អាជ្ញាធរនគរបាលនៃខេត្តមាត់ជ្រូក ទឹកដីខែ្មរកម្ពុជាក្រោម ក្នុងប្រទេសវៀតណាម បានបង្ក្រាបដោយហិង្សាលើគ្រួសារខែ្មរកម្ពុជាក្រោមចំនួនជាង ១០គ្រួសារដែលចេញមុខរារាំងគម្រោងការជីកប្រទ្បាយទឹកកាត់តាមដី ស្រែពីដូនតារបស់ពួកគាត់ដោយគ្មានសំណងអ្វីទ្បើយ នៅថៃ្ងច័ន្ទនេះ។
គ្រួសារខែ្មរកម្ពុជាក្រោមដែលកំពុងតែរងគ្រោះបាត់បង់ដីស្រែពី ដូនតានៅក្នុងឃុំអាងគឺ ស្រុកទិនបៀង ខេត្តអានយ៉ាង ឬខេត្តមាត់ជ្រូក បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីនៅថៃ្ងច័ន្ទនេះថា ដីស្រែពីដូនតាកំពុងត្រូវបានអាជ្ញាធរវៀតណាមរឹបយកនៅពេលនេះ ៖ «គឺ ធ្វើបាបមាំណាស់ឥឡូវ! គេយកក្រញាំរុញខ្ញុំមាំណាស់ ជួយផង! ឥឡូវហ្នឹងគេយកអស់ហើយ… កូនចៅខ្ញុំ ៥នាក់ ឥឡូវគេវ៉ៃ គេទាញមាំណាស់ ជួយផង!»។
គ្រួសារខែ្មរកម្ពុជាក្រោមម្នាក់ទៀតបានថែ្លងដែរថា ៖ «ខ្ញុំ រយះអាវ រយះខោអស់ហើយ សូមជួយផង! គេមកឈូសឆាយយកហើយ គេចាប់យក គេមិនឲ្យយើងចូលបៀតទេ! ឥឡូវកំពុងក្រញាំ។ គេដណ្ដើមយកទូរស័ព្ទមួយហើយ… បាត់ខ្សែកមួយខ្សែ ហើយទូរស័ព្ទមួយទៀត… វាមិនឲ្យយើងចូលបៀតទេ សូមជួយផង!»។
មិនអាចទាក់ទងលោក ទ្រីញ បាកាំ ជាមន្រ្តីអ្នកនាំពាក្យនៃស្ថានទូតវៀតណាមនៅក្នុងប្រទេសកម្ពុជាបាន ភ្លាមៗទេនៅថៃ្ងច័ន្ទនេះ ដើម្បីសុំការបញ្ជាក់អំពីរឿងបង្រ្កាបហិង្សានោះ ដោយមានអ្នកឆ្លើយទូរស័ព្ទថា លោកមិនមានតួនាទីត្រូវឆ្លើយជំនួសមន្រ្តីអ្នកនាំពាក្យនោះបានទេ។
ព្រះភិក្ខុសង្ឃ ថាច់ សូវី ជាអ្នកនាំពាក្យនៃសហព័ន្ធខែ្មរកម្ពុជាក្រោមពិភពលោក ប្រចាំនៅក្នុងប្រទេសកម្ពុជា បានមានថេរដីកាថា ៖ «ស្នើដល់ អង្គការសហប្រជាជាតិសូមថ្កោលទោសដល់រដ្ឋាភិបាលវៀតណាម បើសិនណានៅតែប្រព្រឹត្តអំពើហិង្សាដោយមិនគោរពច្បាប់ទម្លាប់យ៉ាង នេះ! គឺថា សូមឲ្យពិភពលោកនេះប្រមើលមើល ហើយនិងផ្ដាច់សេដ្ឋកិច្ច។ រដ្ឋាភិបាលវៀតណាមធ្វើដោយកំរោលយ៉ាងហ្នឹង គឺថា មិនមានទំនាក់ទំនងសមស្របនឹងច្បាប់អន្តរជាតិទាល់តែសោះ ពីព្រោះថា ប្រទេសមួយដែលមិនគោរពច្បាប់ នេះជាការកំរោលមួយដែលព្រៃផ្សៃបំផុត»។
ប្រភពពីគ្រួសាររងគ្រោះបានឲ្យដឹងថា មានកងកម្លាំងប្រដាប់អាវុធវៀតណាមជាច្រើនរយនាក់និងគ្រឿងចក្រជា ច្រើនគ្រឿង បានមកការពារនិងជីកប្រទ្បាយទឹកកាត់តាមដីស្រែពីដូនតារបស់ គ្រួសារខែ្មរកម្ពុជាក្រោមចំនួន ២គ្រួសារ ប៉ុន្តែគ្រួសារខែ្មរកម្ពុជាក្រោមដទៃទៀតចំនួនជាង ១០គ្រួសារបានចេញមុខរារាំង ហើយរងការបង្រ្កាបដោយហិង្សានោះ។
គ្រួសារមួយចំនួនបានរងការវាយដំឲ្យរងរបួសនិងបាក់ដៃ និងក្មេងៗរងការចាប់បោកឲ្យរងរបួស រីឯគ្រួសារដទៃទៀតត្រូវបានគេរារាំងមិនឲ្យចូលទៅជិតដីស្រែពី ដូនតារបស់ពួកគាត់ទេ។
មកទល់ពេលនេះ គ្មានប្រភពព័ត៌មានពីភាគីស្ថានទូតវៀតណាម ឬប្រភពឯករាជណាមួយអះអាងនៅទ្បើយទេ ជុំវិញអំពើហិង្សានិងការបង្រ្កាបនោះ៕
ប្រភពវិទ្យុអាស៊ីសេរី.