សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យសហគមន៍ខ្មែរ កម្ពុជាក្រោមរៀបចំ ពិធីរម្លឹកថ្ងៃបាត់បង់ទឹកដីកម្ពុជា ក្រោម នៅលើសួនច្បារមុខវត្តបទុមវត្តីនាថ្ងៃទី ៤មិថុនា នេះឡើយ។ ទោះបីអាជ្ញាធរក្រុងភ្នំពេញមានហេតុផលថា ទីធ្លាមុខវត្តបទុមវត្តីជាប់រវល់កម្មវិធីផ្សេងយ៉ាងណាក្តី។ សហគមន៍ ខ្មែរកម្ពុជាក្រោមចាត់ទុកការបដិសេធរបស់សមត្ថកិច្ច ជាលេសមួយប៉ុណ្ណោះ ជាលេសដែលអាជ្ញាធរមិនចង់ឲ្យមានកម្មវិធីនេះកើតឡើង។ ការបាត់ បង់ទឹកដីកម្ពុជាទៅលើប្រទេសវៀតណាម កាលពី៦២ ឆ្នាំមុននេះ គណបក្សសមរង្ស៊ីក៏ធ្លាប់ដាក់សំណើមួយទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនសុំយកថ្ងៃទី៤ មិថុនាជារៀងរាល់ឆ្នាំ ជាថ្ងៃកាន់ទុក្ខទូទំាងប្រទេសផងដែរ។ ប៉ុន្តែរហូតមកដល់ពេលនេះ សំណើនោះគ្មានចម្លើយឡើយ។ សម្រាប់សហគមន៍ខ្មែរកម្ពុជាបានដាក់សំណើថ្មីមួយទៀតទៅសាលា រាជធានីភ្នំពេញ សុំរៀបចំកម្មវិធីរម្លឹកខួប៦២ឆ្នាំនេះ នៅថ្ងៃទី១០មិថុនាខាងមុខនេះ នៅលើសួនច្បារមុខវត្តបទុមវត្តីម្តងទៀត។
ថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ បារាំងក្នុងនាមជាអាណាព្យាបាលកម្ពុជា បានកាត់ទឹកដីខ្មែរចំនួនជិត ៧ម៉ឺនគីឡូម៉ែត្រក្រឡា ស្មើនឹងចំនួន២២ខេត្តឲ្យទៅខេត្តប្រទេសវៀតណាម។ សហគមន៍ខ្មែរកម្ពុជាក្រោមបានព្យាយាមរៀបចំពិធីរម្លឹកខួបថ្ងៃ ប្រវត្តិសាស្រ្តនេះ ជារៀងរាល់ឆ្នាំ ប៉ុន្តែសម្រាប់ថ្ងៃទី៤ មិថុនា ឆ្នាំ២០១១នេះ អាជ្ញាធរក្រុងភ្នំពេញ និងក្រសួងមហាផ្ទៃមិនអនុញ្ញាតអោយសហគមន៍ខ្មែរកម្ពុជាក្រោម រៀបចំពិធីនេះនៅលើសួនច្បារមុខវត្តបទុមវត្តី តាមសំណើរបស់សហគមន៍នោះឡើយ។
សហគមន៍ខ្មែរកម្ពុជាគ្រោងថា នឹងរៀបចំពិធីរំលឹកខួបថ្ងៃបាត់បង់ទឹកដីកម្ពុជាក្រោមលើកទី៦២ នៅថ្ងៃទី៤ មិថុនា ដោយមានព្រះសង្ឃ ១៩៤៩អង្គ ចូលរួមជាតំណាងឆ្នាំដែលទឹកដីកម្ពុជាបានក្លាយជាដីរបស់ប្រទេស វៀតណាម។ លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរ កម្ពុជាក្រោមបានចាត់ទុកការបដិសេធរបស់សមត្ថកិច្ចដោយសំអាងថា ទីធ្លាមុខវត្តបទុមវត្តីជាប់រវល់ គ្រាន់ជាលេសមួយប៉ុណ្ណោះ។ លោកថា លោកបានដាក់ពាក្យស្នើសុំជាថ្មីទៀត ដើម្បីរៀបចំពិធីនេះនៅលើសួនច្បារមុខវត្តបទុមវត្តីដដែល នៅថ្ងៃទី១០ ខែមិថុនាខាងមុខនេះ។
ទោះជាយ៉ាងណា ប្រធានសមាគមកម្ពុជាក្រោមរូបនេះបានកត់សម្គាល់ថា អាជ្ញាធរក្រុងភ្នំពេញមានចេតនាមិនចង់អោយមានពិធីរំលឹកថ្ងៃ បាត់បង់ទឹកដីខ្មែរ ទៅប្រទេសវៀតណាមកើតមាននោះឡើយ ពីព្រោះលោកយល់ថា អាជ្ញាធរខ្មែរខ្លាចរដ្ឋាភិបាលវៀតណាមមិនសប្បាយចិត្ត។
ទាក់ទងនឹងថ្ងៃបាត់បង់ទឹកដីខ្មែរកាលពី៦២ឆ្នាំកន្លងទៅនេះ គណបក្សសមរង្ស៊ីក៏ធ្លាប់ស្នើសុំលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីកំណត់យកថ្ងៃទី៤ ខែមិថុនារៀងរាល់ឆ្នាំ ជាថ្ងៃកាន់ទុក្ខសម្រាប់ពលរដ្ឋខ្មែរគ្រប់រូបផងដែរ។ លិខិតតំណាងរាស្រ្តរបស់គណប្សប្រឆំាងស្នើទៅលោកនាយករដ្ឋមន្រ្តីកាលពី ថ្ងៃទី១២ ឧសភា ឆ្នាំ២០១១កន្លងទៅនេះ នៅមិនទាន់ទទួលចម្លើយយ៉ាងណានោះទេ រហូតមកដល់ពេលនេះ។
ចំណែកសំណើជាថ្មីរបស់សហគមន៍ខ្មែរកម្ពុជាត្រូវបានលោក ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃចាត់ទុកថា ជាសកម្មភាពមួយចង់ឈ្នះ ចាញ់ ជាមួយសមត្ថកិច្ចតែប៉ុណ្ណោះ មិនមែនជាសកម្មភាពចង់ធ្វើបុណ្យឬរម្លឹកប្រវត្តិសាស្រ្តអ្វីនោះឡើយ។ បើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ការបាត់បង់ទឹកដីកម្ពុជាក្រោម ប្រជាពលរដ្ឋខ្មែរបានចងចាំរួចហើយ៕ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