អាជ្ញាធរថៃដោះលែងជនភៀសខ្លួនខ្មែរក្រោមម្នាក់ទៀត

ជន​ភៀស​ខ្លួន​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​ទៀត​ដែល​អាជ្ញាធរ​ប្រទេស​ថៃ​បន្ត​ដាក់​គុក​ក្នុង​ប្រតិបត្តិការ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​មីនា​នោះ បាន​ត្រូវ​ដោះលែង​ចេញ​ពី​ទី​ឃុំឃាំង​ឈ្មោះ ប៉ាក្រិត នៃ​ខែត្រ​នន្ធបូរី កាលពី​ល្ងាច​ថ្ងៃអង្គារ​ម្សិលមិញ​នេះ ក្រោម​អន្តរាគមន៍​ពី​មេធាវី​របស់​អគ្គ​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR)។

លោក អ៊ិត ស៊ីថា មក​ពី​ភូមិ​ខ្វែងបបែល ឃុំ​បូសស្បូវ ស្រុក​ពុធ្លេ ខែត្រ​ពលលាវ ដែល​បាន​ភៀស​ខ្លួន​ចូល​មក​នៅ​ប្រទេស​ថៃ​តាំងពី​ខែ​វិច្ឆិកា ឆ្នាំ​២០០៤​នោះ បានត្រូវ​បដិសេធ​ដោយ​អង្គការ UNHCR មិន​ទទួល​យក​ជា​ជន​ភៀស​ខ្លួន​ម្តង​ហើយ​កាលពី​ឆ្នាំ​២០០៦។

លោក​បាន​ស្នើ​ទាមទារ​ជា​ថ្មី​សុំ​បើក​ករណី​លោក​ជា​ថ្មី​ឡើង​វិញ ៖ «ខ្ញុំ​បាន​បង្ហាញ​នូវ​ប័ណ្ណ​របស់ UN ដែល​ផ្ដល់​មក​ឲ្យ​ខ្ញុំ​ហ្នឹង គឺ​ប័ណ្ណ​នោះ​ផ្ដល់​នៅ​ឆ្នាំ​២០០៥​-​២០០៦ គឺ​វា​ផុត​កំណត់​យូរ​ណាស់​មក​ហើយ ប៉ុន្តែ​គេ​ដោះលែង​ខ្ញុំ​ហ្នឹង​ដោយសារ​តែ​ប័ណ្ណ​ខ្ញុំ​នេះ ខ្ញុំ​បាន​ដាក់​ពាក្យ​ទៅ​សុំ UNHCR សុំ​បើក Case ឡើង​វិញ ដោយសារ​ខ្ញុំ​ជា​ប្រជាជន​ខ្មែរ​កម្ពុជា​ក្រោម​រង​នូវ​ការគាប​សង្កត់​ពី​ប្រទេស​វៀតណាម ហើយ​ក៏​ប្រទេស​កម្ពុជា​ផងដែរ ហើយ​ខ្ញុំមិន​អាច​វិល​ត្រឡប់​ទៅ​ស្រុក​វិញ​បាន។ ខ្ញុំ​បញ្ជាក់​ប្រាប់​គេ​ប៉ុណ្ណឹង ហើយ​ខ្ញុំ​ក៏​មិន​ដឹង​យ៉ាង​ម៉េច​ដែរ ស្រាប់​តែ​គេ​បញ្ជូន​អ្នក​ដទៃ​ទៀត​ទៅ​មន្ទីរ​ឃុំឃាំង​របស់​អន្តោប្រវេសន៍​នៅ​បាងកក ស្រាប់តែ​គេ​បន្សល់​ទុក​ខ្ញុំ​មួយ​នៅ​មន្ទីរ​ឃុំឃាំង​របស់​ស្រុក… នេះ​ដដែល»។

លោក អ៊ិត ស៊ីថា បាន​សម្តែង​កង្វល់​យ៉ាង​ខ្លាំង​ថា ខ្មែរ​ក្រោម​ដែល​ជាប់​ឃុំ​ទាំង៧​នាក់​ដែល​ក្នុង​នោះ​មាន​ស្រ្តី​បី​នាក់​និង​ទារិកា​អាយុ​៤​ឆ្នាំ​ផង​អាច​នឹង​ត្រូវ​អាជ្ញាធរ​ប្រទេស​ថៃ​បញ្ជូន​ត្រឡប់​ទាំង​បង្ខំ​ទៅ​កាន់​ប្រទេស​កម្ពុជា​ក្នុង​ពេល​យ៉ាង​ឆាប់​បំផុត ប្រសិន​បើ​គ្មាន​អន្តរាគមន៍​ដ៏​មាន​ប្រសិទ្ធភាព​ទេ​នោះ។

