រំឭកខួប ៤ ឆ្នាំ នៃការសុគតរបស់ព្រះសង្ឃ អ៊ាង សុខ ធឿន

អង្គការ សមាគមរបស់ខ្មែរក្រោម នៅក្នុងប្រទេស កម្ពុជា បានរៀបចំធ្វើបុណ្យគម្រប់ខួប ៤ ឆ្នាំនៃការ សុគតរបស់ព្រះភិក្ខុ អ៊ាង សុខធឿន ដែលបានសុគត យ៉ាងអាថ៌កំបាំង កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០០៧កន្លង ទៅនេះ នៅក្នុងវត្តទ្រនំជ្រឹង ឋិតនៅ ភូមិខ្ចៅ សង្កាត់បឹង ធំ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ កម្មវិធីបុណ្យនេះ បានប្រារព្ធឡើង នៅព្រឹក ថ្ងៃទី ២៧ ខែ កុម្ភៈ នេះ នៅក្បែរវត្តទ្រនំជ្រឹង ដើម្បីបង្សុកូល ឧទិ្ទសកុសល ប្រគេនដល់ វិញ្ញាណក្ខន្ធ ព្រះភិក្ខុ អ៊ាង សុខធឿន ដោយមានការនិមន្ត និងអញ្ជើញចូលរួម ពីព្រះសង្ឃ ប្រជាពលរដ្ឋ តំណាងអង្គការសមាគម ខ្មែរកម្ពុជាក្រោម ប្រមាណជាង ១០០ រូបដឹកនាំ ដោយលោក យន្ត ថារ៉ូ តំណាងរាស្រ្ត ដែលមាន កំណើតជាខ្មែរក្រោម មកពីគណបក្សសម រង្ស៊ី។

ថែ្លងក្នុងពិធីបុណ្យនោះ លោក យន្ត ថារ៉ូ បានមានប្រសាសន៍ថា ការសុគតរបស់ ព្រះភិក្ខុ អ៊ាង សុខធឿន គឺដោយបុព្វហេតុនៃការតស៊ូធ្វើបាតុកម្មនៅមុខស្ថានទូតយួននៅក្នុងទី ក្រុងភ្នំពេញ ទាមទារឲ្យអាជ្ញាធរវៀតណាមដោះលែងព្រះសង្ឃខ្មែរក្រោម ដែលត្រូវបាន រដ្ឋាភិបាលវៀតណាមចាប់ផ្សឹក និងដាក់ពន្ធធានាគារនៅដែនដីកម្ពុជាក្រោម (ភាគខាង ត្បូងវៀតណាម) ។

លោក យន្ត ថារ៉ូ មានប្រសាសន៍បន្តទៀតថា ការសុគតរបស់ព្រះភិក្ខុ អ៊ាង សុខ ធឿន ត្រូវបានគេយកទៅបញ្ចុះ ដោយមិនបានធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនាឡើយ។ ពេលនោះ មានអង្គការសង្គមស៊ីវិល ក្នុងនោះក៏មានអង្គការសមាគមខ្មែរកម្ពុជាក្រោម បានប្រមូលផ្តុំគ្នានៅកន្លែងបញ្ចុះសពព្រះអង្គ ដើម្បីធ្វើបុណ្យតាមប្រពៃណី ប៉ុន្តែមាន រារាំងពី អាជ្ញាធរមូលដ្ឋានរបស់ខ្មែរ ។

លោក ថាច់ សេដ្ឋា បានមានប្រសាសន៍ថា ករណីព្រះភិក្ខុ អ៊ាង សុខ ធឿន សុគតនេះ មិនមែនព្រះអង្គធ្វើអត្តឃាតទេ តែព្រះសង្ឃខ្មែរក្រោមអង្គនេះត្រូវបានគេធ្វើឃាត ។ យោងតាមលិខិតមួយច្បាប់ចុះថ្ងៃទី ២៦ ខែកុម្ភៈ ម្សិលមិញនេះ ផ្ញើជូនលោក ស ខេង ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួមហាផ្ទៃ ដោយមានចុះហត្ថលេខាពីលោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម និង លោក សឺង យឿង ប្រធានសមាគមខ្មែរកម្ពុជា ក្រោម ដើម្បីសិទ្ធិមនុស្ស និង អភិវឌ្ឍន៍ តំណាងឲ្យអង្គការខ្មែរកម្ពុជាក្រោមទាំងអស់ នៅក្នុងប្រទេសកម្ពុជា ពួកគេបានស្នើសុំឲ្យរដ្ឋាភិបាលខ្មែរធ្វើការស៊ើបអង្កេតលើករណី ឃាតកម្មមួយនេះ និងសុំឲ្យរដ្ឋាភិបាលខ្មែរសែ្វងមុខឃាតកយកមកកាត់ទោសតាម ផ្លូវច្បាប់ ។

សូមបញ្ជាក់ថា ព្រះភិក្ខុ អ៊ាង សុខ ធឿន ប្រសូតឆ្នាំ ១៩៧៥ នៅ ឃុំដាយតឹង (Đạ Tân) ស្រុកបាយឆៅ (Mỹ Xuyên) ខេត្តបាសាក់ (Hậu Giang) បច្ចុប្បន្នខេត្តឃ្លាំង (SócTrăng) ដែនដីកម្ពុជាក្រោម ។ ក្រោយពីបានបួសរៀននៅវត្តរបស់ព្រះអង្គ ក្នុងទឹកដីខេត្តឃ្លាំង មួយរយៈ ព្រះភិក្ខុ អ៊ាង សុខ ធឿន ក៏បាននិមន្តឡើងមកបន្តការសិក្សានៅទីក្រុងភ្នំ ពេញ ប្រទេសកម្ពុជា ។ យប់ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០០៧ ព្រះភិក្ខុអ៊ាង សុខ ធឿន ត្រូវបានជនមិនស្គាល់អត្តសញ្ញាណធ្វើឃាតនៅក្នុងវត្តទ្រនំជ្រឹង ឋិតនៅក្នុងខេត្តកណ្តាល ជាយក្រុងភ្នំពេញ ក្រោយពីព្រះអង្គបានចូលរួមក្នុងការធ្វើបាតុកម្មរបស់ព្រះសង្ឃខ្មែរ ក្រោមមួយនៅមុខស្ថានទូតយួនក្នុងទីក្រុងភ្នំពេញ ដើម្បីជម្រុញឲ្យអាជ្ញាធរបក្សកុម្មុយ និស្តវៀតណាមគោរពសិទ្ធិខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ។ ការធ្វើបាតុកម្មរបស់ព្រះ សង្ឃខ្មែរក្រោមនៅទីក្រុងភ្នំពេញនិងនៅជុំវិញពិភពលោកជាបន្តបន្ទាប់នោះ ដោយអាជ្ញា ធរវៀតណាមបានចាប់ព្រះសង្ឃខ្មែរក្រោមនៅសាលាបាលីខេត្តឃ្លាំង ផ្សឹកនិងដាក់គុក ជាបន្តបន្ទាប់ ក្រោយពីមានការធ្វើបាតុកម្មមួយកាលពីថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០០៧ ៕ អត្ថបទ៖ សារព័ត៌មានព្រៃនគរ

.