៣០ មេសា

ដោយ សាវ៉ាន់/VOKK

ថ្ងៃ៣០មេសាឆ្នាំ១៩៧៥ ជាថ្ងៃដែលកងទ័ពយួនកុម្មុយនិស្ដដណ្ដើមបានក្រុងព្រៃនគរ ជាថ្ងៃដែលវៀតណាមភាគខាងត្បូងត្រូវបានរំដោះទាំងស្រុង ជាថ្ងៃដែលក្រុមបដិវត្តន៍យួន ទទួលបានជ័យជំនះលើពួកច័ក្រព័ត្រអាមេរិកាំង និងពួកបរិវាក្រុងព្រៃនគរ។ល។និង។ល។ ថ្វីដ្បិតតែ ថ្ងៃ៣០មេសាឆ្នាំ១៩៧៥ បានកន្លងទៅហើយជាង៣០ឆ្នាំក៏ដោយ តែព្រិត្តិការណ៍ ជាច្រើន ដែលទាក់ទងទៅនឹងថ្ងៃទី៣០មេសាឆ្នាំ១៩៧៥នោះ មិនទាន់រលុបចេញបាត់ពីសតិ អារម្មណ៍របស់ខ្ញុំនៅឡើយទេ ទោះបីខ្ញុំខំព្យាយាមបំភ្លេចវាយ៉ាងណាក៏ដោយ ពោលគឺកាន់តែ ព្យាយាមបំភ្លេច វាកាន់តែលេចធ្លោឡើង ក្នុងផ្នត់គំនិតរបស់ខ្ញុំជានិច្ច ហាក់ដូចជាព្រឹត្តិការណ៍ នោះៗ ទើបតែបានកើតមានឡើងក្នុងពេលថ្មីៗនេះសោះ។

