អង្គការសមាគមខែ្មរក្រោមអំពាវនាវអន្តរជាតិធ្វើអន្តរាគមន៏ដោះលែង ព្រះតេជគុណ ទឹម សាខន

ដោយៈ ចៅ មុនីខេមរា
បន្ទាប់ពីមានដំណឹងថា ព្រះតេជគុណ ទឹម សាខន ពិតជាបាននៅក្រៅពន្ធនាគារមែន តែគ្មានសេរីភាពដដែល ដោយសារអាជ្ញាធរយួនដាក់កម្លាំងតាមដាន និងឃ្លាំមើលគ្រប់សកម្មភាពរបស់ព្រះអង្គ និងមានដំណឹងបន្ថែមថា សុខភាពព្រះតេជគុណ ទឹម សាខន ទ្រុឌទ្រោមកាន់តែខ្លាំងឡើង ៗ ដោយសារការធ្វើទារុណកម្មក្នុងពន្ធនាគារ ។ កាលពីថ្ងៃទី ១៤ ខែសីហា អង្គការ-សមាគមខ្មែរកម្ពុជាក្រោម បានចេញសេចក្តីថ្លែងការណ៍រួមមួយ អំពាវនាវយ៉ាងទទូចសុំឲ្យដោះលែងព្រះតេជគុណ ទឹម សាខន ឲ្យមានសិទ្ធិសេរីភាពពិតប្រាកដ និងវិលត្រឡប់ទៅជួបជុំគ្រួសារនៅឯប្រទេសកម្ពុជាវិញ ។ សេចក្តីថ្លែងការណ៍រួមរបស់អង្គការ-សមាគមខ្មែរកម្ពុជាក្រោម មានខ្លឹមសារជាអាទ៌៖
អង្គការ-សមាគមខ្មែរកម្ពុជាក្រោម ក្នុងព្រះរាជាណាចក្រកម្ពុជា មានសេចក្តីក្រៀមក្រំ និងព្រួយបារម្ភចំពោះសុខភាព និងសុវត្ថិភាពរបស់ព្រះតេជគុណ ទឹម សាខន ក្រោយពីការប្រើប្រាស់រូបភាពដោះលែងព្រះអង្គពីពន្ធនាគារ នៃក្រសួងមានសមត្ថកិច្ចប្រទេសយៀកណាម ។
ព្រះអង្គត្រូវបានប្រទេសយៀកណាម បន្តការឃុំឃាំងនៅក្នុងផ្ទះសាច់ញាតិមួយដែលរួមរឹត និងហ៊ុំព័ទ្ធពីភ្នាក់ងារមានសមត្ថ-កិច្ច នៃប្រទេសយៀកណាម ក្នុងខណៈដែលព្រះអង្គកំពុងមានជំងឺជាទំងន់ តាមការអះអាងពីសាច់ញាតិរបស់ព្រះអង្គថា ជំងឺនេះកើតចេញពីអំពើទារុណកម្មរបស់សមត្ថកិច្ច នៃរដ្ឋាភិបាលកុម្មុយនិស្តយៀកណាម ។
ព្រះតេជគុណ ទឹម សាខន ត្រូវបានសមត្ថកិច្ចខ្មែរចាប់បញ្ជូនទៅឲ្យរដ្ឋាភិបាលប្រទេសយៀកណាម កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០០៧ ដើម្បីកាត់ទោស និងឃុំឃាំងដោយបំពានលើច្បាប់រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា និងគោលការណ៍សិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ដែលប្រទេសទាំងពីរបានទទួលស្គាល់ផងដែរ ។
ជាការពិតហេតុការណ៍ ដែលគេប្រព្រឹត្តមកលើសង្ឃ ទឹម សាខន ជាពលរដ្ឋខ្មែរម្នាក់ ប៉ុន្តែទង្វើនេះបានឆ្លុះបញ្ចាំងពីឥទ្ធិពលរវាងរដ្ឋមួយទៅរដ្ឋមួយ និងឆ្លុះបញ្ចាំងពីកង្វះការទទួលខុសត្រូវពេញទី នៃរាជរដ្ឋាភិបាលកម្ពុជាផ្ទាល់តែម្តង ។
អង្គការ-សមាគមខ្មែរកម្ពុជាក្រោម សូមអំពាវនាវដល់ស្ថានទូតនានាជាហត្ថលេខី នៃទីក្រុងប៉ារីស ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ រួមទាំងអង្គការសិទ្ធិមនុស្សជាតិ-អន្តរជាតិ និងអង្គការលើកលែងទោសអន្តរជាតិ មេត្តាជួយធ្វើអន្តរាគមន៍ដល់ប្រទេសយៀកណាម ឲ្យដោះលែងសង្ឃ ទឹម សាខន មានសិទ្ធិសេរីភាព បានមកជួបជុំសាច់ញាតិ ជាពិសេសឪពុកបង្កើត ដែលមានវ័យចាស់ជរា ហើយអន្ទះសារចង់ជួបកូនក្នុងស្ថានភាពដែលគាត់កំពុងមានជំងឺនៅក្នុងប្រទេសកម្ពុជា និងសូមឲ្យរាជរដ្ឋាភិបាលកម្ពុជាត្រូវតែទទួលខុសត្រូវចំពោះករណី ទឹម សាខន ស្របតាមរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ។
