អ្នក​បឹង​កក់​ទាំង​១៣​នាក់​ត្រូវ​សាលាឧទ្ធរណ៍​សម្រេច​ដោះលែង

អ្នក​បឹង​កក់ ១៣​នាក់ ត្រូវ​បាន​សាលាឧទ្ធរណ៍​សម្រេច​ដោះលែង​ឱ្យ​រួច​ខ្លួន​ហើយ នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា​នេះ។ សាលា​ឧទ្ធរណ៍​បាន​សម្រេច​បន្ថយ​ទោស​ជាប់ ពន្ធនាគារ​អ្នក​បឹង​កក់ ១៣​នាក់ ដែល​មាន​ន័យ​ថា ពួកគេ​ត្រូវ​មាន​សេរីភាព​វិញ​នៅ​ថ្ងៃ​ពុធ ទី​២៧ ខែ​មិថុនា។ អ្នក​បឹង​កក់ ប្រជា​សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី ក្រុម​បុគ្គលិក​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ មន្ត្រី​តំណាង​ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា ដែល​មាន​ចំនួន​សរុប​ប្រមាណ ៤០០​នាក់ បាន​រីករាយ​សាទរ​ចំពោះ​ការ​សម្រេច​នេះ។ ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​ រឿង​ក្ដី​ព្រហ្មទណ្ឌ​នៃ​សាលាឧទ្ធរណ៍ ប្រកាស​បន្ថយ​ទោស​អ្នក​បឹង​កក់​ចំនួន ១៣​នាក់ អោយ​មាន​ទោស​ត្រឹម ១​ខែ ៣​ថ្ងៃ ចំពោះ​ការ​ចោទ​ប្រកាន់​ពួក​គេ​ពី​បទ​កាន់​កាប់​ដោយ​ខុស​ច្បាប់​ទៅ​លើ​ អចលនទ្រព្យ​នីតិ​បុគ្គល​សាធារណៈ និង​ទោស​ប្រឆាំង​អាជ្ញាធរ​សាធារណៈ។

បន្ទាប់​ពី​បាន​បើក​សវនាការ​ពេញ​មួយ​ព្រឹក ប្រធាន​ក្រុមប្រឹក្សា​អង្គ​ជំនុំ​ជម្រះ លោក សេង ស៊ីវុត្ថា មាន​ប្រសាសន៍​ថា សាលាឧទ្ធរណ៍​សម្រេច​រក្សា​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ទុក​ជា​បាន​ការ គឺ​មាន​ន័យ​ថា អ្នក​បឹង​កក់​ទាំង ១៣​នាក់ ត្រូវ​រក​ឃើញ​ថា មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់។ ប៉ុន្តែ​សាលាឧទ្ធរណ៍​បាន​សម្រេច​បន្ថយ​ទោស​អ្នក​ទាំង ១៣ ពី​ការ​ជាប់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ​កន្លះ​មក​ត្រឹម ១​ខែ ៣​ថ្ងៃ​វិញ។ ការ​បន្ថយ​ទោស​នេះ គឺ​ដោយ​សារ​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​ពិនិត្យ​ឃើញ​ថា អ្នក​បឹង​កក់​ទាំង ១៣​នាក់ គឺ​ជា​ស្ត្រី​ដែល​មិន​សូវ​ចេះ​ដឹង មិន​បាន​ពិចារណា​វែង​ឆ្ងាយ និង​ជា​ម្ដាយ ដែល​មាន​កូន​ៗ​ក្នុង​បន្ទុក​ត្រូវ​ទទួល​ខុស​ត្រូវ។

ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​ទទួល​បាន​ការ​សាទរ​ពី​អ្នក​ភូមិ​ជាប់​ទោស​ទាំង ១៣​នាក់។

តំណាង​អ្នក​បឹង​កក់​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង ១៣​នាក់ ដែល​ត្រូវ​នាំ​មក​ស្ដាប់​សវនាការ​នៅ​សាលា​ឧទ្ធរណ៍ អ្នកស្រី ទេព វន្នី មាន​ប្រសាសន៍​ដោយ​អំណរ​ថា អ្នកស្រី​អរគុណ​ដល់​សាលា​ឧទ្ធរណ៍​ដែល​បាន​ផ្ដល់​យុត្តិធម៌។

