ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ក្រុមយុវជនខ្មែរក្រោម នៅព្រឹកថ្ងៃចន្ទ ទី ១៩ ខែឧសភា នៅតែបន្តចូលទៅអង្គការសហប្រជាជាតិ ដើម្បីស្ដាប់សេចក្ដីរាយការណ៍នានាអំពីបញ្ហាជនជាតិ ដើមនេះ នៅឡើយ ។
ក្រោយពេលបានចូលស្ដាប់ និងថ្លែងការណ៍រយៈពេល ៥ ថ្ងៃមក សហព័ន្ធខ្មែរកម្ពុជាក្រោម បានជម្រុញឲ្យវៀតណាមទទួលស្គាល់ខ្មែរក្រោមថា ជាជនជាតិដើម នៅដែនដីកម្ពុជាក្រោម និងបាន ទាមទារ ឲ្យវៀតណាមដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ដែលកំពុង តែជាប់ពន្ធនាគារនៅកម្ពុជាក្រោម សព្វថ្ងៃ ផងដែរ ។

លោក ចៅ សេរី អនុប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានថ្លែងប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម នៅមុខអង្គ ការសហប្រជាជាតិ ខណៈក្រុមយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងចូលរួមប្រជុំ នៅថ្ងៃទី ១៥ ខែ ឧសភា ថា សហព័ន្ធខ្មែរកម្ពុជាក្រោមបានជម្រុញឲ្យវៀតណាមទទួលស្គាល់ខ្មែរក្រោមថា ជាជន ជាតិ ដើម ខណៈវៀតណាម នៅតែហៅខ្មែរក្រោមថាជាជនជាតិភាគតិច ។ លោកបន្តថា ក្រុមអង្គការសិទ្ធិមនុស្សដែល តំណាងឲ្យជនជាតិដើម នៅអាស៊ី ក៏បានឡើងថ្លែងស្ដីបន្ទោសរដ្ឋាភិបាលវៀត ណាមនៅក្នុងវេទិកានេះដែរថា រដ្ឋាភិបាលវៀតណាមនៅតែរឹង ទទឹងហៅជនជាតិដើមនៅក្នុងប្រទេសថា ជាជនជាតិភាគតិចដដែល ។
លោក ចៅ សេរី បញ្ជាក់រឿងនេះថា៖
(សំឡេង)
សហព័ន្ធខ្មែរកម្ពុជាក្រោម ជាអង្គការសិទ្ធិមនុស្សអន្តរជាតិមួយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និង មានសាខានៅជុំវិញពិភពលោក ធ្វើចលនាតស៊ូដើម្បីសន្តិវិធីដើម្បីស្វែងរកសិទ្ធិសម្រេចវាសនាខ្លួនដោយ ខ្លួន ឯងជូនពលរដ្ឋខ្មែរក្រោម នៅកម្ពុជាក្រោម ។ ចាប់តាំងពីបានបង្កើតមកដល់សព្វ ថ្ងៃអង្គការមួយនេះ បានចូល ជាសមាជិកអង្គ ការប្រជាជាតិគ្មានតំណាង ហៅកាត់ជាភាសាអង់គ្លេសថា UNPO កាលពីឆ្នាំ ២០០១ និងបានចូលថ្លែងការណ៍នៅ វេទិកាអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) ចាប់ពីឆ្នាំពី ២០០៤ មក ។ ព្រឹត្តិការណ៍ទាំងនេះ ត្រូវបានពលរដ្ឋខ្មែរក្រោមចាត់ទុកថា ជាប្រវត្តិសាស្រ ជោគជ័យមួយសម្រាប់ពួកគេ ដែលមិនធ្លាប់មានតាំងពីដើមមក ។
ឆ្នាំនេះ អង្គការសហប្រជាជាតិកំពុងតែបើកមហាសន្និបាតវេទិកាអចិន្ត្រៃយ៍ស្ដីពីបញ្ហាជនជាតិដើម នៅ ការិយា ល័យ កណ្ដាល របស់ខ្លួន នាទីក្រុង New York ចាប់ពីថ្ងៃទី ១២ ដល់ ថ្ងៃទី ២៣ ខែឧសភា នេះ ដើម្បីផ្ដល់ឱកាសឲ្យជនជាតិដើមក្នុងពិភពលោក បានថ្លែងអំពីកង្វល់របស់ពួកគេ ទៅកាន់ សហគមន៍អន្តរជាតិ ។ ប្រធានបទនៃវេទិកាឆ្នាំនេះ នឹងពិភាក្សាអំពីបញ្ហារបស់ជនជាតិដើមភាគតិចដែលទាក់ទងទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច ,សង្គម, វប្បធម៌, បរិស្ថាន, អប់រំ, សុខភាព និង សិទ្ធិមនុស្ស ៕