អង្គការ សមាគមខ្មែរកម្ពុជាក្រោម បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ ដោយថ្កោលទោសករណីឃាតកម្មទៅលើព្រះគ្រូសូត្រឆ្វេងវត្តសាមគ្គីរង្សី ព្រះនាម នៅព្រឹកថ្ងៃចន្ទទី ១២ ខែមករា ២០១៥ បង្កឡើងដោយព្រះសង្ឃមួយអង្គ គង់ក្នុងវត្តជាមួយគ្នា ។

ទន្ទឹម និងនេះដែរ អង្គការ សមាគមខ្មែរកម្ពុជាក្រោម ក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ដែលចាប់ខ្លួនឃាតករបានហើយនោះ សូមឲ្យវិនិច្ឆ័យទោសប្រកបគតិយុត្តិធម៌តាមផ្លូវច្បាប់ ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់យុត្តិធម៌ដល់ដួងវិញ្ញាណក្ខន្ធព្រះសព ព្រមទាំងញាតិសារលោហិតផង ។

ខាងក្រោមនេះ ជាខ្លឹមសារនៃសេចក្ដីថ្លែងការណ៍របស់លេខាធិការដ្ឋាននៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម ៖
អង្គការ សមាគមខ្មែរកម្ពុជាក្រោម
ប្រចាំព្រះរាជាណាចក្រកម្ពុជា
លេខាធិការដ្ឋាន
សេចក្ដីថ្លែងការណ៍
អង្គការ សមាគមខ្មែរកម្ពុជាក្រោម សម្ដែងសេចក្ដីក្រៀមក្រំ និងសោកស្ដាយចំពោះករណីឃាតកម្មមកលើព្រះគ្រូសូត្រឆ្វេងវត្តសាមគ្គីរង្សី ព្រះនាម ថាច់ ខាន់ កាលពីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ នៅវត្តសាមគ្គីរង្សី ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ហេតុការណ៍នេះបានកើតឡើងខណៈព្រះគ្រូសូត្រវត្តសាមគ្គីរង្សី ព្រះតេជព្រះគុណ ថាច់ ខាន់ និមន្តអង្គសាមណេរមួយព្រះអង្គព្រះនាម លី ទ្វឹង (ហៅ ចាន់ សុភ័ក្ត្រ) មកណែនាំ ដោយសាមណេរអង្គនេះបានដើរបកប័ណ្ណប្រកាសរបស់គណៈកម្មការសង្ឃក្នុងវត្តចោល។ ប៉ុន្ដែសាមណេរអង្គនេះមិនព្រមស្ដាប់ ជម្លោះពាក្យសម្ដីក៏បានកើតឡើង និងឈានដល់ប្រព្រឹត្តអំពើឃាតកម្មដោយសាមណេរ លី ទ្វឹង (ហៅ ចាន់ សុភ័ក្ត្រ) បានហូតកាំបិតចាក់ព្រះគ្រូសូត្រឆ្វេង ថាច់ ខាន់ ជាច្រើនកន្លែងបណ្ដាលឲ្យសុគត។
ឆ្លងកាត់តាមរយៈកិច្ចប្រជុំពិភាក្សាពីអង្គហេតុរវាងព្រះសង្ឃ គណៈកម្មការវត្ត ជាមួយនឹងមន្ដ្រីអង្គការ សមាគមខ្មែរកម្ពុជាក្រោម កាលពីយប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ អង្គការ សមាគមខ្មែរកម្ពុជាក្រោមសម្គាល់ឃើញថា ករណីឃាតកម្មនេះហាក់មានជននៅពីក្រោយខ្នង។ ព្រោះថា ទី១. ព្រះតេជព្រះគុណ ថាច់ ខាន់ ធ្លាប់បានចូលរួមព្រឹត្តិការណ៍សង្គមជាច្រើនគួរឲ្យកត់សម្គាល់។ ទី២. ថ្មីៗនេះឥរិយាបថរបស់សាមណេរ លី ទ្វឹង (ហៅ ចាន់ សុភ័ក្ត្រ) ប្រែប្រួលទៅជាច្រងេងច្រងាងដាក់ថ្នាក់ដឹកនាំសង្ឃក្នុងវត្ត ស្របពេលដែលភាពរកាំរកួសក្នុងវត្តកំពុងកើតមាន។ ទី៣. សាមណេរ លី ទ្វឹង (ហៅ ចាន់ សុភ័ក្ត្រ) បានយកកាំបិតទៅជាមួយក្នុងចេតនាធ្វើឃាតមកលើព្រះគ្រូសូត្រឆ្វេង។
អង្គការ សមាគមខ្មែរកម្ពុជាក្រោម មិនគាំទ្រ និងថ្កោលទោសចំពោះទង្វើប្រកបដោយភាពអវិជ្ជារបស់ជនល្មើស។ អង្គការ សមាគមខ្មែរកម្ពុជាក្រោម ស្វាគមន៍ចំពោះអាជ្ញាធរមានសមត្ថកិច្ចដែលបានចាប់ខ្លួនឃាតករភ្លាមនិងឃាត់ខ្លួនដើម្បីជំនុំជម្រះតាមផ្លូវច្បាប់។ ទន្ទឹមនិងនេះដែរ អង្គការ សមាគមខ្មែរកម្ពុជាក្រោម សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច មេត្តាបំពេញភារកិច្ចប្រកបដោយគតិយុត្តិធម៌ ស្វែងរកជនសមគំនិត និងអ្នកនៅពីក្រោយខ្នងមកវិនិច្ឆ័យទោសតាមផ្លូវច្បាប់។
រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១៥