡាញ់ ដោយ​ចិត្តល្អ​នោះ សុទ្ធតែ​បាន​ពី​ញើស​ឈាម​ខ្មែរ ពី​ទឹកដី​ខ្មែរ ពី​ជាតិខ្មែរ​យើង​ទាំងអស់ ពោលគឺ​របស់​អ្វី ៗ ដែល​យួន​បាន​នៅលើ​បរិវេណ​ទឹកដី​របស់​យើង ទោះបី​បាន​ដោយ​របៀប​ណា កាលៈទេសៈ​ណា ពេលវេលា​ណា នៅ​ទីកន្លែង​ណា​ក៏​សុទ្ធតែ​ឈ្មោះថា យួន​លួច​ប្លន់​របស់​ខ្មែរ​យើង​ទាំងអស់ ព្រោះ​ជា​កម្មសិទ្ធិ​របស់​យើង​, យើង​មិនដែល​បាន​ឲ្យ​យួន​ដោយ​កាយវាចា ឬ​សូម្បី​ដោយ​នឹកគិត​នោះទេ ឬក៏​យើង​បោះបង់ចោល ហើយ​យួន​រើស​បាន​ដោយ​ចៃដន្យ ដូចដែល​យួន​បាន​បំផ្លើស​បំភ្លៃ​នោះ​ក៏​ទេ​ដែរ ។ ផ្ទុយ​មកវិញ យើង​បាន​រក្សា​ការពារ និង​ទាមទារ​ជានិច្ច​នូវ​កម្មសិទ្ធិ​របស់​យើង តាមច្បាប់​អន្តរជាតិ​ឲ្យ​ត្រាតែ​បាន ហើយ​គ្មាន​អ្វីដែល​យើង​ធ្វើ​មិនបាន​នោះទេ វៀរលែងតែ​យើង​មិន​បានធ្វើ​ប៉ុណ្ណោះ ។ ប៉ុន្តែ​យើង​បានធ្វើ និង​កំពុង​ខិតខំ​ធ្វើ នឹង​រឹតតែ​ព្រមព្រៀងគ្នា​ធ្វើ ធ្វើ​រហូត​ទាល់តែ​សម្រេច​សមបំណង  ។ ត្រង់​សេចក្តី​នេះហើយ សូម​យុវជន​ខ្មែរក្រោម​ពិចារណា​ទាំងអស់គ្នា ហើយ​ជួយ​រំឭក​ដាស់តឿន​គ្នា​ឲ្យ​ដឹងខ្លួន​ផង ព្រោះថា បើ​នៅតែ ខ្មែរ​ការ​យួន យួន​ការ​ខ្មែរ​យ៉ាងនេះ ជាប់​ត​រដឹក​ទៅមុខទៀត តើ​អនាគត​ខ្មែរក្រោម ដែល​ពឹង​ផ្អែកលើ​គោល​សំខាន់​ពីរ​យ៉ាង គឺ “​អក្សរសាស្ត្រ​ជា​គោល​នៃ​ជាតិ វិន័យ​លោកនាថ​ជា​គោល​សាសនា​” និង “​ភាសា​, អក្សរ​រលត់ ជាតិ​រលាយ ភាសា​, អក្សរ ពណ្ណរាយ ជាតិ​ថ្កើងថ្កាន​” នោះ​នឹង​ទៅជា​យ៉ាងណា ។  បើ​យុវជន​ខ្មែរក្រោម​ពិតជា​ចេះ​គិតដល់​អនាគត​ខ្លួន​មែន​នោះ រឹតតែ​ត្រូវ​ចេះ​គិតដល់​អនាគតជាតិ​សាសនា​របស់ខ្លួន ឲ្យ​ច្រើន​លើសលប់​ក្រៃលែង​ជាង​, ព្រោះ​អ្វី ? ព្រោះ​ថាបើ​អនាគតជាតិ​សាសនា​សាបសូន្យ អនាគត​ខ្លួន​សាបរលាប ។ មួយទៀត ត្រូវ​តម្កល់​ប្រយោជន៍​ជាតិ ឲ្យ​នៅលើ​ប្រយោជន៍​ខ្លួន កុំ​យក​ប្រយោជន៍​ខ្លួន តម្រួត​លើ​ប្រយោជន៍​ជាតិ គឺថា​ត្រូវតែ​ចេះ​ច្នៃ​ប្រយោជន៍​ខ្លួន​ធ្វើជា​ពាន​ចរណៃ​តម្កល់​ប្រយោជន៍​ជាតិ​ជា​ដរាប​, ព្រោះ​ថាបើ​ប្រយោជន៍​ជាតិ​សាបសូន្យ ប្រយោជន៍​ខ្លួន​វិនាស​, ប្រយោជន៍​ជាតិ​រុងរោចន៍ ប្រយោជន៍​ខ្លួន​រុងរឿង ។    ។​

