ដោយៈ ចៅ មុនីខេមរា
ប្រជាពរដ្ឋខ្មែរក្រោមប្រមាណជាង ៥០ នាក់ រស់នៅឃុំអាងគឺ ស្រុកក្របៅ ខេត្តមាត់ជ្រូក បានលើកគ្នាទៅសាលាឃុំអាងគឺ កាលពីព្រឹកថ្ងៃចន្ទ ទី២០ កក្កដា បន្ទាប់ពីអាជ្ញាធរយួនថ្នាក់ឃុំ បានធ្វើការកោះហៅសកម្មជនដឹកនាំតវ៉ាដីរឿងធ្លីម្នាក់ទៅព្រមាន ក្រោយពីសកម្មជនរូបនេះ កាងមិនឲ្យឡាន
ជីកដីក្រុមហ៊ុនយួន ជីកប្រឡាយទឹកកាត់ដីស្រែពួកគេ ។
លោក ចៅ អ៊ិន សកម្មជនដឹកនាំតវ៉ារឿងដីធ្លីនៅស្រុកក្របៅ ខេត្តមាត់ជ្រូក បានឲ្យដឹងកាលពីល្ងាចថ្ងៃចន្ទថា ប្រជាពលរដ្ឋមានគ្មានប្រមាណជាង ៥០ នាក់ បានលើកគ្នាទៅសាលាឃុំអាងគឺ ស្ថិតនៅក្នុងស្រុកក្របៅ ដើម្បីការពាររូបគាត់ ក្រោយពីអាជ្ញាធរយួនបានធ្វើការកោះហៅរូបគាត់ទៅព្រមានពីរឿងកាងមិនឲ្យឡានក្រុមហ៊ុនយួន ជីកប្រឡាយកាត់ដីស្រែរបស់គាត់ និងអ្នកភូមិ ។
លោក ចៅ អ៊ិន អាយុប្រមាណជាង ៥០ ឆ្នាំ បានឲ្យទៀតដឹងថា អាជ្ញាធរកុម្មុយនិស្តយួនបានបញ្ជាឲ្យក្រុមហ៊ុនឡានជីកដីមួយ ជីកប្រឡាយទឹកកាត់ស្រែគាត់ និងអ្នកភូមិមួយចំនួនផ្សេងទៀត ដោយមិនបានពិភាក្សា ឬមានការដឹងឮពីពួកគាត់ឡើយ ។ ទើបតែថ្មី ៗ នេះ ពួកគាត់បានដឹង ហើយក៏នាំគ្នាទៅទប់ស្កាត់ មិនឲ្យក្រុមហ៊ុនយួននោះជីកប្រឡាយបន្តទៀត ។ លោក ចៅ អ៊ិន បន្តទៀតថា រូបលោកត្រូវសមត្ថកិច្ចយួនឃុំអាងគឺកោះហៅឲ្យទៅជួបនៅវេលាម៉ោង ៨ ព្រឹកថ្ងៃទី២០ កក្កដា ព្រោះគេចោទប្រកាន់ថា រូបលោកបានដឹកនាំប្រជាពលរដ្ឋខ្មែរក្រោមទប់ស្កាត់មិនឲ្យក្រុមហ៊ុនយួន ជីកប្រឡាយទឹកកាត់ស្រែ ។ លោក ចៅ អ៊ិន បានបន្ថែមទៀតថា មានអ្នកភូមិប្រមាណ ៥០-៦០នាក់ បានលើកគ្នាទៅសាលាឃុំជាមួយលោក ក្នុងគោលបំណងជួយជ្រោមជ្រែងគ្នា ។
បុរសខ្មែរក្រោមម្នាក់ផ្សេងទៀត ដែលបានលើកគ្នាទៅជាសាលាឃុំអាងគឺ ដើម្បីជួយការពារលោក ចៅ អ៊ិន បានឲ្យដឹងដែរថា ពួកគេមានគ្នាប្រមាណជាង ៥០ នាក់ ធ្វើដំណើរចេញពីភូមិអាងគឺឆ្ពោះទៅកាន់សាលាឃុំខាងលើ ក្នុងគោលបំណងការពារ ចៅ អ៊ិន កុំឲ្យអាជ្ញាធរមានសមត្ថកិច្ចឃុំចាប់ខ្លួនលោកចៅ អ៊ិន ។ បុរសរូបនេះអះអាងទៀតថា ដីស្រែគេក៏ត្រូវក្រុមហ៊ុនយួនទទួលបញ្ជាពីអាជ្ញាធរឃុំ ជីកប្រឡាយទឹកកាត់ផងដែរ ។ ប៉ុន្តែដោយសារលោក ចៅ អ៊ិន ទទួលបានដំណឹងនេះ ទើបពួកគេបាននាំគ្នាទៅទប់ស្កាត់ទាន់ពេល ។
រីឯបរុសខ្មែរក្រោម មួយរូបផ្សេងទៀតបង្ហើបឲ្យដឹងដែរថា បងប្អូនខ្មែរក្រោមនាំគ្នាទៅកាន់សាលាឃុំអាងគឺនេះ គ្មានបំណងបង្កបញ្ហា ឬអុកឡុកធ្វើឲ្យខូចសណ្តាប់ធ្នាប់អ្វីឡើយ ។ ពួកគេគ្រាន់តែការងារ និងឈឺឆ្អាលរឿងអយុត្តិធម៌ប៉ុណ្ណោះ ។ បុរសជនជាតិដើមខ្មែរក្រោមរូបនេះបង្ហើបឲ្យដឹងបន្ថែមថា ការជួបគ្នារវាងអ្នកភូមិ និងអាជ្ញាធរយួនកាលពីព្រឹកថ្ងៃចន្ទកន្លងទៅនេះមិនមានការប៉ះទង្គិចគ្នាអ្វីទេ ។ ប៉ុន្តែពួក
អាជា្ញធរយួនគេអះអាងថា រដ្ឋាភិបាលនឹងមិនសងសំណងចំពោះការខូចខាតណាមួយទៅលើដីស្រែ ដែលត្រូវក្រុមហ៊ុនជីកប្រឡាយទឹកកាត់កាលពីកន្លងហើយនោះឡើយ ដោយយល់ថាប្រឡាយទឹកនោះនឹងត្រូវប្រើប្រាស់ទាំងអស់គ្នា ។
ទាក់ទិននឹងហេតុការណ៍ខាងលើនេះ មតិពលរដ្ឋមួយចំនួនរិះគន់ថាអាជ្ញាធរយួនមិនបានគោរពសិទ្ធិខ្មែរក្រោម និងសិទ្ធិកាន់កាប់ដីធ្លីឡើយ ។ ពួកគេបានអនុវត្តន៍គោលការណ៍ផងខ្លួនដោយគ្មានការពិភាក្សានឹងម្ចាស់ដីស្រែ នេះគឺជាទង្វើមួយដែលមិនអាចទទួលយកបាន ។ ប្រជាពលរដ្ឋមួយចំនួន
រិះគន់ត្រង់ៗ ទៀតថា ថ្វីត្បិតតែប្រឡាយទឹកនេះត្រូវប្រើប្រាស់ទាំងអស់គ្នា ប៉ុន្តែប្រជាពលរដ្ឋក៏ត្រូវបង់ពន្ធជូនរដ្ឋជាប្រចាំផងដែរ ហើយមានរដូវខ្លះស្រូវច្រូតមកសំរាប់ទូទាត់នឹងបង់ពន្ធទឹក ថ្លៃជី និងថ្នាំសម្លាប់សត្វល្អិតតែប៉ុណ្ណោះ ៕.