វត្តអារាម​នានា នៅ​ខេត្ត​ព្រះត្រពាំង​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ព.ស ២៥៦៤​-គស​. ២០២០

ដោយ ស៊ឺន ចែងចើន

សមណ​សិស្ស​ខ្មែរក្រោម នៃ​សាលា​ពុទ្ធិក​មធ្យមសិក្សា ឬសាលា​ភាសាបាលី កម្រិត​បឋមភូមិ និង​ទុតិយភូមិ នៅ​តាម​វត្តអារាម​នានា ទាំង ១៤៣ វត្ត ក្នុង​ខេត្ត​ព្រះត្រពាំង បាន​ចាប់ផ្ដើម​បើក​បវេសនកាល ឆ្នាំ​សិក្សា ព.ស ២៥៦៤ នៅ​ថ្ងៃ ១៥ ឧសភា ២០២០ នេះ ក្រោម​ការ​ចាត់ តាំងរបស់​សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហាជាតិ​ស្រុក និង​ខេត្ត នៃ​ខេត្ត​ព្រះត្រពាំង ។

សិស្សានុសិស្ស សមណ​សិស្ស គណៈកម្មការ​វត្ត និង​គ្រូបង្រៀន នៅ​តាម​វត្ត ដែល​បាន​បើក​ថ្នាក់​ពុទ្ធិក​សិក្សា ។ រូប​ពី​បណ្តាញ​សង្គម​ហ្វេសប៊ុក​
សិស្សានុសិស្ស សមណ​សិស្ស គណៈកម្មការ​វត្ត និង​គ្រូបង្រៀន នៅ​តាម​វត្ត ដែល​បាន​បើក​ថ្នាក់​ពុទ្ធិក​សិក្សា ។ រូប​ពី​បណ្តាញ​សង្គម​ហ្វេសប៊ុក​

នៅ​ព្រឹក​ថ្ងៃសុក្រ ៩ រោច ខែ​ពិសាខ ឆ្នាំជូត ទោស័ក ព្រះពុទ្ធ​សករាជ​បាន​ឈាន​ចូល ២៥៦៤ ត្រូវ នឹង​ថ្ងៃទី ១៥ ខែឧសភា ២០២០ នេះ គណ:កម្មា​ធិការ​ពុទ្ធិក​សិក្សា​តាម​វត្តអារាម​នានា នៅក្នុង​ខេត្ត​ព្រះត្រពាំង បាន​បើក​កម្មវិធី​ជួប ជុំ​រវាង​សមណ​សិស្ស និង​គ្រូបង្រៀន ដើម្បី​ចាប់ផ្ដើម​បើក​វគ្គសិក្សា​ថ្មី ប្រចាំ ព. ស. ២៥៦៤ ដូច រៀងរាល់​ឆ្នាំ​ដែរ ។

រៀងរាល់​ឆ្នាំ ឲ្យតែ​ដល់​ថ្ងៃ ១៤ កើត ខែវិសាខ សមណ​សិស្ស ដែល​បាន​ចុះឈ្មោះ​ចូលរៀន និង​មាន​លិខិតឧទ្ទេសនាម​ទៅរៀន​របស់​សាលាគណ​ខេត្ត និង​ស្រុក ដើម្បី​បន្ត​ការសិក្សា​ភាសាបាលី​នោះ តែងតែ​និមន្ត​ចេញពី​វត្ត​មួយ​ទៅ​វត្ត​មួយ ដើម្បី​ទៅកាន់​បន្ទប់​រៀន​នៅ​តាម​វត្ត ដែល​បាន​បើក​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​បឋមភូមិ និង​ទុតិយភូមិ នៅ​ថ្ងៃ ១ រោច ខែវិសាខ តាម​ការ​បញ្ជូន​របស់​សមាគម​សង្ឃ ។ ប៉ុន្តែ សម្រាប់​កម្មវិធី​សិក្សា​ថ្នាក់​ពុទ្ធិក​សិក្សា នៅ​ឆ្នាំនេះ មានការ​យឺត​ជាង​ឆ្នាំ​កន្លងទៅ ដោយសារ​ស្ថានភាព​ពិភពលោក​រង​ឥទ្ធិពល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ (Covid​-19​) ។

កម្មវិធី​សិក្សា​នេះ ពុទ្ធិក​មធ្យមសិក្សា​បឋមភូមិ (ថ្នាក់​ពុទ្ធិក​អនុវិទ្យាល័យ​) សមណ​សិស្ស​ត្រូវ​រៀន​រយៈពេល ៤ ឆ្នាំ និង​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ (ថ្នាក់​ពុទ្ធ​កវិទ្យាល័យ​) សមណ​សិស្ស​ត្រូវ​រៀន​រយៈពេល ៣ ឆ្នាំ ថែមទៀត ដែល​សរុប​ទាំងអស់​រយៈពេល ៧ ឆ្នាំ​ទើប​ចប់​កម្មវិធី​សិក្សា​ភាសាបាលី នៅក្នុង​ខេត្ត​មួយ​នេះ ។ វិញ្ញាសា​ដែល​ត្រូវលើ​កយក​មក​សិក្សា​ក្នុង​ថ្នាក់​ទាំង ២ កម្រិត​នេះ មាន​ដូចជា វិញ្ញាសា ព្រះ​វិន័យ តែងសេចក្ដី សរសេរ​តាម​អាន ធម្មបទ វេយ្យាករណ៍​បាលី ភាសាខ្មែរ ព្រះ​គាថា ព្រះអភិធម្ម ទស្សនៈ​ពុទ្ធសាសនា អង់គ្លេស ទូ​រេ​និទាន គណិតវិទ្យា ព្រះ​បាតិមោក្ខ បរមាធិប្បាយ សាសនា​សកលលោក កំណាព្យ​ខ្មែរ សម្ព័ន្ធ មង្គល​ត្ថ​ទីប​នី​ ជាដើម ។

