ដោយ ចៅ មុនីខេមរា
ក្រុមជនភៀសខ្លួនខ្មែរកម្ពុជាក្រោមចំនួន ១៩នាក់ ដែលកំពុងលាក់ខ្លួននៅក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីត្រូវបានក្រុម តម្រួតថៃចាប់បញ្ជូនទៅកាន់ប្រទេសកម្ពុជានៅថ្ងៃទី ៥ ធ្នូ ឆ្នាំ២០០៩ បាននិយាយត្អូញត្អែរថា ពួកគេគ្មានថវិកាសំរាប់ សូកប៉ាន់ដល់ក្រុមអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានឯកសារពាក់ព័ន្ធស្របច្បាប់ទេ ។
បន្ទាប់ពីការថ្លែងរបស់លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានឲ្យបណ្តាញសារព័ត៌មានក្នុងស្រុកដឹងថា គេបានអនុវត្តជាទូទៅ នៃតម្រូវការលុយកាក់ខ្លះ ៗ សំរាប់ឯកសារពាក់ព័ន្ធស្របច្បាប់ ។ លោក ខៀវ សុភ័គ្គ បានឲ្យកាសែតភ្នំពេញប៉ុស៌្តដែលផ្សាយជាភាសាអង់គ្លេសដឹងថា វាជារឿងធម្មតាដែលក្រុមអាជ្ញាធរត្រូវការថវិកាបន្តិចបន្តួចសំរាប់ទិញបារីជក់ ឬអាហារពេលព្រឹក ។ នៅប្រទេសលោកខាងលិច ឬសហរដ្ឋអាមេរិក ប្រសិនបើយើងចង់ទៅមន្ទីពេទ្យ គឺយើងត្រូវចំណាយថវិកាជាច្រើន ។
ក្រោយពីការថ្លែងជាសាធារណៈនេះ ក្រុមជនភៀសខ្លួនខ្មែរកម្ពុជាក្រោមបានដឹងយ៉ាងច្បាស់ថា ពួកគេនឹងមិនអាចទទួលបានសៀវភៅគ្រួសារ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ និងឯកសារពាក់ព័ន្ធផ្សេង ៗ ឡើយ កុំថាឡើយដីធ្លីកសិកម្មដែលពួកគេប្រាថ្នាចង់បានដើម្បីប្រកបរបរចិញ្ចឹមជីវិតស្របពេលដែលរដ្ឋាភិបាលកម្ពុជាបានប្រកាសអនុញ្ញត និងទទួលស្គាល់ពួកគេជាពលរដ្ឋខ្មែរ ។ លោក ថាច់ សួង តំណាងជនភៀសខ្លួនខ្មែរក្រោម ដែលកំពុងលាក់ខ្លួននៅក្នុងទីក្រុងភ្នំពេញបានត្អូញត្អែរប្រាប់វិទ្យុសំឡេងកម្ពុជាក្រោមថា ក្រោយពេលពួកគេបានរត់ចេញពីវៀតណាមខាងត្បូង អតីតដែនដីកម្ពុជាក្រោម ពួកគេគ្មានទីពឹង គ្មានកន្លែងស្នាក់អាស្រ័យ ហើយថែមទាំងទទួលរងការគំរាមតាមធ្វើបាបទៀតផង ។ លោក ថាច់ សួង បានអះអាងថា លោកមិនអាចវិលត្រឡប់ទៅកាន់ទឹកដីកម្ពុជាក្រោមវិញបានទេ ព្រោះអាជ្ញាធរយួនកំពុងតាមចាប់ខ្លួន ទាំងនេះក៏ដោយសារលោក និងបងប្អូនខ្មែរក្រោមដទៃបាននាំគ្នាបះបោរប្រឆាំងនឹងរដ្ឋាភិបាលក្រុងហាណូយ រឿងរំលោភសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិជំនឿសាសនា និងសិទ្ធិកាន់កាប់ដីធ្លី ។ លោក ថាច់ សួង បានឲ្យវិទ្យុសំឡេងកម្ពុជាក្រោមដឹងទៀតថា គ្រួសារលោក ក៏ដូចជាបងប្អូនជនភៀសខ្លួនដទៃផ្សេងទៀត គឺគ្មានបងប្អូន