ថ្ងៃអាទិត្យ ១៩ខែធ្នូ ២០១០ ដោយលោក ដែនអយុធ្យា វិទ្យុអាស៊ីសេរី ភ្នំពេញ
ប្រភពពីប្រជាពលរដ្ឋរស់ នៅទឹកដីកម្ពុជាក្រោម អះអាងថា អាជ្ញាធរវៀតណាម បានចាប់ខ្លួនពលរដ្ឋខ្មែរក្រោមម្នាក់ ឈ្មោះ ចៅ ហេន ទៅឃុំខ្លួន។
ភរិយាបុរសឈ្មោះ ចៅ ហេន គឺអ្នកស្រី នាង ធួន បានមានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹង នៅរសៀលថ្ងៃទី ១៩ ខែធ្នូថា គ្រួសារគាត់ បន្ទាប់ពីបានគេចខ្លួន កាលពីឆ្នាំ២០០៨ ទៅសុំសិទ្ធិជ្រកកោន នៅការិយាល័យអង្គការ UNHCR នៅប្រទេសថៃ ត្រូវបរាជ័យ។
នៅថ្ងៃទី១៧ ខែធ្នូនេះ នៅពេលស្វាមីវិលត្រឡប់ពីការិយាល័យ UNHCR ប្រទេសថៃ ទៅតាមការចង្អុលបង្ហាញរបស់អង្គការនេះ ដែលថាមិនមានទោសពៃរ៍ ពេលមកដល់ផ្ទះ ត្រូវបានអាជ្ញាធរវៀតណាម មកនាំខ្លួនទៅឃុំ នៅសាលាស្រុកស្វាយទង រង់ចាំដោះស្រាយនៅថ្ងៃទី២០ ខែធ្នូ អំពីមូលហេតុគេចខ្លួនទៅប្រទេសថៃ។ អ្នកស្រី នាង ធួន មានប្រសាសន៍បន្ថែម ៖ «យើងមកពីប្រទេសថៃ មកដល់អង្គុយមិនទាន់បាន១ម៉ោងផង គេមកអញ្ជើញទៅសាលាឃុំ នៅម៉ោង៤ ដល់ម៉ោង ៦ជាង គេអញ្ជើញទៅសាលាស្រុក ឡានគេដឹកទៅសាលាស្រុក ឥឡូវគេឃុំនៅសាលាស្រុក។ ឥឡូវគេយកក្រដាសមកអញ្ជើញខ្ញុំ ថ្ងៃទី២០ ឲ្យខ្ញុំទៅទៀត»។
ទាក់ទងបញ្ហាចាប់ខ្លួនពលរដ្ឋខ្មែរក្រោមនេះ លោក ថាច់ សេដ្ឋា ប្រធានសមាគមខ្មែរកម្ពុជាក្រោមបានដាក់ការស្តីបន្ទោសចំពោះចំណាត់ ការរបស់អង្គការ UHNCR ដែលមិនទទួលស្គាល់ពលរដ្ឋខ្មែរក្រោម ដែលបានទៅសុំកិច្ចអន្តរាគមន៍ និងសុំសិទ្ធិជ្រកកោនពីអង្គការមួយនេះ។
លោក ថាច់ សេដ្ឋា មានប្រសាសន៍ ៖ «ខ្ញុំគិតថា យូអិន ជាអ្នកទទួលខុសត្រូវខ្លាំងណាស់ ពីព្រោះគាត់មានទុក្ខទោសដោយការតវ៉ា ហើយខំទៅរកយូអិន ជួយ តែយូអិន បែរជាអត់ទទួលស្គាល់ ដែលធ្វើឲ្យគាត់មានបញ្ហាក្នុងការរស់នៅ ក៏វិលត្រឡប់ទៅវិញ ព្រោះយូអិន ហាក់ដូចជាមិនជឿនូវអ្វីជាសកម្មភាពរបស់គាត់ ដែលទទួលរងនូវការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរយួន។ ឥឡូវវាជាក់ស្ដែង អ៊ីចឹងហើយ គឺមានតែយូអិន ទេ ដែលទទួលភារកិច្ចហ្នឹង ហើយធ្វើអន្តរាគមន៍ដើម្បីឲ្យលោកមានសេរីភាពឡើងវិញ»។
អ្នកស្រី នាង ធួន បន្តថា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០០៨ កន្លងទៅ ស្វាមីគាត់ គឺលោក ចៅ ហេន ធ្លាប់បានដឹកនាំប្រជាពលរដ្ឋខ្មែរក្រោមជាង៦រយនាក់ ធ្វើបាតុកម្មទាមទារដីស្រែចម្ការ ដែលអាជ្ញាធរវៀតណាមរឹបអូសក្នុងអំឡុងពេល ឆ្នាំ១៩៨០។ បន្ទាប់ពីបានដឹកនាំធ្វើបាតុកម្ម នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០០៨ វេលាម៉ោង ៣ជិតភ្លឺ លំនៅឋានរបស់គាត់ត្រូវបានគេបោកគ្រាប់បែកចូលក្នុងផ្ទះ ទើបគ្រួសារអ្នកស្រីបានរត់គេចខ្លួនទៅកាន់អង្គការ UNHCR នៅប្រទេសថៃ ឲ្យជួយអន្តរាគមន៍ ក្នុងនាមជាជនភៀសខ្លួន តែត្រូវអង្គការនេះមិនទទួលស្គាល់ និងបានណែនាំពួកគេឲ្យវិលមកស្រុកកំណើតនៅទឹកដីខ្មែរកម្ពុជា ក្រោមវិញ ដោយអះអាងថា មិនមានការចាប់ខ្លួននោះទេ។
អ្នកស្រី នាង ធួន បានប្រាប់ពីមូលហេតុរត់គេចខ្លួនដូច្នេះ ៖ «UNHCR ហ្នឹង គេបិទឈប់ឲ្យតាំងពីខែសីហាឯណោះ គេលែងឲ្យ។ បានជាខ្ញុំវិលត្រឡប់មកប្រទេសជីដូនជីតាយើងវិញ»។
លោក ចៅ ហេង និងអ្នកស្រី នាង ធួន មានស្រុកកំណើតនៅឃុំចូវឡាំង ស្រុកស្វាយទង ខេត្តមាត់ជ្រូក ដែលវៀតណាមហៅអាងយ៉ាង សព្វថ្ងៃ ធ្លាប់តាមរកចាប់ខ្លួនម្ដងហើយ កាលពីឆ្នាំ២០០៨ ដោយចោទបុរសរូបនេះ បានដឹកនាំធ្វើបាតុកម្មទាមទាររំដោះទឹកដីខ្មែរកម្ពុជាក្រោម។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទូតវៀតណាមប្រចាំ ប្រទេសកម្ពុជា ដើម្បីបំភ្លឺជុំវិញការចាប់ខ្លួនបុរសឈ្មោះ ចៅ ហេន ដែលអាជ្ញាធរវៀតណាមបាននាំទៅឃុំខ្លួនបណ្ដោះអាសន្ននៅសាលាស្រុក ស្វាយទង ក្នុងប្រទេសវៀតណាមបានទេ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១០ នេះ៕ ប្រភព៖ វិទ្យុអាស៊ីសេរី