គួររំលឹកថា មុនពេលព្រះករុណា ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសយួន កាលពីអំឡុងខែមិថុនា ឆ្នាំ ២០០៨ លោក ថាច់ សេដ្ឋា នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម បានសំណូមពរដល់ព្រះមហាក្សត្រចំនួន ៥ ចំណុច ដើម្បីឲ្យព្រះករុណាជាអម្ចាស់ ជីវិតតម្កល់លើត្បូង យកទៅពិភាក្សាជាមួយមេដឹកនាំយួន ។
សំណូមពររបស់លោក ថាច់ សេដ្ឋា ដែលបានដាក់ថ្វាយព្រះមហាក្សត្រខ្មែរនាពេលនោះរួមមានៈ ទី១-សូមអាជ្ញាធរយៀកណាមដោះលែងព្រះសង្ឃ ៥ ព្រះអង្គ ដែលបានផ្សឹក និងកាត់ទោសដាក់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៤ ឆ្នាំ កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៧ ដោយសារតែការតវ៉ាក្នុងការសិក្សារៀនសូត្រអក្សរសាស្រ្តខ្មែរ និងប្រឆាំងនឹងបំរាមមិនឲ្យព្រះសង្ឃចេញទ្រង់បិណ្ឌបាត្រ ។ ព្រះសង្ឃទាំង ៥ អង្គនោះមាន ១.ព្រះភិក្ខុ គឹម មឿន ជាប់ពន្ធនាគារ ៤ ឆ្នាំ ។ ២.ព្រះភិក្ខុ យ៉ាញ់ តូង ជាប់ពន្ធនាគារ ៤ឆ្នាំ ។ ៣.ព្រះភិក្ខុ លី ធឿន ជាប់ពន្ធនាគារ ២ ឆ្នាំ ។ ៤.ព្រះភិក្ខុ ថាច់
ធឿង ជាប់ពន្ធនាគារ ២ ឆ្នាំ និង ៥.ព្រះភិក្ខុ លី ហ្វាង ជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ ។
ទី២-សូមឲ្យអាជ្ញាធរយៀកណាម ដោះលែងព្រះតេជគុណ ទឹម សាខន ព្រះចៅអធិការវត្តភ្នំដិនខាងជើង ឃុំភ្នំដិន ស្រុកគិរីវង្ស ខេត្តតាកែវ ដែលត្រូវសម្តេចសង្ឃរាជ ទេព វង្ស ចាប់ផ្សឹក ដោយរំលោភព្រះ
វិន័យសង្ឃទាំងកំរោល រួចបញ្ជូនទៅកាត់ទោសនៅប្រទេសយៀកណាម ទាំងរំលោភរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។ ព្រះតេជគុណ ទឹម សាខន ត្រូវតុលាការយៀកណាម កាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ៦ ឆ្នាំ ប៉ុន្តែព្យួរចំនួន ៥ ឆ្នាំ ។
ទី៣-អនុញ្ញាតប្រជារាស្រ្តខ្មែរនៅប្រទេសយៀកណាម (កម្ពុជាក្រោម) គោរពទំនៀមទំលាប់របស់ខ្លួនដោយសេរី ។ ដូចជាបុណ្យកឋិនទាន តាមពុទ្ធានុញ្ញាតក្នុងមួយឆ្នាំពុទ្ធសាសនិកជនអាចធ្វើបានពេញមួយខែ តែនៅខេត្តឃ្លាំង ពលលាវ ទឹកខ្មៅ អាជ្ញាធរយៀកណាមអនុញ្ញាតឲ្យធ្វើតែមួយថ្ងៃប៉ុណ្ណោះ ។
ទី៤-ដើម្បីបង្ហាញពីទំនាក់ទំនងជាមិត្តភាព កាន់តែល្អប្រសើររវាងកម្ពុជា-យៀកណាមថែមទៀតនោះ សូមភាគីយៀកណាមអនុញ្ញាតបើកវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតរងនៅខេត្តឃ្លាំងឡើងវិញ ព្រោះវិទ្យា-ស្ថាននេះមានការចូលរួមចំណែកកសាងពីព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រនៅក្នុងទសវត្សឆ្នាំ ៤០ ផងដែរ ។
ទី៥-ស្នើរដ្ឋាភិបាល សាធារណរដ្ឋសង្គមនិយមយៀកណាម ដែលរៀបចំកម្មវិធីបំពេញរាជទស្សនកិច្ច ថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងនេះ សូមមេត្តារៀបចំថ្វាយព្រះអង្គបានយាងទៅកាន់តំបន់ ដែលមានប្រជារាស្រ្តខ្មែររស់នៅច្រើន ដើម្បីប្រជារាស្រ្ត និងព្រះសង្ឃខ្មែរទាំងនោះ បានក្រាបបង្គំគាល់ព្រះអង្គដោយផ្ទាល់ ។
សូមបញ្ជាក់ថា នៅកម្ពុជាក្រោមមានវត្តអារាមប្រមាណជាង៥០០ និងព្រះសង្ឃរាប់ម៉ឺនអង្គគង់ចាំព្រះវស្សា ។ មកដល់សព្វថ្ងៃនេះ អាជ្ញាធរ នៃរបបផ្តាច់ការយួនកំពុងរិះរកកលល្បិចគ្រប់បែបយ៉ាង ដើម្បីបំផ្លិចបំផ្លាញកេរមតក និងប្រពៃណីវប្បធមិ ដែលនៅសេសសល់លើដែនដីកម្ពុជាក្រោម ៕.