វៀតណាមខាងត្បូងនៅឯណា? តាមកិច្ចព្រមព្រៀងក្រុងហ្សឺណែវឆ្នាំ១៩៥៤ វៀតណាម ខាងត្បូង គឺដែនដីដែលលាតសន្ធឹងពីខាងត្បូងនៃខ្សែស្របទី១៧ ចុះរហូតមកដល់ជ្រោយ ទឹកខ្មៅ។ ដូច្នេះទឹកដីមួយភាគធំនៃវៀតណាមខាងត្បូង គឺកម្ពុជាក្រោម។ បច្ចុប្បន្ននេះ មនុស្ស ភាគច្រើនហៅដែនដីនេះថា តំបន់វាលរាបនៃដងទន្លេមេគង្គ ព្រោះជារៀងរាល់ឆ្នាំ មុនពេលហូរ ចូលទៅកាន់សមុទ្រចិនខាងត្បូង ទឺកទន្លេមេគង្គបាននាំយកមកជាមួយនូវដីល្បាប់ចាក់បំពេញ តំបន់នេះ ឱ្យក្លាយទៅជាវាលរាបមួយ ដ៏ប្រកបទៅដោយជីរជាតិ ជាដែនដីមានតម្លៃយ៉ាងខ្ពស់ ខាងវិស័យកសិកម្ម។ រីឯអ្នកប្រវត្តិសាស្ត្រខ្លះ ហៅតំបន់នេះថាដែនដីកម្ពុជាក្រោម ព្រោះវាជា ដែនដីមួយភាគនៃមហានគរខ្មែរ តែចាប់តាំងពីសតវត្សរ៍ទី១៧មក មានជនជាតិយួនខ្លះ បាន លួចមកតាំទីលំនៅលើទឹកដីនេះ ដោយមូលហេតុផ្សេងៗពីគ្នា តែមូលហេតុដែលត្រូវបាន ជនជាតិខ្មែរម្ចាស់ស្រុក ចាត់ទុកថាជាមូលហេតុចម្បងនៃការហូរចូលជនអន្ដោបវេសន៍យួន មកកាន់តំបន់នេះ នោះគឺចំណងអាពាហ៍ពិពាហ៍រវាងស្ដេចខ្មែរនឹងក្ស័ត្រីយួនជំនាន់នោះ។ ឆ្នាំ១៦២០ស្ដេចជ័យជេដ្ឋាទី២ បានរៀបអភិសេកជាមួយក្ស័ត្រីយួនព្រះនាមង៉ុក-វ៉ាន”Ngoc Van” ដែលខ្មែរយើងតែងហៅថាព្រះនាងបុប្ផាវតី។ ការហូរចូលមកនៃជនជាតិយួន ពីមួយថ្ងៃ ទៅមួយថ្ងៃ មានចំនួនច្រើនសន្ធឹកសន្ធប់ រហូតដល់ពួកគេមានលទ្ធភាពអាចបង្កើតបន្ទាយ ដកហូតពន្ធដារបាននៅភូមិភាគព្រៃនគរ ដែលភាសាយួនហៅថាយ៉ា ឌិញ ថាញ។ នេះក៏ ជា ការចាប់ផ្ដើមចាត់តាំងផ្នែករដ្ឋបាលរបស់ជនជាតិយួន នៅលើទឹកដីខ្មែរជារៀងរៀបដរ៉ាប់មក ហើយពួកគេបានដណ្ដើមកាន់កាប់ដីធ្លីនៅតំបន់នេះ តាមមធ្យោបាយត្រជាក់ និងមធ្យោបាយ ក្ដៅបន្ដិចម្ដងៗ ជារៀងរាល់ថ្ងៃ។ កត្តានេះបានធ្វើឱ្យខ្មែរម្ចាស់ស្រុកកើតទុក្ខមិនសុខចិត្ត បាននាំ គ្នាកជាទ័ព កេណ្ឌជាពលប្រយុទ្ធប្រឆាំងនឹងជនអន្ដោបវេសន៍យួន ដើម្បីការពារខ្លួន និងដើម្បី ការពារទ្រព្យសម្បត្តិ កេរអាករស្រែចំការ បឹងបួ ទន្លេសមុទ្រ ព្រៃឈើ។ល។របស់ខ្លួន ដែល បុព្វជនខ្មែរបានលះបង់ញឹសឈាមកសាងទុកឱ្យ។ ការប្រយុទ្ធប្រឆាំងគ្នា រវាងជនជាតិទាំងពីរ ក្រុមនេះ បានធ្វើឱ្យកើតមានសង្គ្រាមអស់កាលដ៏យូរលង់ នៅក្នុងតំបន់នេះ។ ប្រហែលជាហេតុ ផលសង្គ្រាមរាំងជល់នេះហើយ ដែលបានបំផ្លាញតឹកតាំងប្រវត្តិសាស្ត្ររបស់ខ្មែរ នៅតំបន់នេះ អស់ស្ទើរតែគ្មានសល់ ហេតុនោះហើយ បានជាគេពុំសូវបានប្រទះឃើញឯកសារ ដែល សរសេរចារពីទឹកដីកម្ពុជាក្រោមប៉ុន្មានឡើយ។ ប្រការនេះ ដូចគ្នានឹងការបំផ្លាញ់តឹកតាង ប្រវត្តិសាស្ដ្រ ទម្លាប់ទំនៀម ប្រពៃណីខ្មែរ ដែលពួកខ្មែរក្រហមបានធ្វើ នៅពេលដែលពួកគេ ត្រួតត្រាទឹកដីខ្មែរ ក្នុងអម្លង់ពេល៣ឆ្នាំ៨ខែ២០ថ្ងៃនោះឯង។

