១១ ឆ្នាំវត្តមាន «ខ្មែរក្រោម» នៅក្នុងឆាកអន្តរជាតិ

ដោយ ថាច់ ប្រីជា គឿន l ទស្សនៈ សារព័ត៌មាន ព្រៃនគរ

ឧទ្ទិសដល់ខួប ១១ ឆ្នាំ ថ្ងៃសហព័ន្ធខ្មែរកម្ពុជាក្រោមបានចូលជាសមាជិកអង្គការ UNPO
(១៥ កក្កដា ២០០១ – ១៥ កក្កដា ២០១២)
ទង់ជាតិរបស់ប្រជាជាតិ « ខ្មែរក្រោម » ។
នៅថ្ងៃទី ១៥ ខែកក្កដា ខាងមុខនេះ ជាថ្ងៃគម្រប់ខួប ១១ ឆ្នាំ ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម  (Khmers Kampuchea – Krom Federation) បានចូលជាសមាជិកនៃ អង្គការប្រជាជាតិ និងពលរដ្ឋ ដែលគ្មាន តំណាង (Unrepresented Nations and Peoples Organization) ហៅកាត់ថា UNPO កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ នៅទីក្រុឡាអេ ប្រទេសហូឡង់ ។ សមិទ្ធិផល ជាបឋមដែលកើតចេញ ពីការចូល ជាសមាជិក នៃអង្គអន្តរជាតិមួយនេះ គឺបានធ្វើឲ្យអង្គការនេះ ទទួលស្គាល់ឈ្មោះ « ខ្មែរក្រោម » ហើយបានកត់ ចូលក្នុងបញ្ជីសមាជិករបស់គេជាភាសាអង់ គ្លេសថា « Khmer Krom » ដោយគេបានទទួលស្គាល់ « ខ្មែរក្រោម » ថាជាប្រជាជាតិមួយនៃ ដែនដីកម្ពុជាក្រោម ឬ ភាគខាងត្បូងវៀតណាម ។ នេះជាការកត់សម្គាល់ ជំហានចាប់ផ្ដើមមួយ ដែលបានធ្វើឲ្យវត្តមានរបស់ « ខ្មែរក្រោម » បានលេចមុខចេញ នៅក្នុងឆាក អន្តរជាតិរហូតមក ដល់ថ្ងៃនេះ ។
ខណៈដែលពលរដ្ឋខ្មែរក្រោមមានប្រមាណជិត ៨ លាននាក់ដែលកំពុងរស់នៅដែនដីកម្ពុជា ក្រោមសព្វថ្ងៃត្រូវ បានមជ្ឈដ្ឋានជាតិ និងអន្តរជាតិដឹងឮព័ត៌មានពីពួកគេកាន់តែច្រើននាពេល បច្ចុប្បន្ននេះ មានពលរដ្ឋខ្មែរក្រោម ខ្លួនឯងផង និងពលរដ្ឋខ្មែរនៃប្រទេសកម្ពុជាផង ក្នុងនោះ មានអ្នកកាសែតនិងមន្ត្រីរដ្ឋាភិបាលមួយចំនួន  បាននិយាយនិងប្រើប្រាស់ឈ្មោះ «ខ្មែរក្រោម» និងដែនដី « កម្ពុជាក្រោម » មិនទាន់បានត្រឹមត្រូវនៅឡើយ ។
នាពេលកន្លងមក យើងសង្កេតឃើញមានមនុស្សមួយចំនួនបាននិយាយពាក្យសំដៅទៅលើ ពលរដ្ឋ« ខ្មែរក្រោម » ឬ « ខ្មែរ » ដែលរស់នៅដែនដីកម្ពុជាក្រោមថា « បងប្អូនកម្ពុជាក្រោម » និងអ្នកខ្លះទៀតនិយាយពាក្យ សំដៅលើឈ្មោះភូមិសាស្ត្រ ឬឈ្មោះដែនដី « កម្ពុជាក្រោម » ថា  ខ្មែរកម្ពុជាក្រោម » ឬ « ខ្មែរក្រោម » ទៅវិញ ដូចជានិយាយ « ខ្ញុំមកពីខ្មែរក្រោម » ឬ « ខ្ញុំធ្លាប់ ទៅខ្មែរក្រោមលេង » ជាដើម ដែលមើលទៅ ហាក់ដូចជាពួកគាត់នៅមានភាពស្រពេចស្រពិល នៅឡើយ ។
« ខ្មែរក្រោម » ជាឈ្មោះពលរដ្ឋម្ចាស់ស្រុកដែនដី «កម្ពុជាក្រម » ។
