អាជ្ញាធរ​វៀតណាម​បន្ថែម​កម្លាំង​បង្ក្រាប​អ្នក​តវ៉ា​ខ្មែរ​ក្រោម

ប្រភព​ពី​ខ្មែរ​ក្រោម​ឲ្យ​ដឹង​ថា អាជ្ញាធរ​នៃ​ខេត្ត​អានយ៉ាង (ខេត្ត​មាត់ជ្រូក) អតីត​ទឹក​ដី​ខែ្មរ​កម្ពុជា​ក្រោម​ដែល​កំពុង​កាន់កាប់​ដោយ​អាជ្ញាធរ​វៀតណាម កំពុង​តែ​បន្ថែម​កង​កម្លាំង​យោធា​និង​នគរបាល​សរុប​ទាំងអស់​ជាង​៤០០​នាក់​និង ​សត្វ​ឆ្កែ​ប្រដេញ​ផង ដើម្បី​បង្រ្កាប​និង​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ខែ្មរ​កម្ពុជា​ក្រោម​ណា​ដែល​ ហ៊ាន​បន្ត​ងើប​តវ៉ា​និង​ប្រឆាំង​នឹង​ផែនការ​ជីក​ព្រែក​កាត់​តាម​ដី​ស្រែ​ របស់​ពួក​គាត់​ដោយ​គ្មាន​សំណង​នោះ។

នៅ​ស្រប​ពេល​គ្នា​នេះ​ដែរ ផ្ទះ​សកម្មជន​ឬ​អ្នក​ដឹកនាំ​ការ​តវ៉ា​ដី​ធ្លី​កន្លង​មក​កំពុង​តែ​រង​ការ​ ហ៊ុមព័ទ្ធ​ដោយ​កង​កម្លាំង​ចម្រុះ​រាប់​សិប​នាក់​មិន​ឲ្យ​ចេញ​ក្រៅ​ផ្ទះ​បាន​ ឡើយ។

ប្រជាពលរដ្ឋ​ខែ្មរ​កម្ពុជា​ក្រោម​ម្នាក់​រស់​នៅ​ក្នុង​ឃុំ​អាងគឺ ស្រុក​ទិនបៀង ខេត្ត​អានយ៉ាង ដែល​គេ​បាន​កត់​សម្គាល់​ឃើញ​ថា​ជា​អ្នក​ដឹកនាំ​ការ​តវ៉ា​ដី​ធ្លី​កន្លង​មក បាន​ថែ្លង​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ​ពី​ក្នុង​ផ្ទះ​មក​ថា ស្ថានការណ៍​ខាង​ក្រៅ​តឹងតែង​កាន់​តែ​ខ្លាំង​ឡើង​នា​ពេល​នេះ ៖ «គេ​មក​ ព័ទ្ធ​ជុំ​ផ្ទះ​ខ្ញុំ​ទៀត​ហើយ។ ខាង​នគរបាល​គេ​នេះ ព្រលឹម​ឡើង​គេ​យក​មក​ទៀត​ហើយ បន្ថែម​៦​ឡាន​ដូច​បន្ថែម​ទ័ព។ ឥឡូវ​ខាង​កុងអាង គេ​ដាក់​នៅ​ឯ​ភូមិ​នេះ ឯ​លើ​នេះ គេ​ដាក់​តាម​ផ្លូវ​ដែល​យើង​ចុះ​ទៅ វា​នៅ​រាំង​ស្ទះ​យើង​ហ្នឹង»។

សុខ សេរី ៖ ចុះ​ប្រជាពលរដ្ឋ​អ្នក​តវ៉ា​រត់​គេច​ខ្លួន​អស់​ហើយ? ពលរដ្ឋ ៖ រត់​ខ្លះ នៅ​ខ្លះ។ រត់​ហ្នឹង​ប្រហែល​បួន​ដប់​នាក់​ទេ នៅ​ច្រើន ហើយ​ពី​ម្សិល​មក​គំរាម​យើង រុញ​ច្រាន​យើង​មិន​ឲ្យ​ចូល ហើយ​យើង​ចេះ​តែ​មុជ​បុក​ចូល​ទៅ។

