អង្គការ សមាគមខ្មែរក្រោមនៅកម្ពុជា ជួបសំណេះសំណាលជាមួយ ទីប្រឹក្សាជាន់ខ្ពស់ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម

កាលពីល្ងាចម្សិលមិញថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១២ វេលាម៉ោង ៦ ដល់ ម៉ោង ៨៖៣០ នាទី នៅវត្ត សាម្គីរង្សី ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌ មានជ័យ រាជធានីភំ្នពេញ អង្គការសមាគមខ្មែរកម្ពុជា ក្រោម នៅកម្ពុជា បានជួបសំណេះសំណាលជាមួយ លោក Joshua Cooper ទីប្រឹក្សាជាន់ខ្ពស់របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម និងជាសាស្រ្តាចារ្យ ប្រចាំ សាកលវិទ្យាល័យហាវៃ សហរដ្ឋអាមេរិក ផ្នែកសិទ្ធិ ជនជាតិដើម ។ ក្នុងពិធីសំណេះសំណាលគេសង្កេតឃើញមានតំណាងអង្គការ សមាគមខ្មែរកម្ពុជាក្រោម និងសមាជិក សមាជិកា ចូលរួមប្រមាណ ៥០ អង្គ និង នាក់ ។

ជាការចាប់ផ្តើមក្នុងពិធីសំណេះសំណាលនោះ លោក Cooper បានជំរាបជូនពីគោលបំណងរបស់គាត់ មកកម្ពុជានាឱកាសនេះ គឺដើម្បីចូលរួមវេទិការសិទ្ធិមនុស្ស និងប្រជាពលរដ្ឋអាស៊ាន ហើយ ដើម្បីជួយដល់ ជនជាតិដើម ដើម្បីឱ្យគេអាច ទទួលការបញ្ជាក់ថា សិទ្ធិរបស់គេបានត្រូវធានា ក្នុងថា្នក់តំបន់ នៅក្នុងយន្តការនៃ អេស៊ាន ក៏ដូចជា រវាងគណកម្មការសិទ្ធិមនុស្ស ដែលបង្កើតឡើងក្នុងរដ្ឋាភិបាលនៃប្រទេសអេស៊ាន ដែលរៀបចំ ឡើងដោយអង្គការសង្គមស៊ីវិល និងចង់ដឹងឮពីស្ថានភាពបន្ថៃមពីខ្មែរកម្ពុជាក្រោមផងដែរ ។ លោកបាននិយាយ ថា នេះជាលើកទី១ ហើយដែលយើងបានចូលរួមវេទិកាអាស៊ាន ហើយសង្ឃឹមថា លើកៗក្រោយយើង នឹងបានចូលរួមជាបន្តបន្ទាប់ ។
ក្នុងឱកាសដែលលោកបានអញ្ជើញមកនេះមិនត្រឹមតែនៅកម្ពុជាទេ លោកក៏បានអញ្ជើញទៅទីក្រុងបាងកក ផងដែរ ដើម្បីជួបសំណេះសំណាលជាមួយសមណនិស្សិតខ្មែរកម្ពុជាក្រោម នៅទីនោះ ។ លោកបានមាន ប្រសាសន៍ថា លោកមានសេចក្តីរីករាយណាស់ ដែលបានឃើញសមណនិស្សិត នៅទីនោះខ្លះរៀនផ្នែកសិទ្ធិ មនុស្ស ខ្លះផ្នែករដ្ឋបាលសាធារណៈ ខ្លះទៀតរៀនខាងច្បាប់ និងមុខវិជ្ជាផ្សេងៗទៀត ហើយលោកពិតជា មានក្តីរំភើប ដែលបានឮបំណងរបស់សមណនិស្សិត នៅទីនោះមានបំណងត្រឡប់ទៅស្រុកំណើតវិញ នៅពេលដែលបញ្ចប់ការសិក្សា លោកបន្តថា នេះជាឱកាសល្អ ដែលជាឱកាសក្នុងការចែករំលែកចំណេះដឹង ដែលទទួលបានបន្តទៅ ដល់ប្រជាពលរដ្ឋរបស់យើង នៅកម្ពុជាក្រោម ។
ក្នុងការជួបសំណេះសំណាលនេះ មានសមាជិកអង្គប្រជុំមួយចំនួនក៏បានលើកឡើងពីបញ្ហារបស់ខ្មែរកម្ពុជាក្រោម ខ្លះទៀតបានមានសំណួរទៅកាន់លោក Cooper ក្នុងនោះមានខ្លឹមសារដូចជា៖បញ្ហាការគោរពជំនឿ ទំនៀម ទំលាប់ ប្រពៃណី វប្បធម៌នៅកម្ពុជាក្រោម គឺនៅមានភាពចង្អៀតណាស់តួយ៉ាងកាលដើមឡើយ យើងធ្វើពិធី បុណ្យប្រពៃណីផ្សេងៗ យើងចាំបាច់សុំច្បាប់ពីអាជ្ញាធរមូលដ្ឋានជាការស្រេច តែឥឡូវនេះមានតំបន់ខ្លះ អាជ្ញាធរ ខ្លះ គេមិនហានអនុញ្ញាតិឲ្យយើងទេ ហើយតម្រូវឲ្យទៅសុំច្បាប់ទៅ ដល់ថ្នាក់លើជាបន្តបន្ទាប់ ហើយនៅក្នុង ពិធីបុណ្យនិមួយៗតែងតែមានការតាមដាន ឃ្លាំមើលពីរដ្ឋអំណាច់ ។ ទាក់ទងសិទ្ធិសេរីភាព ក្នុងការទទួល បានពត៌មានក៏ដូច្នោះដែរ ខ្មែរកម្ពុជាក្រោម នៅមានការភ័យខ្លាចច្រើន នៅពេល ដែលពួកគាត់ស្តាប់ នៅវិទ្យុអាស៊ីសេរី ឬវិទ្យសហរដ្ឋអាមេរិក ឬក៏ទំនាក់ទំនងជាមួយសហការីរបស់ សហព័ន្ធ ពេលខ្លះត្រូវបាន រឹតបន្តឹង និងហាមឃាត់ ។
