អង្គការសមាគមខ្មែរកម្ពុជាក្រោមចំនួន ១០ នៅកម្ពុជា បានសហការគ្នារៀបចំប្រា រព្ធពិធីរំឭក ខួប ទី៦២ ឆ្នាំ ទិវាសិទ្ធិមនុស្សអន្តរជាតិ (១០ ធ្នូ ១៩៤៨ – ១០ ធ្នូ ២០១០) នៅសហគមន៍បុរីព្រៃនគរ ភូមិគោកឃ្លាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំ ពេញ នាពេលព្រឹកថ្ងៃ ព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០១០ នេះ។ ពិធីនេះមានការចូលរួមពី អ្នកតំណាងរាស្ដ្រ មន្ត្រី អង្គការសង្គមស៊ីវិល ព្រះសង្ឃ ព្រមទាំង ប្រជាពលរដ្ឋខ្មែរ ខ្មែរក្រោម ប្រមាណជាជាង ១០០នាក់។ ក្រោយពីកិច្ចស្វាគមន៍គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរ ជាតិ ការគោរពភ្លេងជាតិ នៃព្រះ រាជាណាចក្រកម្ពុជា ព្រះសង្ឃជយន្តោជូនអង្គពិធី និងការ ប្រកាសសមាសភាពភ្ញៀវកិត្តិយ សចូលរួម ឯកឧត្តម យន្ត ថារូ ប្រធានមជ្ឈមណ្ឌលវប្បធម៌ ខ្មែរកម្ពុជាក្រោម និងជាសមាជិក រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានឡើងសម្ដែង សុន្ទរកថាបើកកម្មវិធីដោយលោក បានមានប្រសាសន៍ថា ហេតុដែលអង្គការ សមាគមខ្មែរ កម្ពុជាក្រោមប្រារព្ធទិវាសិទ្ធិមនុស្ស នៅថ្ងៃទី០៩ខែធ្នូនេះ គឺដើម្បីកុំឲ្យមានការជនគ្នាច្រើនពេក នៅក្នុងថ្ងៃទី ១០ស្អែកនេះ។ ថ្លែងក្នុងសុន្ទរកថារបស់លោក ឯកឧត្តម យន្ត ថារូ បានធ្វើសេចក្ដីសង្ខេបខ្លឹមសារ នៃការ រំលោភសិទ្ធិ មនុស្សរបស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមទាំង នៅលើទឹកដីកម្ពុជាក្រោម ដែលសព្វថ្ងៃត្រួតត្រា ដោយរដ្ឋាភិបាលគុម្មុយនីស្ដវៀតណាម និងនៅកម្ពុជាដាក់ជូនអង្គពិធីបានជ្រាប ជាពិសេសករណីរំលោភសិទ្ធិ មនុស្ស នៅកម្ពុជាក្រោម ឆ្នាំ២០១០មានដូចជា៖ ការចាប់ខ្លួនលោក ថាច់ សោភ័ណ អតីតព្រះចៅអធិការវត្តកំពង់ ក្សាន្ត នៅទីរួមខេត្តព្រះត្រពាំង បន្ទាប់ពីលោក បានលាចាកសិក្ខាបទភ្លាម កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១០ ដោយគេបានចោទ ប្រកាន់លោកថាបានបម្រើចលនាខ្មែរកម្ពុជា ក្រោមនៅក្រៅប្រទេសប្រឆាំងរដ្ឋាភិបាល វៀតណាម។ ការពិតខ្មែរកម្ពុជាក្រោមបាន និងកំពុងធ្វើសកម្មភាពតស៊ូស្របច្បាប់ នៃអង្គការសហប្រជាជាតិ ទាមទារសិទ្ធិសេរីភាពជូនប្រជា ពលរដ្ឋខ្មែរកម្ពុជាក្រោមតែប៉ុណ្ណោះ។ ព្រឹត្តិការណ៍ជនជាតិវៀតណាមបានកាប់ សម្លាប់ ខ្មែរកម្ពុជាក្រោម នៅខេត្តរោងដំរី ដែលវៀតណាម ហៅថា តៃនិញ នៅដំបន់ចំការកៅស៊ូរបស់ ជនជាតិវៀតណាម