៣០ មេសា ឆ្នាំនេះ ជាថ្ងៃកំណត់គម្រប់ ៣៦ ឆ្នាំ ដែលរបបយួនក្រហម ឬរបបកុម្មុយ និស្តវៀតណាម បានចូលត្រួតត្រាខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម បន្តពីរបបយួនសេរី ឬរបបសាធារណរដ្ឋវៀតណាម ក្រោយខ្មែរក្រហម ឬ របបប្រល័យពូជសាសន៍ ប៉ុល ពត បានចូលកាន់កាប់ប្រទេសកម្ពុជា ១៤ ថ្ងៃ គឺ នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ។ ថ្ងៃ ៣០ មេសា ១៩៧៥ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយសម្រាប់ ជនជាតិខ្មែរនៅ កម្ពុជាក្រោមគ្រប់រូបដែលត្រូវបានយួនក្រហម ឬ Viet Rouge ឬ បក្សកុម្មុយនិស្តវៀត ណាម បានចូលកាន់កាប់ទឹកដីកម្ពុជាក្រោម និងដាក់នឹមអាណានិគមត្រួតត្រាខ្មែរ ក្រោមជំនួសយួនសេរី ឬរបបសាធារណរដ្ឋវៀតណាម ។ ថ្ងៃ ៣០ មេសា ១៩៧៥ ជាព្រឹត្តិការណ៍មួយដែលបក្សកុម្មុយនិស្តយួន ឬរដ្ឋាភិបាល សាធារណរដ្ឋសង្គមនិយមវៀតណាម សព្វថ្ងៃចាត់ទុកថាជា ទិវារំដោះភាគខាងត្បូង (Ngày Giải Phóng Miền Nam) ហើយចំពោះមតិរបស់ប្រជាជនយួនសេរីនៅក្រៅប្រទេសវិញ គេបានចាត់ ទុកថ្ងៃនេះគឺជា ទិវាកំហឹងជាតិ (Ngày Quốc Hận) ចំណែកសារ ព័ត៌មាននៅអ៊ឺរុប បានចាត់ទុកថា ថ្ងៃនេះថាជាថ្ងៃក្រុងព្រៃនគរដួលរលំ (Sài Gòn sụp đổ, Fall of Saigon) ។
នៅថ្ងៃ ៣០ មេសា មុននេះ ៣៦ ឆ្នាំ គឺនៅឆ្នាំ ១៩៧៥ រដ្ឋាភិបាលសាធារណរដ្ឋ វៀតណាម ដឹកនាំដោយ លោកប្រធានាធិបតី យឿង វ៉ាំង ម៉ិន (Dương Văn Minh) ជាប្រធានាធិបតីចុងក្រោយបង្អស់នៃរបប មួយនេះ ដែលឡើងកាន់អំណាចបាន ២ ថ្ងៃតែប៉ុណ្ណោះ ក៏ត្រូវបានកងទ័ពរណសិរ្សរំដោះជាតិវៀតណាម ភាគខាងត្បូងផ្តួល រំលំ ដោយបានចាប់និងបង្ខំឲ្យលោក យឿង វ៉ាំង ម៉ិន អាននូវលិខិតសូមចុះចាញ់ រដ្ឋាភិបាលសាធារណរដ្ឋយៀកណាមភាគខាងត្បូង (Cộng Hòa Miền Nam Việt Nam) ។
ក្រោយពេលលោក យឿង វ៉ាំង ម៉ិន ជាប្រធានាធិបតី នៃរដ្ឋាភិបាលសាធារណរដ្ឋ យៀកណាម បានអាន លិខិតសូមចុះចាញ់ដោយគ្មានមូលហេតុ នៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ១៩៧៥ នោះ វាសនាជនជាតិខ្មែរ ក្រោមនៃដែនដីកម្ពុជាក្រោម ត្រូវបាន ឋិតនៅក្រោមការត្រួតត្រារបស់រដ្ឋាភិបាលសាធារណរដ្ឋយៀកណាម ភាគខាងត្បូង ដែលជារដ្ឋាភិបាលមួយបានកើតឡើងដោយរណសិរ្សរំដោះជាតិយួនភាគខាងត្បូង ហើយ រណសិរ្សនេះសោតត្រូវបានបង្កើតឡើង ដោយរដ្ឋាភិបាលបណ្តោះអាសន្ន សារធារណរដ្ឋប្រជាធិបតេយ្យ យួនខាងជើងដែលមានហូជីមិញជាប្រមុខរដ្ឋមុនដំបូងបង្អស់។