នៅ​លើ​ដង​វិថី​ព្រះ​ស៊ីសុវត្ថិ អ្នក​បឹង​កក់ ប្រជា​សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី រួម​ទាំង​ក្រុម​បុគ្គលិក​អង្គការ​មិន​មែន​រដ្ឋាភិបាល ជាតិ អន្តរជាតិ សរុប​ប្រមាណ ៤០០​នាក់ ដែល​បាន​លើក​គ្នា​ទៅ​លើក​ទឹក​ចិត្ត​អ្នក​តំណាង ១៣​នាក់ បាន​នាំ​គ្នា​ស្រែក​ច្រៀង​អប​អរ​នឹង​សេរីភាព​របស់​អ្នក​តំណាង​របស់​ពួកគេ។

បើ​ទោះ​ជា​យ៉ាង​ណា អ្នក​ឃ្លាំ​មើល​នៅ​មាន​ការ​សោក​ស្ដាយ​ចំពោះ​ករណី​នេះ ដ្បិត​ពួកគេ​ដឹង​ច្បាស់​ថា អ្នក​បឹង​កក់​គឺ​ពុំ​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

ប្រធាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ អ្នកស្រី ពុង ឈីវកេក មាន​ប្រសាសន៍​ថា ជា​យុត្តិធម៌​ពិត​ប្រាកដ​ គឺ​អ្នក​ទាំង ១៣​នាក់ ត្រូវ​ជា​ជន​ដែល​គ្មាន​កំហុស។

ចំណែក​ព្រះតេជព្រះគុណ លួន សុវ៉ាត មាន​ថេរដីកា​ថា ករណី​នេះ​គឺ​ពុំ​មែន​ជា​លើក​ទី​១​ទេ​សម្រាប់​វិស័យ​តុលាការ​នៅ​កម្ពុជា គឺ​តែង​មាន​ហេតុ​ផល​ជា​លេស​ក្នុង​ការ​គេចវេះ​ពី​កំហុស​របស់​ខ្លួន ពី​ការ​កាត់​សេចក្ដី​ដែល​មិន​ត្រឹម​ត្រូវ។

អ្នក​បឹង​កក់​ចំនួន ១៣​នាក់ ត្រូវ​បាន​កង​កម្លាំង​អាជ្ញាធរ​ចាប់​កាល​ពី​ថ្ងៃ​ពី​២២ ឧសភា និង​ត្រូវ​កាត់​អោយ​មាន​ទោស ២ឆ្នាំ​កន្លះ​ម្នាក់​ពី​បទ​រំលោភ​កាន់​កាប់​ដោយ​ខុស​ច្បាប់​លើ​អចលនវត្ថុ​ របស់​នីតិ​បុគ្គល​សាធារណៈ និង​បទ​ប្រឆាំង​អាជ្ញាធរ​សាធារណៈ។

នៅ​ថ្ងៃ​បើក​សវនាការ​នៅ​សាលាឧទ្ធរណ៍​នេះ អ្នក​បឹង​កក់​បាន​ប៉ះទង្គិច​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដែល​រារាំង​ ពួកគេ​មិន​អោយ​ទៅ​ខាង​មុខ​សាលា​ឧទ្ធរណ៍។ ក្នុង​ការ​ប៉ះទង្គិច​នៅ​ត្រូវ​អ្នក​ភូមិ​អះអាង​ថា បាន​ធ្វើ​អោយ​ស្រ្តី​មាន​វ័យ ២៤​ឆ្នាំ​ម្នាក់​ដែល​មាន​ផ្ទៃពោះ ២​ខែ ឈ្មោះ បូវ ស្រីស្រស់ ត្រូវ​នគរបាល​វាយ​អោយ​សន្លប់ និង​រលូត​កូន និង​មាន​កុមារ​ជា​ច្រើន​នាក់​ទៀត​របួស​ស្រាល៕

ប្រភព៖ RFA

 
Friends, monitors, and media crowded into the court room this morning as the appeal trial for the Boeung Kak 13 got going. 
Outside, crowds were not allowed in the vicinity of the Appeal Court, but waited by the police barricades for the verdict. There were a number of scuffles with police, with two people injured and taken to hospital as a result.
Photos courtesy of Licadho.