ក្នុងពេលដែលខ្មែរកំពុងតែតស៊ូទប់ទល់នឹងការឈ្លានពានរបស់យួននោះ បារាំងក៏មក ដល់ឥណ្ឌូចិន ហើយដណ្ដើមបានទឹកដីនេះទាំងមូល បានដាក់អាណានិគមមកលើប្រជាជាតិ នៅតំបន់នេះ អស់ថេរៈវេលាជិតមួយរយឆ្នាំ។ ពេលបារាំដកថយពីឥណ្ឌូចិន ពួកអ្នកដឹកនាំ ប្រទេសបារាំជំនាន់នោះ បានឃុកឃិតជាមួយយួន លួចផ្ទេរអំណាចអាណានិគមទៅឱ្យស្ដេច យួនឈ្មោះបាវដាយ នៅថ្ងៃទី៤ខែមិថុនាឆ្នាំ១៩៤៩ ដោយពុំបានឱ្យប្រជាជាតិខ្មែរ ជាជនម្ចាស់ ស្រុកដឹងឡើយ។ ចាប់ពីពេលនោះមក យួនបានអំណាច ធ្វើភ្លៀងធ្វើផ្គរតាមទំនើងចិត្ត ដោយ ពុំបានគិតគូរពីសុខទុក្ខរបស់ប្រជាជាតិខ្មែរឡើយ រហូតដល់ឆ្នាំ១៩៥៤ សន្និសិទ្ធសន្តិភាពនៅ ទីក្រុងហ្សឺណែវ បានសន្មតិឱ្យមានវៀតណាមខាងត្បូង ដូចបានពោលខាងដើមខ្លះរួចមក ហើយនោះឯង។ ដោយសារវៀតណាមខាងត្បូងគឺជាកម្ពុជាក្រោម ម្លោះហើយបានជាមានជន ជាតិខ្មែររស់នៅយ៉ាងច្រើនកុះកនៅទីនេះ ពួកគាត់អាចរក្សាបានគង់វង់នូវភាពជាខ្មែរ រហូតមក ដល់សព្វថ្ងៃនេះផងដែរ។ តើក្រោយព្រឹត្តិការណ៍៣០មេសាឆ្នាំ១៩៧៥ប្រជាជាតិខ្មែរមាន សភាពយ៉ាងណា?

ក្នុងសៀវភៅ‹ទុក្ខខ្មែរក្រោម› លោកថាច់ សេរ្ស បានពិពណនាទុក្ខខ្មែរក្រោមច្រើនជា អនេក។ ខ្មែរក្រោមត្រូវបានយួន គឺយួនទាំងជាអ្នកកាន់អំណាច ក្នុងរបបក្រុងព្រេនគរមុនឆ្នាំ ១៩៧៥ ដែលមានសារាចរចេញជាច្រើនដោយរបបនេះ បានព្យាយាមសម្លាប់ខ្មែរ ដោយ មធ្យោបាយផ្សេងៗ ក្នុងនោះមានសារាចរយួនកំណើតខ្មែរជាដើម។ នៅទំព័រ១៣៨ក្នុងទុក្ខ ខ្មែរក្រោម មានសេចក្ដីថា ក្រោយថ្ងៃទី៣០មេសាឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៨៦មានសារាចរ ដល់ទៅ៣គឺ សារាចរលេខ១១៧/១៩៧៧ ដោយ‹Le Thanh Nghi  ›លេខ២២១/១៩៧៧ ដោយ‹ To Huu › ព្រមទាំងសារាចរលេខ២៩៧ ដោយនាយករដ្ឋមន្ត្រី‹Pham Van Dong ›។ សារាចរទាំនេះបានធ្វើឱ្យខ្មែរក្រោមរងទុក្ខយ៉ាងធ្ងនថ្ងូរ ពោលគឺៈ

១/យួនកុម្មុយនិស្ដបានចាប់អ្នកប្រាជ្ញ សិស្សនិស្សិត បញ្ញវន្ដខ្មែរក្រោមយកទៅថ្វើទារុណ្ឌកម្ម ដោយគ្មានហេតុផល ដាក់គុកខ្មែរក្រោមដោយចោទថា ជាប័ក្សពួករបស់ សីហនុ សឺង សាន។

២/យួនកុម្មុយនិស្ដបានរិបអូសយក ក្បួនខ្នាតគម្ពីរដិកាពីវត្តអារាមខ្មែរ រួចដុតចោលគ្មានសល់។

៣/យួនកុម្មុយនិស្ដបំបិទអក្សរសាស្ត្រខ្មែរនិងភាសាខ្មែរ ទូទៅទាំងប្រទេស មិនឱ្យខ្មែរនិយាយភាសាខ្មែរនិងរៀនអក្សរខ្មែរតទៅទៀត។

៤/យួនកុម្មុយនិស្ដមានផែនការ លបលួចយកព្រះពុទ្ធរូបអង្គសំរិទ្ធ មាស ប្រាក់ជាច្រើន ដូចជាករណីយ៍នៅវត្តចារុ៍ វត្តស្វាយសៀមចាស់ វត្តស្វាយសៀមថ្មីជាដើម។