បណ្ដាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិត និងរងរបួសជាច្រើននាក់ ជនរង គ្រោះទាំងនោះរួមមាន៖ ១. យុវជនឈ្មោះ ចៅ ណែត អាយុ២២ឆ្នាំ មានស្រុកកំណើត នៅភូមិរលាំង ឃុំរលាំង ស្រុកស្វាយទង ខេត្តមាត់ជ្រូក ត្រូវបានយុវជនជនជាតិវៀតណាម កាប់សម្លាប់នៅនឹងកន្លែងកើតហេតុ។ ២. យុវជនឈ្មោះ ចៅ ផាត មានស្រុកកំណើតនៅ ឃុំបន្ទាយស្វាយ ស្រុកស្វាយទង ខេត្តមាត់ ជ្រូក ត្រូវបានក្រុមជនជាតិវៀតណាមកាប់ឲ្យរង របួសជាទម្ងន់ ហើយបានទទួលមរណៈភាព នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១០។ ៣. យុវ ជនឈ្មោះ ចៅ កែវ មានស្រុកកំណើតនៅឃុំ បន្ទាយស្វាយ ស្រុកស្វាយទង ខេត្តមាត់ជ្រូក ត្រូវបានក្រុមជនជាតិវៀតណាមកាប់ឲ្យរងរបួសជាទម្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរ ពេទ្យ។ ៤. យុវជនម្នាក់ ត្រូវរងរបួសជាទម្ងន់ ដែលត្រូវក្រុមជនជាតិ វៀតណាមកាប់ដាច់ ស្មា និង៥រូបផ្សេងទៀតរងរបួសយ៉ាងដំណំ។ ឯកឧត្តម យន្ត ថារូ ក៏បានលើកឡើងអំពីព្រឹត្តិ ការណ៍សោកនាដកម្មជាច្រើនផ្សេងៗទៀត មានដូចជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១០ វេលាម៉ោង ២.១៥ នាទីរសៀល យុវជនឈ្មោះ សឺន វ៉ាំងថាញ់ អាយុ១៧ឆ្នាំ មានស្រុកកំ ណើតនៅភូមិក្សាច់កណ្ដាល ឃុំក្សាច់កណ្ដាល ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង បានទៅធ្វើការ នៅទីក្រុងព្រៃនគរ ហើយត្រូវបានជនជាតិវៀតណាមចាក់ នឹងកន្ដ្រៃ បណ្ដាលឲ្យរងរបួសជាទម្ងន់ ពេលយកទៅ ដល់មន្ទីរពេទ្យ ដោយពុំមានថវិកា និងមានការរើសអើងពូជសាសន៍ មន្ទីរពេទ្យមិនបានយកចិត្តទុកដាក់ ទុកឲ្យជនរងគ្រោះស្លាប់តែម្តង។ នៅឆ្នាំ ២០០៨ អ្នកស្រី នាង សាវង្ស បានដឹកនាំកសិករខ្មែរកម្ពុជាក្រោម មួយក្រុមនៅភូមិស្វាយ ចេក ឃុំក្របៅ ស្រុកក្របៅ ខេត្តមាត់ជ្រូក កម្ពុជាក្រោមទៅធ្វើការប្ដឹងទាមទារយក ដីស្រែចំការរបស់ពួកគាត់ ដែលត្រូវបានអាជ្ញាធរវៀតណាម រឹបអូសកន្លងហើយនោះមកវិញ។ នៅក្នុងអំឡុង ពេលនៃការទាមទារនោះ អាជ្ញាធរវៀតណាមបានដឹកនាំកងកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ ទៅធ្វើការវាយ បំបែកក្រុមបាតុកម្មដោយអហិង្សានោះយ៉ាង ចាស់ដៃ ពិសេស វាយដំដោយដំបងឆក់ទៅលើអ្នកស្រី នាង សាវង្ស រហូតសន្លប់បាត់ស្មារតី អស់រយៈពេល ជិតមួយថ្ងៃទើបដឹងខ្លួន។ ចាប់តាំងពីពេលនោះមក អ្នកស្រី នាង សាវង្ស បានធ្លាក់ខ្លួនឈឺ ជាទម្ងន់ រីងរៃ គ្រាំគ្រា ព្យាបាលមិនជា ហើយបានទទួលមរណៈភាពនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១០កន្លងទៅថ្មីៗនេះ។ ចំពោះវិស័យអប់រំ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា។ល។ លោកបានថ្លែង ថា ត្រូវបានអាជ្ញាធរវៀតណាមរឹតត្បិតគាបសង្កត់យ៉ាងតឹងរឹងជាទីបំផុត ដែលមនុស្សទាំងអស់ នៅលើ ពិភពលោកពុំដែលបានជួបប្រទះ។ មនុស្ស គ្រប់រូបប្រសិនបើមិនចេះអក្សរ ភាសាជាតិរបស់ ខ្លួនទេនោះ គឺសេចក្ដីចេះដឹងវាគ្មានទេ ពេលនោះងាយស្រួលដល់ការជិះជាន់ រំលោភបំពានបានយ៉ាងស្រួល ហើយការបាត់បង់ សិទ្ធិមួយនេះ មានសារៈសំខាន់ជាងសិទ្ធិណាៗទាំងអស់ ពីព្រោះមនុស្សយើងបើមិនចេះ អក្សរទេនោះ ប្រៀបបានដូចមនុស្សពិការភ្នែកទាំងសង្ខាង គេនាំយកទៅណាស្រេចតែគេ។
ចំណែកស្ថានភាពសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម នៅកម្ពុជាវិញ ឯកឧត្តម យន្ដ ថារូ បានថ្លែងថា នៅភាពមានអាក្រក់យ៉ាងច្រើនដូចជាការរឹតត្បិតអង្គការ សមាគមខ្មែរ កម្ពុជាក្រោមក្នុងការប្រារព្ធពិធីផ្សេងៗ និងការមិនផ្ដល់អត្តសញ្ញាបណ្ណសញ្ជាតិខ្មែរ ដល់ខ្មែរកម្ពុជាក្រោមជាដើម។ល។ លោក សឺន យឿង នាយក ប្រតិបត្តិ នៃសមាគមខ្មែរកម្ពុជា ក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានមានប្រសាសន៍ថា បើទោះជា អង្គការសហប្រជាជាតិត្រូវបានបង្កើតឡើង និងច្បាប់ស្ដីពីសិទ្ធិមនុស្សអន្តរជាតិ ត្រូវបានប្រកាសឲ្យប្រើប្រាស់ជា សកលក៏ដោយ ក៏នៅតែមិនទាន់គ្រប់គ្រាន់សម្រាប់ខ្មែរកម្ពុជាក្រោមទេ។ លោក សូមឲ្យអង្គការសហប្រជាជាតិ យកចិត្តទុកដាក់ដល់ខ្មែរកម្ពុជាក្រោមផង។
ចំណែកលោក ថាច់ សាង ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោមវិញ លោកសម្ដែងនូវភាពក្ដុកក្ដួល និងថ្កោល ទោស យ៉ាងខ្លាំង ចំពោះទង្វើទាំងឡាយរបស់រដ្ឋាភិបាលវៀតណាម ដែលបានធ្វើទុក្ខបុកម្នេញ មកលើ ខ្មែរកម្ពុជាក្រោម។ លោកបានមានប្រសាសន៍ថា រដ្ឋាភិបាល វៀតណាមជិះជាន់ ធ្វើបាបខ្មែរកម្ពុជាក្រោម ប៉ុណ្ណេះនេះ គឺល្មមដល់ពេលឈប់ហើយ វៀតណាមលួចទឹកដីខ្មែរ និងកាប់សម្លាប់ខ្មែរប៉ុណ្ណេះនេះ គឺដល់ពេល ត្រូវឈប់បានហើយ។