និងញាតិផៅនៅក្នុងប្រទេសកម្ពុជាឡើយ ។ តំណាងជនភៀសខ្លួនរូបនេះបន្តទៀតថា ពួកគេគ្មានសមត្ថភាពរកលុយសំរាប់ការបង់ជូនទៅអាជ្ញាធរនោះទេ ព្រោះពួកគេគ្មានលិខិតទទួលស្គាល់ជាលាយលក្សអក្សរ និងឯកសារពាក់ព័ន្ធដែលបញ្ជាក់ថា ពួកគេជាពលរដ្ឋខ្មែរស្របច្បាប់ ដូច្នេះពួកគេមិនអាចទៅស៊ីឈ្នួលគេបានឡើយ ។ លោក ថាច់ សួង បញ្ជាក់ថា លោកជឿជាក់ ថាពួកអាជ្ញាធរនឹងមិនធ្វើឯកសារពាក់ព័ន្ធជូនពួកគេទេ ពីព្រោះពួកគេគ្មានលុយបង់ឲ្យអាជ្ញាធរមានសមត្ថកិច្ច ។
រីឯស្រ្តីជនភៀសខ្លួនម្នាក់ទៀតឈ្មោះ ង៉ុក ក៏បានឲ្យដឹងដែរថា សព្វថ្ងៃនាងគ្មានថវិកាសំរាប់ទទួលទានអាហារផង កុំថាឡើយថវិកាសំរាប់បង់ទៅអាជ្ញាធរដើម្បីបញ្ចប់នីតិវិធីច្បាប់ធ្វើអត្តសញ្ញាណប័ណ្ណ និងឯកសារផ្សេង ៗ នោះ ។ ស្រ្តីរូបនេះមានប្រសាសន៍ឲ្យដឹងទៀតថា កន្លងមកពួកគេទទួលរងជំងឺដោយចំឡែកប៉ុន្តែគ្មានសមត្ថកិច្ចណាឈឺក្បាលហាលថ្ងៃទេ រីឯកាកបាទក្រហមកម្ពុជាធ្វើមិនដឹងមិនឮទៀត ។ស្រ្តីឈ្មោះ ង៉ុក បានអំពាវនាវដល់មន្រ្តីអង្គការសិទ្ធិមនុស្សជួយអន្តរាគមន៍ និងជួយជំរុញឲ្យរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ដល់ពួកគេ ។
គួររំលឹកជូនថា កន្លងមកអតីតព្រះចៅអធិការវត្តភ្នំដិនខាង លោក ទឹម សាខន ត្រូវក្រុមអាជ្ញាធរ និងស្តេចសង្ឃកម្ពុជា ចាប់ផ្សឹករួចបញ្ជូនទៅដាក់គុកនៅប្រទេសវៀតណាម ។ ក្រោយពីអតីតសង្ឃរូបនេះបានប្រើល្បិចរត់គេចទៅដល់ទឹក ដីកម្ពុជាវិញ ក្រុមអាជ្ញាធរកម្ពុជាអះអាង និងសន្យាថា រដ្ឋាភិបាលបានទទួលស្គាល់ ទឹម សាខន ជាពលរដ្ឋខ្មែរ ហើយនឹង ផ្តល់ឯកសារពាក់ព័ន្ធផ្សេង ៗ តាមនីតិវិធីច្បាប់ ។ ជាអកុសល ទឹម សាខន មិនត្រូវបានគេផ្តល់សិទ្ធិឲ្យរស់នៅក្នុង ប្រទេសកម្ពុជាឡើយ ។ ក្រោយមក លោក ទឹម សាខន ត្រូវបង្ខំចិត្តរត់ទៅសុំសិទ្ធិជ្រកកោនពីឧត្តមស្នងការអង្គការ សហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួននៅប្រទេសថៃ ។ បន្ទាប់មកក៏ត្រូវបានគេបញ្ជូនទៅរស់នៅឯប្រទេសទី៣ ។ លោក ទឹម សាខន ធ្លាប់បានរិះគន់រដ្ឋាភិបាលកម្ពុជាតាមរយៈវិទ្យុសំឡេងកម្ពុជាក្រោមថា លោកមិនជឿរដ្ឋាភិបាល កម្ពុជាជាដាច់ខាត ។ ព្រោះរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃឋិតក្រោមខ្សែញាក់របស់ក្រុងហាណូយ ។ ដូច្នេះ លោកមានការ ព្រួយបារម្ភណ៍ពីជោគវាសនានៃក្រុមជនភៀសខ្លួនខ្មែរកម្ពុជាក្រោមទាំងនោះ ៕.