អាជ្ញាធរយួនផ្សឹកព្រះសង្ឃខែ្មរក្រោមទៅធ្វើទាហាន

ដោយៈ ចៅ មុនីខេមរា
ប្រជាពលរដ្ឋខ្មែរក្រោមជាច្រើនលាននាក់ កំពុងរស់នៅលើទឹកដីកំណើតរបស់ខ្លួន ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលក្រុងហាណូយ ហាក់បីដូចជាកំពុងជាប់ក្នុងគុកឥតជញ្ជាំង ដោយសារតែអាជ្ញាធរ នៃរដ្ឋាភិបាលក្រុងហាណូយបានធ្វើទុក្ខបុកម្នេញទៅលើពួកគាត់គ្រប់បែបយ៉ាង ។ ទោះបីថ្មី ៗ នេះ រដ្ឋាភិបាលក្រុងហាណូយ បានបើកសិទ្ធិឲ្យខ្មែរក្រោមអាចប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ តាមពុទ្ធឱវាទ តែក្រុងហាណូយនៅតែបន្តវប្បធមិគំរាមកំហែង បំភិតបំភ័យ រឹបអូសយកដីធ្លីរបស់ប្រជាពលរដ្ឋ ដែលជាមូលហេតុបណ្តាលឲ្យខ្មែរក្រោមឋិតក្នុងជីវភាពក្រីក្រ តោកយ៉ាង ហើយក្លាយខ្លួនជាអ្នកដើរស៊ីឈ្នូលបំរើយួនដើម្បីចិញ្ចឹមជីវិត ។ លើសពីនោះ យួននៅតែរក្សាវប្ប-ធមិផ្តាច់ផ្តិលជនជាតិដើមខ្មែរក្រោម តាមរយៈបំផ្លិចបំផ្លាញខឿងវប្ប-ធមិ និងសាសនា ដោយពួកគេបានចាប់ផ្សឹកព្រះសង្ឃខ្មែរក្រោមក្នុងខេត្តព្រះត្រពាំង បន្ថែមចំនួនពីរអង្គផ្សេងទៀតទៅធ្វើទាហាន ហេតុការណ៍នេះទើបនឹងកើតឡើងកាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០០៨ កន្លងទៅនេះ ។
បន្ទាប់ពីមានការទាមទារពីសហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្រៅប្រទេស ក៏ដូចជាការដាក់គំនាបពីសហគមន៍អន្តរជាតិទៅលើ
រដ្ឋាភិបាលក្រុងហាណូយ អំពីសេរីភាពជំនឿសាសនា និងការគោរពសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋខ្មែរក្រោម ។ ថ្មី ៗ នេះរដ្ឋាភិបាលយួនបានបន្ទន់ឥរិយាបថនយោបាយ ប្រកាសឲ្យកម្មាភិបាលរបស់ខ្លួននៅតាមតំបន់នានា ដែលមានខ្មែរក្រោមរស់នៅឲ្យជួយសម្រួល និងផ្តល់ឱកាសគ្រប់បែបយ៉ាង ដើម្បីឲ្យខ្មែរកម្ពុជាក្រោមធ្វើពិធីបុណ្យភ្ជុំបិណ្ឌតាមប្រពៃណីព្រះពុទ្ធសាសនា ដែលបានចាប់ផ្តើមដាក់បិណ្ឌ ១ តាំងពីថ្ងៃទី ១៥ ខែកញ្ញា ហើយភ្ជុំបិណ្ឌធំនៅថ្ងៃទី ៣០ ខែកញ្ញា ដែលមានរយៈពេល ១៥ ថ្ងៃ ពីបិណ្ឌទី ១ ដល់បិណ្ឌទី ១៥ ។
