អាជ្ញាធរ​វៀតណាម​គំរាម​ឲ្យ​ខ្មែរ​ក្រោម​ដក​ពាក្យ​បណ្ដឹង​ស្ដីពី​បញ្ហា​ដី​ធ្លី

ពលរដ្ឋ​ខែ្មរ​ក្រោម​ជា​ច្រើន​រយ​គ្រួសារ​នៅ​ក្នុង​ឃុំ​អាងគឺ ស្រុក​ទិនបៀង ខេត្ត​អានយ៉ាង បាន​អះអាង​ថា ក្រុម​នគរបាល​វៀតណាម​ជា​ច្រើន​នាក់​បាន​ដើរ​គំរាម​គ្រួសារ​ខែ្មរ​ក្រោម​ពី​ ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ទៀត​ឲ្យ​ដក​ពាក្យ​បណ្តឹង​ដី​ធ្លី​របស់​ពួក​គាត់​ចេញ​ ពី​អាជ្ញាធរ​វិញ បើ​មិន​ដូច្នោះ​ទេ​អាជ្ញាធរ​នឹង​ចាប់​ខ្លួន​ពួក​គាត់​នា​ពេល​ឆាប់ៗ​ខាង​មុខ​ នេះ។
នៅ​ស្រប​ពេល​គ្នា​នេះ​ដែរ​ប្រភព​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​វៀតណាម​បាន​សន្យា​ថា នឹង​សាងសង់​ផ្ទះ​ទំហំ​ទទឹង​៤​ម៉ែត្រ​និង​បណ្តោយ​៨​ម៉ែត្រ​ឲ្យ​គ្រួសារ​ នីមួយៗ​ដែល​បាន​បាត់​បង់​ដី​ស្រែ​កសិកម្ម​នោះ​ជា​ថ្នូរ ប៉ុន្តែ​គ្រួសារ​ទាំង​នោះ​បាន​បដិសេធ​មិន​ព្រម​ទទួល។

គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​ម្នាក់​នៅ​ក្នុង​ឃុំ​អាងគឺ ស្រុក​ទិនបៀង ខេត្ត​អានយ៉ាង​នៃ​ទឹក​ដី​ខែ្មរ​កម្ពុជា​ក្រោម បាន​ថែ្លង​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ​មក​ថា ៖ «គេ​ចុះ​គំរាម ​ហ្នឹង​ពី​ថ្ងៃ​១៣​បារាំង គំរាម​ដើរ​តាម​ផ្ទះ សុទ្ធ​តែ​ខាង​នគរបាល​គេ ទៅ​មួយ​ផ្ទះៗ​ប្រហែល​ជា​ពី​១៥​នាក់​ទៅ​២០​នាក់ ដក​ពាក្យ​បណ្ដឹង​ទៅ ឈប់​ប្ដឹង​ទៅ ចង់​បាន​អី​រដ្ឋ​គេ​ឧបត្ថម្ភ​ឲ្យ។ បង​ប្អូន​ថា​មិន​ព្រម​ទេ មក​ពី​ដី​ជីដូន​ជីតា​ខ្ញុំ​ច្រើន​ណាស់ ហើយ​រដ្ឋ​ឧបត្ថម្ភ​ហ្នឹង​ហូប​មិន​គ្រប់​ទេ។ រដ្ឋ​គ្រាន់តែ​ធ្វើ​ផ្ទះ​ឲ្យ​ហ្នឹង ហើយ​ដី​ជីដូន​ជីតា​ខ្ញុំ​បាត់​ច្រើន។ ឥឡូវ​ទាមទារ​តែ​រដ្ឋ​អំណាច​សង​ដី​ហ្នឹង​មក។ គេ​ថា​បើ​មិន​ដក គេ​ចាប់​ដាក់​គុក​ទាល់​តែ​អស់​ហ្នឹង»។

គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​ម្នាក់​ទៀត​បាន​ថែ្លង​ដែរ​ថា លោក​មាន​ដី​ស្រែ​ដូនតា​ចំនួន​២​ហិកតារ ហើយ​បាន​បាត់​បង់​ដី​នោះ​តាំង​ពី​ឆ្នាំ​១៩៧៩​មក​ម៉្លេះ។ លោក​សន្យា​ថា​នឹង​មិន​ដក​ពាក្យ​បណ្ដឹង​តាម​ការ​គំរាម​នោះ​ទេ។

លោក​បាន​បន្ត​ថា ៖ «តែ​ខ្ញុំ​ចុះ​ទៅ​ធ្វើ​ដី គេ​ចាប់​ហើយ។ ឥឡូវ​ខ្ញុំ​ប្ដេជ្ញា​ថា ខ្ញុំ​សុខ​ចិត្ត​ស្លាប់​ក្នុង​ដី​ស្រែ​របស់​ខ្ញុំ​ចុះ»។

សុខ សេរី ៖ អ៊ីចឹង​លោក​មិន​ដក​ពាក្យ​បណ្ដឹង​ទេ? ពលរដ្ឋ​ខ្មែរ​ក្រោម ៖ ខ្ញុំ​អត់​ដក​ទេ ប្ដេជ្ញា​សុខ​ចិត្ត​ស្លាប់។

នៅ​មិន​ទាន់​អាច​ទាក់ទង​មន្រ្តី​នៃ​ស្ថានទូត​វៀតណាម​នៅ​ក្នុង​ប្រទេស​ កម្ពុជា​បាន​ទេ​នៅ​ថៃ្ង​អាទិត្យ ទី​១៥ ខែ​វិច្ឆិកា​នេះ ដើម្បី​សុំ​ការ​បញ្ជាក់​អំពី​រឿង​នេះ។

លោក ថាច់ សេដ្ឋា ជា​ប្រធាន​សហគមន៍​ខែ្មរ​កម្ពុជា​ក្រោម​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖ «អា ​នេះ​គឺ​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ត្រូវតែ​ប្ដឹង​ទាមទារ​មក​វិញ ព្រោះ​ពី​មុន​ជា​ដី​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដល់​ពេល​សម័យ ប៉ុល ពត កៀរ​ទៅ​ហើយ ត្រឡប់​មក​វិញ​យក​ដី​គ្នា​អស់ ហើយ​ទាមទារ គំរាម​កំហែង​គ្នា​ទៀត ដូច្នេះ​វា​ជា​រឿង​មួយ​អយុត្តិធម៌​ណាស់»។

ក្រុម​គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​ចំនួន​ប្រមាណ​៣០០​គ្រួសារ​នៅ​ក្នុង​ ឃុំ​អាងគឺ ស្រុក​ទិនបៀង ខេត្ត​អានយ៉ាង ឬ​ខេត្ត​មាត់ជ្រូក នៃ​ប្រទេស​វៀតណាម​នោះ បាន​បាត់​បង់​ដី​ស្រែ​កសិកម្ម​ជា​ច្រើន​រយ​ហិកតារ​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩​ មក​ម៉្លេះ ដោយសារ​តែ​ពួក​គាត់​បាន​រត់​គេច​ពី​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ខែ្មរ ​ក្រហម​និង​កងទ័ព​វៀតណាម​នៅ​ពេល​នោះ។ ដី​ស្រែ​ទាំង​នោះ​ត្រូវ​បាន​គេ​រឹប​យក​នៅ​គ្រា​ដែល​ពួក​គាត់​មួយចំនួន​បាន​ រត់​គេច​ខ្លួន​ទៅ​កាន់​វៀតណាម​ភាគ​ខាង​ក្រោម និង​មួយចំនួន​ទៀត​បាន​រត់​គេច​ខ្លួន​មក​កម្ពុជា។

ពួក​គាត់​ទាំង​នោះ​បាន​ដាក់​ពាក្យ​បណ្តឹង​ទាមទារ​ដី​ស្រែ​ដែល​បាត់បង់​ នោះ​កាល​ពី​ឆ្នាំ​២០០០​កន្លង​ទៅ ប៉ុន្តែ​គ្មាន​ដំណោះស្រាយ​ទេ​រហូត​មក​ដល់​ពេល​នេះ៕
ប្រភពៈ វិទ្យុអាស៊ីសេរី.