អាជ្ញាធរ​វៀតណាម​ពង្រាយ​កម្លាំង​ត្រៀម​បង្ក្រាប​ការ​តវ៉ា​របស់​កសិករ​ខ្មែរ​ក្រោម

អាជ្ញាធរ​យៀកណាម​បាន​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​រាប់​រយ​នាក់​នៅ​ ស្រុក​ទិនបៀង ខេត្ត​អានយ៉ាង ក្នុង​បំណង​បង្ក្រាប​កសិករ​ខ្មែរ​ក្រោម​ប្រមាណ​៤០​នាក់​ដែល​បាន​នាំ​គ្នា​ តវ៉ា​ប្រឆាំង​នឹង​គម្រោង​ជីក​ព្រែក​កាត់​ដី​ស្រែ​របស់​ពួក​គាត់​ដោយ​គ្មាន​ សំណង​នោះ។
ប្រភព​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​កម្ពុជា​ក្រោម​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​កញ្ញា ថា អាជ្ញាធរ​វៀតណាម​នៅ​ក្នុង​ស្រុក​ទិនបៀង ខេត្ត​អានយ៉ាង ឬ​ខេត្ត​មាត់ជ្រូក កំពុង​តែ​ដាក់​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​ចំនួន​ជា​ច្រើន​រយ​នាក់​និង ​សត្វ​ឆ្កែ​ប្រដេញ​ផង​ដើម្បី​ត្រៀម​បង្រ្កាប​លើ​បាតុកម្ម​តវ៉ា​និង​ចាប់​ ខ្លួន​ក្រុម​ប្រជាពលរដ្ឋ​ខែ្មរ​កម្ពុជា​ក្រោម​ចំនួន​ប្រមាណ​៤០​នាក់​ដែល​ងើប ​តវ៉ា​ប្រឆាំង​នឹង​ផែនការ​ជីក​ព្រែក​ដែល​នាំ​ឲ្យ​ពួក​គាត់​បាត់បង់​ដី​ស្រែ​ ពី​ដូនតា។

ប្រជាពលរដ្ឋ​ខែ្មរ​កម្ពុជា​ក្រោម​ម្នាក់​រស់​នៅ​ក្នុង​ឃុំ​អាងគឺ ស្រុក​ទិនបៀង ខេត្ត​អានយ៉ាង ប្រទេស​វៀតណាម នៅ​ក្នុង​ចំណោម​អ្នក​តវ៉ា​ជាង​៤០​នាក់ ហើយ​កំពុង​តែ​រត់​លាក់​ខ្លួន បាន​ថែ្លង​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ​មក​ថា មាន​កង​ប្រដាប់​អាវុធ​វៀតណាម​ជា​ច្រើន​រយ​នាក់​កំពុង​តែ​ដាក់​ពង្រាយ​ហើយ​ មាន​គ្រឿង​ចក្រ​ជា​ច្រើន​គ្រឿង​កំពុង​ត្រៀម​បន្ត​ជីក​ព្រែក ៖ «ប្រជាជន​ យើង​មាន​តែ​អង្គុយ​មើល​គេ​ជីក ហើយ​គេ​បាំង​ព្រំ​ប្រទល់ កន្លែង​គេ​ជីក​ដល់​ណា​គេ​បាំង​កន្លែង​ហ្នុង។ កម្លាំង​ទ័ព ៣៣០-៣៥០ នគរបាល ២៣០ ឆ្កែ ៥»។

វិធានការ​របស់​អាជ្ញាធរ​វៀតណាម​នៅ​ក្នុង​ខេត្ត​អានយ៉ាង​នៅ​ក្នុង​ការ​ បង្រ្កាប​ក្រុម​អ្នក​តវ៉ា​រឿង​ដី​ធ្លី​នោះ នៅ​ក្រោយ​ពេល​ដែល​តំណាង​ប្រជាពលរដ្ឋ​ខែ្មរ​កម្ពុជា​ក្រោម​ចំនួន​៨​នាក់​បាន​ ទៅ​ជួប​ជាមួយ​នឹង​មេ​ឃុំ​អាងនុង កាល​ពី​ថៃ្ង​ពុធ ទី​៩ ខែ​កញ្ញា​ថ្មីៗ​នេះ ដោយ​បាន​ទទួល​ការ​ព្រមាន​ថា គេ​នឹង​មិន​ដោះស្រាយ​បញ្ហា​សំណង​ដី​ធ្លី​កសិកម្ម​ឲ្យ​ទេ ពីព្រោះ​គ្មាន​ឯកសារ​កម្មសិទ្ធិ។

