ឥស្សរជន​ប្រឆាំង​ការ​រើស​អើង​ពូជ​សាសន៍​ អាហ្រ្វិក​ខាង​ត្បូង​ទទួល​មរណ​ភាព

លោក Nelson Mandela និមិត្តរូប​នៃ​ការតស៊ូ​ប្រឆាំង​នឹង​ការ​រើស​អើង​ពូជ​សាសន៍ និង​ជា​ឥស្សរជន​នយោបាយ​នៃ​សតវត្សរ៍​ទី ២០ ដែល​ត្រូវ​បាន​គេ​គោរព​គ្រប់​គ្នា បាន​ស្លាប់​នៅ​អាយុ ៩៥​ ឆ្នាំ​ កាល​ពី ថ្ងៃទី ០៥ ខែធ្នូ ​ម្សិល​មិញ។

លោក Nelson Mandela និមិត្តរូប​នៃ​ការតស៊ូ​ប្រឆាំង​នឹង​ការ​រើស​អើង​ពូជ​សាសន៍នៅអាហ្រ្វិកខាងត្បូង។ រូបថត AFP
លោក Nelson Mandela និមិត្តរូប​នៃ​ការតស៊ូ​ប្រឆាំង​នឹង​ការ​រើស​អើង​ពូជ​សាសន៍នៅអាហ្រ្វិកខាងត្បូង។ រូបថត AFP

ម្ចាស់​ពានរង្វាន់ Nobel សន្តិភាព ដែល​ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ទី ១ ស្បែក​ខ្មៅ​នៅ​អាហ្វ្រិក​ខាងត្បូង បន្ទាប់​ពី​ចំណាយ​ពេល​ជិត ៣ ទសវត្សរ៍​ជា​អ្នក​ទោស​នយោបាយ បាន​ទទួល​មរណភាព​នៅ​ផ្ទះ​របស់​លោក​នៅ​ទីក្រុង Johannesburg បន្ទាប់ពី​តស៊ូ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​សួត។

ព័ត៌មាន​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​ទៅ​ទូទាំង​ប្រទេស និង​ពិភព​លោក​ដោយ ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង Jacob Zuma ដែល​បាន​ផ្សាយ​សម្តែង​នូវ​ទុក្ខ​ក្រៀមក្រំ​នេះ ។

លោក Zuma ដែល​ត្រូវបាន​ជាប់ឃុំ​នៅលើ​កោះ Robben ផងដែរ​នោះបាន​និយាយថា « លោក Nelson Rolihlahla Mandela ជាទី​ស្រឡាញ់​របស់​ពួកយើង ជា​ប្រធានាធិបតី​ស្ថាបនិក​នៃ​ប្រទេស​ប្រជាធិបតេយ្យ​របស់​យើង បាន​ចាកចេញ​ហើយ»។

«ប្រទេស​របស់​យើង​បាន​បាត់បង់​នូវ មនុស្ស​ដ៏​អស្ចារ្យ, ប្រជាជាតិ​យើង​បាន​បាត់បង់​នូវ​ឪពុក​ដ៏​អស្ចារ្យ»។

លោក Mandela ត្រូវបាន​បញ្ជូន​ចេញពី​មន្ទីរពេទ្យ​កាលពី​ខែ​កញ្ញា ប៉ុន្តែ​ត្រូវបាន​បន្ត​ទទួល​ការព្យាបាល​នៅឯ​ផ្ទះ​របស់លោក ។ រូបលោក​មាន​បញ្ហា​សួត​នេះ​យូរ​មក​ហើយ បន្ទាប់ពី​បាន​ឆ្លង​ជំងឺ របេង​កាលពី​នៅក្នុង​គុក ៕ ភ្នំពេញប៉ុស្តិ៍