អាជ្ញាធរ​វៀតណាម​ហាម​ខ្មែរ​ក្រោម​មិន​ឲ្យ​ធ្វើ​ស្រែ

ខែ្មរ​កម្ពុជា​ក្រោម​នៅ​ក្នុង​ស្រុក​ទិនបៀង ខេត្ត​អានយ៉ាង ឬ​ខេត្ត​មាត់ជ្រូក ទឹក​ដី​ខែ្មរ​កម្ពុជា​ក្រោម​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ពុំ​មាន​ដី​ស្រែ​ធ្វើ​កសិកម្ម​ទៀត​ទេ​នៅ​ឆ្នាំ​នេះ ដោយសារ​តែ​អាជ្ញាធរ​វៀតណាម​បាន​រឹប​អូស​យក​ដើម្បី​ជីក​ប្រទ្បាយ​ទឹក​កាត់​លើ ​ដី​ស្រែ​របស់​គាត់ ហើយ​គេ​កំពុង​តែ​ហាម​ឃាត់​មិន​ឲ្យ​ប៉ះពាល់​ដី​ស្រែ​កសិកម្ម​នោះ។
គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​នានា​នៅ​ទី​នោះ បាន​បញ្ជូន​កូនៗ​ឲ្យ​ស៊ី​ឈ្មួល​បម្រើ​គេ​នៅ​ក្នុង​ទីក្រុង​ព្រៃនគរ ឬ​ទីក្រុង​ហូជីមិញ​និង​ទី​កន្លែង​ដទៃ​ទៀត ដើម្បី​ស្វែង​រក​ប្រាក់​កម្រៃ​ចិញ្ចឹម​គ្រួសារ នៅ​គ្រា​ដែល​ពួកគាត់​បាត់​បង់​ដីធ្លី​កសិកម្ម​នោះ។
គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​នៅ​ក្នុង​ឃុំ​អាងគឺ ស្រុក​ទិនបៀង ខេត្ត​អានយ៉ាង ប្រទេស​វៀតណាម ទឹក​ដី​ខែ្មរ​កម្ពុជា​ក្រោម បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ​ឲ្យ​ដឹង​ថា ស្ថានការណ៍​រស់​នៅ​ក្រោម​ការ​តាម​ដាន​និង​គាប​សង្កត់​យ៉ាង​ខ្លាំង​នា​ពេល​ នេះ​ដោយ​អាជ្ញាធរ​វៀតណាម ៖ «បើ​យើង​ចុះ​ទៅ​វា​ចាប់​យើង វា​ធ្វើ​បាប​យើង វា​នៅ​ចាំ​ហ្នុង ចាំ​ចាប់​ធ្វើ​បាប​យើង។ នគរបាល​ខាង​វៀតណាម​ហ្នឹង​គេ​យាម​រាល់​ថ្ងៃ។ មួយ​ថ្ងៃ​១០-​២០​នាក់​អី យាម​រាល់​ថ្ងៃ។ វា​រារាំង​មិន​ឲ្យ​យើង​ចូល​ទៅ​ដី​យើង។ មួយៗ​កូន​ទៅ​ស៊ី​ឈ្នួល​គេ​នៅ​ព្រៃនគរ​ឯណោះ​ឥឡូវ​ហ្នឹង»។
គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​ម្នាក់​ទៀត​បាន​ថែ្លង​ដែរ​ថា ៖ «គេ​គាប​សង្កត់​មាំ​ណាស់​ឥឡូវ​ហ្នឹង ដូច​ដី​ទួល​អី​គេ​មក​គំរាម​យក​អស់​ហើយ។ ស្រែ​ខ្ញុំ​ហ្នឹង​មិន​អាច​ធ្វើ​កសិកម្ម​បាន​ទេ»។

ស្ថានការណ៍​តានតឹង​នោះ គឺ​ក្រោយ​ពី​ពួកគាត់​ចំនួន​ជាង​១០​គ្រួសារ​នៅ​ក្នុង​ចំណោម​ជាង​៣០០​គ្រួសារ បាន​ងើប​តវ៉ា​ជំទាស់​ទៅ​នឹង​ផែនការ​ជីក​ប្រទ្បាយ​ទឹក​កាល​ពី​ចុង​ឆ្នាំ​២០០៩ ​កន្លង​ទៅ​នេះ។