ប្រជាពលរដ្ឋ​ខែ្មរ​កម្ពុជា​ក្រោម​ម្នាក់​ទៀត បាន​ថ្លែង​ថា គ្មាន​សំណង​ចំពោះ​ការ​បាត់បង់​ដី​ស្រែ​កសិកម្ម​ទេ​ក្រោម​ផែនការ​ជីក​ព្រែក​ នោះ ៖ «អំពាវនាវ​ដល់​ពិភពលោក​ឲ្យ​ជួយ​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​មាន​ដី​ស្រែ​តែ​ប៉ុណ្ណឹង​ទេ បើ​ថា​រដ្ឋ​អំណាច​មិន​សង​ខ្ញុំ​ទេ ខ្ញុំ​មិន​ដឹង​ទៅ​រស់​នៅ​ឯណា​ទេ ខ្ញុំ​គ្មាន​អី​ហូប​ទេ ខ្ញុំ​ពោះ​មួយ ដល់​៧​-​៨​នាក់​នោះ»។

ព្រះភិក្ខុ​មួយ​អង្គ​សុំ​មិន​ប្រាប់​ឈ្មោះ​ជា​អ្នក​នាំ​ពាក្យ​គោចរណ៍​របស់​ប្រជាពលរដ្ឋ​ខែ្មរ​កម្ពុជា​ក្រោម​បាន​មាន​ពុទ្ធ​ដីកា​ថា ៖ «ពួក​យួន​វា​មិន​អើ​ពើ​ដល់​កិច្ចការ​របស់​បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម​សោះ អ៊ីចឹង​ទៅ​បង​ប្អូន​កម្ពុជា​ក្រោម​មិន​សុខ​ចិត្ត​ទេ»។

មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថៃ្ង​ព្រហស្បតិ៍ ទី​១០ ខែ​កញ្ញា ដើម្បី​សុំ​ការ​បំភ្លឺ​ពី​លោក ទ្រីញ បាកឹម ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​នៃ​ស្ថានទូត​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា ជុំវិញ​ការ​តវ៉ា​នឹង​ផែនការ​បង្រ្កាប​ខាង​លើ​នេះ ដោយ​ទូរស័ព្ទ​លើ​តុ​និង​ទូរស័ព្ទ​ដៃ​គ្មាន​អ្នក​ទទួល​ឆ្លើយ។

សូម​ជម្រាប​ថា អាជ្ញាធរ​ស្រុក​ទិនបៀង ខេត្ត​អានយ៉ាង ជា​អតីត​ទឹក​ដី​ខែ្មរ​កម្ពុជា​ក្រោម​ដែល​កំពុង​កាន់កាប់​ដោយ​អាជ្ញាធរ​ វៀតណាម កំពុង​តែ​អនុវត្ត​ផែនការ​ជីក​ព្រែក​មួយ​ខែ្ស​ប្រវែង​១០​គីឡូម៉ែត្រ​និង​ទទឹង ​៥០​ម៉ែត្រ កាត់​តាម​ដី​ស្រែ​ជាង​៤០០​ហិកតារ និង​មាន​គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​ប្រមាណ​៤០០​គ្រួសារ​កំពុង​តែ​ប្រឈម​ មុខ​នឹង​ការ​បាត់​បង់​ដី​ស្រែ ដោយ​គ្មាន​សំណង​ជា​ប្រាក់​ឬ​ដី​ធ្លី​ទ្បើយ។ ការ​ទាមទារ​របស់​ពលរដ្ឋ​ខ្មែរ​ដើម្បី​ដណ្តើម​យក​វិញ​នូវ​ទឹក​ដី​របស់​ដូនតា​ គាត់​បាន​ធ្វើ​ឡើង​ជា​ច្រើន​សប្តាហ៍​កន្លង​មក​ហើយ៕
អត្ថបទវិទ្យុអាស៊ីសេរី.