​ចំណែក​អត្ថន័យ​ក្នុង​ឃ្លា​ថា “​ខ្មែរ​លែង​សំរែ​ចរិត​ខ្មែរ (២)”៖

​គឺ​សំដៅយក​ខ្មែរ​ជំពូក​ខ្លះ ជា​ផៅ​ពង្ស ភូឈួយ គង់ មាន​ចរិត​ថោកទាប សម្លាប់​ជាតិ ទ្រុស្ត​សាសនា ព្រោះ​ស្រី ស្រា យស ស័ក្តិ លាភសក្ការៈ ទ្រព្យធន ប៉ុណ្ណោះ ។ ពុំមែន​មានន័យថា ខ្មែរ​ទាំងអស់​សុទ្ធ​តែមាន​ចរិត​ថោកទាប​ទុច្ចរិត ដូចជា​ចរិត​ច្រណែនឈ្នានីស​ឫស្យា ចរិត​ហិង្សា ចរិត​មោ​មោហៈ ចរិត​រាគៈ ចរិត​ចាក់រុក​ញុះញង់ ចរិត​រករឿង​កាប់សម្លាប់​កម្ចាត់​ជាតិ​ឯង ចរិត​ទ្រុស្ត​ជាតិ ទ្រុស្ត​សាសនា …​ជាដើម​នោះ មិនមែន​ទេ ។ តាមពិត​ចរិតមិនល្អ​ទាំងនេះ មាន​ចំពោះតែ​ជនពាល លុះ​ក្នុង​អំណាច​លោកធម៌ ហើយ​លុះ​ក្នុង​កណ្តាប់ដៃ​សត្រូវ ទើប​គិត​មិន​ដិតដល់ ក៏​ចាល​ចាញ់កល​បច្ចាមិត្ត​បញ្ចុកបន្ស៊ី​ប៉ុណ្ណោះ ។ ករណីនេះ មិន​ថា​ជន​ណា ជា​ជន​ណា​ទេ កាលបើ​លើក​អប្បមាទ​ធម៌ ឬ​សតិសម្បជញ្ញៈ​ចេញពី​ខ្លួន​ហើយ សុទ្ធតែ​ងាយ​ឈាន​ធ្លាក់​រណ្តៅ​នេះ​ទាំងអស់ ។ ព្រះពុទ្ធ​ទ្រង់​សំដែងធម៌​រំឭក​ដាស់តឿន​សក​លម​នុស្ស​ឲ្យ​ប្រុងប្រយ័ត្ន កុំ​ឲ្យ​ធ្លាក់​រណ្តៅ​នេះ ក្នុងអំឡុងពេល ២៦ សតវត្សរ៍​មកហើយ​ថា “​ប​មា​ទោ មច្ចុ​នោ បទំ ការធ្វេសប្រហែស​ស្មារតី​ជា​ផ្លូវ​នៃ​សេចក្តីស្លាប់​” ។ ទន្ទឹមនឹងនោះ​ទ្រង់​ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា​”​អប្បមា​ទោ អម​តំ បទំ ការមិន​ធ្វេសស្មារតី ជា​ផ្លូវ​នៃ​សេចក្តី​មិន​ស្លាប់​” ។ ព្រោះហេតុនោះ បានជា​ខ្មែរ​ជំពូក​ខ្លះ​ដែល​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​ខ្ជាប់ខ្ជួន ជាពិសេស​ប្រតិបត្តិ​តាម​ពុទ្ធភាសិត​ខាងលើនេះ រមែង​មាន​ចរិត​ថ្លៃថ្នូរ ចរិតល្អ​ប្រសើរ រស់​ដើម្បី​ជាតិ​សាសនា ហើយ​ហ៊ាន​ស្លាប់​ព្រោះ​បុព្វហេតុ​ជាតិ​សាសនា មិន​ខុស​អំពី​ព្រះ​បរម​ពោធិសត្វ​ឡើយ ដែល​ហ៊ាន​ស្លាប់​បំពេញ​បរមត្ថ​បារមី​ដើម្បី​ពោធិញ្ញាណ គឺ​ពុទ្ធសាសនា ទុកជា​ប្រយោជន៍ ជា​សេចក្តីសុខ ជា​សេចក្តីចម្រើន ដល់​សកល​មនុស្ស​សត្វ ។ ជន​អ្នកមាន​សតិសម្បជញ្ញៈ​ជាតិ​សាសនា​ទាំងអស់ សុទ្ធតែ​បាន​ឆ្លាក់​ឈ្មោះ​ជា​អមត​បុគ្គល​ជាប់​ក្នុង​ប្រអប់​បេះដូង​នៃ​មនុស្សជាតិ​ជា​រៀង​ដរាប