ប្រភពពត៌មានពីទឹកដីកម្ពុជាក្រោម បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម កាលពីថ្ងៃទី៣១ កក្កដា ម្សិលមិញនេះថា អតីតព្រះចៅអធិការវត្តកំពង់ក្សាន្ត នៃខែត្រព្រះត្រពាំង ថាច់ សោភ័ណ្ឌ ត្រូវបានអាជ្ញាធរយួនកុម្មុយនីសន្ត ចាប់ខ្លួនដោយស្ងាត់ៗ និងគ្មានមូលហេតុច្បាស់លាស់ បន្ទាប់ពីអតីត ព្រះចៅអធិការវត្តរូបនេះ លាចាកសិក្ខាបទបានមួយសប្តាហ៍តែប៉ុណ្ណោះ តាមសេចក្តីរាយការណ៍ពីកម្ពុជាក្រោម បន្ថែមទៀតថា មកទល់ពេលនេះ ក្រុមគ្រួសារឬ សាច់ញាតិមិនទាន់ដឹងថា អតីតព្រះចៅអធិការ ថាច់ សោភ័ណ្ឌ ជាប់ឃុំខ្លួនទីណានៅឡើយ ។
សូមជំរាបជូនថា អតីតព្រះចៅអធិការវត្តកំពង់និគ្រោធកំពង់ក្សាន្ត ថាច់ សោភ័ណ្ឌ ប្រសូតិ នៅឆ្នាំថោះ គ.ស ១៩៧៦ ជាកូនប្រុសពៅ ទី៨ របស់លោកតា ថាច់ យ៉ាង និង លោកយាយ ថាច់ ធី យើន។ លោក ថាច់ សោភ័ណ្ឌ បានសាងផ្នួសក្នុងឆ្នាំ១៩៩០ ហើយត្រូវបាន សមាគមព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តកំពង់ក្សាន្ត តែងតាំងជាព្រះចៅ អធិការវត្តនៅឆ្នាំ២០០០។ ហើយលាចាកសិក្ខាបទ នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១០ និងត្រូវអាជ្ញាធរយួនចាប់ខ្លួន នាថ្ងៃទី២៩ កក្កដា ឆ្នាំ២០១០ វេលាម៉ោង១១ថ្ងៃត្រង់៕