គួរ​រំឭក​ផងដែរ​ថា កាលពី​ម្សិលមិញ លោក ថាច់ ង៉ុកថាច់ នាយក​ប្រតិបត្តិ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​មាន​ទីស្នាក់ការ​នៅ​សហរដ្ឋ​អាមេរិក​បាន​ចេញលិខិត​សុំ​អន្តរាគមន៍​អង្គការ UNHCR និង​អំពាវនាវ​សុំ​អន្តរាគមន៍​របស់​អង្គការសិទ្ធិ​មនុស្ស​អាស៊ី​ដទៃ​ទៀត​ដើម្បី​សុំ​ពន្លឿន​ការដោះស្រាយ​ដើម្បី​ឲ្យ​មាន​ការដោះលែង​ខ្មែរ​កម្ពុជា​ក្រោម​ដែល​ត្រូវ​បន្ត​ឃុំឃាំង​ឬ​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា​វិញ​ដោយ​បង្ខំ​នោះ។

លោក​បាន​ឲ្យ​ដឹង​នៅ​មុន​ការផ្សាយ​នេះ​បន្តិច​ថា លោក​មាន​សង្ឃឹម​ថា​នឹង​បាន​ទទួល​លទ្ធផល​ជា​វិជ្ជមាន ៖ «សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ក៏​បាន​សហការ​ជាមួយ​អង្គការ​ជា​ច្រើន រួម​មាន​អង្គការ​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម អង្គការការពារ​សិទ្ធិ​មនុស្ស និង​អង្គការ​សុំ​សិទ្ធិ​ជ្រកកោន​ក្នុង​ប្រទេស​ថៃ ក៏​ដូច​ជា​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធ្វើការ​យ៉ាង​មមាញឹក។ ហើយ​ដំណឹង​នេះ​ក៏​បាន​ទៅ​ដល់​អង្គការ UNHCR នៅ​ទីក្រុង​បាងកក បាន​យក​ចិត្ត​ទុក​ដាក់រឿង​នេះ គេ​កំពុង​តែ​ខិតខំ​ធ្វើ​កិច្ចការ​ហ្នឹង ជា​ពិសេស​ក្នុង​ថ្ងៃ​ហ្នឹង​ដែរ យើង​ខ្ញុំ​ក៏​បាន​ជូន​ព័ត៌មាន​ហ្នឹង​ដល់​អង្គការ UNPO ដើម្បី​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​នៅ​ការិយាល័យ​របស់​អង្គការ UNHCR នៅ​ទីក្រុង​ហ្សឺណែវ​ផងដែរ»។
សូម​ជម្រាប​បន្ថែម​ថា អង្គការ UNHCR គឺ​ជា​អង្គការ​តំណាង​ប្រជាជាតិ​ជាង​៧០​ជនជាតិ​ដែល​គ្មាន​អាសនៈ​នៅ​អង្គការ​សហប្រជាជាតិ​ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​គឺ​ជា​សមាជិក​ប្រតិបត្តិ​ដ៏​សកម្ម​មួយ​ដែល​បាន​ជាប់​ឆ្នោត​ក្នុង​អាណត្តិ​លើក​ទី​៣​នៃ​គណៈកម្មាធិការ​ប្រតិបត្តិ​របស់​អង្គការ UNPO នេះ ក្នុង​ចំណោម​សមាជិក​សកម្ម​១២​ជនជាតិ​ផ្សេង​ទៀត។
ទោះ​បី​យ៉ាង​ណា​ក្តី​យើង​ពុំ​អាច​រក​សេចក្តី​បញ្ជាក់​ពី​មន្ត្រី​អង្គការ UNHCR នៅ​ទីក្រុង​បាងកក ស្តីពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម​ទាំង​៧​នាក់​នោះ​បាន​ភ្លាមៗ​នៅ​ឡើយ​ទេ៕
អត្ថបទ៖ វិទ្យុអាស៊ីសេរី.