មិនចេះ​សាបសូន្យ បើទុកជា​ជន​ដ៏​ប្រសើរ​ទាំងនោះ​ស្លាប់បាត់​រូប​បាត់​រាង​ទៅហើយ​ក៏ដោយ ក៏​ហាក់ដូចជា​នៅ​រស់រានមានជីវិត​ជា​អមត​មិនចេះ​ស្លាប់​សោះ ព្រោះ​បុព្វចរិយា​នៃ​បុព្វ​ជន​ទាំងនោះ រមែង​រស់នៅ​ជា​ទិដ្ឋានុគតិ​នៃ​អនុ​ជន ទុកដូចជា​ប្រទីប​បំភ្លឺ​ផ្លូវ​សេចក្តីចម្រើន​ដល់​មនុស្ស​ជាន់ក្រោយ​មិនចេះ​រលត់​, ដូចជា ព្រះពុទ្ធ​,​ព្រះ​សាវក​ពុទ្ធ​, ព្រះបាទ​ជយ​វរ្ម័នទី ៧, ឧកញ៉ា សឺ​ន គុយ​, សម្តេចព្រះសង្ឃរាជ ជួន ណាត​, សម្តេចព្រះ​ធម្មលិខិត ល្វី ឯម​, ព្រះ​ឧ​ត្ត​ម​មុនី អ៊ុម ស៊ូរ​, សម្តេចព្រះសង្ឃរាជ ហួត តាត​, ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក​, សឺ​ន ង៉ុ​កថា​ញ់​, ព្រះ​ឃោស​នាគ រដ្ឋបុរស អាចារ្យ ហែម ចៀវ​, ព្រះ​ធម្មបាល ខៀវ ជុំ​, ព្រះ​វីរិយ​បណ្ឌិត ប៉ាង ខាត់​, អតីត​ព្រះ​មេគណ​ខេត្ត​ព្រះ​ត្រពាំង កម្ពុជា​ក្រោម ព្រះ​មេគណ គឹម តុ​ក ចើ​ង​, ព្រះ​មេគណ ត្រឹង យាន់​ជាដើម ។ បណ្តាជន​ជាម​នុស្ស​ដ៏​ប្រសើរ​ទាំងអស់​ដែល​បាន​រៀបរាប់​មកនេះ មានតែ​ព្រះពុទ្ធ​និង​ពុទ្ធ​សាវ័ក​ខ្លះ​ប៉ុណ្ណោះ ដែល​មិនមែនជា​ជាតិខ្មែរ ក្រៅពីនោះ​សុទ្ធតែជា​ជាតិខ្មែរ​ទាំងអស់ ហើយ​ជា​ខ្មែរ​ដែលមាន​ចរិតល្អ​ថ្លៃថ្នូរ​ប្រសើរ​ខ្ពង់ខ្ពស់ គួរ​ឲ្យ​ខ្មែរ​ជា​បច្ឆាជន​ផ្តិត​ចម្លង​ទុកជា​បណីត​មរតក​រប​ស់​ខ្លួន​ដើម្បី​ជាទី​ពឹង​ទីរឭក របស់ខ្លួន​រៀងរាប​ដរាប​ជី​វិ​តាវ​សាន ។​

​ហេតុដូច្នេះ ដែល​ពោលថា “​ខ្មែរ​លែង​សំរែ​ចរិត​ខ្មែរ​” នោះ គឺ​បានសេចក្តីថា សូម​ឲ្យ​ខ្មែរ​រូប​ណា​ដែល​នៅ​សំរែ​ព្រោះ​កម្អែល​ចរិត​ទុច្ចរិត​របស់ ជំពូក​មនុស្ស​ខ្មែរ​ចរិត​ទ្រុស្ត​ជាតិ ទ្រុស្ត​សាសនា​របស់ខ្លួន​នោះ ឲ្យ​បែរមក​មើល​នូវ​ចរិត​ថ្លៃថ្នូរ​ជា​គំរូ​របស់​មនុស្ស​ខ្មែរ​ជាន់​ដើម ដែល​ស្មោះស្ម័គ្រ​ស៊ូ​ប្តូរ​ស្លាប់​នឹង​ជាតិ​សាសនា ដើម្បី​លាងជម្រះ​មន្ទិល​កំហាក​ចរិតមិនល្អ​ដែល​នៅ​សេសសល់​ក្នុង​ខ្លួន​ឲ្យ​ជ្រះ​ស្អាត ហើយ​រួមដៃគ្នា​សាង​ជាតិ សាង​សាសនា​ខ្មែរ​ឲ្យ​ប្រសើរឡើង ។​

​អ៊ី​ម៉ែ​លៈ tranthachdung9@gmail.com​