មេដឹកនាំសហព័ន្ធនឹងបើកកិច្ចប្រជុំស្តីពីសិទ្ធិខ្មែរក្រោមនៅប្រទេសបារាំង

យោងតាមគណៈកម្មការរៀបចំអង្គប្រជុំពីទីក្រុងវាលឡាប៉ាំង ប្រទេសបារាំងបានឲ្យដឹងកាលពីព្រឹកថ្ងៃអង្គារ៍ ទី១៦ កុម្ភៈ នេះថា សាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំនៅទ្វីអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំមួយស្តីពីបញ្ហាសិទ្ធិមនុស្ស និងដំណើរ នយោបាយរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ក្រោមអធិបតីភាពលោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរ កម្ពុជាក្រោមដែលបាន និងកំពុងបំពេញទស្សនកិច្ចនៅទ្វីបអឺរ៉ុប ។

លោក ថាច់ វៀន ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំទ្វីបអឺរ៉ុប និងជាប្រធាននៃគណៈកម្មការរៀបចំកិច្ចប្រជុំ ខាងមុខនេះបានឲ្យដឹងថា គណៈកម្មប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ក្រោមការដឹកនាំរបស់លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលតំណាងឲ្យពលរដ្ឋខ្មែរកម្ពុជាក្រោមរាប់លាននាក់នៅឯដែនដីកម្ពុជាក្រោម កំពុងតែធ្វើទស្សនកិច្ចនៅទ្វីបអឺរ៉ុបពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស និងដំណើរនយោបាយសំរាប់ខ្មែរក្រោម ។ មួយសប្តាហ៍កន្លងមកនេះប្រធានប្រតិបត្តិរូបនេះបានជួបប្រជុំជាមួយជនរួមជាតិខ្មែរ-ខ្មែរក្រោមជាច្រើនកន្លែង និងប្រទេសផ្សេង ៗ គ្នា ដើម្បីជំរាបពួកគាត់ឲ្យបានយល់ច្បាស់អំពីគោលជំហរ គោលការណ៍សហព័ន្ធ និងជាពិសេសគឺស្ថានភាព នៃសិទ្ធិរស់នៅរបស់គាត់នៅកម្ពុជាក្រោមសព្វថ្ងៃ ។

លោក ថាច់ វៀន ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំទ្វីបអឺរ៉ុប និងជាប្រធាននៃគណៈកម្មការរៀបចំកិច្ចប្រជុំ ខាងមុខនេះបានឲ្យដឹងទៀតថា ក្រៅពីដំណើរទស្សនកិច្ចជុំវិញទ្វីបអឺរ៉ុបរបស់លោកប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជា ក្រោម សាខាសហព័ន្ធខ្មែរកម្ពុជាក្រោមនឹងរៀបចំកិច្ចប្រជុំមួយនៅវេលាម៉ោង ១៤ និង ០០នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១០ នៅឯទីក្រុងវាលឡាប៉ាំង ប្រទេសបារាំង ដើម្បីជូនដំណឹងដល់បងប្អូនជនរួមជាតិខ្មែរ និងខ្មែរកម្ពុជាក្រោម អំពីស្ថានភាពសិទ្ធិមនុស្ស និងនយោបាយនៅកម្ពុជាក្រោម ។ ជាពិសេសគឺជំរាបឲ្យបងប្អូនបានយល់ច្បាស់អំពីគោល ការណ៍សហព័ន្ធ ដែលកំពុងធ្វើសកម្មភាពយ៉ាងមមាញឹកសំរាប់ពលរដ្ឋខ្មែរក្រោមរាប់លាននាក់នៅកម្ពុជាក្រោម ។

ជាញឹកញាប់តែងមានសេចក្តីរាយការណ៍ពីទឹកដីកម្ពុជាក្រោមថា ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមកំពុងតែទទួលរងការ គាបសង្កត់ផ្នែកសិទិ្ធមនុស្ស សេរីភាពបញ្ចេញមតិ និងសិទ្ធិកាន់កាប់ដីធ្លី ហើយលើសពីនេះគឺសេរីភាពគោរពប្រតិបត្តិជំនឿព្រះពុទ្ធសាសនាតែម្តង ។ ទាក់ទិននឹងរបាយការណ៍ខាងលើនេះ លោក ថាច់ វៀន ប្រធានសាខាសហព័ន្ធប្រចាំទ្វីប អឺរ៉ុបក៏បានបង្ហើបឲ្យដឹងដែរថា កន្លងមកសហព័ន្ធខ្មែរកម្ពុជាក្រោមបានធ្វើការងារជាច្រើនសំរាប់ខ្មែរក្រោម ជាអាទ៌គឺ បញ្ជូនក្រុមយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោមទៅចូលរួមប្រជុំផ្នែកសិទិ្ធមនុស្សនៅទីក្រុងហ្សឺណែវ ការបញ្ជូនក្រុមយុវ-ជនទៅចូលរួមកិច្ចប្រជុំក្នុងវេទិកាអចិន្រ្តៃយ៍អង្គការសហប្រជាជាតិ ស្តីពីជនជាតិដើមនៅទីក្រុងញូវយ៉ក និងរួមមានសកម្មភាពជាច្រើនផ្សេងទៀត ដែលពួកគេបានលើកឡើងអំពីបញ្ហាខ្មែរកម្ពុជាក្រោម ដែលពួកគេកំពុងទទួលគ្រោះដោយសារការដឹកនាំទាំងទទឹងទិសរបស់រដ្ឋាភិបាលក្រុងហាណូយបច្ចុប្បន្ន ។ល។

លោក ថាច់ វៀន បានបន្តទៀតថា ដូចដែលសកម្មភាពបានបំពេញខាងលើនេះ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុងវាលឡាប៉ាំង នៃប្រទេសបារាំងនឹងរៀបចំកិច្ចប្រជុំមួយដើម្បីចែករំលែកព័ត៌មាន កិច្ចការដែលសហព័ន្ធបាន បំពេញនាពេលកន្លងមក និងពិភាក្សាអំពីបញ្ហាដែលខ្មែរកម្ពុជាក្រោមកំពុងប្រឈម ហើយត្រូវដោះស្រាយយ៉ាងណា។ លោក ថាច់ វៀន បានបន្ថែមទៀតថា ដើម្បីជំរុញឲ្យនាវាខ្មែរកម្ពុជាក្រោមឆ្ពោះទៅដល់ត្រើយសន្តិភាព និងទទួលបាន ភាពជោគជ័យ គឺអាស្រ័យនៅលើស្មារតីសេ្នហាជាតិ និងស្មារតីរួបរួមគ្នាជាធ្លុងមួយ ។ អាស្រ័យហេតុនេះ លោកសង្ឃឹមថា បងប្អូនជនរួមជាតិទាំងអស់នឹងអញ្ជើញចូលរួមឲ្យបានកុះករ ។ ព័ត៌មានបន្ថែម អស់លោកអាចធ្វើការទាក់ទងលោកប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំទ្វីបអឺរ៉ុប និងប្រធានគណៈកម្មការរៀបចំពិធីប្រជុំនេះតាមរយៈទូរស័ព្ទ លេខ : 06 2561 1961 ៕.