ទឹកដូងខ្ចីត្រូវបានគេនិយាយថា ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពរាប់ចាប់ពីផ្តល់ជាតិទឹកដែល បាត់បង់ បង្កើនការរំលាយអាហារ និងជួយសម្រកទម្ងន់ជាដើម ។ ដោយមានកាឡូរីត្រឹម ៥០ ក្នុងមួយពែង ដូច្នេះគេមិនគួរមើលរំលងភេសជ្ជៈបង្កើនថាមពលពីធម្មជាតិនេះទេ ។ ខាងក្រោមនេះជាអត្ថប្រយោជន៍ផ្សេងទៀតដែលបានមកពីការទទួលទានទឹកដូង ៖

១-ផ្តល់អត្ថប្រយោជន៍ជាអាហារូបត្ថម្ភដល់រាងកាយ ៖
ជាធម្មជាតិរបស់ទឹកដូងគឺមានសារធាតុកាបូអ៊ីដ្រាតក៏ដូចជា សារធាតុស្ករកម្រិតទាបខណៈ សារធាតុខ្លាញ់សេរីគឺមាន ៩៩ ភាគរយ ។ វាមាន តុល្យភាពធម្មជាតិនៃសូដ្យូម កាល់ស្យូមនិងម៉ាញេស្យូម ។ លើសពីនេះទៀត ទឹកដូងផ្ទុកទៅដោយរ៉ែប៉ូតាស្យូមក្នុងបរិមាណដ៏ច្រើន ។ ប៉ូតាស្យូមមានប្រសិទ្ធភាពជួយរក្សាឱ្យដំណើរលោតរបស់បេះដូងមាន ភាពទៀងទាត់និងត្រឹមត្រូវ ហើយក្នុងនាមជាភេសជ្ជៈបំពេញជាតិទឹកដែលបាត់បង់ ទឹកដូងខ្ចីបានជួយឱ្យសាច់ដុំ បណ្តាសរសៃប្រសាទ និងតម្រងនោមមានដំណើរការ ។
យោងតាមទិន្នន័យអាហាររូបត្ថម្ភរបស់ ក្រសួងកសិកម្មសហរដ្ឋអាមេររីកឱ្យដឹងថា ក្នុងទឹកដូងមួយផ្លែមានផ្ទុកសារធាតុរ៉ែប៉ូតាស្យូមប្រហែលជា៥១៥ មិល្លីក្រាមពោលគឺប្រហែល ២២ ភាគរយ ច្រើនជាងចេកមួយផ្លែដែលមានប៉ូតាស្យូម ៤២២ មិល្លីក្រាម ។
២-ជួយពង្រឹងប្រព័ន្ធការពាររាងកាយ ៖
ដោយវត្តមានអាស៊ីតឡូរិចនាំឱ្យការទទួលទានទឹកដូងអាចជួយពង្រឹង ប្រព័ន្ធការពាររាងកាយដ្បិតអាស៊ីតឡូរិចមានកម្លាំងប្រឆាំងវីរុស បាក់តេរី និងពពួកផ្សិត ។ ជាមួយលក្ខណសម្បត្តិទាំងនេះនាំឱ្យការទទួលទានទឹកដូងអាចជួយពង្រឹងដល់ ប្រព័ន្ធភាពស៊ាំរបស់រាងកាយក៏ដូចការប្រយុទ្ធប្រឆាំងនឹងជំងឺប៉េស និងជំងឺគ្រុនក្តៅ ។
៣-ជួយបង្គ្រប់ជាតិទឹកដែលបាត់បង់ ៖
ទឹកដូងមានសមត្ថភាពស្ដារឡើងវិញនូវវត្ថុរាវរបស់រាងកាយដែលបាត់បង់ ។ រាប់សតវត្សមកហើយ វាត្រូវបានគេប្រើជាភេសជ្ជៈអូរ៉ាលីតធម្មជាតិ ។ ចូរបំភ្លេចចោលនូវបណ្តាភេសជ្ជៈ ប៉ូវកម្លាំងដែលផ្អែមដោយស្ករ ហើយជំនួសមកវិញនូវទឹកដូងខ្ចីដែលមានគុណប្រយោជន៍ជាអាហារូបត្ថម្ភដល់ រាងកាយ ។ វាជាជម្រើសភេសជ្ជៈធម្មជាតិដ៏សមស្របដែលអាចជំនួសបណ្តាភេសជ្ជៈមាន កាឡូរីខ្ពស់ ។
ទឹកដូងខ្ចីផ្ទុកទៅដោយសារធាតុស្ករកើតពីធម្មជាតិ ក្នុងចំនួនមួយដែលរាងកាយងាយស្រួលក្នុងការស្រូបយក ។ អ្នកដែលមានជំងឺរាករូស និងការខ្វះជាតិទឹកអាចផឹកទឹកដូងខ្ចីបានដោយដាក់អំបិលតិចតួច ។
៤-ការពារប្រឆាំងនឹងការរលាកផ្លូវទឹកនោម៖
ដោយសារតែទឹកដូងគឺជាភេសជ្ជៈដែលបង្កើនការផលិតទឹកនោម ដូច្នេះវាជួយគ្រប់គ្រងលំហូរទឹកនោមដោយបង្កើនការបង់ជើងតូច ។ ដោយមូលហេតុនេះ នាំឱ្យវាក្លាយជាភ្នាក់ងារជួយសម្អាតផ្លូវទឹកនោម ទប់ស្កាត់បាននូវការរលាក ៕