អាជ្ញាធរយួនហាមមិនឲ្យខែ្មរក្រោមតម្លើងថាសផ្កាយរណបនៅខែត្រមាត់ជ្រូក

ដោយៈ ចៅ មុនីខេមរា
ប្រភពព័ត៌មានពីស្រុកស្វាយទង ខេត្តមាត់ជ្រូក បានឲ្យដឹងថា អាជ្ញាធរយួនក្នុងស្រុកស្វាយទង ខេត្តមាត់ជ្រូក កំពុងតែគាបសង្កត់បំបិទសិទ្ធិសេរីភាពបងប្អូនខ្មែរក្រោមនៅស្រុកស្វាយទង ខេត្តមាត់ជ្រូក កាន់តែខ្លាំងឡើង ៗ ។ អាជ្ញាធរយួនបានធ្វើការហាមឃាត់ មិនឲ្យប្រជាពលរដ្ឋខ្មែរក្រោមតម្លើងថាសផ្តាយរណប ឬអង់តែនទូរទស្សន៍នៅតាមផ្ទះ ទោះបីក្រុមគ្រួសារដែលមានលទ្ធ-ភាពតម្លើងថាសផ្តាយរណប ឬអង់តែនទូរទស្សន៍មានចំនួនតិចតួចក៏ដោយ ។
លោក ប្រាក់ សេរីវុឌ្ឍ អនុប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានចាត់ទុកអំពើនេះថា ជាការរំលោភលើសន្ធិសញ្ញា និងច្បាប់ទម្លាប់ដែលរដ្ឋាភិបាលក្រុងហាណូយ បានចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធបញ្ហាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។ លោក ប្រាក់ សេរីវុឌ្ឍ បានសម្តែងការអន់ចិត្តចំពោះសហរដ្ឋអាមេរិក ដែលមើលឃើញអំពើរំលោភសិទ្ធិមនុស្សក្នុងប្រទេសភូមា និងប្រទេសចិន ប៉ុន្តែមើលរំលងអំពើរំលោភសិទ្ធិមនុស្ស និងសេរីភាពព័ត៌មានក្នុងប្រទេសយួន ដែលក្រុមហ៊ុន
អាមេរិកមួយចំនួនកំពុងរកស៊ីពេញទឹកពេញដី ។ លោក បានអះអាងថា ការដែលអាជ្ញាធរយួនរំលោភសិទ្ធិប្រជាពលរដ្ឋនៅស្រុកស្វាយទង ខេត្តមាត់ជ្រូក អតីតទឹកដីកម្ពុជាក្រោម នោះគឺជារឿងមិនអាចទទួលយកបានឡើយ ។
ចំណែកឯប្រជាពលរដ្ឋមួយរូបនៅស្រុកខាងលើ បានឲ្យដឹងដែរថា ចាប់តាំងពីដើមឆ្នាំ ២០០៧ មក អាជ្ញាធរ នៃរបប
កុម្មុយនិស្តយួនមានការរឹតបន្តឹង ធ្វើបាបគាបសង្កត់រំលោភសិទ្ធិព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោមកាន់តែខ្លាំងឡើង ៗ ជាពិសេសគឺនៅក្នុងស្រុកស្វាយទងតែម្តង ។ ប្រជាពលរដ្ឋមួយរូបដែលសុំមិនបញ្ចេញឈ្មោះ បានបន្តឲ្យដឹងទៀតថា របបកុម្មុយនិស្តក្រុងហាណូយ ដែលមាន ង្វៀង តឹងយុង ជានាយករដ្ឋមន្រ្តីមិនខ្វល់ខ្វាយចំពោះការរិះគន់របស់សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ ពាក់ព័ន្ធអំពើរំលោភសិទ្ធិមនុស្ស និងសេរីភាពព័ត៌មាននៅក្នុងប្រទេសរបស់ខ្លួនសោះឡើយ ។