ក្រោយពីបានស្ដាប់ការពិព័ណ៌នាប្រវត្តិសោកនាដកម្ម របស់ជនរួមឈាមខ្មែរកម្ពុជាក្រោម ជាហូរហែរ ក្នុងនាទី នៃការចំណាប់អារម្មណ៍របស់មន្ត្រីអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិរួចមក ឯកឧត្តម ម៉ែន សុថាវរិន្ទ តំណាងគណបក្ស សម រង្ស៊ី និងជាសមាជិករដ្ឋសភា នៃព្រះ រាជាណសចក្រកម្ពុជាបានថ្លែងថា គណបក្ស សម រង្ស៊ី នឹងពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ លោកអំពាវនាវដល់ប្រទេសជាហត្ថលេខី ទាំងឡាយ ធានា ការអះអាងរបស់ខ្លួន ដូចដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ ហើយលោកក៏ សូមឲ្យពិនិត្យលើស្ថានភាពសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសខ្មែរកម្ពុជាក្រោម។ លោកបន្តការ គាំទ្រការរក្សាការិយាល័យនៃឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។ ចំណែក ឯកឧត្តម អ៊ូ ចាន់រិទ្ធិ៍ តំណាងគណៈបក្សសិទ្ធិមនុស្ស និងជាសមាជិករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានក្រើនរំឭកថា ខ្មែរលើ ខ្មែរក្រោម និងខ្មែរកណ្ដាល គួរតែរួបរួមគ្នាក្រោកឡើងទាមទារសិទ្ធិសេរីភាព។ លោកបាន មានប្រសាសន៍បន្ថែមថា ខ្មែរលើ ខ្មែរក្រោម ខ្មែរកណ្ដាល គឺជាខ្មែរតែមួយ។ ដោយឡែក ឯកឧត្តម ថាច់ សេដ្ឋា នាយកប្រតិបត្តិ នៃសហគមខ្មែរកម្ពុជាក្រោម និងជាសមាជិកក្រុម ប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍ក្នុងកិច្ចសំណេះសំណាល និងបិទកម្មវិធីរបស់ លោកថាពិធីនេះ គឺជាសារមួយផ្ញើជូនអង្គការ សហប្រជាជាតិបានដឹងបានឮអំពីស្ថានភាព សិទ្ធិមនុស្សរបស់ខ្មែរកម្ពុជាក្រោម។ លោកថា ឧក្រិដ្ឋជនសម្លាប់ ខ្មែរក្នុងរបប ប៉ុល ពត ត្រូវ បានគេកំពុងតែផ្តន្ទារទោស ចំណែកឧក្រិដ្ឋជនវៀតណាមសម្លាប់ខ្មែរក្រោមវិញ មិនទាន់ត្រូវ បានគេកាត់ទោសនៅឡើយទេ។ លោកបានផ្ដែផ្តាំដល់ខ្មែរទូទៅថា វៀតណាមពូកែខាង ផ្លាស់ប្ដូរ និងប្រែកាឡៃ បំភ័ន្ដភ្នែកគេណាស់ ដូច្នេះសូមខ្មែរប្រុងប្រយ័ត្នចំពោះបញ្ហានេះឲ្យមែន នេះ ដោយសារតែលោក បានអះអាងទៅនឹងការដែលវៀតណាម ប្ដូរឈ្មោះថា ខ្មែរក្រោម មកជាខ្មែរណាមបូ និងឈ្មោះភូមិឋានខ្មែរ ឲ្យទៅជាភាសាវៀតណាមជាដើម។ កម្មវិធី ត្រូវបានបញ្ចប់ក្រោយពីកិច្ចបង្ហោះប៉េងប៉ោង ដោយភ្ជាប់នូវពាក្យ ស្លោក ដូចជា “ខ្មែរកម្ពុជាក្រោម អបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៦២”។ “ជយោ! ខ្មែរក្រោម ខ្មែរលើ ខ្មែរកណ្ដាល គឺជាខ្មែរតែមួយ” និង “ជយោ! កម្លាំងសាមគ្គីរបស់ខ្មែរកម្ពុជាក្រោមរឹងមាំ” ជាដើម។ ការវេរចង្ហាន់ប្រគេនព្រះសង្ឃ និងឧទ្ទិសកុសលជូនដល់បុព្វការីជនរួច ការពិសារអាហារមិត្តភាព ក្នុងនាម គ្រួសារខ្មែរកម្ពុជាក្រោម។ ប្រភពពី៖ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម