សមាគមខ្មែរកម្ពុជាក្រោម ព្រមានដឹកនាំធ្វើមហាបាតុកម្មទ្រង់ទ្រាយធំ នៅចុងឆ្នាំ ២០១៣ នេះ ដើម្បីទាមទាររដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាមជួយអន្តរាគមន៍ ផ្តល់សិទ្ធិសេរីភាពពេញលេញក្នុងការរស់នៅដល់ពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ។

ក្នុងពិធីរំឭកខួប ៣៧ ឆ្នាំ នៃការងើបបះបោររបស់ខ្មែរក្រោមនៅព្រឹកថ្ងៃសៅរ៍ នេះ ដែលប្រារព្ធឡើងនៅរាជធានីភ្នំពេញ លោក សឺន យឿន ប្រធានលេខាធិការដ្ឋាន និងនាយកប្រតិបត្តិ សមាគមខ្មែរកម្ពុជាក្រោម ថ្លែងថា អាជ្ញាធរវៀតណាមនៅតែបន្តគាបសង្កត់ បំបិទសិទ្ធិសេរីភាពពលរដ្ឋខ្មែរក្រោម ។
លោកបន្តថា នៅដើមខែវិច្ឆិកានេះ សមាគមលោកបានផ្ញើលិខិតទៅរដ្ឋាភិបាលវៀតណាម និង រាជរដ្ឋាភិបាលកម្ពុជាឲ្យអន្តរាគមន៍ បញ្ឈប់ការគាបសង្កត់លើខ្មែរនៅកម្ពុជាក្រោម តែរហូតដល់ថ្ងៃទី ១៦ ខែវិច្ឆិកា នេះ រដ្ឋាភិបាលទាំងពីរមិនទាន់ឆ្លើយតបនៅឡើយ ។ លោក សឺន យឿន បញ្ជាក់ថា បើរយៈពេលកន្លះខែខាងមុខទៀត រដ្ឋាភិបាលទាំងពីរ នៅតែមិនឆ្លើយតបនោះ លោក នឹងរៀបចំការធ្វើបាតុកម្មជាទ្រង់ទ្រាយធំនៅកម្ពុជា ។
កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ១៩៧៦ ពលរដ្ឋខ្មែរក្រោម បានងើបបះបោរប្រឆាំងរដ្ឋអំណាចវៀតណាម ដើម្បីទាមទារសិទ្ធិសេរីភាពក្នុងរស់នៅ និងស្វែងរកសិទ្ធិម្ចាស់ការជូនប្រជាជាតិរបស់ខ្លួន នៅដែនដីកម្ពុជា ក្រោម តែការបះបោរនោះមិនបានសម្រេចទេ ។ លទ្ធផលក្រោយការងើបបះបោរនោះ មានព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ជាច្រើនអង្គរូប ត្រូវបានរដ្ឋាភិបាលបក្សកុម្មុយនិស្តយួនប្រហារជីវិត, ចាប់ដាក់គុក អស់ មួយ ជីវិត និងធ្វើទារុណកម្ម រហូតដល់ស្លាប់នៅក្នុងគុកជាដើម ។