ដោយឡែក ប្រជាពលរដ្ឋក្នុងស្រុកស្វាយទងបានឲ្យដឹងដែរថា បច្ចុប្បន្ននេះពួកគាត់បានផ្អាកសកម្មភាពតវ៉ាទាមទារដីធ្លីកេរដូនតាមួយរយៈពេលសិន ព្រោះអាជ្ញាធរយួនបានប្រើវិធីគាបសង្កត់គំរាមកំហែងពួកគាត់យ៉ាងខ្លាំងក្លា ។ ក្នុងនោះមានដំណឹងថា អាជ្ញាធរយួនបានត្រៀមកម្លាំងទ័ព និងកម្លាំងប៉ូលិសយ៉ាងច្រើនសម្បើម ទុកសម្រាប់បង្រ្កាបប្រជាលពរដ្ឋខ្មែរក្រោម ដែលហ៊ានក្រោកឡើងតវ៉ាទាមទារឲ្យរដ្ឋាភិបាលប្រគល់ដីធ្លី ដែលបានរឹបអូសយកជូនពួកគាត់វិញ ។ ហេតុនេះទើបពួកគាត់បង្ខំចិត្តផ្អាកការតវ៉ាមួយរយៈពេលសិន ពីព្រោះពួកអាជ្ញាធរយួនកំពុងឃ្លាំមើលសកម្ម-ភាពរបស់ពួកគាត់គ្រប់ពេលវេលា ។
ប្រជាពលរដ្ឋក្នុងស្រុកស្វាយទង ដែលធ្លាប់បានចេញតវ៉ារឿងដីធ្លីកាលពីកន្លងមក បានរំលឹកព្រឹត្តិការណ៍តវ៉ារឿងដីធ្លីថា នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពួកគាត់បានក្រោកឡើងតវ៉ាទាមទារឲ្យរដ្ឋាភិបាលយួនដោះស្រាយដីធ្លី ប៉ុន្តែរដ្ឋាភិបាលយួន នៅតែមិនទាន់មានលទ្ធភាព ដោះស្រាយពាក្យបណ្តឹងរបស់ពួកគាត់ ហើយបានប្រើកម្លាំងទ័ពបាញ់រះ បោកគ្រាប់បែកទៅលើពួកគាត់យ៉ាងសាហាវព្រៃផ្សៃ ។ មកដល់ពេលនេះ គេមិនទាន់ឃើញវត្តមានរបស់លោក ចៅ អុក និងចៅ ហេន មេដឹកនាំក្រុមបាតុករបាតុកម្មកាលពីមុនបុណ្យចូលឆ្នាំថ្មីនៅឡើយ ។
គួររំលឹកដែរថា ក្នុងប្រទេសយួនមានសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយវិទ្យុ ទូរទស្សន៍ជាភាសាយួនជាច្រើន ដែលគេដឹងថាប្រព័ន្ធទាំងនោះកំពុងវាយលុកចូលដល់តំបន់ជនបទ ដោយគេផ្សព្វផ្សាយពីឧត្តមគតិ ហោ ជីមិញ និងរបៀបរបបដឹកនាំរបស់បក្សកុម្មុយនិស្តយួនថាល្អឥតខ្ចោះស្អីគេនោះ ។ រាល់បណ្តាសារ-ព័ត៌មានទាំងអស់ ត្រូវគាំទ្រ និងផ្សព្វផ្សាយតែពីសកម្មភាពល្អរបស់បក្ខ តែបើប្រព័ន្ធណាមួយហ៊ានរិះគន់ រដ្ឋាភិបាលកុម្មុយនិស្តយួននឹងបិទការផ្សាយ ចាប់អ្នកសារព័ត៌មានទាំងនោះដាក់ពន្ធនាគារជាបន្ទាន់ ។ ចំណែកការហាមប្រាមមិនឲ្យពលរដ្ឋខ្មែរក្រោមក្នុងស្រុកស្វាយទង តម្លើងថាសផ្តាយរណប ឬអង់តែនទូរទស្សន៍ នាពេលថ្មី ៗ នេះ គ្មាននរណាដឹងពីមូលហេតុនោះឡើយ គេគ្រាន់តែដឹងថាវិធានការរបស់អាជ្ញាធរយួននេះ ធ្វើសំដៅតែទៅលើខ្មែរកម្ពុជាក្រោមប៉ុណ្ណោះ ដែលជាការអនុវត្តន៍នយោបាយរើសអើង រំលោភសិទ្ធិសេរីភាពក្នុងការទទួលព័ត៌មានយ៉ាងកំរោលជួរជាតិ ៕.