ដោយៈ VOKK
មេដឹកនាំគ្រឹះសាសនា និងជាប្រធានផ្នែកព័ត៌មានរបស់គ្រឹះសាសនានៅក្នុងប្រទេសវៀតណាម បានបង្ហើបឲ្យដឹងថា អាជ្ញាធរយួនខេត្តត្រាវិញបានធ្វើការរឹបអូសយកកាដូថ្ងៃបុណ្យណូអែល ពីក្រុមកុមារជនជាតិដើមខ្មែរកម្ពុជាក្រោមប្រមាណ៥ នាក់ បន្ទាប់ពីអ្នកកាន់សាសនាគ្រឹះបានចែកជូនពួកគេបានប៉ុន្មានម៉ោង ។
អ្នកកាន់សាសនាគ្រឹះឈ្មោះ ត្រឹង ង្វៀង បច្ចុប្បន្ន
ស្នាក់នៅតំបន់ភាគខាងលិចនៃប្រទេសវៀតណាម ។ លោកបានចុះទៅសួរសុខទុក្ខគ្រួសារលោក ថាច់ ធឿង នៃសាសនិកគោរពប្រតិបត្តិសាសនាគ្រឹះ ឋិតនៅក្នុងស្រុកកន្លង់ ខេត្តព្រះត្រពាំង ឬយួនហៅត្រាវិញ ។
លោក ត្រឹង ង្វៀង បានរៀបរាប់ឲ្យដឹងថា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០០៩ កន្លងមកនេះ រូបលោកផ្ទាល់បានធ្វើចុះទៅជួបសំណេះសំណាល និងជូនកាដូថ្ងៃបុណ្យណូអែលដល់កុមារា កុមារី ដែលកំពុងរស់នៅលើទឹកដីកម្ពុជាក្រោម ឬតំបន់ត្រង់ភាគខាងត្បូង នៃប្រទេសវៀតណាមសព្វថ្ងៃនេះ ។
លោក ត្រឹង ង្វៀង បានបន្ថែម កាដូដែលមេដឹកនាំ សាសានាគ្រឹះបានប្រគល់ឲ្យកុមារា កុមារីក្នុងខេត្តត្រាវិញ គឺរួមមានសម្ពៀតដាក់សៀវភៅទៀសាលា ម៉ុង អាវភ្លៀង និងសៀវភៅរឿងនិទានអំពីព្រះយេស៊ូគ្រឹះ ។ ប៉ុន្តែជាអកុសល បន្ទាប់ពីលោកបានចែកជូនទៅក្រុមកុមារទាំង ៥ នាក់នៅផ្ទះលោក ថាច់ ធឿង អាជ្ញាធរយួនក៏បានទៅដល់ដើម្បីធ្វើការត្រួតពិនិត្យ ។ នៅរសៀលថ្ងៃដដែល ក្រុមអាជ្ញាធរយួនស្រុកកន្លង់ បានចុះធ្វើការរឹបអូសយកកាដូបុណ្យណូអែលទាំងនោះ ដោយគ្មានការអៀនខ្មាស់ ។ អ្នករស់នៅជិតផ្ទះលោក ថាច់ ធឿង ជនជាតិដើមខ្មែរកម្ពុជាក្រោម ដែលគោរពប្រតិបត្តិជំនឿគ្រឹះសាសនាបានអះអាងស្រដៀងគ្នាថា ពួកគេពិតជាបានឃើញក្រុមអាជ្ញាធរយួនមានគ្នាបីនាក់ ចុះទៅដកហូតកាដូបុណ្យណូអែលកាលពីថ្ងៃល្ងាច ទី២៤ ធ្នូ ឆ្នាំ២០០៩ ។ អ្នកឃើញហេតុការណ៍បញ្ជាក់ឲ្យដឹងទៀតថា មេដឹកនាំសាសនាគ្រឹះឈ្នោះ ត្រឹង ង្វៀង បានជូនកាដូដល់កុមារ កុមារីចំនួន៥ នាក់ ដែលស្នាក់នៅក្នុងស្រុកកន្លង់ ខេត្តព្រះត្រពាំង ។ ក្រុមកុមារទាំង៥ នាក់នោះ ត្រូវបានគេអះអាងថា ជាក្មេងរស់នៅក្នុងគ្រួសារដែលមានជីវភាពក្រីក្រ ខ្វះសុភមង្គល ។ អ្នកជិតខាងអះអាងទៀតថា កុមារទាំង ៥ នាក់នោះ មាន៤ នាក់ត្រកូល ថាច់ រីឯម្នាក់ទៀតមានឈ្មោះ
គីម គ្វី សព្វថ្ងៃរស់នៅក្នុងស្រុកកន្លង់ ខេត្តខាងលើ ។
ចំពោះហេតុការណ៍ខាងលើនេះ មេដឹកនាំសាសនាគ្រឹះ ឈ្មោះ ត្រឹង ង្វៀង បានសំដែងការសោកស្តាយយ៉ាងខ្លាំង ហើយលោកបានចោទប្រកាន់ថា រដ្ឋាភិបាលកុម្មុយនិស្តយួនរើសអើងសាសនា និងមិនគោរពសិទ្ធិមនុស្ស ៕.