ប្រជាពលរដ្ឋខ្មែរក្រោមនៅក្នុងខេត្តឃ្លាំង បានចាត់ទុកការបើកឱកាសផ្តល់ឲ្យប្រជាពលរដ្ឋខ្មែរក្រោម ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌបែបនេះ ថាគឺជាឧបាយកលរបស់រដ្ឋាភិបាលកុម្មុយនិស្តយួន បន្ទាប់ពីមានការគាបសង្កត់ផ្នែកការទូតលើឆាកអន្តរជាតិ និងពីសំណាក់សហគមន៍អន្តរជាតិ បន្ទាប់ពីមានការទាមទារយ៉ាងស្រួចស្រាល់របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។
លោក សឺន យ៉ាត បាននិយាយថា ការអនុញ្ញាតឲ្យខ្មែរក្រោមប្រារព្ធធ្វើពិធីបុណ្យភ្ជុំបិណ្ឌនៅឆ្នាំនេះ គឺជាល្បិចកលរបស់
រដ្ឋាភិបាលក្រុងហាណូយ ដើម្បីបិទបាំងការរើសអើងជាតិសាសន៍របស់យួនតែប៉ុណ្ណោះ ។ លោក សឺន យ៉ាត បន្តទៀតថា ការដែល
រដ្ឋាភិបាលយួនធ្វើបែបនេះ គឺគ្រាន់តែចង់ឲ្យសហគមន៍អន្តរជាតិ
ជាពិសេសអនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសយួន យល់ឃើញការដឹកនាំរបស់រដ្ឋាភិបាល យួន មានការគោរពសិទ្ធិមនុស្ស សេរីជំនឿសាសនា ក៏ដូចជាសេរីជំនឿរបស់ជនជាតិភាគតិចដទៃទៀត គឺពួកគេមានសិទ្ធិគោរពជំនឿសាសនា ប្រតិបត្តិតាមប្រពៃណីទំនៀមទម្លាប់ដូនតារបស់ពួកគេនៅក្នុងប្រទេសកុម្មុយនិស្តដ៏សែនផ្តាច់ការនេះ ។
ចំណែកខ្មែរក្រោមនៅខេត្តព្រះត្រពាំង ឬខេត្តត្រាវិញ បានហៅការបើកសិទ្ធិសេរីភាពឲ្យខ្មែរក្រោម ប្រតិបត្តិតាមជំនឿព្រះពុទ្ធ-សាសនា ហើយមន្រ្តីអាជ្ញាធរយកអំណោយបន្តិចបន្តួចទៅផ្តល់ឲ្យប្រជាពលរដ្ឋខ្មែរក្រីក្រ វាគ្រាន់តែជាការលួងចិត្តខ្មែរក្រោមតែប៉ុណ្ណោះ តែទោះជាយ៉ាងណា រដ្ឋាភិបាលយួននៅតែរក្សាគំនិតព្រៃផ្សៃប៉ុនប៉ងបំបាត់ព្រះពុទ្ធសាសនា នៅកម្ពុជាក្រោមជាដដែល ។ ជាក់ស្តែង ទោះបីមានការបើកសិទ្ធិបន្តិចបន្តួច តែរដ្ឋាភិបាលយួនខេត្តព្រះត្រពាំង បានអនុវត្តន៍ច្បាប់ព្រៃចាប់ផ្សឹកព្រះសង្ឃខ្មែរក្រោមចំនួនពីរបន្ថែមទៀត ឲ្យទៅធ្វើទាហានកាលពីដើមខែកញ្ញានេះ ។
ប្រភពច្បាស់ការពីខេត្តព្រះត្រពាំង អះអាងឲ្យដឹងថាព្រះសង្ឃខ្មែរក្រោមពីរព្រះអង្គ ដែលត្រូវបានអាជ្ញាធរយួនចាប់ផ្សឹកទាំង
