រដ្ឋាភិបាលបក្សកុម្មុយនីស្តយួន នៅក្នុង ស្រុកតិនបៀន និងស្រុកស្វាយទង ខែត្រមាត់ជ្រូក អតីតទឹកដីកម្ពុជាក្រោម បានកោះហៅ ព្រះសង្ឃ ដែលជាព្រះចៅអធិការវត្តទូទាំងស្រុក ទៅចូលរួមប្រជុំនិងបង្ខំឱ្យព្រះសង្ឃសិក្សា អំពីគោនយោបាយ ហូ ជី មិញ កាលពីថ្ងៃទី ២៥ ខែឧសភា កន្លងទៅនេះ។
នៅក្នុងកិច្ចប្រជុំ ដែលក្រោមការរៀបចំឡើង ដោយអាជ្ញាធរយួន បានចេញបទបញ្ជា យ៉ាងតឹងរឹង បង្ខំឱ្យវត្តខ្មែរក្រោមទាំងអស់ ត្រូវតែបង់លុយចំនួន៣០០.០០(បីរយពាន់ដុង) ដើម្បីយកទៅវិភាគទាន ឱ្យទៅវត្តយួនមួយ នៅក្នុងខែត្រមាត់ជ្រូក ក្នុងការរៀបចំពិធីបុណ្យ វិសាខាបូជា។ ចំណែកវត្តខ្មែរក្រោមជាង៥០០វត្ត នៅលើទឹកដីកម្ពុជាក្រោម ដែលប្រជា ពលរដ្ឋជនជាតិដើមខ្មែរក្រោម៩៩ភាគរយ ជាអ្នកគោរពប្រតិបត្តិព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ ខ្ជួននោះ នៅពេលកម្មវិធីបុណ្យ ប្រពៃណី សាសនា តាមវត្តអារាម ជារៀងឆ្នាំ ក្នុងនោះមាន ពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យវិសាខបូជា បុណ្យភ្ជុំបិណ្ឌ បុណ្យកថិនទាន ។ល។ និង។ល។ រដ្ឋាភិបាលកុម្មុយនីស្តយួន មិនដែលយកលុយទៅវិភាគទានឱ្យវត្តខ្មែរក្រោមម្តងណាឡើយ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលកុម្មុយនីស្តយួន ថែមទាំងបង្កលក្ខណៈលំបាក ឬហាមមិន ឱ្យជនជាតិដើមខ្មែរក្រោម មិនឱ្យរៀបចំពិធីបុណ្យ តាមប្រវេណីព្រះពុទ្ធសាសនាទៀតផង។
សូមជំរាបជូនថានៅខែត្រមាត់ជ្រូក អាជ្ញាធរយួន តែងតែចុះទៅបង្រ្កាប និងរឹបអូស យកដីធ្លីពីប្រជាកសិករខ្មែរក្រោម ជារឿយៗ ហើយនៅពេលណាប្រជាកសិករខ្មែរក្រោម ក្រោកឡើងតវ៉ាទាមទារដីធ្លីរបស់ពួកគេ អាជ្ញាធរយួន ចាប់ដាក់គុក ឬធ្វើទារុណកម្មទៅលើ ប្រជាកសិករខ្មែរក្រោមស្លូតត្រង់។
សូមចុចស្តាប់សេចក្តីរាយការណ៍របស់ កញ្ញា ថាច់ សុជាតា វិទ្យុសម្លេងកម្ពុជាក្រោម ពីសហរដ្ឋអាមេរិក