អាជ្ញាធរយួនប្រគេនស្រាដល់មន្ត្រីសង្ឃខ្មែរក្រោម នៅកម្ពុជាក្រោម

ព្រះត្រពាំង៖ អាជ្ញាធរយួន បានប្រគេនស្រា ដល់មន្ត្រី សង្ឃខ្មែរក្រោម នៃខេត្តព្រះត្រពាំង នៅក្នុងពិធីអបអរ សាទរថ្ងៃចូលឆ្នាំយួន ដែលបានរៀបចំឡើង ដោយ គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១២ នេះ នាមន្ទីរគណៈកម្មាធិការ ប្រជាជនខេត្តត្រាវិញ នៃរដ្ឋាភិបាលបក្សកុម្មុយនិស្ត យួន ឋិតនៅក្នុងទីរួមខេត្តព្រះត្រពាំង។

ប្រភពព័ត៌មាន បានឲ្យដឹងថា ពួកមន្ត្រីអាជ្ញាធរយួន បានដាក់ដបស្រា​ នៅក្នុងកញ្ចប់ទេយ្យវត្ថុ ហើយប្រ គេន ដល់ព្រះសង្ឃ ដោយចេតនា ដើម្បីបង្អាប់ ព្រះពុទ្ធសាសនា និងព្រះសង្ឃខ្មែរក្រោម ជាច្រើន លើកច្រើនសាមកហើយ តែមន្ត្រីសង្ឃខ្មែរក្រោម ប្រចាំ ខេត្តព្រះត្រពាំង នៅមិនទាន់មានប្រតិកម្ម អ្វីនៅឡើយទេ ក្រៅពីនាំគ្នាពិភាក្សាលើបញ្ហានេះ នៅ ក្នុងជំនុំសង្ឃ ។ ព្រះតេជព្រះគុណ គឹម រដ្ឋា ព្រះសង្ឃ ខ្មែរក្រោមនៃវត្តមួយឋិតនៅក្នុងទីរួមខេត្តព្រះ ត្រពាំង បានបង្ហើបប្រាប់ សារព័ត៌មាន ព្រៃនគរ ថ្ងៃទី ២០ ខែមករា នេះ ក្រោយពី ព្រះអង្គបាននិមន្តចេញពីអង្គប្រជុំភ្លាមថា អាជ្ញាធរយួន បាននិមន្តមន្ត្រីសង្ឃ និងព្រះចៅអធិការ វត្ត នានានៅក្នុងខេត្តព្រះត្រពាំងឡើងមកមន្ទីរគណៈកម្មាធិការប្រជាជន ខេត្ត ដើម្បីចូលរួម ក្នុងពិធីអបអរសាទរ ដល់ថ្ងៃចូលឆ្នាំយួន ហើយពួកគេបានប្រគេន ទេយ្យវត្ថុដោយភ្ជាប់មកជា មួយដបស្រាប៊ីយែរដាឡាត (Đa lạt) ដល់ព្រះសង្ឃដោយ មិនឲ្យព្រះសង្ឃដឹង ខ្លួនឡើយ ។ ព្រះសង្ឃទាំងនេះ បានប្រទះឃើញដបស្រានោះ ខណៈដែលបានទទួលយកទេយ្យវត្ថុនោះមកដល់វត្ត ។ ប្រគេនជាច្រើនលើកក្នុងចេតនាបង្អាប់ព្រះសង្ឃ៖ អាជ្ញាធរយួនបានប្រគេនស្រាដល់ព្រះសង្ឃខ្មែរក្រោមជាច្រើនលើកច្រើនសាមកហើយ ក្នុងគោលបំណងបង្អាប់ និងបន្ថោកដល់ព្រះ សង្ឃ; អ្នកដែលជាទីគោរពសក្ការៈដ៏ខ្ពង់ ខ្ពស់របស់ពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ។ ព្រះតេជព្រះគុណ គឹម រដ្ឋា មានថេរដីកាយ៉ាងនេះថា៖ ” គេបាននិមន្តព្រះសង្ឃចូលជូន ពរឆ្នាំថ្មី ក្នុងថ្ងៃបុណ្យ ចូលឆ្នាំតេត [Tết] នេះ , ក្នុងអំណោយដែលគេប្រគេនលោក [ព្រះសង្ឃ] ហ្នឹង ក្នុងនោះ មានស្រាដាឡាត (Đa lạt) ផង ។  ការប្រគេនអំណោយបែប នេះ មិន មែនតែម្ដងនេះទេ គឺច្រើនលើកច្រើនគ្រាហើយ”  ។ សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ២០១២ របស់ជនជាតិយួនឆ្នាំនេះ លោក ង្វៀង តឹង យុង នាយ ករដ្ឋមន្ត្រីវៀតណាមបាន  ចេញសេចក្ដីសម្រេចចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១១ អនុញ្ញាតឲ្យពលរដ្ឋវៀតណាម ទូទាំងប្រទេសបានឈប់សម្រាករយៈពេល ៩ ថ្ងៃ គឺចាប់ពីថ្ងៃ ទី ២១ ដល់ ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១២ នេះ ដើម្បីបានទទួលអំណរ បុណ្យឆ្នាំថ្មី ។ សិស្សសាលា  និស្សិតនៃសកលវិទ្យាល័យនានា គ្រូបង្រៀន នៅតាម សាលារដ្ឋវៀតណាម កម្មករោងចក្រ  និងកម្មាភិបាលនៃស្ថាប័នរដ្ឋដែលជាខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ក៏ត្រូវ បានឈប់សម្រាក់ពីការងាររយៈពេល ៩ ថ្ងៃផងដែរ ។ ផ្ទុយទៅវិញ ពលរដ្ឋ ខ្មែរក្រោម ទាំងនេះ មិនត្រូវបានឈប់សម្រាកទេ ក្នុងពិធីបុណ្យចូលឆ្នាំ និងបុណ្យសែន ដូនតារបស់ខ្មែរដែលបានប្រារព្ធឡើង រៀងរាល់ឆ្នាំនៅដែន ដៅកម្ពុជាក្រោម ៕ ប្រភព៖ សារព័ត៌មាន ព្រៃនគរ

.