
ឥទ្ធិពលវិទ្យុ “សំឡេងកម្ពុជាក្រោម” ចំពោះរដ្ឋាភិបាលវៀតណាម
ក្រោយពីបានចេញផ្សាយជាង ១២ ឆ្នាំ កន្លងមក វិទ្យុសំឡេងកម្ពុជាក្រោម បានក្លាយជាបណ្ដាញព័ត៌មានមួយផ្ដល់ប្រយោជន៍ដល់ពលរដ្ឋខ្មែរទូទាំងពិភពសម្រាប់ចូលមើលព័ត៌មានផ្សេងៗ ជាពិសេសព័ត៌មានខ្មែរក្រោម ។ ក្រៅពីនេះ វិទ្យុសំឡេងកម្ពុជាក្រោម ក៏ជាសំឡេងមួយសម្រាប់ដាក់សម្ពាធដល់រដ្ឋាភិបាលវៀតណាម កែប្រែឥរិយាបទនយោ បាយលើពលរដ្ឋខ្មែរក្រោម ផងដែរ ។លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានមានប្រសាសន៍ថា ការផ្សាយរបស់វិទ្យុសំឡេងកម្ពុជា ក្រោម អាចក្នុងទិសដៅ ៣ យ៉ាងធំៗ គឺ ទី ១ សម្រាប់ឲ្យពលរដ្ឋខ្មែរក្រោមនៅក្នុងស្រុកបានជ្រាបព័ត៌មាន ទី ២ សម្រាប់ពលរដ្ឋខ្មែរក្រោមនៅក្រៅប្រទេសបានដឹងពីស្ថានភាពខ្មែរក្រោមនៅក្នុងស្រុក និងទី ៣ ធ្វើឲ្យពលរដ្ឋខ្មែរដែលមានកំណើតនៅប្រទេសកម្ពុជា ដឹងអំពីខ្មែរក្រោមកាន់តែច្បាស់ ។
លោក ថាច់ ង៉ុក ថាច់ បានមានប្រសាសន៍បន្តទៀតថា វិទ្យុសំឡេងកម្ពុជាក្រោមមានតួនាទី អប់រំឲ្យប្រជាពលរដ្ឋ ខ្មែរទូទៅបានដឹងថា ខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម មានការរក្សាប្រពៃណី វប្បធម៌ ទំនៀមទម្លាប និងព្រះពុទ្ធ សាសនា ជាដើម ឲ្យគង់វង្សរហូតមកដល់សព្វថ្ងៃ ។
លទ្ធផលសំខាន់ជាងនេះទៅទៀតនោះ លោក ថាច់ ង៉ុក ថាច់ បានមានប្រសាសន៍ថា វិទ្យុសំឡេងកម្ពុជាក្រោម បានធ្វើឲ្យពលរដ្ឋខ្មែរក្រោម នៅក្រៅប្រទេស មានការចាប់អារម្មណ៍កាន់តែខ្លាំងថែមទៀត ចំពោះបញ្ហាសុខទុក្ខរបស់ ពលរដ្ឋខ្មែរក្រោមអ្នកនៅក្នុងស្រុក និងថា សហព័ន្ធខ្មែរកម្ពុជាក្រោម តែងតែយកសំឡេង និងប្រភពព័ត៌មានដែល ទាក់ទិននឹងការរំលោភសិទ្ធិមនុស្សលើពលរដ្ឋខ្មែរក្រោមពីសំណាក់រដ្ឋាភិបាលវៀតណាម ទៅប្ដឹងអង្គការសហប្រ ជាជាតិ និងអង្គការសិទ្ធិមនុស្សនានា ផងដែរ ។ ហេតុនេះហើយ លោក ថាច់ ង៉ុក ថាច់ បានបញ្ជាក់ថា វិទ្យុសំឡេងកម្ពុជាក្រោម បានក្លាយទៅជាសំឡេងមួយដ៏មានឥទ្ធិពលធ្វើឲ្យរដ្ឋាភិបាលវៀតណាមប្ដូរឥរិយាបថ នយោបាយរបស់ខ្លួនលើពលរដ្ឋខ្មែរក្រោម នៅកម្ពុជាក្រោម ។
ក្រៅពីផ្សាយព័ត៌មាន វិទ្យុសំឡេងកម្ពុជាក្រោម តែងតែងផ្សាយនូវដំណឹងកម្មវិធីបុណ្យផ្សេងៗដែលពលរដ្ឋខ្មែរក្រោម នៅគ្រប់ទិសទីធ្វើផងដែរ ។ ទន្ទឹមនឹងនេះដែរ លោកក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរក្រោមឲ្យនាំគ្នាជួយឧបត្ថម្ភ ដល់វិទ្យុសំឡេងកម្ពុជាក្រោម ដើម្បីការផ្សាយមួយនេះកាន់តែប្រសើឡើង ។
ពីប្រទេសកាណាដា លោក តោ គិម ថុង អតីតអធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម បាន ធ្វើការចាប់អារម្មណ៍ចំពោះការ តាមរយៈសារអ៊ីម៉ែលថា “អាយុ ១២ ឆ្នាំសម្រាប់ស្ថានីយ៍វិទ្យុមួយ គឺមានចំណាស់ចាស់ទុំណាស់ ជាពិសេស សម្រាប់វិទ្យុរបស់កូនអ្នកក្រដូច “សំឡេងកម្ពុជាក្រោម” ។
លោកបានបន្តបញ្ជាក់អំពីមូលហេតុដែលនាំឲ្យវិទ្យុនេះ អាចមានអាយុរហូតដល់ ១២ ឆ្នាំ នោះ និងរីកចម្រើនជាលំ ដាប់នោះ អាស្រ័យលើមូលហេតុ ៣ យ៉ាងជាចម្បង គឺ៖ “ ទី ១ មានគោលជំហរនឹងនួន មិនងាករេ គឺ បន្តបេសកកម្មផ្តល់សំឡេងជូនខ្មែរក្រោមដែលត្រូវយួនបិទមាត់ ទី ២ ចិត្តប្តេជ្ញាបម្រើជាតិរបស់មេក្រុមការងារពី ជំនាន់មួយទៅមួយ បូកផ្សំជាមួយនឹងបន្ទុកទទួលខុសត្រូវរួមពីសំណាក់បុគ្គលិកនៃក្រុមការងារទាំងមូល និង ទី ៣ ការបណ្តុះបណ្តាលធនធានមនុស្ស ពោលគឺ ពេលណាមានអ្នកសម្រាក់ពីតំណែង តែងមានអ្នកបន្លាស់ត្រៀមចាំជាស្រេច ។
លោកបន្តទៀតថា “គំរូដ៏ល្អនេះ គួរចាត់ទុកជាបទពិសោធន៍សម្រាប់ គ្រប់ស្ថាប័នក្នុងអង្គការសហព័ន្ធខ្មែរកម្ពុជា ក្រោម ពីកំពូលចុះក្រោម” ៕