អ្វីដែលចាប់ផ្តើម ត្រូវតែមានទីបញ្ចប់

ជារៀងរាល់ពេល ខ្មែរកម្ពុជាក្រោម ដែលធ្វើ ការ ក្នុងសហព័ន្ធខ្មែរកម្ពុជាក្រោម ច្រើនតែ ទទួលសំនួរមួយពីខ្មែរមកពីកម្ពុជាកណ្តាល ថា ‹‹ម្តេចទៅ ? តើយើងមានសង្ឃឹមដែរឬទេ?›› មិនមានអ្វីគួរឲ្យឆ្ងល់ទេ សំនួរនេះប្រាកដជា បានន័យថា យើងទាមទារទឹកដីកម្ពុជាក្រោម មកវិញបានដែរឬទេ? វាជាសំនួរមួយដ៏ មានន័យកំសត់ លន្លង់លន្លោចដូចយើង កំពុងឈរលើកោះមួយ កណ្តាលមហាសាគរ ហើយបាំងដៃរកមើលមាត់ច្រាំង។ ជាសំនួរ មួយដ៏លំបាក មិនអាចឆ្លើយបានដោយពាក្យមួយម៉ាត់យ៉ាងខ្លីនោះទេ។ សំនួរនេះ មានន័យប្រហាក់ប្រហែល នឹងអ្នកដែលសួរអ្នកមកពីសំណាក់ធម៌ឬអ្នកមកពី ធ្វើវិបស្សនាថា៖ ម្តេចទៅ? រកឃើញបានធម៌ដែរឬទេ ? ចុចស្តាប់ជាសំឡេង

Texte alternatif

ក៏ដូចជាមានសិស្សដែលសួរទៅលោកគ្រូ វិបស្សនាឈ្មោះ ហ្គោអឹងកា ថា តើលោកគ្រូបានសម្រេចជាព្រះអរហន្តហើយឬនៅ? សំនួរនេះ លោកគ្រូ ហ្គោអឹងកាបានឆ្លើយថា ដែលលោកដឹងខ្លួនលោក គឺលោកកំពុងតែនៅលើផ្លូវនោះឯងហើយ។ ក៏ដូចគ្នា សហព័ន្ធខ្មែរកម្ពុជាក្រោមមិនអាចឆ្លើយ ហើយក៏មិនបានគិតងាយៗថា នឹងដណ្តើមយកទឹកដីកម្ពុជា ក្រោមមកថ្ងៃនេះ ឬថ្ងៃនោះក៏ទេដែរ ប៉ុន្តែគ្រាន់តែបានដាក់ខ្លួន ទទួលយកបេសកកម្មប្រវតិ្តសាស្រ្តដ៏ថ្លៃថ្លា មួយ ថាក្នុងនាមជាមនុស្សជាតិឈ្មោះខ្មែរកម្ពុជាក្រោម នឹងមិនដេកស្ងៀមបណ្តោយអោយពួកឈ្លានពាន យួនបន្តរំលោភសិទ្ធិសេរីភាព លើទឹកដីកំណើតខ្លួនឯងតទៅទៀតបានទេ ។ បេសកកម្មនេះនេះត្រូវរៀប ចំធ្វើបន្តជំនាន់មនុស្ស តែត្រង់ថាទៅដល់ទីណានោះ មិនមែនខ្មែរក្រោមជាអ្នកកំណត់ទេ ប៉ុន្តែគឺអ្នកដែល ជិះជាន់គេនោះហើយ ដែលត្រូវដឹងខ្លួនឯង។ ចំពោះរឿងនេះ ភព្វវាសនារបស់អ្នកឈ្លានពានគេ និង ចលនាងើបឡើងរើបំរះមិនអោយគេជិះជាន់ត្រូវតែឈរលើច្បាប់ធម្មជាតិដូចគ្នា គឺអ្វីដែលកើតឡើង ហើយ ត្រូវតែមានទីបញ្ចប់ គឺអ្វីៗសុទ្ធតែអនិច្ចំមិនទៀងទាត់ កើតឡើងហើយ ត្រូវតែវិនាសទៅវិញ។ ឬមួយអំពើបំបាត់ពូជខ្មែរក្រោមបំបាត់ដានមចាស់ទឹកដីដែលខ្លួនបានឈ្លានពានត្រូវរាំងស្ទះដោយសារចលនារើបំរះ ឬក៏ចលនាស្នេហាជាតិខ្មែរខ្លួនឯងកើតហើយត្រូវរលត់ទៅវិញ ដោយសារការងារគ្រប់គ្រង មិនបានហ្មត់ចត់ល្អ ឈានដល់ភាពគ្មានប្រសិទ្ធិភាព។ ចំពោះករណីខាងក្រោយនេះ បើយើងក្រលេក មើលក្រោយ ចំពោះចលនាស្នេហាជតិរបស់ខ្មែរទាំងឡាយពីអតីតកាល ដែលកើតហើយរលត់ទៅវិញ នោះ មានច្រើនរាប់មិនអស់។ ក្នុងរឿងប្រលាមលោកទាំងឡាយដែលយើងធ្លាប់មើល មានរឿង ដែលបញ្ចប់ដោយកំសត់និរាសព្រាត់ប្រាស និងរឿងដែលត្រូវចប់ដោយជួបជុំសប្បាយរីករាយ ។ យើងក៏សង្កេតឃើញថា គ្មានអ្នកមើលណាម្នាក់ ចង់អោយតួអង្គស្លាប់នៅចុងក្រោយទេ គឺសុទ្ធតែចង់ អោយចប់ ដោយជួបជុំសប្បាយ “Happy ending”។ ចំពោះរឿងនយោបាយប្រទេសជាតិខ្មែរយើង ដែលមានអ្នកដឹកនាំក៏មានតួនាទីដូចអ្នកនិពន្ធនោះ តើបានសរសេររឿងបញ្ចប់ដោយជួបជុំសប្បាយ រីករាយបានប៉ុន្មានរឿងហើយដែរ? តើមានប៉ុន្មានរឿងហើយ ដែលអ្នកនិពន្ធបានប្រើដងប៉ាកាសម្លាប់ តួអង្គខ្លួនឯង? បើរាប់ត្រឹមតែព្រឹត្តិការណ៍ថ្មីៗដែលយើងបានឆ្លងកាត់ សម័យសង្គមរាស្រ្តនិយម សម័យ សាធារណរដ្ឋ សម័យវាលពិឃាដខ្មែរក្រហមប៉ុលពត សម័យរដ្ឋកម្ពុជា សម៍យរាជាណាចក្រទីពីរ ចលនារណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ហ្វ៊ុនស៊ិនប៉ិច ។ល។ តើមានរឿងចុងបញ្ចប់ដោយរីករាយ ប៉ុន្មាន? វាប្រកដណាស់ហើយ ថាមុខជាមានអ្នកឆ្លើយដាក់កំហុសលើអ្នកនេះ ឬអ្នកនោះ ឬថា យើងជាប្រទេសតូចតាច មិនអាចចៀសរួចពីឥទ្ធិពលប្រទេសធំ ឬមកពីវាសូយស្រុកយើងនៅជាប់ ព្រំដែនជាមួយប្រទេសយួន ឬប្រទេសសៀម។ល។ តើមានអ្នកដឹកនាំខ្មែរប៉ុន្មាននាក់ហើយ រាប់ទាំង ថ្នាក់ដឹកនាំខ្មែរក្រហមដ៏មហិមាកំពុងត្រូវកាត់ទោសផងនោះ ដែលធ្លាប់ទទួលស្គាល់ពីកំហុសរបស់ ខ្លួនដែរឬទេ? តើអ្នកដឹកនាំខ្មែរប៉ុន្មាននាក់ហើយ ធ្លាប់បានលើកយកចំណុចខ្សោយរបស់ខ្មែរពី អតីតកាលមកធ្វើវិភាគក្នុងន័យរៀនសូត្រដើម្បីចៀសវាងកំហុសធំៗ ដែលឈានដល់បរជ័យ?
តើយើងអាចបណ្តោយអោយមានកំហុសប្រវត្តិសាស្រ្តប៉ុន្មានដងទៀត មុននឹងប្រទេសយើងត្រូវ រលាយបាត់ឈ្មោះពីសកលលោក?
