វ៉ាស៊ីនតោន — អង្គការសិទ្ធិមនុស្ស Amnesty International នៅថ្ងៃទី ១៩ ខែវិច្ឆិកា ម្សិលមិញនេះ បានអំពាវនាវនៅថ្ងៃអង្គារនេះឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកស្រីយ៉ោមបុប្ផា សកម្មជនសិទ្ធិលំនៅដ្ឋានក្នុងខណៈពេលដែលអង្គការនេះ ចាប់ផ្តើមយុទ្ធនាការទូទាំងសាកលលោកដើម្បីសុំឲ្យមានអន្តរាគមន៍ដោះលែងអ្នកស្រី ។

ការអំពាវនាវនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុននឹងតុលាការកំពូលគ្រោងនឹងបើកសវនាការលើបណ្តឹងសារទុករបស់អ្នកស្រីនៅថ្ងៃទី ២២ ខែវិច្ឆិកា ខាងមុខនេះ ។
លោកស្រី Isabelle Arradon អនុប្រធានទទួលបន្ទុកតំបន់អាស៊ីនិងមហាសមុទ្រប៉ាស៊ីហ្វិករបស់អង្គការ Amnesty International និយាយថា អ្នកស្រី Yorm Bopha គឺជាអ្នកទោសមនសិការយ៉ាងពិតប្រាកដដែលបានជាប់ឃុំឃាំងពីព្រោះតែសកម្មភាពសិទ្ធិមនុស្សរបស់អ្នកស្រី ។
លោកស្រីនិយាយបន្តទៀតថា សមាជិកនិងអ្នកគាំទ្ររបស់អង្គការនេះរាប់ម៉ឺននាក់នៅជុំវិញពិភពលោកកំពុងចាត់វិធានការតាមដានលើកសំណុំរឿងរបស់អ្នកស្រី Yorm Bopha ដោយអំពាវនាវដល់អាជ្ញាធរកម្ពុជាឲ្យដោះលែងអ្នកស្រីដោយអត់មានលក្ខខណ្ឌ។
អ្នកស្រី Yorm Bopha អាយុ ៣០ ឆ្នាំ ដែលមានកូនម្នាក់ បានត្រូវជាប់ពន្ធនាគារចាប់តាំងពីការចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ ២០១២ ពីបទចោទប្រកាន់ថាបានវាយតប់លើបុរស ២ នាក់ ៕