គំរោលកាលពីថ្ងៃដើមខែកញ្ញាមានព្រះនាម ថាច់ ថា និងព្រះតេជគុណ គៀង ទៀង គង់នៅវត្តត្រោកកើត ឃុំដាឡុក ស្រុកចូវថាញ់ ខេត្តព្រះត្រពាំង ។ ប្រភពបានបន្តទៀតថា ការរស់នៅក្រោមរបបអាណានិគមយួនកុម្មុយនិស្ត ប្រជាពលរដ្ឋខ្មែរក្រោមហាក់ដូចជាកំពុងរស់នៅក្នុងគុកឥតជញ្ជាំង រដ្ឋាភិបាលយួនអាចចាប់និស្សិត ផ្សឹកព្រះសង្ឃ អ្នកស្នេហាជាតិ និងប្រជាពលរដ្ឋស្លូតត្រង់ដាក់គុកគ្រប់ពេល ប្រសិនអ្នកទាំងនេះមានគំនិតប៉ុនប៉ង ឬមានសកម្មភាពណាមួយដើម្បីស្វះស្វែងរកសិទ្ធិសេរីភាព ឬរបបប្រជាធិបតេយ្យ ។
ព្រះសង្ឃមួយអង្គគង់នៅវត្តខាងលើ សូមមិនបញ្ចេញព្រះនាមបានប្រតិកម្មខ្លាំង ៗ ចំពោះទង្វើអាជ្ញាធរយួន ដែលបានចាប់ផ្សឹកព្រះសង្ឃទាំងពីរអង្គថា រដ្ឋាភិបាលយួនមិនដែលគោរពសិទ្ធិ និងផ្តល់ឱកាសឲ្យខ្មែរក្រោម មានសិទ្ធិប្រារព្ធពិធីបុណ្យទានដោយសុទ្ធចិត្តឡើយ ។ រាល់សកម្មរបស់រដ្ឋាភិបាលយួន គឺគ្រាន់តែជាល្បិចកលឡប់ឡែរ បំភ័ន្តភ្នែកសហគមន៍អន្តរជាតិប៉ុណ្ណោះ ។ ដោយឡែក ក្រៅពីការបើកឲ្យមានសេរីភាពបន្តិចបន្តួចនៅក្នុងខេត្តមួយចំនួន រដ្ឋាភិ-បាលយួនក៏បានរឹតបន្តឹងយ៉ាងខ្លាំងណាស់ដែរ ចំពោះខេត្តដទៃផ្សេងទៀត ។ សព្វថ្ងៃនេះប្រជាពលរដ្ឋខ្មែរក្រោម រស់នៅតាមបណ្តាខេត្តជាច្រើន បានប្រឈមនឹងការបាត់បង់ដីធ្លី ជីវភាពក្រីក្រ កូនចៅមិនមានឱកាសរៀនសូត្រនៅអក្សរសាស្រ្ត ប្រវត្តិសាស្រ្តខ្មែរ ហើយការបួសរៀនក្នុងវិស័យព្រះពុទ្ធសាសនានៅតាមទីវត្តអារាមខ្មែរ លើទឹកដីកម្ពុជាក្រោម ក៏ត្រូវប្រឈមនឹងការលំបាកគ្រប់បែបយ៉ាង គឺស្ថិតក្រោមការឃ្លាំមើលពីសំណាក់រដ្ឋាភិបាលយួនគ្រប់ពេលវេលា ហើយមានពេលខ្លះយួនផ្សឹកព្រះសង្ឃសេ្រចតែអំពើចិត្ត ដោយមិនគោរពច្បាប់ស្អីទាំងអស់ ។
សូមបញ្ជាក់ដែរថា នៅកម្ពុជាក្រោមមានវត្តខ្មែរប្រមាណជាង ៥០០ វត្ត និងព្រះសង្ឃគង់ចាំព្រះវស្សារាប់ម៉ឺនអង្គ ប៉ុន្តែជារឿយ ៗ រដ្ឋាភិបាលកុម្មុយនិស្តយួនតែងបង្កការលំបាកដល់ព្រះសង្ឃដោយមិនអនុញ្ញាតឲ្យព្រះសង្ឃចេញទ្រង់បាត្រ ឬបង្ខំព្រះសង្ឃពាក់មួកការពារសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូជាដើម ។ មហិច្ឆតារំលាយពុទ្ធសាសនានៅកម្ពុជាក្រោម ឲ្យរលត់សូន្យឈឹងបានស្តែងឡើង ដោយទង្វើចាប់ផ្សឹកព្រះសង្ឃទាំងគំរោល ។ មកដល់ពេលនេះ មានព្រះសង្ឃចំនួន ២១ អង្គហើយ ដែលត្រូវបានរដ្ឋាភិបាលយួនចាប់ផ្សឹកទាំងបំពាន ៕.