ដោយ ថាច់ រដ្ឋា l VOKK
អ្នកយកព័ត៌មាន នៃសារព័ត៌មាន ព្រៃនគរ ប្រចាំទីក្រុងភ្នំពេញ បានរិះគន់ក្រុមមន្ត្រីសមត្ថកិច្ចខ្មែរថា មិនដឹងពីច្បាប់ សារ ព័ត៌មាន ។ ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពីក្រុមអ្នកយកព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូប ត្រូវបានក្រុមកង កម្លាំងសមត្ថ កិច្ច ខ្មែរដេញបង្ក្រាបឲ្យរបួស កាលពីថ្ងៃសៅរ៍ ទី ០៤ ខែមករា ខណៈដែលពួកគេចុះទៅយកព័ត៌មាន ក្នុងព្រឹត្តិការណ៍ បំបែក ហ្វូង បាតុកម្មរបស់គណកប្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ ។ ក្នុងព្រឹត្តិការណ៍នេះ អ្នកយកព័ត៌មាន សារព័ត៌មាន ព្រៃនគរ ម្នាក់ត្រូវបានក្រុមសមត្ថកិច្ចរឹបយកម៉ាស៊ីនថតរូបមួយគ្រឿង និងបានលុប ចោលរូបថតរបស់គាត់ទាំងអស់ ។ មន្ត្រីក្រសួងព័ត៌មានខ្មែរថា ខ្លួនមិនបានដឹងពីរឿងនេះទេ ។

អ្នកយកព័ត៌មាន កាសែត ព្រៃនគរ រិះគន់ក្រុមកម្លាំងសមត្ថកិច្ចខ្មែរថា មិនដឹងច្បាប់សារព័ត៌មាន
លោក សឺន ចែង ចើន អ្នកយកព័ត៌មានឲ្យ សារព័ត៌មាន ព្រៃនគរ ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ត្រូវបានក្រុម កង កម្លាំងសមត្ថកិច្ចខ្មែរបង្ក្រាបដោយដំបងឆក់ និងបានរឹបយកម៉ាស៊ីនថតរូបរបស់ខ្លួនមួយគ្រឿង នៅទីលាន ប្រជាធិបតេយ្យ កាលពីថ្ងៃទី ០៤ ខែមករា បានប្រាប់ វិទ្យុសំឡេងកម្ពុជាក្រោម រិះគន់រដ្ឋាភិបាលខ្មែរថា ទង្វើ របស់អាជ្ញាធរ ដែលបានបំពាន មក លើរូបលោក និង អ្នកយកព័ត៌មានដទៃទៀតនោះ ជាការរំលោភសិទ្ធិមនុស្ស និងខ្វះការយល់ដឹងខាងរបប សារព័ត៌មាន ដែល អ្នកយកព័ត៌មានត្រូវមានសិទ្ធិចូលទៅយកព័ត៌មាន នៅគ្រប់ទីកន្លែង ឬ គ្រប់ព្រឹត្តិការណ៍ដែលបានកើត ឡើងនៅក្នុង សង្គម ។ លោកបន្តថា ផ្ទុយពីនេះ អាជ្ញាធរបានបង្ក្រាបមកលើរូប លោកទាំងកម្រោល ដូចជាការបង្ក្រាបទៅលើ ក្រុមបាតុករ ដែរ ។
លោក សឺន ចែង ចើន បានមានប្រសាសន៍ថា៖
“ខ្ញុំបានពាក់កាតពាក់អ៊ីហ្នឹង ត្រឹមត្រូវ ។ ខ្ញុំយល់ឃើញថា ក្នុងវិជ្ជាជីវៈ សារព័ត៌មាន យើងមានច្បាប់ថា ក្នុង ព្រឹត្តិការណ៍ចឹងៗ យើងត្រូវទៅថតយកទិដ្ឋភាពទាំងអស់ហ្នឹង ដើម្បីយើងមកទៅផ្សព្វផ្សាយ ។ ហើយ ឃើញ ថា ពួកអាជ្ញាធរ ក៏ដូចជាកងកម្លាំងប្រដាប់ដោយអាវុធ ដំបងខែល មកបង្ក្រាបលើខ្លួនខ្ញុំផ្ទាល់ ហើយ ឆក់យក កាម៉ារ៉ាខ្ញុំ លុបរូបភាព រូបអ៊ី ចោលចឹង ខ្ញុំថា វាខុសជាការខុសទៅលើរបបវិជ្ជាជីវៈសារព័ត៌មាន ហើយខ្ញុំថា ពួកហ្នឹង ខ្ញុំហៅថា មិនដឹងច្បាប់សារព័ត៌មានតែម្ដង ព្រោះគេមក បង្ក្រាបយើង ដូចបង្ក្រាប លើ បាតុករ ចឹង ម៉ង “ ។
លោក ហ៊ុន វីរៈ អគ្គនាយករងទទួលបន្ទុកខាងព័ត៌មាន និង ផ្សាយសំឡេង នៃក្រសួងព័ត៌មានកម្ពុជា បានប្រាប់ វិទ្យុ សំឡេងកម្ពុជាក្រោមថា លោកមិនបានដឹងពីរឿងនេះទេ និង ថានេះជារឿងរបស់សាលាក្រុង ។
លោក ហ៊ុន វីរៈ ថ្លែងថា៖
“ឱ ! ខ្ញុំអត់ដែរទេ ។ អត់ដឹងទេ អត់ដឹងដែរ ព្រោះអាហ្នឹង វានៅសាលាក្រុង” ។
សូមបញ្ជាក់ថា កាលពីខែមេសា ឆ្នាំ ២០១៣ លោក លី ឈូន ចាងហ្វាង កាសែត ព្រៃនគរ ដែលមានមូលដ្ឋាន នៅកម្ពុជា អ្នកគ្រប់គ្រងការផ្សាយ កាសែត ព្រៃនគរ និង ក្រុមគ្រួសារ ត្រូវបានអាជ្ញាធរវៀតណាមចាប់ឃុំនៅច្រក ព្រំដែនខេត្តតាកែវ និង ខេត្តមាត់ជ្រូក អស់ ៤៨ ម៉ោង ខណៈដែលលោក និង គ្រួសារ បានធ្វើដំណើរទៅស្រុក កំណើតនៅកម្ពុជាក្រោម ដើម្បី សួរសុខទុក្ខម្ដាយឱពុក ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ។ អាជ្ញាធរវៀតណាមបានពិន័យ ប្រាក់លោក ៣០ លានដុង ដែលស្មើនឹង ១.៥០០ ដុល្លារ ជាថ្នូរនឹងការដោះលែងឲ្យមានសេរីភាពត្រឡប់មកប្រ ទេសកម្ពុជាវិញ ៕