កាលពី ៤ ឆ្នាំមុន នៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០០៧ សមណសិស្សសាលាបំពេញវិជ្ជា បាលីមធ្យមសិក្សាភាគខាងត្បូង (Trường Bổ Túc Văn Hóa Pali Trung CấpNam Bộ) ឬ បាលីជាន់ខ្ពស់ខេត្តឃ្លាំង ឋិតនៅក្នុងវត្តឃ្លាំង ទីរួមខេត្តឃ្លាំង បានធ្វើបាតុកម្មទាមទារឲ្យ អាជ្ញាធរវៀណាម គោរពសិទ្ធិសេរីភាពរបស់ ខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម។ ការ ធ្វើបាតុកម្មនេះ មានព្រះសង្ឃខ្មែរក្រោម ប្រមាណជាង ២០០ អង្គបានធ្វើក្បួនដង្ហែចេញ ពីវត្តឃ្លាំងឆ្ពោះ ទៅមន្ទីរនគរបាលខេត្ត នៃរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ដោយលើកហេតុផលថា នគរបាលចរាចរណ៍របស់ វៀតណាម បានហាមព្រះសង្ឃខ្មែរក្រោម ក្នុងសាលាមួយនេះនិមន្តចេញបិណ្ឌបាត្រ។
ក្រោយពីការធ្វើបាតុកម្មនេះ ព្រះសង្ឃខ្មែរក្រោមជាច្រើនអង្គត្រូវបានអាជ្ញាធរវៀតណាម ចាប់ផ្សឹក បញ្ឈប់ការសិក្សា និងដាក់ពន្ធនាគារ ដោយចោទពីបទ « បង្ក ឲ្យខូចសណ្តាប់ ធ្នាប់ទីសារធារណៈ» ។ ក្រោយមក នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៧ព្រះសង្ឃខ្មែរ ក្រោមចំនួន ៥ អង្គត្រួវបានតុលាការប្រជាជននៃបក្សកុម្មុយនិស្តវៀតណាមប្រកាស សាលក្រម ឲ្យជាប់គុកម្នាក់ៗពី ២ ទៅប ៤ ឆ្នាំ ពីបទ «បង្ក ឲ្យខូចសណ្តាប់ធ្នាប់ទីសាធារ ណៈ» ដូចគ្នា ។ លទ្ធផលនៃការធ្វើបាតុកម្មនេះ អាជ្ញាធរវៀតណាមបានផ្តល់ ឲ្យព្រះសង្ឃ និងពលរដ្ឋ ខ្មែរក្រោមទូទាំងខេត្តឃ្លាំង មានសិទ្ធិប្រារព្ធបុណ្យកឋិនទានថ្ងៃណាមួយក្នុងចំណោម ២៩ ថ្ងៃនៃរដូវកឋិនតាមពុទ្ធានុញ្ញាត ខណៈដែលពីមុនរដ្ឋាភិបាលវៀតណាមបានបង្ខំ ឲ្យព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមនៅខេត្តឃ្លាំងធ្វើបុណ្យកឋិនទានបានត្រឹមតែមួយ ថ្ងៃបុណ្ណោះ ។ ការដែលអាជ្ញាធរវៀតណាមបានបង្ក្រាប ដោយវិធីចាប់ផ្សឹក ដេញសមណសិស្សសាលា បាលីចេញពីសាលា និងចាប់ព្រះសង្ឃញាត់គុកនៅក្នុងព្រឹត្តិការណ៍មួយនេះបានធ្វើ ឲ្យ ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ទូទាំងពិភពលោកធ្វើបាតុកម្មទាមទារគ្រប់ទីកន្លែងក្នុង គោលបំណងជម្រុញ ឲ្យអាជ្ញាធរវៀតណាមដោះលែងព្រះសង្ឃទាំង ៥ ដែលបានជាប់ ពន្ធនាគារនោះ ឲ្យមានសេរីភាពវិញ ។ ក្រោយពីបានអាជ្ញាធរវៀតណាមដោះលែង ចេញពីពន្ធនាគារ អតីតព្រះសង្ឃខ្មែរក្រោមទាំង ៥ អង្គ បានភៀសខ្លួនទៅសុំសិទ្ធិជ្រក កោននៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)ប្រចាំ ទីក្រុងបឹងកក់ ប្រទេសថៃ ហើយក៏បានអង្គការមួយនេះបញ្ជូនទៅតាំងទីលំនៅៗប្រទេស ទី ៣ ដោយសុវត្ថិភាព ៕ ប្រភពអត្ថបទ៖ សារព័ត៌មានព្រៃនគរ.