ក្រោយពីរដ្ឋាភិបាលសាធារណរដ្ឋវៀតណាម ដែលមាននិន្នាការលោកសេរី ត្រូវបាន ដួលរលំនៅថ្ងៃ ៣០ ខែមេសា ឆ្នាំ១៩៧៥ នោះមក នៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ១៩៧៦ រដ្ឋាភិបាលយួនទាំងពីរគឺ រដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមខាងជើង និងរដ្ឋាភិបាលសាធារណរដ្ឋវៀតណាមភាគខាងត្បូង បានឯកភាពរួបរួមគ្នាជារដ្ឋាភិបាល និង ប្រទេស មួយដោយដាក់ឈ្មោះថា សាធារណរដ្ឋសង្គមនិយមវៀតណាម (Cộng Hòa Xã Hội Chủ NghĩaVN)រហូតមកដល់សព្វថ្ងៃនេះ។
មុនពេលជ័យជំនះរបស់ពួកយួនកុម្មុយនិស្តទៅលើរដ្ឋាភិបាលយួនសេរីថ្ងៃ ៣០ ខែ មេសា ឆ្នាំ ១៩៧៥ ពួកគេបានច្បាំងគ្នាចុះឡើងៗមិនចេះចប់ហើយពួកយួនសេរី បានទម្លាប់គ្រាប់បែកបំផ្លាញវត្តអារាមព្រះពុទ្ធ សាសនាខ្មែរក្រោម នៅកម្ពុជាក្រោម ស្ទើរតែរលាយ ហើយពួកគេបានដោះស្រាយថា ទម្លាក់គ្រាប់ដើម្បី ដេញយៀកកុង (Việt Cộng) គឺពួកយួនកុម្មុយនិស្តឲ្យចេញពីវត្ត ។ ហេតុផលនេះ បានជម្រុញឲ្យព្រះ សង្ឃខ្មែរក្រោមជាច្រើនអង្គត្រូវចាញ់បោកយួនកុម្មុយនិស្ត ហើយនាំគ្នាចេញធ្វើបាតុកម្មប្រឆាំងអាមេរិក ប្រយោជន៍ឲ្យអាមេរិកដកទ័ពចេញពីដែនដីកម្ពុជាក្រោម [វៀត ណាមខាងត្បូង] ព្រោះបានជឿទៅលើ មនោគមវិជ្ជារបស់យួនកុម្មុយនិស្តឃោសនា ថា ទាហានអាមេរិក និងរដ្ឋាភិបាលសធារណរដ្ឋវៀតណាម តែងធ្វើបាបប្រជាជននិងបំផ្លាញព្រះពុទ្ធសាសនាខ្មែរក្រោម។
ក្រោយពីបក្សកុម្មុយនិស្តវៀតណាមបានទទួលជ័យជំនះទាំងស្រុងទៅលើរបបសាធា រណរដ្ឋយួននោះមក ក្រុមយួនកុម្មុយនិស្តមិនត្រឹមតែមិនបានដឹងគុណព្រះសង្ឃនិង ពលរដ្ឋខ្មែរក្រោមដែលបានជួយគាំទ្រខ្លួន ប៉ុណ្ណោះទេ តែបែរជាពួកគេ ថែមទាំងបាន ចាប់ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោមធ្វើទារុណកម្មទៅវិញ ។ ក្រោយព្រឹត្តិការណ៍ ៣០ មេសា នេះ សង្គ្រាមវៀតណាមក៏បានចប់ផងដែរ ដោយមាន ពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម និង ពលរដ្ឋយួនខាងក្បូង រួមជាមួយពលរដ្ឋយួន ខាងជើង ចំនួន ២ លាននាក់បានស្លាប់ ទាហានអាមេរិកកាំងចំនួន ៥៨.000 នាក់ត្រូវ បានបាត់បង់ជីវិតក្នុងសមរភូមិ ។ ក្រោយពីបានចូលកាន់កាប់ដែនដីកម្ពុជាក្រោមភ្លាម របបកុម្មុយនិស្តវៀតណាម បានចាប់ព្រះសង្ឃ និង ពលរដ្ឋខ្មែរក្រោមដែលជាអ្នកចេះ ដឹងរាប់ពាន់នាក់បញ្ជូនចូលទៅក្នុងមន្ទីរលត់ដំ ដាក់គុកខ្នោះឃ្នាង និងសម្លាប់យ៉ាងរង្គាល ដោយបានចោទប្រកាន់ខ្មែរក្រោមថា មានកំហុសផ្សេងៗ ដូចជា ព្រឹត្តិការណ៍ KC 50 ព្រឹត្តិ ការណ៍ ១៦ វិច្ឆិកា និងអ្នកដែលធ្លាប់បានធ្វើទាហាន ឬមន្ត្រីក្នុងរបសាធារណរដ្ឋវៀតណាម ជាដើម។ ពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោមជាច្រើនរូបត្រូវបានគេបញ្ជូនទៅរស់នៅតំបន់ អ្វីមួយដែលបក្ស កុម្មុយនិស្តយួនចាត់ទុកថា «តំបន់សេដ្ឋកិច្ចថ្មី» ជាកន្លែងដែលត្រូវប្រ ឈមនឹងការជីកប្រឡាយជីកព្រែក កាប់គាស់ទាំងថ្ងៃទាំងយប់គ្មានឈប់ឈរ។ដីស្រែ កេរដូនតាពលរដ្ឋខ្មែរក្រោមម្នាក់ៗត្រូវបានបក្សកុម្មុយ និស្តយួនយកធ្វើជាសម្បត្តិរួម គឺយួន និងខ្មែរធ្វើស្រែរួមគ្នា ស្រូវបានមកយួនយកទៅហាណូយអស់គ្មាន សល់ តាមគោល នយោបាយអ្វីមួយដែលបក្សកុម្មុយនិស្តយួនហៅថា «សមោហភាព ឬ តឹបដង (Tap Doan) » ។ ក្រោយពីគោលនយោបាយសមោហភាព ឬ តឹបដង របស់បក្សកុម្មុយនិស្ត យួនបានរំសាយ ដីកេរដូនតារបស់ពលរដ្ឋខ្មែរក្រោមមិនបានរដ្ឋាភិបាលសងមកវិញឡើយ ហើយបែរជាជនជាតិយួនដែល មិនមានដីសោះត្រូវបានរដ្ឋាភិបាលយកដីខ្មែរទៅចែកឲ្យទៅវិញ។ល។
ក្រោយពីព្រឹត្តិការណ៍ ៣០ មេសា ពលរដ្ឋខ្មែរក្រោមរាប់ពាន់គ្រួសារដែលត្រូវបានកុម្មុយ និស្តយួនដេញ តាមចាប់ និងសម្លាប់ ក៏បានភៀសខ្លួនតាមផ្លូវទូកឆ្លងកាត់សមុទ្ទ ទៅប្រទេសថៃខ្លះ កាត់ព្រំដែនចូលប្រ ទេសកម្ពុជាខ្លះ ជីវិតប្រឈមនឹងមហាគ្រោះថ្នាក់ក្នុង ដំណើរជីវិតនៃជនភៀសខ្លួនយ៉ាងជូរចត់បំផុត ។ កត្តានេះបានជម្រុញឲ្យជីវិតខ្មែរក្រោម រសាត់អណ្តែតរស់នៅប្រទេសនានា ទូទាំងពិភពលោក ដូចជា កម្ពុជា សហរដ្ឋអាមេរិក កាណាដា បារាំង អូស្ត្រាលី និង អ៊ីតាលី ជាដើម ។ មកដល់ឆ្នាំ ២០១១ នេះ រយៈពេល ៣៦ ឆ្នាំហើយដែលខ្មែរក្រោមនៅតែបន្តការ រស់នៅក្រោមរបបអាណានិគមបែបកុម្មុយនិស្តដ៏ ចាស់គំរិលរបស់យួននៃរដ្ឋា ភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម ខណៈដែលរបបប្រល័យពូជ សាសន៍ប៉ុលពតនៃរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ បានដួលរំលំក្រោយពី បានសម្លាប់រង្គាលពលរដ្ឋខ្មែរ ជាង៣លាននាក់ក្នុងអំឡុងពេលនៃការកាប់អស់ រយៈពេលជាង៣ឆ្នាំ កន្លងមក ។ មកដល់សម័យនេះ ហើយពលរដ្ឋខ្មែរក្រោម នៅតែត្រូវបានអាជ្ញាធរបក្សកុម្មុយនិស្តវៀតណាម ចាប់ដាក់គុកជាបន្តបន្ទាប់ ដោយចោទពីបទអ្វីមួយដែលរបបកុម្មុយនិស្តយួនអះអាងថា «មានគោលបំណង ផ្តួលរំលំរដ្ឋាភិបាល និង បង្កអសន្តិសុខសង្គមជាដើម) ដោយគ្រាន់តែព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម អានព្រឹត្តិប័ត្របោះពុម្ពជា អក្សរខ្មែរដែលមានពាក្យថា «កម្ពុជាក្រោម» ធ្វើបាតុកម្មដោយសន្តិវិធីដើម្បីទាមទារសិទ្ធិសាសនា និងដី កេរដូន តាជាដើមក្នុងនាមខ្លួនជាម្ចាស់ស្រុកតែប៉ុណ្ណោះ។ ដូចអ្វីដែលយើងបានឃើញ នឹងភ្នែកបច្ចុប្បន្ន រដ្ឋាភិបាលវៀតណាម កំពុងតែចាប់ខ្លួនលោក ចៅ ហេន ដាក់គុក នៅខេត្តមាត់ជ្រូក និងធ្វើទារុណកម្ម យ៉ាងព្រៃផ្សៃ ដោយលោក ចៅ ហេន គ្រាន់តែធ្វើការទាមទារដីកេររបស់ខ្លួនមកវិញតែប៉ុណ្ណោះ និងមាន ពលរដ្ឋខ្មែរ ក្រោមនិងព្រះសង្ឃជាច្រើនរូបដដទៃទៀត ត្រូវបានអាជ្ញាធរកុម្មុយនិស្តវៀតណាម ចាប់ផ្សឹក និងញាត់ចូលគុកជាបន្តបន្ទាប់ ៕
ប្រភព៖ សារព័ត៌មាន ព្រៃនគរ