ខ្លះទៀតពាក់ព័ន្ធទៅ និងតំបន់ភូមិសាស្រ្ត ដែលភាគច្រើនឈ្មោះភូមិ ឃុំ ស្រុក ខេត្ត នៅកម្ពុជាក្រោម សឹងតែ ទាំងអស់ត្រូវបានប្តូរទៅជាភាសាវៀតណាម និងបញ្ហាខ្លះទៀតសមាជិកអង្គប្រជុំបានលើកឡើង ពីស្ថានភាព ការសិក្សា នៅកម្ពុជាក្រោម ថាបច្ចុប្បន្ននេះយើងពុំ សាលាត្រឹមត្រូវទេសំរាប់រៀនភាសាខ្មែរ កូនចៅខ្មែរក្រោម ភាគច្រើនភាសាវៀតណាម អញ្ចឹងនៅពេល ដែលពួកគាត់ធំឡើងប្រើប្រាស់តែភាសាវៀតណាម ដូច្នេះភាសាខ្មែរ ត្រូវបាត់បង់បន្តិចម្តងៗ។
លោក Cooper បានលើកឡើងអនុសាសន៍ថា យើងត្រូវសង្កេតមើលបញ្ហាឲ្យច្បាស់ តួយ៉ាងនៅ តាមសាលារៀនរដ្ឋ តាមវត្តអារាម ឬកន្លែងផ្សេងទៀតដែលមាន ការដែលយើងបានសិក្សាភាសាខ្មែរនោះ តើនៅមានចំណុចណាខ្លះដែលជាចន្លោះខ្វះខាត់របស់វៀតណាម តើការសិក្សានោះទូលំទូលាយទេ? មានការ រឹតបន្តឹងទេ? សេរីភាពក្នុងការសិក្សាទេ? អញ្ចឹងពត៌មានទាំងនេះ ជាចំណែកមួយសំខាន់ដែរក្នុងការតវ៉ា ។ លោកបានបន្តថា តាមពិតលោកគាំទ្រទៅលើគំនិតដែលបង្កើតអង្គការសិទ្ធិមនុស្ស នៅកម្ពុជាក្រោម តែមិនទាន់ នៅពេលនេះទេ យើងធ្វើអ្វីៗក៏ដោយត្រូវតែមានធនធានគ្រប់គ្រាន់ តើខ្មែរក្រោមបានជ្រាបច្បាស់ទេ ចំណេះដឹង សិទ្ធិមនុស្ស យើងមានអ្វីខ្លះហើយនៅក្នុងដៃ ដូច្នេះជៀសវាងមានការសម្ពាធ ការរឹតបន្តឹង ការវាយប្រហារ ទាំងនេះជាហានិភ័យ ដែលយើងគួរគិត ហើយមើលទៅលើឱកាសល្អណាមួយ ដែលយើងគួរធ្វើ ។
លោក Cooper បានលើកឡើងនៅចំណុចជាច្រើនទៀត ក្រៅពីសំណួររបស់អ្នកចូលរួម។ លោកបានមាន ប្រសាសន៍ថា ឥឡូវនេះខ្មែរកម្ពុជាក្រោមត្រូវបានគេស្គាល់ច្រើនណាស់ មានអង្គការ សហប្រជាជាតិជាដើម គេបានដឹង បានឮពីខ្មែរកម្ពុជាក្រោម គេបានគាំទ្រ ទាំងនេះគឺការខិតខំប្រឹង របស់យើងទាំងអស់គ្នា របស់សហព័ន្ធ ក្នុងនោះមានគាត់ដែរ បានជួយការងារជាច្រើន ឥឡូវនេះចាប់ ផ្តើមយើងឈានចូលអាស៊ានវិញ លោកនឹងខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យខ្មែរក្រោម និងមានឈ្មោះក្នុង សមាគមអាស៊ាន នៅពេលនោះ វាជា ការងាយស្រួល សំរាប់យើងធ្វើការ ។
លោកបានលើកឡើងថា នៅខែវិច្ឆិកា ឆ្នាំ២០១២ ខាងមុខនេះ ក្នុងនាមសហព័ន្ធលោកនឹងព្យាយាមអញ្ជើញ ចូលរួមវេទិកាអាស៊ានម្តងទៀតនៅកម្ពុជា នៅពេលនោះយើង នៅមានឱកាសជួបជុំគ្នាទៀត ដើម្បីស្តាប់បញ្ហា ទាំងឡាយរបស់ខ្មែរក្រោម ។ ក្នុងឱកាសមកកម្ពុជានាខែវិច្ឆិកានោះ លោកនឹងធ្វើ បឋកថាមួយស្តីពីសិទ្ធិមនុស្ស នៅសាកលវិទ្យាល័យភំ្នពេញ ដូច្នេះនិស្សិត យុវជនខ្មែរក្រោមយើងអាច រៀបចំកម្មវិធីរបស់ចូលរួមបាន នាឱកាស នោះ ហើយបើអាចធ្វើទៅបាន យើងគួរមានវគ្គបណ្តុះបណ្តាល ស្តីពីសិទ្ធិមនុស្ស និងជនជាតិដើម សំរាប់យើងទាំងអស់គ្នា ៕ ប្រភពព័ត៌មាន៖ KKKHRDA