ក្នុងនាទីកំណាព្យដែលមានចំណងជើងថា ខ្នងទល់ជញ្ជាំង ដែលចុះផ្សាយក្នុង KI ពីថ្ងៃទី៣ ខែវិច្ឆិកា និងក្នុងគេហទំព័រព្រៃនគរ មានសំនួរមិនចំពោះមួយពីមិត្តអ្នកអាន ដូច្នេះថា ប្រសិនបើខ្ញុំចង់កែ ប្រែការដឹកនាំរបស់គណបក្សមួយនោះ សូមអោយធ្វើសំណើ ថាត្រូវកែប្រែអ្វីខ្លះ ។ ខ្ញុំយល់ថា ក្រិតក្រម ចែងល្អហើយ ប៉ុន្តែបើតាមការរៀនសូត្រពីព្រះធម៌ គឺតាំងពីអវិជ្ជាជាបច្ច័យនាំអោយកើតយសង្ខារ រហូត ដល់វេទនាជាបច្ច័យនាំអោយកើតតណ្ហា ។យើងជាខ្មែរត្រូវកាច់បំបាក់ទម្លាប់ចាស់ត្រឹមនេះ ដើម្បីគេច អោយផុតពីវាលវដ្តសង្សារដែលចេះតែចាញ់ស្នៀតយួនមិនឈប់មិនឈរ គឺត្រូវបង្វិលអោយវេទនា បង្កើតបានជាបញ្ញា។ ការដែលធ្លាប់ទទួលបរាជ័យពីអំពើលុកលុយនៃប្រទេសវៀតណាមធ្វើអោយ ខ្មែរបាត់បង់ទឹកដីចាត់ទុកជាវេទនាដែលខ្មែរបានទទួល ទទួលដឹងក្តៅត្រជាក់រួចហើយមិនត្រូវខ្មែរមិនត្រូវ ធ្វើប្រតិកម្មដោយងងិតងងល់ដដែលទៀតត្រឹមតែ ស្អប់យួន ប៉ុណ្ណាះទេ ព្រោះថាសេចក្តីស្អប់ច្រើនតែ រុញច្រានអោយមនុស្សធ្វើនូវអំពើដែលនាំទុក្ខសោកមកអោយខ្លួនឯងវិញប៉ុណ្ណាះ។ បើតាមការសង្កេត ថ្នាក់ដឹកនាំវៀតណាមនិងអ្នកដែលនៅក្រោមឥទ្ធិពលរបស់គេ មុននឹងធ្វើការងារអ្វីមួយតែងមានការ ពិគ្រោះពិភាក្សាស្តាប់គ្នីគ្នាច្រើនណាស់ គឹមិនមែនធ្វើអ្វីតាមតែនឹកឃើញទេ ។ អ្នកធ្វើតាមតែនឹកឃើញ គឺធ្វើតាមចិត្តកំហឹងគ្របដណ្តបទៅដោយទោសៈមោហៈ ជាទម្លាប់ដែលធ្លាប់នាំមកនូវអន្តរាយន៍កន្លង មកហើយ នោះហើយដែលវេទនាមិនបង្កើតបានជាបញ្ញាទេ។ មិនថាជាជីវិតនយោបាយបំរើប្រទេស ជាតិ ឬជីវិតឯកជនដឹកនាំខ្លួនឯង ដើម្បីអោយចុងបញ្ចប់បានរលូនល្អគ្មានវិប្បដិសារី ឬក៏ត្រូវគេនាំមក កាត់ទោសដាក់គុកច្រវាក់ ឬក៏ជាប់ទោសប្រវត្តិសាស្រ្តជាអ្នកធ្វើអោយមានគ្រោះមហន្តរាយន៍ដល់ ប្រទេសជាតិ ត្រូវសម្រក់ទឹកភ្នែកយ៉ាងស្ងាត់ស្ងៀមមុនចូលក្តារម្ឈូសនោះ គឺត្រូវតែយកមេរៀនអតីតកាល មកបញ្ចៀសដំណើរបច្ចុប្បន្នកុំអោយធ្លាក់ជ្រោះដូចមុនៗទៀត។ នោះឯងហើយ វេទនានាំបង្កើតជាបញ្ញា អោយប្តូរខ្លួនឯង ព្រោះយើងមិនអាចប្តូរអ្នកដ៏ទៃបានទេ។ មិនថាកម្ពុជាក្រោមឬកម្ពុជាកណ្តាល យើង ជាប្រជាពលរដ្ឋខ្មែរមិនចង់ទទួលបាននូវចុងបញ្ចប់ជាការលត់រលាយវិនាសព្រាត់ប្រាសទេ ។ ដោយសារ ចុងបញ្ចប់មុនៗមិនដែលបានល្អទាល់តែសោះ អ្នកដឹកនាំសម័យនេះ គួរតែជៀសអោយរួចផុតពីរឿងនេះ ព្រោះថា ឱកាសគ្មានច្រើនទេ ហើយរាល់នាទីដែលកន្លងទៅ សុទ្ធតែហុចផលប្រយោជន៍អោយអ្នកដែល មានបំណងបំផ្លាញខ្មែរជារហូតមក ។៚
ដោយៈ សឺង សម្រេច

.