ប្រជាពលរដ្ឋ​ខែ្មរ​កម្ពុជា​ក្រោម​ម្នាក់​ទៀត​បាន​ថែ្លង​ថា កង​កម្លាំង​ចម្រុះ​វៀតណាម​ជា​ច្រើន​រយ​នាក់​កំពុង​តែ​ដាក់​ពង្រាយ​ដើម្បី​ ចាប់​ខ្លួន​ក្រុម​ដែល​ងើប​តវ៉ា​បន្ត​ទៀត​នោះ ៖ «គេ​ដាក់​មេក្រូ​ផ្សាយ​ គ្រប់​ភូមិ គ្រប់​ឃុំ សឹង​តែ​យើង​ថា យើង​ទៅ​ប្រឆាំង​គេ​អ៊ីចឹង គេ​ប្រើ​អំពើហិង្សា​អ៊ីចឹង​ហើយ។ ទ័ព​គេ​មាំ​ណាស់ ទ័ព​ដល់​ទៅ​៣៣០(នាក់) ពួក​នគរបាល​គេ ២០០ ឆ្កែ​គេ ៥ ហើយ​អ្នក​ពាក់​អាវ​ក្រោះ​៤០​នាក់»។

នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ជា​ផ្លូវការ​ពី​មន្រ្តី​នៃ​ស្ថានទូត​វៀតណាម ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​នៅ​ទ្បើយ​ទេ​ជុំវិញ​ស្ថានការណ៍​តឹងតែង​ខាង​លើ ​នេះ។

លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខែ្មរ​កម្ពុជា​ក្រោម​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ៖ «ថ្ងៃ ​នេះ​ខ្ញុំ​នឹង​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​ស្ថានទូត​យួន ដើម្បី​សុំ​ឲ្យ​លោក​ផ្អាក​កិច្ចការ​ហ្នឹង ហើយ​ក៏​ស្នើ​សុំ​ដល់​រដ្ឋាភិបាល​ខ្មែរ​ក្នុង​ការ​ជួយ​អន្តរាគមន៍​ក្នុង​នាម​ ប្រជាពលរដ្ឋ​ខ្មែរ»។

លោក ខៀវ កាញារីទ្ធ ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​កម្ពុជា បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ដឹ​ងរឿង​នេះ​នៅ​ទ្បើយ​ទេ។

សូម​ជម្រាប ប្រជាពលរដ្ឋ​ខែ្មរ​កម្ពុជា​ក្រោម​ចំនួន​ជាង​៤០​គ្រួសារ​នៅ​ក្នុង​ចំណោម​ គ្រួសារ​សរុប​ជាង​៤០០ នៅ​ក្នុង​ស្រុក​ទិនបៀង ខេត្ត​អានយ៉ាង នៃ​ប្រទេស​វៀតណាម អតីត​ទឹក​ដី​ខែ្មរ​កម្ពុជា​ក្រោម​នោះ​បាន​ងើប​តវ៉ា​ជា​បន្ត​បន្ទាប់​ជា​ ច្រើន​សប្តាហ៍​កន្លង​មក​ហើយ ដើម្បី​ប្រឆាំង​នឹង​ផែនការ​ជីក​ព្រែក​មួយ​ខ្សែ​ប្រវែង​១០​គីឡ៉ម៉ែត្រ នឹ​ងទទឹង​៥០​ម៉ែត្រ កាត់​តាម​ដី​ស្រែ​របស់​ពួក​គាត់ ហើយ​បាន​ធ្វើ​ឲ្យ​ពួក​គាត់​ជាង​៤០០​គ្រួសារ​នោះ​បាត់​បង់​ដី​ស្រែពី​​ដូន​តា ​ដោយ​គ្មាន​សំណង​ជា​ប្រាក់​ឬ​ដី​ស្រែ​វិញ​ទ្បើយ។

វិធានការ​ដាក់​ពង្រាយ​កង​កម្លាំង​ជា​ច្រើន​រយ​នាក់​នោះ​បា​ន​ចាប់​ផ្ដើម​ ឡើង​តាំង​ពី​ថៃ្ង​ទី​៩ ខែ​កញ្ញា​មក ក្រោយ​ពី​អាជ្ញាធរ​មូលរដ្ឋាន​នៃ​ស្រុក​ទិនបៀង ខេត្ត​អានយ៉ាង បាន​ព្រមាន​ឲ្យ​ដឹង​ថា គេ​នឹង​មិន​ផ្តល់​សំណង​អ្វី​ទេ ដោយ​ហេតុផល​ថា​គ្មា​នឯកសារ​ជា​កម្មសិទ្ធិ នេះ​បើ​តាម​ការ​អះអាង​ពី​អ្នក​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នោះ៕
ប្រភពពីវិទ្យុអាស៊ីសេរី.