ឈ្មោះទាំងពីរនេះ ប្រសិនបើលោកអ្នកយកចិត្តទុកដាក់នោះ វាមិនមានការយល់ច្រឡំគ្នាឡើយ គឺ « ខ្មែរក្រោម » សំដៅទៅលើមនុស្ស ឬ ពលរដ្ឋដែលរស់នៅលើទីតាំងនៃដែនដីកម្ពុជាក្រោម និង រីឯ « កម្ពុជាក្រោម » វិញ សំដៅទៅដែនដីដែលខ្មែរក្រោមកំពុងរស់នៅ ឬ ខ្មែរក្រោមជាម្ចាស់ ស្រុកនៃដែនដីកម្ពុជាក្រោម ។ ដូច្នេះ បើយើង ចង់និយាយសំដៅទៅលើមនុស្ស ឬ ពលរដ្ឋគួរប្រើ ពាក្យថា « ខ្មែរក្រោម » ដូចជានិយាយថា « ខ្ញុំជាខ្មែរក្រោម » ឬ « បងប្អូនខ្មែរក្រោម » ជាដើម និងបើចង់និយាយសំដៅទៅលើដែនដី ឬ ភូមិសាស្ត្រ ត្រូវហៅថា « កម្ពុជាក្រោម » ឬ ថា «ដែនដី កម្ពុជាក្រោម » ដូចជានិយាយថា « ខ្មែរក្រោមជាម្ចាស់ស្រុកនៃ ដែនដីកម្ពុជាក្រោម » , « ខ្មែរក្រោម ត្រូវបានអាជ្ញាធរវៀតណាម ធ្វើទុក្ខបុកម្នេញនៅកម្ពុជាក្រោម » , « ខ្ញុំបាន ទៅលេងនៅកម្ពុជា ក្រោម » និង «កម្ពុជាក្រោម ជាដែនដីមួយភាគនៃប្រទេសកម្ពុជា ពីអតីតកាល » ជាដើម ។
« កម្ពុជាក្រោម » ជាឈ្មោះដែនដីដែល «ខ្មែរក្រោម» ជាម្ចាស់ស្រុក ។
ទម្រាំបានគេស្គាល់ថា « ខ្មែរក្រោមជានរណា ? » និង «កម្ពុជាក្រោមនៅទីណា ? » នោះ គឺដូនតា ខ្មែរក្រោម បានតស៊ូយ៉ាងស្វិតស្វាញប្រឆាំង នឹងការព្យាយាមលុបបំបាត់ពូជសាសន៍ ពីរបបយួនគ្រប់យុគសម័យ ដែលអស់ លោកទាំងនោះ មានឧកញ៉ា សឺង គុយ ជាដើម បានបូជាជីវិតដើម្បីរក្សាព្រះ ពុទ្ធសាសនាថេរវាទឲ្យ បានគង់វង្ស ដល់សព្វថ្ងៃ ។ ដូច្នេះ ដើម្បីបានសម្រេចទិសដៅអ្វីមួយដែលខ្មែរ ក្រោមគ្រប់រូបចង់បាននាពេ លអនាគតនោះ  គឺបុគ្គលខ្មែរក្រោមខ្លួនឯងត្រូវដឹងឲ្យបាន ច្បាស់អំពីខ្លួន ជាងគេទាំងអស់ ហើយនាំគ្នាប្រាប់ទៅមជ្ឈដ្ឋាននានា ឲ្យបានជ្រាបនូវអត្ដសញ្ញាណរបស់ខ្លួន ទើបធ្វើឲ្យខ្មែរក្រោមកាន់តែពង្រឹងបាននូវឥទ្ធិពលរបស់ខ្លួន នៅក្នុងឆាក អន្តរជាតិ ។
ចាប់តាំងពីថ្ងៃដែល «ខ្មែរក្រោម» បានចូលជាសមាជិកអង្គការប្រជាជាតិ និងពលរដ្ឋគ្មានតំណាង (UNPO) ដែលមានសហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) ជាអ្នកតំណាងធ្វើការផ្នែកសិទ្ធិមនុស្សជាមួយ សហគមន៍អន្តរជាតិ មកដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំនេះ មានរយៈពេលតែ ១១ ឆ្នាំគត់ប៉ុណ្ណោះបាន ធ្វើឲ្យរដ្ឋាភិបាលវៀតណាម មានការផ្លាស់ប្ដូរនយោបាយសម្រាប់ពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម គួរឲ្យកត់សម្គាល់ ។ នេះក៏ ដោយសារតែឈ្មោះ « ខ្មែរក្រោម » ត្រូវបានលេចមុខចេញនៅក្នុង វេទិកាអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិ ស្ដីពីបញ្ហាជនជាតិដើម (UNPFII) ជារៀងរាល់ឆ្នាំ ដែល ធ្វើឲ្យរដ្ឋាភិបាលវៀតណាម មិនអាចលាក់បាំង ខ្មែរក្រោម នៅក្នុងរនាំងដែករបស់គេបានតទៅទៀត ។
ដូច្នេះ ការដែលខ្មែរក្រោមនាំគ្នាហៅឈ្មោះ « ខ្មែរក្រោម » និងដែនដី « កម្ពុជាក្រោម » របស់ខ្លួន ឲ្យបានច្បាស់, ការដុះឡើងនូវធនធានមនុស្សខ្មែរក្រោមនៅគ្រប់ទីកន្លែង និងការពង្រឹកឥទ្ធិរបស់ ខ្មែរក្រោម នៅក្នុងឆាក អន្តរជាតិ ជាគន្លឹះមួយចាប់ផ្ដើមឆ្ពោះទៅរកការផ្លាស់ប្ដូរសង្គមខ្មែរក្រោមទាំង នៅក្រៅប្រទេស និងនៅដែនដីកម្ពុជាក្រោមនាពេលអនាគត ៕