ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ពីធីជួនដូនតាដែលខ្មែរក្រោមប្រារព្ធនៅថ្ងៃ ១ កើត ខែអស្សុជ ។ រូបថតសម្ដែង
ពលរដ្ឋខ្មែរក្រោមប្រមាណ ៨ លាននាក់នៅកម្ពុជាក្រោម ដែលបច្ចុប្បន្នកំពុង គ្រប់ គ្រងដោយ រដ្ឋាភិបាលបក្ស កុម្មុយនិស្តវៀតណាម ប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលពួកគាត់ហៅ ថាបុណ្យសែនដូនតា រយៈពេល ១៥ ថ្ងៃ ដូចពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជាដែរ ។
លោក សឺន ថាយ ធន អតីតៈគ្រូបង្រៀនសាលាពុទ្ធិកសិក្សានៅវត្តអូរទទឹង ស្រុក កំពង់ស្ពាន ខេត្ត ព្រះត្រពាំង សព្វថ្ងៃ កំពុងនៅក្នុងប្រទេសថៃ បានប្រាប់ សារព័ត៌មាន ព្រៃនគរ នៅថ្ងៃទី ១២ ខែតុលា ថា ក្នុងរយៈពេល ១៥ ថ្ងៃ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ពលរដ្ឋខ្មែរក្រោមនៅតាមចំណុះ ជើងវត្ត នីមួយៗបាន ធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃ និងនៅថ្ងៃ ១៤ រោចនិមន្តព្រះសង្ឃ មកផ្ទះ ទទួលភត្តដើម្បីឧទ្ទិសកុសកដល់បុព្វការីជន ដែលបានធ្វើកាលកិរិយាទៅកាន់បរលោក ។
(សំឡេង លោក សឺន ថាយ ធន)
លោក ថាច់ សុតឹម អតីតៈអាចារ្យបង្រៀនសាលាពុទ្ធិកសិក្សានៅវត្តមជ្ឈិមារាម(កណ្ដាល) ស្រុក កំពង់ ស្ពាន ខេត្តព្រះត្រពាំង បច្ចុប្បន្ន កំពុងបង្រៀនអក្សរខ្មែរ នៅសាលារដ្ឋរបស់ថៃ ឈ្មោះបូឆេទ វិទ្យាល័យ នៅក្នុងខេត្តសុរិន្ទ្រ ប្រទេសថៃ និងជានិស្សិតបញ្ចប់បរិញ្ញាបត្រផ្នែកមនុស្សសាស្ត្រ នៃ សកលវិទ្យាល័យមហា ចុឡាឡុងករណ៍រាជវិទ្យាល័យ នៅក្នុងប្រទេសថៃ បានប្រាប់សារព័ត៌មានព្រៃនគរ ថា ពិធីបុណ្យសែនដូនតា នៅកម្ពុជាក្រោម មានលក្ខណៈខុសពីស្រុក ខ្មែរបន្តិច ត្រង់ការ កំណត់កាលបរិច្ឆេទ, ឈ្មោះហៅ និងពិធីកិច្ច ជាដើម ។ លោកបានបន្តថា ពិធីបុណ្យនេះ ចាប់ពីថ្ងៃ ១ រោច ដល់ ថ្ងៃ ១៣ រោច ខែភទ្រ បទ គេហៅ ថា ពីធីកាន់បិណ្ឌ ឬ ពិធីគោះបាយបិណ្ឌ ដោយ ពលរដ្ឋខ្មែរក្រោម ធ្វើវេនយកចង្ហាន់ និងបាយបត្តបូរ ទៅប្រគេនព្រសង្ឃនៅវត្ត ។ រីឯរយៈ ពេល ៣ ថ្ងៃ គឺ ១៤ និង ១៥ រោច ខែភទ្របទ និង ថ្ងៃ ១ កើត ខែអស្សុជ គេ ហៅថា បុណ្យសែនដូនតា ។ ក្នុងពិធីសែនដូនតា ៣ ថ្ងៃនេះ មានកម្មវិធីដូចជា ថ្ងៃ ១៤ រោច ពេលព្រឹក ពុទ្ធបរិស័ទមិនបានមកវត្ត ទេ គឺពួកគេនិមន្តព្រះសង្ឃ ទៅទទួលភត្តនៅផ្ទះរៀងៗខ្លួន ដល់ពេល រសៀល ពួកគេធ្វើពិធីសែន ព្រេនដល់ វិញ្ញាណក្ខន្ធដូនតារបស់ខ្លួន ដែលបានស្លាប់ទៅតាមពិធីព្រហ្មញ្ញសាសនា ។ ថ្ងៃ ១៥ រោច ជាថ្ងៃភ្ជុំ ពួកគេនាំគ្នាមកវត្តទាំងអស់គ្នា ដើម្បីរាប់បាត្រប្រគេនចង្ហាន់ ព្រះសង្ឃ ឧទ្ទិសកុលសដល់ ញាតកា និងនៅថ្ងៃ ១ កើត ខែអស្សុជ ពួកគាត់ធ្វើ សំពៅ ឬ ទូកដោយស្រទបចេក មានដាក់បាយ នំចំណី ផ្លែឈើ ជា ដើមឲ្យរសាត់ទៅតាមព្រែកទន្លេបឹងបួ ដែលពួកគាត់ហៅថា ពិធីជូនដូនតា ជា កិច្ចឆ្លងបុណ្យ ។
(សំឡេង លោក ថាច់ សុតឹម)
លោក ថាច់ សុតឹម បានបន្តទៀតថា នៅកម្ពុជាក្រោម ពលរដ្ឋខ្មែរក្រោម មាន ជំនឿមួយដោយ យក បាយបត្តបូរដែលសល់ព្រះសង្ឃឆាន់នោះ ទៅបោះនៅ តាមគុម្ពសម្ទូង របស់ខ្លួន ដើម្បីមិន ឲ្យក្ដាម ខ្យង់ដង្កូវ ក្រាបំផ្លាញស្រូវរបស់ខ្លួន ។
(សំឡេង លោក ថាច់ សុតឹម)
បើយោងតាមអត្ថបទមួយស្ដីអំពីពិធីបុណ្យភ្ជុំបិណ្ឌ ដែលបានចុះផ្សាយនៅលើ គេហទំព័រសព្វាវចនាធិប្បាយជា ភាសាខ្មែរបានបញ្ជាក់អំពីមូលហេតុ នៃការប្រា រព្ធពិធីបុណ្យនេះថា ទី ១ ដើម្បីឧទិ្ទស កុសលចំពោះបេតបុគ្គល ឬ ពពួកប្រេត ទី ២ ដើម្បីឲ្យ បានសេចក្តីសុខ ចម្រើនសិរីសួស្តីដែលកើត ពីផលទានរបស់ខ្លួន និង ទី ៣ ដើម្បីបង្កើតសាមគ្គីរបស់ ជាតិ គឺការស្រុះ ស្រួលគ្នាទាំងពេល វេលា កំណត់ទាំងការធ្វើនំគម អន្សម ពេញទូទាំងប្រទេសកម្ពុជា ។ យើងក៏ អាចកត់សម្គាល់ នូវពាក្យមួយ ទៀតថា “បុណ្យសែនដូនតា” ដែលជាពាក្យ សាមញ្ញ សម្រាប់ ប្រជា រាស្រ្តខ្លះ ព្រោះថា ពាក្យទាំង ពីរគឺមានន័យដូចគ្នា ។
ប្រភពអត្ថបទនេះបានបន្តទៀតថា កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះគឺដើម្បីរៀបចំធ្វើ សង្ឃភត្តទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល ៣ ខែ ចាប់តាំងពីថ្ងៃចូលវស្សា រហូតដល់ថ្ងៃចេញវស្សា ។ នៅក្នុងចំណេរកាលបុរាណបានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀង ធ្លាក់ជោកជាំរលឹមពព្រិច ធ្វើឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរបិណ្ឌបាត ។ ហេតុ ដូច្នេះ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញ វស្សា ។
ឆ្នាំនេះ ពិធីភ្ជុំបិណ្ឌចំថ្ងៃ ចន្ទ ១៥ រោច ខែភទ្របទ ឆ្នាំ រោងចត្វាស័ក ពុទ្ធ សករាជ ២៥៥៦ ត្រូវនឹង ថ្ងៃទី ១៥ ខែតុលា គ្រឹសសករាជ ២០១២ ៕