៥/យួនកុម្មុយនិស្ដចាប់បង្ខំឱ្យកូនខ្មែរក្រោមទាំងអស់រៀនអក្សរនិងភាសាយួន។

៦/កូនខ្មែរទាំងឡាយណា ដែលចេះស្រឡាញ់វប្បធម អក្សរសាស្ត្រខ្មែរ និងភាសាខ្មែរគឺត្រូវយួនចាប់យកទៅពិន័យជាទោស ដោយចោទថាជា‹ខ្មែរសេរីការ›។

៧/យួនបានយកគ្រាប់បែកទៅលាក់ទុកក្នុងវត្តអារាមព្រះពុទ្ធសាសនាខ្មែរ រួចគេបានទៅ ឆេកឆេរក្នុងវត្តនោះៗ រួចក៏ចោទព្រះសង្ឍក្នុងវត្តថាមានគ្រឿងផ្ទុះ ក៏ចាប់ព្រះសង្ឍមាននាទីជា អាចារ្យ មហា ចៅអធិការ គ្រូសូត្រយកទៅផ្សឹក ចាប់ញោមវត្ត អាចារ្យវត្តយកទៅពិន័យ្យទោស អស់គ្មានសល់ ដូចករណីយ៍វត្តកំពង់ទីរួមខែត្រព្រះត្រពាំងជាដើម។

៨/យួនកុម្មុយនិស្ដរិបអូសយកវត្តអារាមខ្មែរនៅកម្ពុជាក្រោម ធ្វើជាទីស្នាក់ការឬជាទីចាត់ការ របស់ពួកវា មានវត្តស្វាយសៀមចាស់ វត្តស្វាយសៀមថ្មី និងវត្តតាថៀវជាដើម។

៩/យួនកុម្មុយនិស្ដបិទសិទ្ធខ្មែរនៅកម្ពុជាក្រោម មិនឱ្យធ្វើបុណ្យទានជាដាច់ខាត គឺគេហាម មិនឱ្យជឿព្រះពុទ្ធសាសនាតទៅទៀត។

១០/យួនកុម្មុយនិស្ដចាប់ព្រះសង្ឃផ្សឹកទូទាំងប្រទេស និយាយដោយឡែកតែខែត្រព្រះត្រពាំង មួយ មានដល់ទៅ៥៦៨ ត្រូវបានយួនផ្សឹក ដាក់គុក ធ្វើទារុណ្ឌកម្មរហូតដល់បាត់បង់ជីវិត មានព្រះគ្រូថាច់ សាល ព្រះគ្រូថាច់ ដៀក ព្រះគ្រូថាច់ រាជ ព្រះគ្រូថាច់ ចឿង ព្រះគ្រូគឹម សាង ព្រះគ្រូយ៉ាង ដាកជាដើម។ទុក្ខរបស់ខ្មែរក្រោម បើយើងអាចមើលឃើញដោយមំសចក្ខុនោះ ប្រាកដជាមានទំហំប៉ុនភ្នំព្រះសុមេរុ៍ ទឹកភ្នែកខ្មែរបានហូរក្លាយបឹង ស្ទឹង ទន្លេ។ ឯឈាមខ្មែរ ប្រាកដណាស់បានស្រក់ពាសពេញមាតុភូមិរបស់យើង ព្រោះតែបុព្វហេតុជាតិ។

ចំណែកខ្ញុំវិញ ខ្ញុំនៅចាំបានថា ក្រោយថ្ងៃ៣០មេសា១៩៧៥ ខ្មែរក្រោមត្រូវរងទុក្ខវេទនា ច្រើនណាស់ គឺទុក្ខព្រោះការព្រាត់ប្រាស់ អត់ឃ្លានព្រោះបាត់បង់កេរអាករ ស្រែចំការ។ល។ កូនព្រាត់ពុក ប្រព័ន្ធព្រាត់ប្តី យាយព្រាត់ចៅ សង្ឃព្រាត់វត្ត សិស្សព្រាត់គ្រូ ហើយនៅមានទៀត គូសង្សារក្រមុំកំឡោះព្រាត់ប្រាស់គ្នា… ការព្រាត់ននិរាសញាតិសន្ដាន ដែលខ្មែរក្រោម ត្រូវជួប ប្រទះនៅតែមានរហូតមកដល់សព្វថ្ងៃនេះ ។

ថ្ងៃទី៣០មេសា២០១២