យោង​តាម​របាយការណ៍​របស់​គណ:កម្មា​ធិការ​ពុទ្ធិក​សិក្សា​ខេត្ត​ព្រះត្រពាំង ថា ឆ្នាំ​សិក្សា​ថ្មី ព.ស ២៥៦៤ នេះ នៅ​តាម​បណ្ដា​វត្ត ដែល​បើក​ថ្នាក់​ពុទ្ធិក​កម្រិតមធ្យម​សិក្សា​បឋមភូមិ និង​ទុតិយភូមិ (ថ្នាក់​ខេត្ត​) ទូទាំង​ខេត្ត​មាន​ចំនួន ៣៤ បន្ទប់ ក្នុង​នោះ ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​បឋមភូមិ ឆ្នាំទី ៤ (បាលី​រង​) មាន ១៧ បន្ទប់ ចំនួន​សិស្ស ៣៦៩ អង្គ និង​រូប ។ ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំទី ១ (ថ្នាក់​គរុកោសល្យ​ទី ១) មាន ៨ បន្ទប់ ចំនួន​សិស្ស ២២៣ អង្គ និង​រូប ។ ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំទី ២ (ថ្នាក់​គរុកោសល្យ​ទី ៣) មាន ៥ បន្ទប់ ចំនួន​សិស្ស ១៥០ អង្គ និង​រូប ។ ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំទី ៣ (ថ្នាក់​គរុកោសល្យ​ទី ៣) មាន ៤ បន្ទប់ ចំនួន​សិស្ស ១២៩ អង្គ និង​រូប ។ សរុប​ទាំងអស់​មាន​ចំនួន ៨៧១ អង្គ និង​រូប ។ ចំណែក​សាលា​ពុទ្ធិក​មធ្យមសិក្សា​បឋមភូមិ ចាប់ពី​ថ្នាក់​ទី ១ ដល់ទី ៣ ឬថ្នាក់​បាលី​ទី ១ ដល់​បាលី​ទី ៣ នៅ​មិនទាន់​មាន​តួលេខ​ចេញពី​របាយការណ៍​របស់​គណ:កម្មា​ធិការ​ពុទ្ធិក​សិក្សា​ថ្នាក់​ស្រុក បង្ហាញថា មាន​សមណ​សិស្ស និង​សិស្សានុសិស្ស​ចំនួន​ប៉ុន្មាន​អង្គ និង​រូប នៅឡើយ​ទេ ។ ប៉ុន្តែ បើ​តាម​ការ​ប៉ាន់ប្រមាណ​ថា ចំនួន​សិស្ស​ទាំង ៣ ថ្នាក់​នៃ​សាលា​ពុទ្ធិក​មធ្យមសិក្សា​បឋមភូមិ អាច នឹង​មាន​ចំនួន​សមណ​សិស្ស និង​សិស្សានុសិស្ស​ច្រើនជាង​ថ្នាក់​ពុទ្ធិក​កម្រិតមធ្យម​សិក្សា​បឋមភូមិ និង​ទុតិយភូមិ ។

កម្មវិធី​សិក្សា​ថ្នាក់​ពុទ្ធិក​សិក្សា នៅ​ខេត្ត​ព្រះត្រពាំង ជា​កម្មវិធី​សិក្សា​មួយ ផ្ដោត​លើ​ការ​រៀនអក្សរ​សាស្ត្រ​ខ្មែរ និង​ភាសាបាលី ក្រោម​ការចាត់តាំង​របស់​គណៈ​មន្ត្រី​សង្ឃ​ខ្មែរ នៅ​ដែនដី​កម្ពុជាក្រោម ដែល​មានឈ្មោះ​ថា «សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហាជាតិ» ។ សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហាជាតិ បាន​បង្កើត​ឡើង នៅក្នុង​ឆ្នាំ ១៩៦៥ ដោយ​ព្រះតេជព្រះគុណ សឺង វង់ (Son Vong​) អតីត​ព្រះ​បា​ឡា​តគណ​ខេត្ត​ព្រះត្រពាំង ។ សមាគម​មួយ​នេះ ដើរតួ​នាទី​បណ្ដុះបណ្ដាល​វិស័យ​អប់រំ​ដល់​ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរក្រោម បាន​សិក្សា​រៀនសូត្រ​ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ ។

ខាងក្រោម​ជា​រូប​ភាពខ្លះ​ៗ នៃ​សិស្សានុសិស្ស សមណ​សិស្ស គណៈកម្មការ​វត្ត និង​គ្រូបង្រៀន នៅ​តាម​វត្ត ដែល​បាន​បើក​ថ្នាក់​ពុទ្ធិក​សិក្សា ។ រូប​ពី​បណ្តាញ​សង្គម​ហ្វេសប៊ុក​