អ្នកភូមិបឹងកក់នៅតែបន្តបាតុកម្ម នៅមុខសាលាក្រុងភ្នំពេញ

(​សឺ​ង វិចិត្រ l VOKK)–​កម្លាំង​សមត្ថកិច្ច​ជាង ១០០ នាក់ ត្រូវបាន​ដាក់ពង្រាយ​នៅខាងមុខ​សាលា​រាជធានី​ភ្នំពេញ ខណៈ ប្រជា​សហគមន៍​បឹងកក់ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ កំពុងតែបន្ត​ការតវ៉ា​របស់ខ្លួន ។​

អ្នកភូមិបឹងកក់ ដុតកង់ឡាន នៅមុខសាលាក្រុងភ្នំពេញ  ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៣ ។ រូបថត សឺង វិចិត្រ l VOKK
អ្នកភូមិបឹងកក់ ដុតកង់ឡាន នៅមុខសាលាក្រុងភ្នំពេញ ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៣ ។ រូបថត សឺង វិចិត្រ l VOKK

​អ្នកភូមិ​បឹងកក់ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅតែ​ប្រមូលគ្នា​នៅខាងមុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​សាលា​រាជ ធានី ភ្នំពេញ ដោះស្រាយ​បញ្ហាដីធ្លី ដែល​អូសបន្លាយ​យូរ​មកហើយ​។​

​កាលពី​ថ្ងៃ​ពុធ ទី ២៥ ខែធ្នូ ម្សិលមិញ​នេះ មនុស្ស​ប្រមាណ ១០០ អ្នកជា​អតីត​អ្នកភូមិ​បូរី​បឹងកក់ និង​បូរី​កីឡា បន្តធ្វើ​បាតុកម្ម ខាង មុខ​សាលាក្រុង​ភ្នំពេញ ទាមទារ​ឲ្យ​អាជ្ញាធរ​ក្រុងភ្នំពេញ​ដោះស្រាយ​បញ្ហាដីធ្លី ក៏ដូចជា​បញ្ហា​មួយចំនួន ដែល​សាលា ក្រុងភ្នំពេញ​មាន​សន្យា​ជាមួយនឹង​ពួក​អ្នកភូមិ​ពេល​ឲ្យ​គេ​រុះ​ចេញ ។​

​បាតុករ​ប្រមាណ ១០០ រូប​បាន​ប្រើ​អូ​ប៉ា​ល័​រ​ធំ ២ គ្រឿង​ឈ​ខាងមុខ​សាលាក្រុង​ស្រែក ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះ ស្រាយ​បញ្ហា ដីធ្លី  និង​និយាយ​អំពី​ទុក្ខលំបាក​របស់ខ្លួន​ពេលដែល​ត្រូវ​ចាក់​ចេញពី​កន្លែង​របស់ខ្លួន ។​

​ក្រុមអ្នកតវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​ចុះ​ជួប​ប្រជាពលរដ្ឋ​ព្រោះ​មាន​សន្យា​នឹង​ជួបជុំ​ដោះស្រាយ​បញ្ហា​លំនៅឋាន របស់​ពួកគេ ។ ប៉ុន្តែ ខាង​សាលាក្រុង​មិនមាន​សកម្មភាព​អ្វី​ឡើយ ។ ដល់​ម៉ោង ១៤ ក្រុមបាតុករ​ក៏​បន្ត​បាតុកម្ម​ដោយ​ដុត​កង់ឡាន ប៉ុន្តែ តំណាង​សាលាក្រុង​ភ្នំពេញ ក៏​មិនឃើញ​មាន​វត្តមាន​ឡើយ ។​

​និយាយ​ជាមួយ​អ្នកកាសែត​ក្នុងស្រុក​មួយចំនួន​ថ្ងៃ ២៤ ខែធ្នូ លោក ប៉ា សុជាតា​វង្ស អភិបាលក្រុង​ភ្នំពេញ បាន​ចោទប្រកាន់ ថា ក្រម​អ្នក​តវ៉ា​នេះ​ជា​អំពើ​នយោបាយ​មួយ ដែលមាន​គណបក្ស​មួយ​ឈ​ខាងក្រោយ​ដឹកនាំ ។ ប៉ុន្តែ​ពាក្យ​ចោទ ប្រកាន់​នោះ ត្រូវបាន​ក្រុម​អ្នក​បាតុករ​បដិសេធន៍​ចោល ។​

​ថ្ងៃ ២៤ ខែធ្នូ​ក្រុមបាតុករ​នេះ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បណ្ដាល​ឲ្យ​ព្រះសង្ឃ និង អ្នកភូមិ បី​រូប​ត្រូវរបួស ក្នុងនោះ​មាន​មួយ នាក់​ត្រូវ​របួសធ្ងន់ ។​

​ប្រជាពលរដ្ឋ​អះអាងថា ពួកគេ​ជាង ៣០០០ គ្រួសារ ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន បាន​បណ្តេញចេញ ពី​តំបន់​បឹងកក់​ឲ្យ ទៅ​នៅ រាយប៉ាយ​ក្នុង​ខណ្ឌ​ទាំង ៩ ក្នុង​រាជធានី ចាប់តាំងពី​ឆ្នាំ ២០០៨ មក ដោយ​សាលា​រាជធានី​ភ្នំពេញ យក​ដី​នៅ​តំបន់​នោះ​ឲ្យ​ទៅ ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន របស់លោក ឡៅ ម៉េង​ឃិន សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​គម្រោង អភិវឌ្ឍន៍ ៩៩ ឆ្នាំ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ពលរដ្ឋ​នៅ​តំបន់​នោះ​ជាង ៤០០០ គ្រួសារ ៕​