កាល​ពី​បី​ឬ​បួន​ខែ​កន្លង​ទៅ​នេះ ក្រុម​អាជ្ញាធរ​នគរបាល​វៀតណាម ត្រូវ​បាន​គេ​ដាក់​ពង្រាយ​រាប់​សិប​នាក់​ដើម្បី​យាម​ការពារ​គ្រឿង​ចក្រ​ជា​ ច្រើន​គ្រឿង​ក្នុង​ការ​ជីក​ប្រទ្បាយ​ទឹក​ប្រវែង​១០​គីឡូម៉ែត្រ កាត់​តាម​ដីធ្លី​កសិកម្ម​ចំនួន​ជាង​៤០០​ហិកតា ដើម្បី​ធ្វើ​ប្រព័ន្ធ​ធារាសាស្ត្រ​និង​ផ្លូវ​ថ្នល់។

គម្រោង​ការ​នេះ​កំពុង​តែ​បន្ត​នៅ​ទ្បើយ នៅ​គ្រា​ដែល​គ្រួសារ​ខែ្មរ​កម្ពុជាក្រោម​ជាង​៣០០​គ្រួសារ​កំពុង​តែ​បាត់បង់​ ដីធ្លី​កសិកម្ម​នោះ​ដោយ​គ្មាន​សំណង​អ្វី​ទ្បើយ។

ប្រធាន​សហគមន៍​ខែ្មរ​កម្ពុជា​ក្រោម​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក ថាច់ សេដ្ឋា បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា ៖ «យើង​បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ក្នុង​ការ​ជួយ​អន្តរាគមន៍ ប៉ុន្តែ​រដ្ឋាភិបាល​វៀតណាម​នៅ​ធ្វើ​ព្រងើយ​កន្តើយ»។

មន្រ្តី​នៃ​ស្ថានទូត​វៀតណាម​នៅ​កម្ពុជា ធ្លាប់​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ថា ជា​រឿង​មិន​ពិត។

ជាមួយ​គ្នា​នេះ ព្រះភិក្ខុ​សង្ឃ​ព្រះ​នាម ថាច់ សុវណ្ណារ៉ា ជា​អ្នក​នាំ​ពាក្យ​របស់​សហព័ន្ធ​ខែ្មរ​កម្ពុជា​ក្រោម​ពិភពលោក​នៅ​ក្នុង​ ប្រទេស​កម្ពុជា បាន​មាន​ព្រះ​ថេរដីកា​ថា ៖ «អាត្មា​សូម​បញ្ជាក់​ថា ហ្នឹង​ហើយ​ជា​ទង្វើ​មួយ​ដ៏​អាក្រក់​បំផុត ជា​ពិសេស​អំពើ​គាប​សង្កត់ គឺ​មិន​គោរព​សិទ្ធិ​ជន​ជាតិ​ដើម​ទាល់​តែសោះ»។

គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​ចំនួន​ជាង​៣០០​គ្រួសារ​នោះ បាន​បាត់បង់​ដីធ្លី​កសិកម្ម​តាំង​ពី​ឆ្នាំ​១៩៧៩​មក ដោយសារ​តែ​ពួកគាត់​បាន​រត់​គេច​ខ្លួន​ពី​ដីធ្លី នៅ​គ្រា​ដែល​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កង​ទ័ព​ខែ្មរ​ក្រហម​ជាមួយ​នឹង​ កងទ័ព​វៀតណាម។ ពួកគាត់​បាន​ងើប​តវ៉ា​ទាមទារ​ដីធ្លី​នោះ​មក​វិញ​កាល​ពី​ឆ្នាំ​២០០៧ និង​ឆ្នាំ​២០០៨​កន្លង​ទៅ ប៉ុន្តែ​មិន​បាន​សម្រេច ហើយ​គ្រួសារ​មួយ​ចំនួន​កំពុង​តែ​រង​ការ​តាម​ចាប់​ខ្លួន។ គ្រួសារ​មួយចំនួន​នោះ​ត្រូវ​បាន​អាជ្ញាធរ​ថៃ បាន​ចាប់​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ កាល​ពី​ថៃ្ង​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០០៩​កន្លង​ទៅ​នេះ៕

ប្រភពពីវិទ្យុអាស៊ីសេរី.